កម្ពុ​ជាមាន​តម្រូវការ 10ម៉ឺន​បន្ទប់​សណ្ឋាគារប​ន្ថែ​ម​ទៀត​នៅពេល​ខាងមុខ

ស្រប​ពេលដែល​កម្ពុជា​នឹងត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​កីឡា​អាស៊ាន​ហ្គេម​នៅ​ឆ្នាំ2023ខាងមុខ ក្នុងអំឡុងពេល 5ឆ្នាំ​ខាងមុខ​ទៀត​នោះគេ​រំពឹងថា ភ្ញៀវទេសចរ​នឹង​ចូលមក​ស្នាក់នៅ​កម្ពុជា​យ៉ាងគំហុក​ដែល​ធ្វើឱ្យ​អ្នក​វិនិយោគិន​ផ្នែក​វិស័យ​ទេសចរណ៍​ត្រៀមខ្លួន​សាងសង់​បន្ទប់​សណ្ឋាគារ​សម្រាប់​ទេសចរ​ស្នាក់នៅ​កាន់តែច្រើន​ថែមទៀត។

តាម​ការ​ព្យាករ​របស់​ក្រសួងទេសចរណ៍​បាន​បង្ហាញថា នៅ​ឆ្នាំ2018នេះ កម្ពុជា​នឹង​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ 6.2លាន​នាក់ និង​នៅ​ឆ្នាំ2020 ប្រមាណ​ជាជាង 7លាន​នាក់​ហើយ​ដល់​ឆ្នាំ2030 កម្ពុជា​រំពឹងថា​នឹង​ទទួលបាន​ទេសចរ​អន្ត​រ​ជាតិប្រមាណ​ជា 15លាន​នាក់ និង​ទេសចរ​ជាតិប្រមាណ​ជា 13លាន​នាក់។

ដើម្បី​ឆ្លើយតប​នឹង​កំណើន​ភ្ញៀវទេសចរ​នេះ កម្ពុជា​ត្រូវការ​សណ្ឋាគារ​ប្រមាណ​ជាង10ម៉ឺន​បន្ទប់​ថែមទៀត ក្នុងនោះ​មាន​សណ្ឋាគារ​ប្រណីត​លំដាប់​ផ្កាយ4 និង​ផ្កាយ5 ប្រមាណ60ភាគរយ ស្មើនឹង​ប្រមាណ 6ម៉ឺន​បន្ទប់ នៅ​ទូទាំងប្រទេស ក្នុងនោះ​សម្រាប់​ខេត្ត​ព្រះសីហនុ​ត្រូវការ​បន្ទប់​សណ្ឋាគារ​ជាង 3ម៉ឺន​បន្ទប់​បន្ថែមទៀត សណ្ឋាគារ​ប្រណីត​ជាង2ម៉ឺន​បន្ទប់ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​កំណើន​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ 2លាន​នាក់ និង​ទេសចរ​ជាតិប្រមាណ 3លាន​នាក់​នៅ​ឆ្នាំ2030។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​មានប្រសាសន៍​ទៅដល់​វិនិយោគិន​ចិន និង​អន្តរជាតិប្រព័ន្ធ​ផ្សព្វផ្សាយ និង​ស្ថានីយទូរទស្សន៍​មកពី​អគ្គនាយកដ្ឋាន​វិទ្យុ ភាពយន្ត និង​ទូរទស្សន៍​របស់​ចិន​នៅក្នុង​ពិធី​បើកសម្ពោធ “សណ្ឋាគារ​ព្រី​នស៍​ថា​ម‟ (Prince Times Hotel) និង​ការបើក​ដំណើរ​ការថត​ខ្សែភាពយន្ត​“ពន្លក​ស្នេហ៍​រីក​លើដី​កម្ពុជា‟ កាលពី​សប្តាហ៍​មុន​ដោយ​ឯកឧត្ដម​បានបង្ហាញ​នូវ​ការគាំទ្រ​ចំពោះ​គម្រោង​វិនិយោគ​លើ​វិស័យ​ទេសចរណ៍ និង​អំពាវនាវ​ឱ្យមាន​ការវិនិយោគ​បន្ថែមទៀត​ប្រកបដោយ​គំនិត​ច្នៃប្រឌិត និង​ទទួលខុសត្រូវ​ខ្ពស់ គោរព​តាម​បទ​ដ្នា​ន​បរិស្ថាន និង​គោលការណ៍​ការណែនាំ​រប​ស់រាជ​រដ្ឋាភិបាល​ក្នុងការ​គ្រប់គ្រង​តំបន់ឆ្នេរ​សមុទ្រ​ដើម្បី​ឆ្លើយតប​នឹង​កំណើន​ភ្ញៀវទេសចរ និង​និរន្តរភាព​ទេសចរណ៍​នាពេល​បច្ចុប្បន្ន និង​ពេលអនាគត។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​

លោក ហូ វណ្ឌី ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា មានប្រសាសន៍​ទទួលស្គាល់​ថា ប្រសិនបើ​ទៅ​ថ្ងៃ​អនាគត​លំហូរ​ភ្ញៀវទេសចរ​កាន់តែ​រីកចម្រើន​ខ្លាំង​ដូច​ពេលបច្ចុប្បន្ន នោះ​កម្ពុជា​ប្រាកដជា​ត្រូវការ​បន្ទប់​ស្នាក់នៅ ក៏ដូចជា​សណ្ឋាគារទំនើបៗរួម​និង​ផ្ទះសំណាក់​ចំនួន 10ម៉ឺន​បន្ទប់​បន្ថែម​មែន។ លោក​អះអាងថា កត្តា​ដែលនាំឱ្យ​ភ្ញៀវទេសចរ​នៅតែ​បន្ត​មក​ទស្សនា ហើយ​អ្នកវិនិយោគ​នៅតែ​ធ្វើការ​បណ្តាក់ទុន​រកស៊ី​នៅ​កម្ពុជា ដែល​ធ្វើឱ្យ​កម្ពុជា​នៅតែ​បន្ត​មាន​កំណើន​ទៅបាន​នោះ អាស្រ័យទៅលើ​ចំណុច 4យ៉ាង គឺ1.កត្តានយោបាយ​ក្នុងប្រទេស ប្រសិនបើ​កម្ពុជា​នៅតែមាន​ស្ថិរភាព​នយោបាយ​ដូច​ពេលបច្ចុប្បន្ន វា​ជា​ចំណុច​ល្អប្រសើរ​មួយ​ក្នុង​ការផ្តល់​ទំនុកចិត្ត​ទៅដល់​វិនិយោគិន​បរទេស និង​អ្នកទេសចរ​ឱ្យ​ចូលមក​ទស្សនា​កម្ពុជា​កាន់តែច្រើនឡើងៗបន្ថែមទៀត​ទៅ​ថ្ងៃ​អនាគត។ 2.កត្តាសេដ្ឋកិច្ច​ពិភពលោក បើសិនជា​សេដ្ឋកិច្ច​ក្នុង​តំបន់​ក៏ដូចជា​សេដ្ឋកិច្ចពិភពលោក​នៅតែ​រីកចម្រើន មិនមាន​ជម្លោះ​សេដ្ឋកិច្ច​រវាង​ប្រទេសមួយ​ទៅ​ប្រទេសមួយ និង​ធ្វើឱ្យ​កំណើនសេដ្ឋកិច្ច​ប្រជាជន​នៅលើ​ពិភពលោក​មាន​ភាពល្អប្រសើ​រ ហើយ​ជា​កត្តា​ធ្វើឱ្យ​មនុស្ស​ធ្វើដំណើរ​ទេសចរណ៍​ចេញទៅ​ក្រៅប្រទេស​កាន់តែច្រើន។ 3.កត្តា​ធម្មជាតិ ប្រសិនបើ​ពិភពលោក និង​ប្រទេស​កម្ពុជា​យើង​មិនមាន​គ្រោះធម្មជាតិ​ទេនោះ ប្រជាជន​ក្នុង​ពិភពលោក​ពួកគាត់​នឹងធ្វើ​ដំណើរ​ទេសចរណ៍​ចេញ​ក្រៅប្រទេស ដែល​ធ្វើឱ្យ​ប្រទេស​នីមួយ​ត្រូវ​ត្រៀម​បន្ទប់​សណ្ឋាគារ​ទុក​សម្រាប់​ទទួល​ពួកគេ​
កាន់តែច្រើនឡើង។ និង​ទី4.កត្តា​ច្បាប់ គឺថា​រដ្ឋាភិបាល​កម្ពុជា​មានការ​អនុគ្រោះ​ផ្នែក​ច្បាប់​ជាច្រើន​ក្នុងការ​លើកទឹកចិត្ត​ជនបរទេស​ដែល​ចូលមក​វិនិយោគ បណ្តាក់ទុន​លើ​គ្រប់​វិស័យ​នៅ​កម្ពុជា ដែល​ធ្វើឱ្យ​អ្នកជំនួញ​បរទេស​ទាំងនោះ​ចូលមក​បណ្តាក់ទុន​រក​ស៊ី ហើយ​ត្រូវការ​បន្ទប់​ស្នាក់នៅ​នៅ​កម្ពុជា​កាន់តែ​ច្រើនឡើង​ដែរ។

ទោះយ៉ាងណា​លោក​អះអាងថា យោងតាម​លំហូរ​ទេសចរណ៍​ក៏​ដួច​ជា​វិនិយោគិន​បរទេស​ដែល​ចូលមកក្នុង​ប្រទេស​កម្ពុ​ជានា​ពេល​បច្ចុប្បន្ននេះ កម្ពុជា​នៅ​មិនទាន់មាន​ការខ្វះខាត​ប​ន្ទ​ប់​សណ្ឋាគារឬ​ផ្ទះសំណាក់​នៅឡើយ​ទេ លើកលែង​តែមាន​ព្រឹត្តិការណ៍​ធំ​កើតឡើង។ ព្រឹត្តិការណ៍​ធំ​ដែលថា​នេះ គឺ​ដូចជា​នៅ​ឆ្នាំ2023 ខាងមុខ​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កីឡា​អាស៊ាន​ហ្គេម ពេលនោះ​ភ្ញៀវទេសចរ​នឹង​សម្រុក​ចូលមក​ស្នាក់នៅ​កម្ពុជា​មួយរយៈ ដែល​ធ្វើឱ្យ​អ្នក​វិយោគ​លើ​វិស័យ​ទេសចរណ៍​ត្រូវ​ត្រៀម​សណ្ឋាគារ​ទុកជាមុន​ដែរ។ ដោយសារ​កត្តា​នេះហើយ បច្ចុប្បន្ន​គេ​សង្កេតឃើញថា ការវិនិយោគ​លើ​វិស័យ​សណ្ឋាគារ និង​ខុន​ដូ ពិសេស​ខុន​ដូ​របស់​វិនិយោគិន​ចិន​ដែល​កំពុង​សាងសង់​នៅក្នុង​រាជធានី​ភ្នំពេញ និង​នៅតាម​តំបន់ឆ្នេរ​សមុទ្រ​បាន​ក្លាយជា​តំបន់​គោលដៅ​សម្រាប់​ការ​ស្នាក់នៅ​របស់​ភ្ញៀវទេសចរ​បរទេស​ទាំង​នោះ។

សណ្ឋាគារមួយនៅក្នុងរាជធានីភ្នំពេញ

ជាមួយគ្នានេះ​ដើម្បី​ទាក់ទាញ​អ្នកទេសចរ​ឱ្យបាន​កាន់តែច្រើន លោក​បាន​ស្នើឱ្យ​រដ្ឋាភិបាល​រៀបចំ​សុវត្ថិភាព សណ្តាប់ធ្នាប់ ក៏ដូចជា​បរិ​ដ្ឋា​ន​នៅតាម​ដងផ្លូវ​ជាតិ ផ្លូវ​ធ្វើដំណើរផ្សេងៗក្នុង​ក្រុងភ្នំពេញ និង​ផ្លូវ​ទៅកាន់​បណ្តា​ខេត្ត​ទេសចរណ៍​ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត។ បច្ចុប្បន្ន​ទោះជា​ក្រសួងទេសចរណ៍​បានរៀបចំ​យុទ្ធសាស្ត្រ​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​ក៏ដោយ ក៏​នៅ​កម្ពុ​ជាមាន​ទីក្រុង​មួយចំនួន​បាន​ស្អាត​ឡើង និង​មួយចំនួនទៀត​មិនទាន់បាន​ស្អាត​នៅឡើយ ដែល​បញ្ហា​នេះ​តម្រូវឱ្យមាន​ការយកចិត្ត​ទុកដាក់ កែលម្អ​ឱ្យមាន​ស្ថាន​ភាពល្អ​ប្រសើរឡើង​ថែមទៀត ទើប​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​មក​កម្សាន្ត​កម្ពុជា​បាន​កាន់តែ​ច្រើនឡើង​ថែមទៀត​ដែរ។

គួរ​បញ្ជាក់ថា បច្ចុប្បន្ននេះ​កម្ពុ​ជាមាន​សណ្ឋាគារ​ប្រមាណ 800កន្លែង ស្មើនឹង 46ពាន់​បន្ទប់​ក្នុងនោះសណ្ឋាគារ​ប្រណីត​មាន​ប្រមាណ​ជាជាង 2ម៉ឺន​បន្ទប់។ ដោយឡែក​ខេត្ត​ព្រះសីហនុ​មាន​សណ្ឋាគារ 69កន្លែងស្មើនឹង​ជាង 4ពាន់​បន្ទប់ ក្នុងនោះ​សណ្ឋាគារ​ប្រណីត​ទើប​មាន​ប្រមាណ​ជាង1000បន្ទប់​ប៉ុណ្ណោះ៕

Advertisement