អ្នកធ្វើដំណើរ​តាម​អាកាសយានដ្ឋាន​ខេត្ត​ព្រះសីហនុ​កើនឡើង​យ៉ាង​ឆាប់រហ័ស

ដោយសារ​កំណើន​ពាណិជ្ជកម្ម និង​ភ្ញៀវទេសចរ អាកាសយានដ្ឋាន​អន្តរជាតិ​​នៃ​ខេត្ត​ព្រះសីហនុ​ត្រូវបាន​គេ​មើលឃើញថា មានការ​កើនឡើងយ៉ាងខ្លាំង​នូវ​ចំនួន​អ្នកដំណើរ​ក្នុង​រយៈពេល11ខែ​នៃ​ឆ្នាំ2018នេះ។

ចាប់ពី​ខែមករា ដល់​ខែវិច្ឆិកា អាកាសយានដ្ឋាន​អន្តរជាតិខេត្ត​ព្រះសីហនុ​បានទទួល​ការដឹកជញ្ជូន​តាម​ជើងហោះហើរ​ចំនួន 3,619ជើង​ជាមួយនឹង​ការកើនឡើង​នៃ​ចំនួន​អ្នកដំណើរ 89% ស្មើនឹង 274,535នាក់។ ពោលគឺ​ជាមួយនឹង​ក្រុមហ៊ុន​អាកាសចរណ៍​ថ្មី​ចំនួន3 ដែល​ចាប់ផ្តើម​ប្រតិបត្តិការ​ជើងហោះហើរ​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​នៅ​ឆ្នាំនេះ បានធ្វើឱ្យ​ចំនួន​អ្នកដំណើរ​សរុប​នៅ​អាកាសយានដ្ឋាន​មួយ​នេះ​កើនឡើង​ប្រមាណ​ដល់​ទៅ11ដង។ នេះ​បើតាម​ការ​ឱ្យដឹងពី​លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ។

លោក តាំង សុចិត្រ​គ្រឹ​ស្នា ប្រធានមន្ទីទេសចរណ៍ខេត្តព្រះសីហនុបាន​មានប្រសាសន៍ថា៖ “ក្នុងចំណោម​ក្រុមហ៊ុន​ថ្មី​ទាំង3នេះ មាន2គឺជា​ក្រុមហ៊ុន​ក្នុងស្រុក និង​មួយទៀត​ជា​ក្រុមហ៊ុន​បរទេស”។ បច្ចុប្បន្ន​យើង​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក 6 និង​ក្រុមហ៊ុនបរទេស 5 ដែល​ធ្វើការ​ហោះហើរ​ត្រង់​ពី​ប្រទេស​វៀតណាម ម៉ាឡេស៊ី និង15ខេត្ត​ក្នុង​ប្រទេស​ចិន។

លោក​បានបញ្ជាក់​បន្ថែម​ថា ព្រលានយន្តហោះ​បច្ចុប្បន្ន​គ្រប់គ្រង​ជើងហោះហើរ​ចំនួន​ជាង 100ជើង​ក្នុង​មួយ​សប្តាហ៍​ដោយមាន​ចំនួន​អ្នកទេសចរ​អន្តរជាតិ និង​អ្នកធ្វើដំណើរ​ឆ្លងកាត់​ព្រលានយន្តហោះ​បាន​កើនឡើង90% (ប្រមាណ 272,155នាក់)ស្រប​ពេលដែល​ចំនួន​អ្នកដំណើរ​កម្ពុជា​កើនឡើង47%។

លោក សុចិត្រ​គ្រឹ​ស្នា បាន​បន្ថែមថា៖ “កំណើន​នៃ​ឧស្សាហកម្ម​អាកាសចរណ៍​ត្រូវបាន​កើតឡើង​ដោយសារតែ​កំណើនសេដ្ឋកិច្ច​ដ៏​រឹងមាំ និង​ស្ថិរភាព​នយោបាយ”។ លោក​បាន​ឱ្យដឹងទៀតថា ក្រុមហ៊ុន​អាកាសចរណ៍​បាងកក​អ៊ែរ​វេ​យ៍ ក៏បាន​ប្រកាស​ពី​ផែនការ​បង្កើត​ជើងហោះហើរ​ទៅកាន់​ខេត្ត​ព្រះសីហនុ​នៅ​ឆ្នាំ​បន្ទាប់​នេះដែរ។

លោក​បាន​បញ្ជាក់ទៀតថា ក្រុមហ៊ុន​អាកាសចរណ៍​មួយចំនួនទៀត ក៏បាន​ចាប់អារម្មណ៍​ក្នុងការហោះហើរ​មកកាន់​ខេត្ត​ឆ្នេរសមុទ្រ​នេះ​ផងដែរ ដែល​ប្រការនេះ​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ព្រលានយន្តហោះ​ត្រូវ​ជួសជុល​គ្រឿង​បរិក្ខារ​នៃ​ព្រលាន​ដើម្បី​ទទួល​ជើងហោះហើរ​បន្ថែម​ទាំងអស់នោះ។

ឯកឧត្តម ស៊ិន ចាន់​សិរី​វុត្ថា អ្នកនាំពាក្យ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​បាន​ប្រាប់​ឡា​រ៉ែ​ន​ពាណិជ្ជ​តាម​ទូរស័ព្ទ​ថា៖ “តាម​តួលេខ​ដែល​ខាងមន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​មាន មិនជា​ខុសគ្នា​ទេ ព្រោះ​បើ​យោងតាម​របាយការណ៍​ជើងហោះហើរ​បានបង្ហាញ​ថា បើ​គិត​ត្រឹមតែ​ខែវិច្ឆិកា ឆ្នាំ2018 ជើងហោះហើរ​ដែល​ខេត្ត​ព្រះសីហនុ​ទទួលបាន​គឺ 311ជើងហោះហើរ​អន្តរជាតិ និង207ជើងហោះហើរ​ក្នុងស្រុក។ បើ​គិត​ជា​សរុប​ជើងហោះហើរ​អន្តរជាតិនិង​ក្នុងស្រុក​មាន​ចំនួន518”។ ឯកឧត្តម​បានបញ្ជាក់​បន្ថែមថា៖ “បើ​គិត​ក្នុង​រយៈពេល 11ខែ​នៃ​ឆ្នាំ2018នេះ ចាប់ពី​ខែមករា ដល់​ខែវិច្ឆិកា អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ទទួលបាន​ការ​ដឹកជញ្ជូន​តាម​អាកាស​ចំនួន 4,232ជើងហោះហើរ”។

សូមបញ្ជាក់ថា ព្រលានយន្តហោះ​អន្តរជាតិ​កងកេង​នៃ​ខេត្ត​ព្រះសីហនុ​បានបញ្ចប់​គម្រោង​កែលម្អ​ព្រលាន​កាលពី​ខែមិថុនា រួមទាំង​ការពង្រីក​ព្រលានយន្តហោះ​រហូតដល់​ទៅ 80%នៃ​ទំហំ​ដើម​របស់ខ្លួន​ដែលជា“ការជួសជុល​ឡើងវិញ”នៅតាម​កន្លែង​នានា (ជាពិសេស​តំបន់​ត្រួតពិនិត្យ កន្លែង​រង់ចាំ និង​កន្លែង​ទទួល​ឥ​វ៉ាន់) និង​ការបំពាក់​ឧបករណ៍ថ្មីៗ រួមទាំង​ប្រព័ន្ធគ្រប់គ្រង​ឥ​វ៉ាន់​ទៀតផង។

ការជួសជុល​ស្ថានីយ​ព្រលានយន្តហោះ​អន្តរជាតិ​នេះ​គឺជា​លទ្ធផល​នៃ​ការកើនឡើង​នូវ​ប្រជាប្រិយភាព​នៃ​ខេត្ត​ព្រះសីហនុ​ក្នុង​គោលដៅ​ទេសចរណ៍។ ដោយ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាលគឺ​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យ​កាន់តែច្រើន ក៏ដូចជា​ការវិនិយោគ​នៅក្នុង​ខេត្ត ដែល​ក្នុងន័យនេះ​ការជួសជុល​ព្រលានយន្តហោះ គឺជា​គន្លឹះ​ក្នុង​ការផ្តល់សេវា​បដិសណ្ឋារកិច្ច​ល្អប្រសើរ និង​កាន់តែ​ងាយស្រួល ព្រោះ​ព្រលានយន្តហោះ​នៅក្នុង​ខេត្ត​នេះ​មាន​ទំនាក់ទំនង​ផ្លូវអាកាស​ដ៏​អស្ចារ្យ​ជាមួយ​បណ្តា​ប្រទេស​នៅក្នុង​តំបន់​ជាពិសេស​ប្រទេស​ចិន ម៉ាឡេស៊ី វៀតណាម និងប្រទេស​ថៃ។

យោងតាម​គម្រោងជួសជុល​របស់​ក្រុមហ៊ុន​អាកាសយានដ្ឋាន​កម្ពុជា សម្រាប់​ព្រលានយន្តហោះ​នៅ​ក្រុងព្រះសីហនុ​នេះ មានការ​បន្ថែម​ផ្លូវ​រត់​ពី 800ម៉ែត្រ ទៅដល់3.3គីឡូម៉ែត្រ។ នៅពេល​បញ្ចប់​គម្រោង​ជួសជុល អាកាសយានដ្ឋាន​មួយ​នេះ​នឹង​អាច​ផ្ទុក​យន្តហោះ​ដឹក​អ្នកដំណើរ និង​យន្តហោះ​ដឹកជញ្ជូន​ទំនិញធំៗជាប្រចាំ​ពី​ទីផ្សារធំៗជាពិសេស​ពី​តំបន់ផ្សេងៗនៅ​អាស៊ី។

សូម​ជម្រាប​ដែរ​ថា នៅ​ឆ្នាំ2017 ចំនួន​អ្នកដំណើរ​ឆ្លងកាត់​អាកាសយានដ្ឋាន​អន្តរជាតិ​របស់​កម្ពុជា​មាន​ចំនួន 8.8 លាន​នាក់។ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​សៀមរាប​ទទួលបាន​អ្នកដំណើរ 4.2លាន​នាក់ ខណៈ​ព្រលានយន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ទទួលបាន338,000នាក់៕

Advertisement