សេវា «អេស៊ីលីដាយូនីធីទាន់ចិត្ត» ផ្តល់ភាពងាយស្រួលដែលអតិថិជនមិនធ្លាប់ដឹង

សេវា «អេស៊ីលីដាយូនីធីទាន់ចិត្ត» ជាសេវាហិរញ្ញវត្ថុមួយប្រភេទ ដែលអនុញ្ញាតឲ្យអតិថិជន និងសាធារណជនទូទៅដែលធ្លាប់ ឬមិនធ្លាប់ប្រើសេវាធនាគារពីមុនមកជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី ឬធនាគារផ្សេងទៀត អាចធ្វើប្រតិបត្តិការសេវាធនាគារបាន តាមរយៈទូរស័ព្ទចល័តដែលដំណើរការនៅលើស្មាតហ្វូនដែលមានប្រព័ន្ធដំណើរការ Android និង iOS។

លោកស្រីបណ្ឌិត សូ ផនណារី អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយកប្រតិបត្តិនៃធនាគារអេស៊ីលីដា បានមានប្រសាសន៍ថា សេវាកម្មយូនីធីទាន់ចិត្តគឺជាសេវាកម្មទូទាត់សាច់ប្រាក់តាមរយៈទូរស័ព្ទដៃស្មាតហ្វូន សម្រាប់ការទិញទំនិញនៅលើទីផ្សារគ្រប់ប្រភេទ មិនថាតែទំនិញនៅតាមផ្សារទំនើបនោះទេ សូម្បីតែអ្នកលក់អីវ៉ាន់ចាប់ហួយនៅតាមផ្សារ ឬនៅតាមផ្ទះក៏អាចទូទាត់សាច់ប្រាក់តាមទូរស័ព្ទដៃបានដែរ ដោយគ្រាន់តែអ្នកលក់ និងអ្នកទិញភ្ជាប់សេវាកម្មប្រើប្រាស់កម្មវិធីសេវាអេស៊ីលីដាយូនីធីទាន់ចិត្តនេះប៉ុណ្ណោះ។

លោកស្រីបញ្ជាក់ថា «ឧទាហរណ៍ បើសិនជាអ្នកទិញគាត់បានភ្ជាប់សេវាកម្មសេវាអេស៊ីលីដាយូនីធីទាន់ចិត្តនេះហើយ នៅពេលគាត់ទៅទិញអីវ៉ាន់នៅផ្សារ គឺគាត់គ្រាន់តែកាន់ទូរស័ព្ទដៃស្មាតហ្វូនទៅជាមួយ ដោយមិនចាំបាច់យកលុយជាប់តាមខ្លួនក៏បានដែរ ហើយពេលទូទាត់សាច់ប្រាក់គាត់អាចបាញ់ចំនួនទឹកប្រាក់ ដែលគាត់បានទិញចូលទៅគណនីរបស់អ្នកលក់នោះ ទឹកប្រាក់នឹងលោតសារបង្ហាញថា ទឹកប្រាក់នោះបានចូលក្នុងទូរស័ព្ទដៃរបស់អ្នកលក់នោះហើយ»។

លោកស្រីបន្ថែមថា «ការប្រើសេវាកម្មនេះ គឺមានសុវត្ថិភាពខ្លាំងមិនខ្លាចចោរឆក់ ឬអំពើចោរកម្មផ្សេងៗនោះទេ ទោះជាទូរស័ព្ទបាត់ក៍គេមិនស្គាល់លេខកូដដកយកប្រាក់ពីគណនីរបស់យើងបានដែរ លើសពីនេះវាមិនមានការឆ្លងមេរោគ ដូចការប្រើប្រាស់ជាលុយសុទ្ធក្នុងការទូទាត់ថ្លៃទំនិញ តាមផ្សារដូចបច្ចុប្បន្ននោះទេ ព្រោះថា ការទិញត្រីសាច់ពេលណាដៃយើងចាប់កាន់លុយហើយ វាប្រាកដជាប្រឡាក់ជាប់មេរោគមកជាមួយមិនខាន»។ ក្រៅតែពីការទូទាត់ថ្លៃទំនិញ បង់វិក្កយបត្រទឹកភ្លើង ឬទិញកាតទូរស័ព្ទ បង់ថ្លៃអ៊ីនធឺណិត បង់ថ្លៃសាលារៀន បង់ថ្លៃម៉ូតូឌុប ឬតាក់ស៊ីផ្សេងៗហើយនោះ សេវា «អេស៊ីលីដាយូនីធីទាន់ចិត្ត» នៅផ្តល់ភាពងាយស្រួលសម្រាប់ការផ្ញើលុយ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតដោយមិនគិតថ្លៃសេវាទៀតផង។

លោកស្រី សូ ផនណារី មានប្រសាសន៍បន្ថែមថា «ឧទាហរណ៍ បើសិនជាបុគ្គលិក កម្មករ-កម្មការនីរោងចក្រកាត់ដេរ គាត់ចង់ផ្ញើលុយជូនឪពុកម្តាយនៅស្រុកកំណើត គាត់អាចផ្ញើប្រាក់តាមសេវាកម្មនេះបាន ហើយនឹងមានសារលោតចេញលេខចំនួនទឹកប្រាក់ នៅលើទូរស័ព្ទដៃរបស់ឪពុកម្តាយបង្ហាញឱ្យឃើញនូវចំនួនប្រាក់ដែលយើងបានផ្ញើទៅនោះដោយមិនមានគិតថ្លៃសេវានោះទេ ត្រឹមតែឪពុកម្តាយនៅស្រុកគាត់ប្រើទូរស័ព្ទស្មាតហ្វូន និងមានការប្រើប្រាស់កម្មវិធីដូចគ្នានេះតែប៉ុណ្ណោះ។

ដើម្បីប្រើប្រាស់សេវាកម្មនេះបាន អតិថិជនគ្រាន់តែចូលទៅកាន់កម្មវិធី AppStore ឬ PlayStore នៅលើទូរស័ព្ទរបស់លោកអ្នក ហើយដោនឡោត (Download) កម្មវិធីសេវា «អេស៊ីលីដាយូនីធីទាន់ចិត្ត» នេះមក និងធ្វើតាមការណែនាំជាអក្សរខ្មែរនៅលើទូរស័ព្ទនោះ រួចថត Selfie មុខរបស់ខ្លួន និងអត្តសញ្ញាណប័ណ្ណផ្ទាល់ខ្លួនជាការស្រេច ឬមួយវិធីទៀតគឺអតិថិជនអាចទៅជួបជាមួយភ្នាក់ងារនៅឯការិយាល័យអេស៊ីលីដាដែលនៅជិតលោកអ្នក ដើម្បីឱ្យភ្នាក់ងាររបស់ធនាគារភ្ជាប់សេវាអេស៊ីលីដាយូនីធីទាន់ចិត្តនេះឱ្យក៏បាន តែប៉ុណ្ណឹងជាការស្រេចទៅហើយ៕

Advertisement