វត្ថុអនុស្សាវរីយ៍ទេសចរណ៍មានចំនួនតិចនៅលើទីផ្សារ

ភ្នំពេញៈ ក្រុមអ្នកជំនាញទេសចរណ៍មកពីវិស័យឯកជនបានស្នើសុំឲ្យរដ្ឋាភិបាលរៀបចំបទដ្ឋានគតិយុត្តិឲ្យបានសមស្រប ខណៈដែលផលិតផលជាវត្ថុអនុស្សាវរីយ៍សម្រាប់លក់ឲ្យភ្ញៀវទេសចរបរទេសមានចំនួនតិចនៅឡើយ។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានមានប្រសាសន៍ឲ្យដឹងកាលពីដើមសប្តាហ៍នេះថា វិស័យឯកជនសំណូមពរឲ្យមានការវិនិយោគលើការផលិតវត្ថុអនុស្សាវរីយ៍ សម្រាប់លក់ជូនភ្ញៀវទេសចរដែលមកទស្សនាកម្ពុជា ព្រោះនៅលើទីផ្សារទេសចរណ៍ មានផលិតផលផលិតក្នុងស្រុកតិចបំផុតដែលបានចរាចរលក់នៅលើទីផ្សារ។ លោកស្រីបន្តថា មានអ្នកខ្លះយកផលិតផលបរទេសមកប្រាប់ជនបរទេសថា ជាផលិតផលក្នុងស្រុក ប៉ុន្តែភ្ញៀវបរទេសពួកគាត់ស្គាល់ផលិតផលទាំងនោះថាផលិតនៅប្រទេសណា។

លោកស្រីបន្តថា “តាមធម្មតាភ្ញៀវទេសចរ ពួកគេមកកម្សាន្តនៅប្រទេសយើង ពួកគេចង់ទិញផលិតផលរបស់ប្រទេសយើង ពួកគេមិនចង់ទិញផលិតផលផលិតនៅបរទេសនោះទេ”។ លោកស្រីបន្តថា “ពេលខ្លះវាជារឿងគួរអៀនខ្មាស់ផងដែរ ដែលមគ្គុទេសក៍ទេសចរណ៍នាំជនបរទេសទិញផលិតផលរបស់គេ ហើយប្រាប់ភ្ញៀវថាជាផលិតផលខ្មែរ”។

លើសពីនេះ ភ្ញៀវទេសចរមួយចំនួន ពួកគេបានយកម្ហូបអាហាររបស់ពួកគេតាមខ្លួន ដើម្បីទុកទទួលទាន ដោយសារពួកគេបារម្ភពីបន្លែ ត្រីសាច់ ក្នុងស្រុកដែលផ្ទុកដោយសារធាតុគីមី។ ហេតុនេះអាជ្ញាធរពាក់ព័ន្ធគួរបង្កើនការយកចិត្តទុកដាក់ចំពោះបញ្ហានេះ ព្រោះការបណ្តែតបណ្តោយឲ្យផលិតផលមានសារធាតុគីមីចរាចរកាន់តែច្រើន វាមិនត្រឹមតែបំផ្លាញសុខភាពប្រជាពលរដ្ឋនោះទេ តែបំផ្លាញដល់វិស័យទេសចរណ៍ទាំងមូល។លោកស្រីឆាយ ស៊ីវលីនបញ្ជាក់ឲ្យដឹង។

អគ្គលេខាធិការសមាគមសម្ព័ន្ធទេសចរណ៍ជាតិកម្ពុជាលោកហូ វណ្ឌីបានថ្លែងថា បច្ចុប្បន្នមានអង្គការក្រៅរដ្ឋាភិបាល និងសហគមន៍មួយចំនួនបានផលិតវត្ថុអនុស្សាវរីយ៍សម្រាប់លក់ ប៉ុន្តែមានចំនួនតិចបើធៀបនឹងផលិតផលនាំចូល និងមានតម្លៃដើមខ្ពស់ ដែលធ្វើឲ្យពិបាកក្នុងការប្រកួតប្រជែងនៅលើទីផ្សារ។ លោកបន្តថា វាមានរឿងប្រឈមច្រើនក្នុងបញ្ហានេះទាក់ទងនឹងធនធានមនុស្ស កម្រិតជំនាញ ការគាំទ្រពីស្ថាប័នពាក់ព័ន្ធ និងការធ្វើការមិនស៊ីសង្វាក់គ្នារបស់មន្រ្តីជាដើម។

លោកបន្តថា “បច្ចុប្បន្នវត្ថុអនុស្សាវរីយ៍ដែលបានលក់នៅលើទីផ្សារទេសចរណ៍មានមិនដល់២០ភាគរយនោះទេដែលជាផលិតផលក្នុងស្រុក ដែលធ្វើឲ្យកម្ពុជាបាត់បង់ប្រាក់ជាច្រើនចេញពីវិស័យនេះ”។ លោកបន្តថា “ប្រសិនជាមិនគិតគូរពីបញ្ហានេះទេ នៅលើទីផ្សារនាពេលអនាគតនឹងមិនមានផលិតផលខ្មែរនោះឡើយ យើងនឹងបាត់អត្តសញ្ញាណរបស់យើង”។

កាលពីឆ្នាំ២០១៦កន្លងមកនេះ កម្ពុជាបានប៉ាន់ប្រមាណថាទទួលបានប្រាក់ពីវិស័យនេះ៣២០០លានដុល្លារអាមេរិក ស្មើនឹងប្រមាណ១៣ភាគរយនៃផលទុនជាតិសរុប។

លោកហូ វណ្ឌីបានបន្តថា វត្ថុអនុស្សាវរីយ៍ចម្លងដែលបានផលិតក្នុងស្រុកពិតជាពិបាកនាំចេញ ព្រោះនិតិវិធីមានភាពស្មុគស្មាញច្រើន ទោះបីជាមានការប្រជុំអន្តរក្រសួងរវាងក្រសួងទេសចរណ៍ ក្រសួងវប្បធ៌មវិចិត្រសិល្បៈ និងស្ថាប័នគយរួចហើយក៏ដោយ ក៏ផលិតផលចម្លងទាំងនោះពិបាកនាំចេញ និងត្រូវការពេលវេលាយូរទើបអាចនាំចេញបាន។ លោកបន្តថា បើនិយាយពីការវិនិយោគ គឺមានអ្នកវិនិយោគច្រើនបង្ហាញការចាប់អារម្មណ៍វិនិយោគលើវិស័យនេះ ប៉ុន្តែពួកគេមិនទាន់សម្រេចចិត្តដោយសារកម្ពុជាមិនទាន់មានច្បាប់ទាក់ទងនឹងវិស័យនេះ តម្លៃអគ្គិសនីខ្ពស់ ផលិតបានហើយប្រឈមនឹងកង្វះទីផ្សារ និងខ្វះធនធានមនុស្សជំនាញលើការងារនេះច្រើន៕

Advertisement