មន្ត្រី ADB៖ ការត្រៀម​រៀបចំ​បដិវត្តន៍​ឧស្សាហកម្ម​ទី4ត្រូវ​ចាប់ផ្តើម

អ្នក​សេដ្ឋវិទូ​នៃ​ធនាគារអភិវឌ្ឍន៍អាស៊ី ADB (Asian Development Bank) បាន​និយាយថា រដ្ឋាភិបាល​កម្ពុជា​គួរ​ចាប់ផ្តើម​បង្កើត​ស្ថាប័ន និង​គោលនយោបាយ​របស់ខ្លួន​ឱ្យបាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន​តាម​បដិវត្តន៍​ឧស្សាហកម្ម​ទី4(4IR)(the fourth industrial revolution)ដែល​កំពុងមាន​ឥទ្ធិពល​លើ​គ្រប់​ទិដ្ឋភាព​ទាំង​អស់នៃ​សង្គម​កម្ពុជា​ក្នុង​វិធី​ដែល​ពិបាក​ក្នុងការ​រំពឹងទុក។

លោក Jayant Menon អ្នកដឹកនាំ​សេដ្ឋកិច្ច និង​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​របស់ ​ADB បាន​មានប្រសាសន៍ថា 4IR កំពុង​ផ្លាស់ប្តូរ​ប្រព័ន្ធ​សង្គម សេដ្ឋកិច្ច និង​នយោបាយ​តាម​វិធី​ដែល​មិនអាច​ទាយ​ទុកជាមុន​បាន។ គ្រប់​ទិដ្ឋភាព​ទាំងអស់​នៃ​សង្គមនឹងត្រូវ​រង​ផលប៉ះពាល់ រួមទាំង​ការងារ​គំរូ​ពាណិជ្ជកម្ម រចនាសម្ព័ន្ធ​ឧស្សាហកម្ម​អន្តរ​កម្ម សង្គម និង​ប្រព័ន្ធ​អភិបាលកិច្ច។

ទោះជា​យ៉ាងណាក៏ដោយ លោក Menon ក៏បាន​ចង្អុលបង្ហាញ​ដែរ​ថា 4IR បាន​បង្កើត​ឱកាស​សម្រាប់​ប្រទេស​កំពុងអភិវឌ្ឍន៍​ដើម្បី​គេច​ចេញពី​ដំណាក់កាល​នៃ​ការអភិវឌ្ឍ​ឧស្សាហកម្ម​តាមបែប​ប្រពៃណី និង​ជា​ដំណើរការ​មួយ​ត្រូវបាន​គេ​ស្គាល់​ថា​ជា​បច្ចេកវិទ្យា​លោត​ផ្លោះ​នៅក្នុង​ប្រទេស​មួយចំនួន ដូចជា​ប្រទេស​កម្ពុជា​ដែល​ខ្វះខាត​ពលករ​ជំនាញ​នោះ 4IR នឹង​ជួយផ្តល់​លទ្ធភាព​ឱ្យ​អាច​ទទួលបាន​បច្ចេកវិទ្យា​ដែល​កំពុង​ត្រូវបាន​អភិវឌ្ឍ​ដូច​នៅក្នុង​ប្រទេស​ដទៃទៀត​ដែរ។

លោក Menon បាន​មានប្រសាសន៍ថា “បច្ចេកវិទ្យាថ្មី​បាន​នាំមក​នូវ​ភាពល្អ​ប្រសើរឡើង​យ៉ាងច្បាស់​ទៅលើ​ផលិតភាព​ប្រាក់ចំណេញ និង​និរន្តរភាព​ក្នុង​វិស័យ​កសិកម្ម ការផលិត និង​សេវាកម្ម”។ លោក​បន្តថា 4IR នឹង​ពង្រីក​អតិថិជន កាត់បន្ថយ​តម្លៃ​ដើមនិង​បង្កើន​គុណភាព​ផលិតផល និង​សេវាកម្ម។ វា​នឹង​បង្កើត​មធ្យោបាយ​ថ្មី​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ការតភ្ជាប់​គ្នា​រវាង​ពាណិជ្ជកម្ម និង​សេវាកម្ម​ដែល​មិនអាច​ប្រើ​បាន​កាលពី​ពេលមុន។ 4IR អាចមាន​ប្រយោជន៍​ជាពិសេស​ក្នុង​ការផ្តល់​កម្លាំង​ដល់​សហគ្រាស​ខ្នាតតូច​បំផុត ខ្នាតតូច និង​ខ្នាត​មធ្យម (MSMEs) ឱ្យ​បង្កើតបានជា​សហគ្រាស និង​ការងារ​នៅក្នុង​បណ្តា​ប្រទេស​អាស៊ី​ជាច្រើន។

បណ្ឌិត ចាប សុថា​រិ​ទ្ធិ អ្នកវិភាគ​សេដ្ឋកិច្ច​បាន​ប្រាប់​ឡា​រ៉ែ​ន​ពាណិជ្ជ​ថា៖ “កម្លាំង​ការងារ​ថ្មី​នឹង​ត្រូវការ​ការផ្លាស់ប្តូរ​នៅក្នុង​វិស័យ​អប់រំ។ កម្ពុជា​គួរ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ និង​បច្ចេកវិទ្យា ICT ដែលជា​មូលដ្ឋាន​ចាំបាច់​ដើម្បី​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការច្នៃប្រឌិត​បច្ចេកវិទ្យា ខណៈដែល​អាជីវកម្ម ក៏​ត្រូវតែ​បង្កើនល្បឿន​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​អនុវត្ត​ដំណើរការ និង​សេវាកម្ម​ឌីជីថល​ដោយ​ស្វ័យប្រវត្តិ និង​តំណ​ភ្ជាប់”។

លោក​បណ្ឌិត​យល់ថា រដ្ឋាភិបាល​ត្រូវតែ​ធ្វើកំណែទម្រង់​វិស័យ​អប់រំ និង​ជំរុញ​ការរៀនសូត្រ ដល់​សិស្សនិស្សិត​ដែលជា​យុវជន​ជំនាន់​ក្រោយ​ឱ្យ​បង្កើន​ជំនាញ​យល់ដឹង ដូចជា​គណិតវិទ្យា និង​វិទ្យាសាស្ត្រ​ដែល​នឹងមាន​សារៈសំខាន់​សម្រាប់​ការផ្លាស់ប្តូរ​ទៅជា​សេដ្ឋកិច្ច​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ថ្មី​ដែលមាន​មូលដ្ឋាន​លើ​ចំណេះដឹង។ លោក​បណ្ឌិត​យល់ថា៖ “ចំពោះ​4IR យើង​មិនគួរ​ព្រួយបារម្ភ​ពេក​ទេ ពីព្រោះ​វា​គ្រាន់តែ​ជា​និន្នាការ​មួយ ហើយ​ខ្ញុំ​គិតថា យើង​មាន​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​ឆ្លើយតប”។

ឯកឧត្តម វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​មានប្រសាសន៍ថា​គ្រប់​បណ្តា​ប្រទេស​អាស៊ាន​ទាំងអស់ ឥឡូវនេះ​កំពុងធ្វើការ​ជាមួយគ្នា​ដើម្បី​ទទួលបាន​ផលប្រយោជន៍​ពី 4IR រួមទាំង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​នៅក្នុង​តំបន់“ប្រទេស​កម្ពុជា​នឹង​រៀបចំ​កម្លាំង​ពលកម្ម​របស់ខ្លួន​តាម​រយៈ​ការអប់រំ​លើ​ប្រព័ន្ធ​ឌីជីថល និង​ការលើកទឹកចិត្ត​ដល់​ការច្នៃប្រឌិត ប៉ុន្តែ​ដើម្បី​ទទួលបាន​ជោគជ័យ​ពី​4IR យើង​ក៏​ត្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ឌីជីថល​ទន់ និង​រឹង​ដែរ។ យើង​ត្រូវការ​បណ្តាញ​អុីន​ធើ​ណិ​ត​ចល័ត​ដែលមាន​តម្លៃថោក យើង​ត្រូវ​ការកសាង​ជំនាញ​អាជីវកម្ម​របស់​ប្រជាជន​យើង ក៏ដូចជា​ហេដ្ឋារចនាសម្ព័ន្ធ ICT របស់​យើង​ផងដែរ”។

កម្ពុជា​អាច​ចាប់យក​កាលានុវត្តភាព ដែល​កើតចេញពី​បដិវត្តន៍​ឧស្សាហកម្ម​ទី4 ឬ ​4IR ស្រប​ពេលដែល​ធនាគារ​អភិវឌ្ឍន៍អាស៊ី ឬ​ ADB បាន​សិក្សា​រកឃើញថា បដិវត្តន៍​នេះ​នឹង​បង្កើន​តម្លៃ​សេដ្ឋកិច្ច​ដ៏​ច្រើន​សម្រាប់​តំបន់​អាស៊ាន។

ឯកឧត្តម​រដ្ឋលេខាធិកា​របា​ន​ថ្លែង​ទៀតថា កម្ពុជា​អាច​ចាប់យក​កាលានុវត្តភាព​ទាំងឡាយ ដែល​កើតចេញពី​បដិវត្តន៍​ឧស្សាហកម្ម​ទី4នេះ ដោយសារ​កម្ពុ​ជាមាន​ល​ក្ខ​ណ​សម្បត្តិ​ល្អជា​ច្រើន ដូចជា​ភាគលាភ​ប្រជាសាស្ត្រ គឺ​កម្ពុជា​កាន់តែ​សម្បូរ​នូវ​ធនធាន​យុវជន​ប្រកបដោយ​ចំណេះដឹង ហើយ​អាច​ស្រូបយក​នូវ​បច្ចេកវិទ្យា​ឌីជីថល​បាន​លឿន និង​ការកើនឡើង​យ៉ាង​លឿន​នូវ​ការប្រើប្រាស់​ទូរស័ព្ទ​ចល័ត រួមជាមួយ​អត្រា​ប្រើប្រាស់​ខ្ពស់ ការ​ស្រូបយក​បច្ចេកវិទ្យា​ពី​ការវិនិយោគ​ផ្ទាល់​ពី​បរទេស និង​ការធ្វើ​ឌីជីថល​ភាវូបនីយកម្ម​យ៉ាង​ឆាប់រហ័ស​ដែល​កំពុង​កើតឡើង​នៅក្នុង​គ្រប់​វិស័យ​ដែលសំខាន់។

ឯកឧត្តម វ​ង្សី វិស្សុត​បាន​បន្តថា តាមរយៈ​បដិវត្តន៍​ឧស្សាហកម្ម​ទី4នេះ អាស៊ាន​មាន​សក្តានុពល​ធំធេង​ក្នុង​ការជំរុញ​សក្តានុពល​កំណើនសេដ្ឋកិច្ច និង​រក្សា​នូវ​កំណើនសេដ្ឋកិច្ច​ខ្ពស់ និង​រឹងមាំ​សម្រាប់​តំបន់ តាមរយៈ​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ជិតស្និទ្ធ​ក្នុង​បរិបទ​នៃ​ការកើនឡើង​ផ្នែក​ពាណិជ្ជកម្ម និង​ការផ្លាស់ប្តូរ​យ៉ាង​លឿន​នៃ​ការអភិវឌ្ឍ​ផ្នែក​បច្ចេកវិទ្យា។

បច្ចុប្បន្ន​ពិភពលោក​កំពុង​ឈានចូល​ទៅកាន់​យុគសម័យ​នៃ​បដិវត្តន៍​ថ្មី​មួយ ឬ​បដិវត្តន៍​ឧស្សាហកម្ម​ទី4 ដែល​កំពុង​ជះឥទ្ធិពល​លើ​ការ​ដំណើរការ​របស់​រដ្ឋាភិបាល ការ​ដំណើការ​អាជីវកម្ម និង​ការរស់នៅ​របស់​មនុស្ស​ជាតិ។ ការវិវឌ្ឍ​យ៉ាង​លឿន​ផ្នែក​បច្ចេកវិទ្យា​បាននិងកំពុង​ផ្លាស់ប្តូរ​រចនាសម្ព័ន្ធ​សង្គមសេដ្ឋកិច្ច ហិរញ្ញវត្ថុ និង​សន្តិសុខ ដោយ​រាប់​ចាប់តាំងពី​ការបើកបរ​ដោយ​ស្វ័យប្រវត្តិ ដ្រូ​ន (Drone) ពាណិជ្ជកម្ម​អេឡិចត្រូនិក (e-commerce) បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (FinTech) រហូតដល់​ការបោះពុម្ព 3D (3D Printing) និង​បញ្ញា​សិប្បនិម្មិត (Artificial Intelligence) ជាដើម។

ឯកឧត្តម​រដ្ឋលេខាធិកា​រ​​បន្តថា បដិវត្តន៍​ឧស្សាហកម្ម​ទី4 នឹងធ្វើ​ការផ្លាស់ប្តូ​ររ​ច​នា​សម្ព័ន្ធ​ សេដ្ឋកិច្ចពាណិជ្ជកម្ម និង​ឧស្សាហកម្ម តាមរយៈ ការកាត់បន្ថយ​ថ្លៃដើម បង្កើន​ផលិតភាព និង​ពង្រីក​វិមាត្រ​សេដ្ឋកិច្ច​កាន់តែ​ធំ​តាមរយៈ​ប្រព័ន្ធ​ឌីជីថល ដូចជា​ការទូទាត់​ពាណិជ្ជ​កម្ម និង​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ជាដើម។ ក្នុងន័យនេះ ASEAN អាច​ក្លាយជា​ទីតាំង​ជួរមុខ​នៃ​ការផ្លាស់ប្តូរ តាមរយៈ​ការនាំ​មុខមុន​គេ​នៃ​ការទទួលយក​បច្ចេកវិទ្យា​ដែល​ថ្មី​បំផុត។

យោងតាម​ការសិក្សា​រប​ស់ ADB បាន​បង្ហាញថានៅមុន​ឆ្នាំ2030 បច្ចេកវិទ្យាថ្មីៗនៃ​បដិវត្តន៍​ឧស្សាហកម្ម​អាច​បង្កើន​តម្លៃ​សេដ្ឋកិច្ច​ដែលមាន​ទំហំ​ពី220 ទៅ625ពាន់​លាន​ដុល្លារ​ចូលទៅក្នុង​សេដ្ឋកិច្ច​នៃ​តំបន់ ASEAN ផងដែរ៕

Advertisement