កម្ពុជា-ថៃ​គ្រោង​បង្កើន​ពាណិជ្ជកម្ម​ទ្វេភាគី​ដល់ 15ប៊ី​លាន​ដុល្លារ​ត្រឹម​ឆ្នាំ2020

ក្នុង​គោលដៅ​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ឱ្យ​កាន់​តែមាន​ភាពល្អប្រសើរ​ឡើង រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ថៃ បាន​សន្យា​បង្កើន​ពាណិជ្ជកម្ម​ទ្វេភាគី​យ៉ាងហោច​ឱ្យបាន​ត្រឹម 15ប៊ី​លាន​ដុល្លារ​នៅត្រឹម​ឆ្នាំ2020។

ឯកឧត្តម សុខ សុភ័ក្ត្រ អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​មានប្រសាសន៍​បង្ហាញ​ពី​វឌ្ឍនភាព​នៃ​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំង2 ជាពិសេស​លទ្ធផល​នៃ​កិច្ចប្រជុំ​លើក​ទី3 នៃ​គណៈរដ្ឋមន្ត្រី​ចម្រុះ​កាលពី​ខែកញ្ញា ឆ្នាំ2017កន្លងទៅ​ដែល​ដឹកនាំ​ដោយ​ប្រមុខ​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំង2 ក្នុងនោះ​កិច្ចប្រជុំ​បានដាក់​ចេញ​នូវ​គោលដៅ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​កើន​ដល់ 15ប៊ី​លាន​ដុល្លារ​ត្រឹម​ឆ្នាំ2020 និង​កិច្ចប្រជុំ​លើក​ទី6 នៃ​គណៈកម្មាធិការ​ចម្រុះ​ផ្នែក​ពាណិជ្ជកម្ម កាលពី​ខែកុម្ភៈ ឆ្នាំ2018 ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​របស់​ប្រទេស​ទាំង2 សម្រាប់​ជាយន្តការ​ទ្វេភាគី​ដើម្បី​តាមដាន និង​អនុវត្ត​នូវ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​នេះ។

ឯកឧត្តម សុខ សុភ័ក្ត្រ អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម

ឯកឧត្តម​បញ្ជាក់ថា ដើម្បី​សម្រេច​គោលដៅ​នេះ កន្លងមក​ភាគី​កម្ពុជា និង​ថៃ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការមិន​យកពន្ធ​ត្រួតគ្នា​កាលពី​ថ្ងៃទី7 ខែកញ្ញា ឆ្នាំ2017 ដែល​កិច្ចការ​នេះ​បាន​ជួយ​សម្រួល​ដល់​ការ​វិយោគ និង​ធ្វើ​ពាណិជ្ជកម្ម​ដោយ​មិនតម្រូវឱ្យ​បង់ពន្ធ​នៅ​ប្រទេស​ថៃ​ទៀត​ទេ និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភា្ជ​ប់​តាម​ព្រំដែន ដំឡើង​ថ្នាក់​ព្រំដែន ដូចជា​ចុះហត្ថលេខា​លើ MoU ជាច្រើន ដើម្បី​ជួយ​សម្រួល​ដល់​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន។

ក្នុងជំនួប​ជាមួយ​ប្រតិភូ​សភាពាណិជ្ជកម្ម​ថៃ​កាល​ពីស​ប្ហា​ហ៍​មុន ឯកឧត្តម​បានស្នើ​សភាពាណិជ្ជកម្ម​ថៃ​ឱ្យជួយ​ជំរុញ​រាជរដ្ឋាភិបាល​ថៃ​លើ​បញ្ហា​មួយចំនួន​ដូចជា 1.ព​ន្លឿ​ន​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​លើ​ទំនិញ​ឆ្លងកាត់​ព្រំដែន។ 2.អនុញ្ញាត​ជំរុញ​ឱ្យ​ចុះហត្ថលេខា​លើ MoU ដើម្បីឱ្យ​មានការ​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​តាម​គ្រប់​ច្រក​ដែល​កន្លងមក​ទើបបាន​អនុញ្ញាត​ត្រឹមតែ​តាម​ច្រក​ប៉ោយប៉ែត-អារញ្ញ​ប្រាថេត​តែមួយ​ប៉ុណ្ណោះ និង​បន្ថែម​កូតា​អនុញ្ញាតឱ្យ​រថយន្ត​ឆ្លងកាត់​ពី150 ទៅ300 និង​ទៅ500គ្រឿង​ជា​ដំណាក់កាល និង3.សម្របសម្រួល​នីតិវិធី​ក្នុងការ​នាំចូល​ទំនិញ​កសិកម្ម​ពី​កម្ពុជា​ទៅ​ថៃ ចៀសវាង​ការដាក់ចេញ​នូវ​ឧបសគ្គ​នានា​ដែល​ធ្វើឱ្យ​កម្ពុជា-ថៃ​ពុំ​អាច​សម្រេច​គោលដៅ​ពាណិជ្ជ​កម្មបាន 15ប៊ី​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ2020។ ក្នុង​គោលនយោបាយ​លើកទឹកចិត្ត​វិនិយោគិន​បរទេស​ឱ្យមក​បណ្តាក់ទុន​នៅ​កម្ពុជា​ឱ្យបាន​កាន់តែច្រើន រដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​គោលនយោបាយ​បើកចំហ គ្មាន​ការរើសអើង​ចំពោះ​អ្នកវិនិយោគ​បរទេស ហើយ​វិនិយោគិន​បរទេស​អាច​កាន់កាប់​ភាគហ៊ុន100% គ្មាន​ការកំណត់​តម្លៃ​លើ​ទំនិញ និង​សេវា និង​គ្មាន​ការតម្រូវ​ក្នុង​ការប្តូរ​សាច់ប្រាក់ ឬ​យកប្រាក់​ចេញ-ចូល​ក្រៅប្រទេស​ឡើយ។

ក្នុង​ដំណើរ​ទស្សនកិច្ច​ដឹកនាំ​ក្រុម​អ្នកវិនិយោគ​មក​សិក្សា​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​កាលពី​សប្តាហ៍​មុន លោកស្រី Doungjai Chanthon ប្រធាន​អនុគណៈកម្មការ​ពាណិជ្ជ​កម្ម​តាម​ព្រំដែន និង​ឆ្លង​ព្រំដែន​សម្រាប់​ប្រទេស​កម្ពុជា និង​វៀតណាម​នៃ​សភាពាណិជ្ជកម្ម​ថៃ បាន​មានប្រសាសន៍ថា ដោយ​មើលឃើញ​ឱកាស​វិនិយោគ​នៅ​កម្ពុជា វិនិយោគិន​ថៃ​ចំនួន 20ក្រុមហ៊ុន​គ្រោង​មក​បណ្តាក់ទុន​រកស៊ី​នៅ​កម្ពុជា​នៅពេល​ខាងមុខ។ ប្រតិភូ​ធុរជន​ថៃ​ទាំង​​ 20ក្រុមហ៊ុន​នោះ​កំពុង​ធ្វើ​ពាណិជ្ជកម្ម​នៅក្នុង​ប្រទេស​របស់ខ្លួន​លើ​វិស័យ​អេឡិចត្រូនិក ភេសជ្ជៈ បរិក្ខារ​ពេទ្យ សម្ភារ​ប្រើប្រាស់ ផលិតផល​ថែរក្សា​សម្ផស្ស ចំណីអាហារ ផលិតផល​កសិកម្ម និង​គ្រឿងសំណង់​ជាដើម។ល។

លោកស្រី Doungjai Chanthon ប្រធាន​អនុគណៈកម្មការ​ពាណិជ្ជ​កម្ម​តាម​ព្រំដែន

លោកស្រី​អះអាងថា កម្ពុជា និង​ថៃ​មាន​វប្បធម៌​ប្រពៃណី រួមទាំង​ការបណ្តាក់ទុន​រកស៊ី​ស្រដៀង​គ្នាហើយ​កម្ពុជា​នៅមាន​ឱកាស​ច្រើន​សម្រាប់ធ្វើ​ការវិនិយោគ ទៅតាម​វិស័យផ្សេងៗជាច្រើន ដូចជា​ឧស្សាហកម្ម​ចំណីអាហារ និង​ភេសជ្ជៈ សុខាភិបាល សំណង់ វិស័យ​អគ្គិសនី អេឡិចត្រូនិក និង​កសិកម្ម​ជាដើម ទើប​លោកស្រី​ដឹកនាំ​អ្នកវិនិយោគ​ទាំងនេះ​មក​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រីជាន់ខ្ពស់​កម្ពុជា ដើម្បី​ស្វែងយល់​ឱ្យបាន​ច្បាស់​អំពី​បរិ​យ​កាសធ្វើ​ពាណិជ្ជកម្ម មុននឹង​សម្រេចចិត្ត​បោះទុន​វិនិយោគ​ជា​ផ្លូវការ។ ហើយ​លោកស្រី​បាន​សន្យា​ពាំនាំ​នូវ​សំណើ​ថ្នាក់ដឹកនាំ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា ទៅជូន​បណ្តា​ក្រសួង​ស្ថាប័ន​ធុរកិច្ច​ពាក់ព័ន្ធ​របស់​ថៃ ដើម្បី​ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​ឈានដល់​គោលដៅ ដែល​បាន​កំណត់ដោយ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង2។

គួររំឭកផងដែរថា ទំហំ​ពាណិជ្ជកម្ម​កម្ពុជា-ថៃ​កាលពី​ឆ្នាំ2017កន្លងមក មាន​រហូតដល់​ជាង 6ពាន់​លាន​ដុល្លារ កើនឡើង 10ភាគរយ បើ​ធៀប​ឆ្នាំ2016 ដែលមាន​ចំនួន​ជាង 5ពាន់​លាន​ដុល្លារ៕

Advertisement