កម្ពុជា​-ម៉ាឡេស៊ី​ បង្ហាញ​ទំនាក់ទំនង​មិត្តភាព​ និង​កិច្ច​សហប្រតិបត្តិ​ការជំរុញ​វិស័យ​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ វិនិយោគ​ និង​ទេសចរណ៍​

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ និង​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ម៉ាឡេស៊ី​ បាន​សម្ដែង​នូវ​ការ​ពេញចិត្ត​ចំពោះ​ការ​រីកចម្រើន​គួរ​ឱ្យ​កត់សម្គាល់​នៃ​ទំនាក់ទំនង​មិត្តភាព​ និង​កិច្ច​សហប្រតិបត្តិ​ការ​ទ្វេភាគី​រវាង​កម្ពុជា​ និង​ម៉ាឡេស៊ី​លើ​វិស័យ​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ វិនិយោគ​ ទេសចរណ៍​ អប់រំ​ ការងារ​ និង​វប្បធម៌​-ល- និង​ប្ដេជ្ញា​ពង្រឹង​ និង​ពង្រីក​ថែមទៀត​នូវ​កិច្ច​សហប្រតិបត្តិ​ការ​ជិតស្និទ្ធ​ ដើម្បី​ផលប្រយោជន៍​ ប្រជាជន​នៃ​ប្រទេស​ទាំង2​ ក្នុង​ការ​រួមចំណែក​ដល់​សន្តិភាព​ ស្ថិរភាព​ក្នុង​តំបន់​ និង​នៅ​លើ​ពិភពលោក​។

សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា​ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ទី1​ របស់​ឯកឧត្ដម​ ម៉ា​ហា​ធា​ ម៉ូ​ហា​ម៉ា​ដ ថា​ទស្សនកិច្ច​ផ្លូវការ​ និង​ជា​ប្រវត្តិសាស្ត្រ​នេះ​ គឺជា​តឹកតាង​បង្ហាញ​អំពី​មិត្តភាព​ សាមគ្គីភាព​ និង​ភាពរឹងមាំ​នៃ​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​-ម៉ាឡេស៊ី​។ សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ បាន​អបអរសាទរ​យ៉ាង​កក់ក្ដៅ​ចំពោះ​សមិទ្ធផល​ដ៏​ធំធេង​ដែល​ប្រទេស​ម៉ាឡេស៊ី​សម្រេច​បាន​ក្រោម​មាគ៌ា​ដឹកនាំ​ដ៏​ក្លៀវក្លា​របស់​ឯកឧត្ដម​នាយក​រដ្ឋមន្ត្រី​ ម៉ា​ហា​ធា​ ម៉ូ​ហា​ម៉ា​ដ។

សម្ដេច​តេជោ​ជឿជាក់​ថា​ ជាមួយ​សម្ទុះ​នៃ​ការ​អភិវឌ្ឍ​ និង​គោលដៅ​ទំនើបកម្ម​ ព្រមទាំង​ គោលនយោបាយ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​ ប្រទេស​ម៉ាឡេស៊ី​នឹង​សម្រេច​បាន​គោលដៅ​ឈាន​ទៅ​រក​ឋានៈ​ជា​ប្រទេស​អភិវឌ្ឍន៍​ ជា​ខ្លា​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី​ហើយនឹង​ចូលរួម​ដើរតួ​នាទី​កាន់តែ​សកម្ម​ និង​សំខាន់​ថែមទៀត​នៅក្នុង​តំបន់​ និង​នៅ​លើឆាកអន្តរជាតិ​។

សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​ក៏បាន​ថ្លែង​ អបអរសាទរ​ចំពោះ​ទិវា​បុណ្យ​ឯករាជ្យជាតិ​លើក​ទី62​ របស់​ប្រទេស​ម៉ាឡេស៊ី​ ក៏ដូចជា​ទិវា​ផ្សារភ្ជាប់​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​កម្ពុជា​ និង​ម៉ាឡេស៊ី​ ថា​ជា​ព្រឹត្តិ​ការណ៍​ដែល​កើតឡើង​នៅ​ថ្ងៃ​តែមួយ​ គឺ31​ ខែសីហា​ ឆ្នាំ1957​។

បច្ចុប្បន្ន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ និង​វិនិយោគ​រវាង​ប្រទេស​ទាំង2​(កម្ពុជា​-ម៉ាឡេស៊ី​)មាន​ លក្ខណៈ​ល្អ​ប្រសើរ​ និង​មាន​វត្តមាន​ធុរកិច្ច​ម៉ាឡេស៊ី​ជាច្រើន​នៅ​កម្ពុជា​។ ក្នុង​ឆ្នាំ2018​ ទំហំ​ពាណិជ្ជ​ កម្ម​នៃ​ប្រទេស​ទាំង2​ មាន​ចំនួន​ប្រមាណ​ជា​ 500លាន​ដុល្លារ​អាមេរិក​ ហើយ​គ្រាន់តែ​ក្នុង​ឆមាស​ទី1​ ឆ្នាំ2019​ ទំហំ​នេះ​បាន​កើនឡើង​ដល់​ជាង​ 400លាន​ដុល្លារ​អាមេរិក​។ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ និង​វិនិយោគ​កម្ពុជា​-ម៉ាឡេស៊ី​ ខ្ញុំ​ និង​ឯកឧត្ដម​ ម៉ា​ហា​ធា​ ម៉ូ​ហា​ម៉ាត់​ បាន​ឯកភាព​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ ប្រទេស​ទាំង2​ រិះរក​វិធី​ពង្រីក​សហប្រតិបត្តិ​ការ​ក្នុង​វិស័យ​នេះ​បន្ថែម​ទៀត​។

តាមរយៈ​ដំណើរ​ទស្សនកិច្ច​នេះ​ កម្ពុជា​ និង​ម៉ាឡេស៊ី​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ស្តី​ពី​ពន្ធ​ត្រួត​គ្នា​ (DTA​) ការ​ចៀសវាង​យកពន្ធ​ត្រួត​គ្នា​ និង​ការទប់ស្កាត់​ការ​គេចវេះ​ពន្ធ​លើ​ប្រាក់​ ចំណូល​ និង​ការ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ស្តី​ពី​កិច្ច​សហប្រតិបត្តិ​ការ​នៅក្នុង​វិស័យ​ទេសចរណ៍​ ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​ និង​វិនិយោគ​រវាង​ប្រទេស​ទាំង2​។ ក្រៅពី​នេះ​ ក៏​មាន​អនុស្សរណៈ​យោគយល់​គ្នា​ជាច្រើន​ទៀត​ដែល​កំពុង​រៀបចំ​ និង​ត្រៀម​ចុះ​ហត្ថលេខា​រវាង​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង2​។

ដោយឡែក​ចំពោះ​វិស័យ​ទេសចរណ៍​ គឺជា​វិស័យ​ដ៏​មាន​សារៈសំខាន់​ និង​ប្រកប​ដោយសក្តានុពល​ច្រើន​ ហើយ​វិស័យ​នេះ​ត្រូវ​បាន​ចាត់ទុកថា​ ជា​វិស័យ​អាទិភាព​ដែល​ប្រទេស​ទាំង2​ អាច​ទទួល​បានផល​ប្រយោជន៍​ពីគ្នា​ទៅវិញទៅមក​។

កាលពី​ឆ្នាំ2018​ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាង​ 6.2លាន​នាក់​ កើន10.7​% ក្នុង​នោះ​ទេសចរ​ជាតិ​ម៉ាឡេស៊ី​មាន​ចំនួន​ជាង​ 20ម៉ឺន​នាក់​កើន12,2​%។ ក្នុងរយៈពេល​ 6ខែ​ដើមឆ្នាំ​ 2019នេះ​ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាង​ 3,3​លាន​នាក់​ កើនឡើង11.2​% ក្នុង​នោះ​ទេសចរ​ជាតិ​ម៉ាឡេស៊ី​ មាន​ចំនួន​ជាង​ 9ម៉ឺន​នាក់​ កើន7​%។ ដោយឡែក​ប្រជាជន​កម្ពុជា​ក៏បាន​ទៅ​ទស្សនា​ប្រទេស​ម៉ាឡេស៊ី​ជាច្រើន​ម៉ឺន​នាក់​ផង​ដែរ​។

បច្ចុប្បន្ន​មានការ​ហោះហើរ​ត្រង់​ចំនួន​ 58ជើង​ក្នុង​ 1សប្តាហ៍​ ពី​ប្រទេស​ម៉ាឡេស៊ី​មក​ព្រលា​នយន្តហោះ​អន្តរជាតិ​ទាំង3​ របស់​កម្ពុជា​ ក្នុង​នោះ​រួម​មា​នព្រ​លាន​យន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​មាន​ចំនួន​ 7ជើង​ក្នុង​ 1សប្តាហ៍​។ ព្រលា​នយន្តហោះ​អន្តរជាតិ​ខេត្ត​សៀមរាប​ មាន​ចំនួន​ 11ជើង​ក្នុង​ 1សប្តាហ៍​ និង​ព្រលា​នយន្តហោះ​អន្តរជាតិ​ភ្នំពេញ​មាន​ចំនួន​ 40ជើង​ក្នុង​ 1សប្តាហ៍​។

ទំហំ​ពាណិជ្ជកម្ម​របស់​កម្ពុជា​ជាមួយ​ម៉ាឡេស៊ី​ នៅតែ​មាន​គម្លាត​ធំ​ ដោយ​ក្នុង​នោះ​ការនាំចេញ​របស់​កម្ពុជា​ទៅ​ម៉ាឡេស៊ី​ក្នុងរយៈពេល​ 4ឆ្នាំ​ចុងក្រោយ​ សម្រេច​បាន​ 571លាន​ដុល្លារ​ ខណៈ​ការនាំចេញ​របស់​ម៉ាឡេស៊ី​មក​កម្ពុជា​មាន​រហូត​ 1.36ពាន់​លាន​ដុល្លារ​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់ក្រ​សួង​ពាណិជ្ជកម្ម​។

របាយការណ៍​ដដែល​បង្ហាញថា​ នៅ​ឆ្នាំ2018​ ពាណិជ្ជកម្ម​រវាង​កម្ពុជា​ និង​ម៉ាឡេស៊ី​មានតម្លៃ​ជាង​514លាន​ដុល្លារ​ ក្នុង​នោះ​កម្ពុជា​នាំចេញ​ជាង​ 129​លាន​ដុល្លារ​ ចំណែក​ការនាំចូល​មានតម្លៃ​ជាង​ 385​លាន​ដុល្លារ​។ រយៈពេល​ 6ខែ​ ឆ្នាំ2019​ ការនាំចេញ​ពី​កម្ពុជា​មានតម្លៃ​ 60.64​ លាន​ដុល្លារ​ ខណៈ​ការ​នាំ​ចូល​មាន​រហូតដល់​ 255លាន​ដុល្លារ​៕

Advertisement