ការនាំចេញ​ផលិតផល​សម្លៀកបំពាក់ និង​ស្បែកជើង​កើនឡើង 9.3% ក្នុង​ឆមាស​ទី1

យោងតាម​ក្រសួងពាណិជ្ជកម្ម​បានឱ្យដឹងថាការនាំចេញ​របស់​វិស័យ​កាត់ដេរ​នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​តម្លៃ 3.7 ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល 6ខែ​ដំបូង​នៃ​ឆ្នាំនេះ បាន​កើនឡើង 9.3%។ លទ្ធផល​ដ៏​រឹងមាំ​នៃ​វិស័យនេះ​ក៏បាន​កើនឡើង​ផងដែរ​នៅក្នុង​អំឡុងពេល​ដ៏​រសើប​មួយ​សម្រាប់​ប្រទេស​កម្ពុជាដោយ​ប្រទេសមួយ​នេះ​បាន​ប្រារព្ធ​ការស្ទង់មតិ​តាមរយៈ​ការបោះឆ្នោត​ថ្នាក់ជាតិ​នីតិកាល​ទី 6 របស់ខ្លួន។

កំណើន​នៃ​សកម្មភាព​នាំចេញ​ផលិតផល​សម្លៀកបំពាក់ និង​ស្បែក​ជើងបាន​កើនឡើង​យ៉ាងរឹងមាំ​ក្នុងអំឡុង​ឆមាស​ទី 1 នៃ​ឆ្នាំនេះ បើទោះបីជា​មានការ​ព្រមានថ្មីៗពី​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក​ដែលជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​របស់​កម្ពុជា​ថា​ពួកគេ​អាច​នឹង​លុបចោល​ពាណិជ្ជកម្ម​ដែល​ពេញចិត្ត​នៅ​កម្ពុជា ប្រសិនបើ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​មិនត្រូវ​បាន​កែលម្អ។

យោងតាម​តួលេខ​ពី​ក្រសួង​នេះ​បានឱ្យដឹងថា ការដឹកជញ្ជូន​វាយ​ន​ភណ្ឌ​ទៅកាន់​ប្លុក​អឺរ៉ុប​បាន​កើនឡើង 10.66% ដែលមាន​តម្លៃ​សរុប​ជាង 1.6 ពាន់​លាន​ដុល្លារ ខណៈ​សហរដ្ឋអាមេរិក​វិញ​បាន​កើនឡើង 10.73 ភាគរយ និង​មានតម្លៃ 858លាន​ដុល្លារ។ ទីផ្សារ​ទាំង2 នេះ​រួមចំណែក 72%លើ​ការនាំចេញ​សរុប​របស់​កម្ពុជា។

ការនាំចេញ​ទៅកាន់​ប្រទេស​កាណាដា​បាន​កើនឡើង​ជាង 9% ដែលមាន​តម្លៃ 324លាន​ដុល្លារ​ខណៈ​ការនាំចេញ​ទៅកាន់​ពិភពលោក​បាន​កើនឡើង 10.10% និង​មានតម្លៃ 850លាន​ដុល្លារ។

លោក កាំ​ង ម៉ូ​នី​កា អគ្គលេខាធិការរង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) បាន​និយាយថា ការអនុវត្ត​ជារួម​លើ​វិស័យនេះ​មាន​លក្ខណៈគួរឱ្យ​ចាប់អារម្មណ៍ ជាពិសេស​បានគិត​គូរ​ថា ការបោះឆ្នោត​ថ្នាក់ជាតិ​បានធ្វើឱ្យ​មានការ​ព្រួយបារម្ភ​ដល់​វិនិយោគិន​ជាច្រើន។ សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក​នឹង​បន្ត​ក្លាយជា​ទីផ្សារ​ដ៏​សំខាន់បំផុត​របស់​យើង ដែល​ត្រូវមាន​ទំនុកចិត្ត​ថា​ទំនាក់ទំនង​រវាង​ប្រទេស​យើង​នឹង​ប្រសើរឡើង​តាមរយៈ​ការយល់ដឹង និង​ការគោរព​គ្នា​ទៅវិញទៅមក។

លោក ស៊ា​ង ថៃ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​បាន​ប្រាប់​សារព័ត៌មាន ឡា​រ៉ែ​ន​ថា៖ “ដូច​យើង​បានដឹងហើយថា កម្ពុជា​យើង​ធ្វើ​ពាណិជ្ជកម្ម​ជា​អន្តរជាតិ ដូច្នេះ​ទីផ្សារ​កម្ពុ​ជាមាន​ច្រើន​យើង​បាន​បើកទូលាយ​គ្រប់​ប្រទេស​ក្នុងការ​នាំចេញ​មាន​ច្រើន​ទិសដៅ ប៉ុន្តែ​ការងារ​ដែល​លេចឮ​ព័ត៌មាន​មក​ថា នឹង​បិទ​ការនាំចេញ​ពាណិជ្ជកម្ម​ដោយ​សហគមន៍​អឺរ៉ុប​នោះ នៅ​មិនទាន់​ឃើញ​មាន​ទេ គឺ​នៅមាន​របាយការណ៍​ទៅមក​នៅឡើយ តែ​យ៉ាងណា ក៏​យើង​នៅមាន​ច្រក​ដទៃទៀត​ដែរ ព្រោះ​យើង​ធ្វើ​ពាណិជ្ជកម្ម​ដោយ​ទូលំទូលាយ​មិន​ធ្វើ​តែ​ចំពោះ​នរណាម្នាក់​ឡើយ”។

លោក ស៊ា​ង ថៃ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​

លោក​ថ្លែងថា ចំនួន​លើកទឹកចិត្ត​ក្នុង​កំណើន​នាំចេញ គឺជា​លទ្ធផល​នៃ​សន្តិភាព និង​ស្ថិរភាព​នៅក្នុង​ប្រទេស។ ស្ថិរភាព និង​សណ្តាប់ធ្នាប់​សាធារណៈ​មាន​សារៈសំខាន់​សម្រាប់​សកម្ម​ភាព​ធុរកិច្ច និង​ការវិនិយោគ។ នេះ​ជា​ប្រភេទ​បរិស្ថាន​ពាណិជ្ជកម្ម​ដែល​ប្រទេស​យើង​ត្រូវការ​ដើម្បី​ធានាឱ្យមាន​ការអភិវឌ្ឍ​បន្ថែមទៀត មិន​ត្រឹមតែ​សម្រាប់​វិស័យ​ដែល​ផ្ដោតលើ​ការនាំចេញ​ទេ ប៉ុន្តែ​សម្រាប់​សេដ្ឋកិច្ច​ទាំងមូល។

យោងតាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​សេវា​នាំចេញ-នាំចូល​នៃ​ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្នុង​រយៈពេល 6ខែ នៃ​ឆ្នាំ2018 នេះ ការនាំ​ទំនិញ​ចេញពី​កម្ពុជា រួមមាន៖ វាយ​ន​ភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និង​អង្ករ​ជាដើម។ល។ រួមទាំង​ការបញ្ជាទិញ​របស់​ម៉ាកល្បីៗទូទាំង​ពិភពលោកដូចជា​ម៉ាក អា​ឌី​ដាស (Adidas) និង​អេ​ច្ឆ អេ​ន អឹម (H&M)ជាដើម នៅតែ​បន្ត​កើតមាន ដែល​បង្ហាញថាទាំង​ការបញ្ជាទិញ ក៏ដូចជា​ការនាំចេញរ​បស់​កម្ពុជានឹង​នៅតែ​ល្អប្រសើរ ដោយសារ​ប្រទេស​កម្ពុជា​រក្សាបាន​កំណើនសេដ្ឋកិច្ច​ដ៏​រឹងមាំ ពិសេស​ស្ថានភាព​នយោបាយ​ស្ថិតក្នុង​ភាពប្រក្រតី ក្រោយ​ការបោះឆ្នោត​ត្រូវបាន​បញ្ចប់។

កាលពីពេលថ្មីៗនេះ ធនាគារជាតិ​នៃ​កម្ពុជា​បានចេញ​ផ្សាយ​ការ​ព្យាករ​សេដ្ឋកិច្ច​ចុងក្រោយ​របស់ខ្លួន ដោយបាន​ដាក់​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​សម្រាប់​ឆ្នាំនេះ​ចំនួន 7% ដែល​គាំទ្រ​ដោយ​វិស័យ​ឧស្សាហកម្ម​កាត់ដេរ ទេសចរណ៍ និង​សំណង់។ “តាម​ទស្សនវិស័យ ម៉ាក្រូសេដ្ឋកិច្ច​របស់​ប្រទេស​នេះ​មាន​ភាពរឹងមាំ ដោយ​ការនាំចេញ​សម្លៀកបំពាក់ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុងការ​ជំរុញ​កំណើន​ជាតិ”។

កម្មករ-កម្មការិនីកំពុងធ្វើការក្នុងរោងចក្រផលិតស្បែកជើងមួយកន្លែង

សូមបញ្ជាក់ថា សហភាព​អឺរ៉ុប​បាន​និយាយថាខ្លួន​នឹង​លុបចោល​គម្រោង​អ្វី​គ្រប់យ៉ាង​ដែល​មិនមែនជា​អាវុធ(EBA= the Everything But Arms scheme)ដែល​អនុញ្ញាតឱ្យ​កម្ពុជា​នាំ​ចេញទៅ​ទីផ្សារ​អឺរ៉ុប និង​កូតា​ដោយ​ឥតគិតថ្លៃ ប្រសិនបើ​ស្ថានភាព​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​មិនមាន​ភាពប្រសើរឡើង។

សហភាព​អឺរ៉ុប គឺជា​គោលដៅ​នាំចេញ​នាំមុខគេ​របស់​កម្ពុជា​ដែលមាន​ចំនួន 40%នៃ​ការនាំចេញ​សរុប។ ទាំងអស់នេះ​បាន​កើនឡើង​យ៉ាងខ្លាំង​ក្នុង​ប៉ុន្មាន​ឆ្នាំថ្មីៗនេះ ដោយ​កើនឡើង 227% ចន្លោះ​ពី​ឆ្នាំ2011 និង​ឆ្នាំ2016 និង​ឈានដល់ 5ពាន់​លាន​ដុល្លារ​គិត​ជា​តម្លៃ​កាលពី​ឆ្នាំទៅ​មិញ។ បច្ចុប្បន្ន​កម្ពុជា​ស្ថិតនៅ​លំដាប់​ទី2 ក្នុងចំណោម​អ្នកទទួលផល​ពី EBA ទាក់ទង​នឹង​បរិមាណ​ជួញដូរ៕

Advertisement