រយៈពេល 6ខែ កម្ពុជា​នាំចេញ​ទំនិញ​ទៅ​ជប៉ុន​កើន 19% ខណៈ​ជប៉ុន​នាំ​ចូលមក​កម្ពុជា​កើន 9.5%

យោងតាម​ទិន្នន័យ​ថ្មី​របស់​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន (JETRO) បានឱ្យដឹងថា ចាប់ពី​ខែមករា មកដល់​ត្រឹម​ខែមិថុនា ឆ្នាំ2018 កម្ពុជា​បានធ្វើការ​នាំចេញ​នូវ​ទំនិញ​ជាច្រើន​ប្រភេទ​ទៅកាន់​ប្រទេស​ជប៉ុន​ក្នុង​រង្វង់​ទឹកប្រាក់​ប្រមាណ 705លាន​ដុល្លារ ខណៈ​ជប៉ុន​ក៏បាន​នាំចេញ​ទំនិញ​ចូលមក​កាន់​កម្ពុជា​វិញ គិត​ជា​ទឹកប្រាក់​ប្រមាណ 191លាន​ដុល្លារ។

តាម​ទិន្នន័យ​ថ្មី​នេះ​បាន​បញ្ជាក់ថា ការនាំចេញ​របស់​កម្ពុ​ជា​ទៅកាន់​ទីផ្សារ​ប្រទេស​ជប៉ុន​ក្នុង​រង្វង់​ទឹកប្រាក់​ប្រមាណ 705លាន​ដុល្លារ  គឺមាន​កំណើន 19% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ2017 កន្លងទៅ។ ចំណែក​ការនាំចេញ​ទំនិញ​របស់​ជប៉ុន​ចូលមក​កម្ពុជា មានការ​កើនឡើង 9.5% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

គ្រាន់តែ​នៅក្នុង​ខែមិថុនា ការនាំចេញ​ទៅកាន់​ប្រទេស​ជប៉ុន​បាន​កើនឡើង​ច្រើនជាង 20% បើ​ប្រៀបធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ខណៈ​ការ​នាំចូល​បាន​កើនឡើង30%។ នៅក្នុង​អំឡុង​ខែ​នោះ​ការនាំចេញ​មានតម្លៃ 81លាន​ដុល្លារ ខណៈ​ការ​នាំចូល​មាន 39លាន​ដុល្លារ។

យោងតាម​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​បានឱ្យដឹងថា ប្រទេស​ជប៉ុន​ភាគច្រើន​នាំចេញ​គ្រឿង​ម៉ាស៊ីនរថយន្ត និង​គ្រឿង​អេឡិចត្រូនិក​ចូលមក​កម្ពុជា និង​ទំនិញ​ផ្សេងទៀត ដូចជា​ចំណីអាហារ ដែក ថ្នាំពេទ្យ និង​ផលិតផល និង​វត្ថុធាតុដើម​សម្រាប់​ដំណើរការ​ក្នុង​រោងចក្រ-ល- ឯ​ទំនិញ​ដែល​កម្ពុជា​នាំចេញ​ទៅកាន់​ប្រទេស​ជប៉ុន​ភាគច្រើន គឺ​ផលិតផល​កាត់ដេរ កាបូប  ស្បែកជើង និង​គ្រឿង​ផ្គុំ​ផលិតផល​អេឡិចត្រូនិក ព្រមទាំង​គ្រឿងអគ្គិសនី ជាដើម។

យោងតាម​ធនាគារជាតិ​នៃ​កម្ពុជា អ្នកទទួល​ទិញ​ផលិតផល​ពី​កម្ពុជា​ច្រើនជាងគេ គឺ​សហរដ្ឋអាមេរិក មាន 21% បន្ទាប់មក​ប្រទេស​អង់គ្លេស និង​អាល្លឺម៉ង់​ដែល​រួមគ្នា​មាន​ចំនួន 17.8% នៃ​ការនាំចេញ​សរុប ឯ​ជប៉ុន​មាន 7.5 ភាគរយ។

កាលពី​ឆ្នាំមុន ប្រទេស​កម្ពុជា​បាន​ទិញ​ទំនិញ​ភាគច្រើន​ពី​ប្រទេស​ចិន​មាន​ចំនួន 41.7% ពី​ថៃ16.5 % ពី​វៀតណាម 11.7%លើ​ការនាំ​ចូល​សរុប​របស់​ប្រទេស។ ទន្ទឹមនឹង​នេះដែរ ការនាំ​ចូល​ពី​ប្រទេស​ជប៉ុន​មាន​ចំនួន​សរុប 4.2% នៃ​ការ​នាំចូល​ទាំងអស់។

គួរ​រំឭក​ផងដែរ​ថា ពេញ​មួយឆ្នាំ2017 កន្លងទៅ ការវិនិយោគ​របស់​ជ​ប៉ុន​នៅ​កម្ពុជា បាន​កើន​ឡើងដល់ 1.6ពាន់​លាន​ដុល្លារ​លើ​ការវិនិយោគ​ចំនួន 130គម្រោង។ ទន្ទឹមគ្នានេះ បើតាម​របាយការណ៍ ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី14 ខែកុម្ភៈ ឆ្នាំ2018 បាន​បង្ហាញថា ការបន្ត​កើនឡើង​នៃ​ទំហំ​ទុនវិនិយោគ​របស់​ប្រទេស​ជប៉ុន​នៅ​កម្ពុជា គឺ​បានមកពី​វិស័យសំខាន់ៗដូចជា ធនាគារ ឧស្សាហកម្ម ក​សិ-ឧស្សាហកម្ម សេវាកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ​ជាដើម៕

Advertisement