5ឆ្នាំ​មកនេះ ចិន​បោះទុន​វិនិយោគ​ជាង 5ពាន់​លាន​ដុល្លារ​នៅ​កម្ពុជា

ដោយ​មើលឃើញ​ពី​សក្តានុពល​សេដ្ឋកិច្ច​ដែលមាន​កំណើនថេរជាប់ៗគ្នា​ជាង 2ទសវត្សរ៍​មកនេះ​បានធ្វើឱ្យ​អ្នកវិនិយោគ​បរទេស​នាំគ្នា​ចូលមក​បណ្តាក់ទុន​រក​ស៊ី​នៅ​កម្ពុ​ជាមាន​ចំនួន​កាន់តែច្រើនឡើងៗ ពិសេស​វិនិយោគិន​សញ្ជាតិ​ចិន ក្នុង​រយៈពេល 5ឆ្នាំកន្លងមក​នេះ​បាន​ចូលមក​វិនិយោគ​ក្នុង​ទំហំ​ទឹកប្រាក់​សរុប​ចំនួន​ប្រមាណ​ជា 5.3ពាន់​លាន​ដុល្លារ​ឯណោះ​នៅ​ប្រទេសកម្ពុជា។

លោក Chen Chagnjing ប្រធានសភា​ពាណិជ្ជកម្ម​ចិន​ប្រចាំ​នៅ​កម្ពុជា មានប្រសាសន៍ថា​ក្នុងអំឡុងពេល 5ឆ្នាំជាប់ៗគ្នា គឺ​ចាប់ពី​ឆ្នាំ2013 ដល់​ឆ្នាំ2017 ចិនគឺជា​អ្នកវិនិយោគ​ដោយផ្ទាល់​ពី​បរទេស​ធំជាងគេ​របស់​កម្ពុជា​ដែលមាន​ទុនវិនិយោគ​សរុប​ប្រមាណ​ជា 5.3ពាន់​លាន​ដុល្លារ​អាមេរិក ឬ​ប្រហែល​ជាង 1ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ​ដែល​កំពុង​បន្ត​វិនិយោគ​លើ​គ្រប់​វិស័យ​ទៅតាម​ការអនុញ្ញាត​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា។

លោក Chen Chagnjing ប្រធានសភា​ពាណិជ្ជកម្ម​ចិន​ប្រចាំ​នៅ​កម្ពុជា

លោក​មានប្រសាសន៍​បន្ត​ថា អ្វីដែល​ធ្វើឱ្យ​វិនិយោគិន​ចិន​ចូលមក​វិនិយោគ​នៅ​កម្ពុជា​កាន់តែច្រើនឡើងៗនេះ គឺ​ដោយសារ​កម្ពុ​ជាមាន​សេដ្ឋកិច្ច​ថេរ​ជាង7% រយៈពេល​ជាង 20ឆ្នាំ​មកហើយ និង​ម្យ៉ាងទៀត​ស្ថិរភាព​នយោបាយ​បានផ្តល់​ទំនុកចិត្ត​កាន់តែខ្លាំង​ដល់​អ្នកវិនិយោគ​ហើយ​អ្វីដែល​ពិសេស​នោះ​គឺ ទំនាក់ទំនង​ដ៏​ល្អ​រវាង​រដ្ឋាភិបាល​កម្ពុ​ជា​នឹង​រដ្ឋាភិបាល​ចិន រួមទាំង​គោលនយោបាយ​លើកទឹកចិត្ត​របស់​កម្ពុ​ជា​ចំពោះ​ការវិនិយោគ​ដោយផ្ទាល់​ពី​បរទេស។

វិនិយោគិន​ចិន​បាន​ចូលមក​ប្រទេស​កម្ពុជា​ក្រោមរូបភាព​ជាច្រើន​ស្ទើរ​គ្រប់​វិស័យ ដូចជា វិស័យ​ពាណិជ្ជកម្ម សំណង់​វិស្វកម្ម គម្រោង​ថាមពល​អគ្គិសនី អាកាសចរណ៍ ទូរគមនាគមន៍ អចលនទ្រព្យ ការអភិវឌ្ឍ​ព្រៃឈើ និង​ការកែច្នៃ​ឈើ ការអភិវឌ្ឍ​ចម្រុះ​លើ​វិស័យ​កសិកម្ម ការកែច្នៃ​វាយ​ន​ភណ្ឌ និង​សម្លៀកបំពាក់ឱសថ ទេសចរណ៍ ការធ្វើដំណើរ សិល្បៈ និង​សិប្បកម្ម​ចំណីអាហារ និង​ភេសជ្ជៈ ហើយ​គម្រោង​ដែល​ធំជាងគេ គឺ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ។ ប្រធានសភា​ពាណិជ្ជកម្ម​ចិន​ខាងលើ​បាន​មានប្រសាសន៍​ដូច្នេះ​ថា “ចង់ឱ្យ​ប្រទេសមួយ​មានការ​រីកចម្រើន ត្រូវ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​មុនគេ ដែលមាន​ដូចជា​ផ្លូវថ្នល់ កំពង់ផែ ផ្លូវទឹក ផ្លូវដែក ផ្លូវអាកាស​ជាដើម គឺ​ត្រូវបាន​គេ​ចាត់ទុកជា​សរសៃឈាម​សេដ្ឋកិច្ច​ដ៏​សំខាន់​ដែល​មិនអាច​ខ្វះ​បាន​សម្រាប់​អភិវឌ្ឍន៍​ប្រទេសជាតិនីមួយៗ”។

ទោះ​យ៉ាងនេះ​ក្តី​លោក Guillaume Massin នាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន ឌី​អេ​ហ្វ​ឌី​អិ​ល មានប្រសាសន៍ថា ទោះជា​បែបនេះ​ក្តី ទិដ្ឋភាព​ច្បាប់​មួយចំនួន​មានការ​ប្រែប្រួល​ឆាប់រហ័ស​ដែលនាំឱ្យ​អ្នកវិនិយោគ​មួយចំនួនធំ​មិនបាន​យល់ ពិសេស​ច្បាប់​ស្តីពី​ការវិនិយោគ និង​ច្បាប់​ស្តីពី​ពន្ធដារថ្មីៗជាច្រើន​បាន​ចូល​ជា​ធរមាន ដែល​ត្រូវគេ​រំពឹងថា នឹងមាន​ការកែប្រែ​ហើយ​មានការ​លំបាក​ក្នុងការ​បណ្តាក់ទុន​រក​ស៊ី​នៅ​កម្ពុជា ពិសេស​អ្នកវិនិយោគ​ដែល​ទើប​ចូលមកថ្មី។ លោក​បានបញ្ជាក់​ដូច្នេះ​ថា “បញ្ហា​ពន្ធដារ​អាចជា​បញ្ហា​ដ៏​គួរឱ្យ​ខ្វល់ខ្វាយ​មួយ​ដែរ យើងខ្ញុំ​ចង់​ជួយ​វិនិយោគិន​ឱ្យ​ស្វែងយល់​អំ​ពីបទ​ប្បញ្ញត្តិ​ជា​ធរមាន ដើម្បី​ធានាថា​ពួកគេ​ទទួលបាន​លទ្ធផល​ល្អ​បំផុត​ពី​ការវិនិយោគ​របស់​ពួកគេ និង​អាច​គ្រប់គ្រង​រាល់​ឧបសគ្គ​ទាំងអស់​ដែល​ពួកគេ​ឆ្លងកាត់”។

គួរ​បញ្ជាក់ដែរថា កាលពីពេលថ្មីៗនេះ​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ចិន បាន​ចុះ​កិច្ចព្រមព្រៀង​ថ្មី​មួយ​ក្នុង​ការឈប់​យកពន្ធ​ត្រួតស៊ីគ្នា​លើ​ពន្ធ​កាត់​ទុក ដើម្បី​ជួយ​សម្រួល​បន្ទុក​ដល់​វិនិយោគិន​ទាំង 2ប្រទេស​ក្នុងការ​បង់ពន្ធ​ច្រើន​ដែលមាន​ចំនួន14%កាលពីពេល​កន្លងមក​ក៏ដូចជា​ពេលបច្ចុប្បន្ន។ បន្ទាប់ពី​កិច្ចព្រមព្រៀង​លុបចោល​ពន្ធ​ត្រួតស៊ីគ្នា​ចូល​ជា​ធរមាន នឹងត្រូវ​ដាក់ឱ្យអនុវត្ត​ចាប់ពី​ថ្ងៃទី1 ខែមករាឆ្នាំ2019 ខាងមុខនេះ ការបង់ពន្ធ​កាត់​ទុក​នឹង​តម្រូវឱ្យ​នៅត្រឹមតែ10% ប៉ុណ្ណោះ ដែលជា​គោលនយោបាយ​ទាក់ទាញ​អ្នកវិនិយោគ​ចូលមក​បណ្តាក់ទុន​នៅ​កម្ពុជា​ឱ្យមាន​ចំនួន​កាន់តែច្រើនឡើង។ ម្យ៉ាងទៀត​ប្រាក់ចំណេញ​ដែល​បង់​ចូល​ពន្ធដា​របស់​រដ្ឋាភិបាល​កម្ពុជា​រួចហើយ ហើយ​ត្រូវ​ផ្ញើ​ទៅ​ក្រុមហ៊ុនមេ​នៅ​ប្រទេស​ចិន នឹងមិន​តម្រូវឱ្យ​បង់​ម្តងទៀត​ឡើយ។

រហូតមកទល់​បច្ចុប្បន្ន យ៉ាងហោច​មាន​ក្រុមហ៊ុន​ចិន​ចូលមក​បណ្តាក់ទុន​រក​ស៊ី​នៅ​កម្ពុជា ចំនួន​ជាង1,000ក្រុមហ៊ុន ដែលជា​ក្រុមហ៊ុន​របស់​រដ្ឋ ក្រុមហ៊ុន​ឯកជន ការិយាល័យ​តំណាង និង​រូបវន្តបុគ្គល​ជាដើម។

យោងតាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​កម្ពុជា​បាន​បង្ហាញថា មកទល់​បច្ចុប្បន្ន​កម្ពុ​ជាបាន​ចុះ​កិច្ចព្រមព្រៀង​លុបចោល​ពន្ធ​ត្រួតស៊ីគ្នា​ជាមួយ​ប្រទេស​មួយចំនួន​នៅ​អាស៊ី រួមមាន មី​យ៉ាន់​ម៉ា​ ចិន ថៃ សិង្ហ​បុរី និង​វៀតណាម ក្នុង​គោលដៅ​ទាក់ទាញ​អ្នកវិនិយោគ​ពី​ក្រៅប្រទេស​ចូលមក​បណ្តាក់ទុន​រក​ស៊ី​នៅ​កម្ពុជា​ដើម្បី​បង្កើត​ការងារ​ឱ្យបាន​កាន់តែច្រើន​ថែមទៀត​សម្រាប់​ពលរដ្ឋ​ខ្មែរ៕

Advertisement