6ខែ​ដើមឆ្នាំ2018 ការនាំចេញ​អង្ករ​កម្ពុជា ថយចុះ 5.9ភាគរយ ធៀប​ឆ្នាំ2017

របាយការណ៍​ស្ដីអំពី​ស្ថានភាព​នៃ​ការនាំចេញ​អង្ករ​របស់​កម្ពុជា​រប​ស់​លេខាធិការដ្ឋាន​ច្រកចេញចូល​តែមួយ​បាន​បង្ហាញថា រយៈពេល 6ខែ គិត​ចាប់ពី​ខែមករា ដល់​ខែមិថុនា ក្នុង​ឆ្នាំ2018 ការនាំចេញ​អង្ករ​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ មាន​ចំនួន 271.537 តោន។ ចំនួន​នេះ​បាន​ថយចុះ 5.9ភាគរយ បើ​ធៀប​នឹង​ការនាំចេញ​អង្ករ​ក្នុង​រយៈពេល​ដូចគ្នានេះ​នៅ​ឆ្នាំ2017 ដែលមាន​ចំនួន 288.562តោន។បញ្ហា​នេះ​គឺ​ដោយសារតែ​តម្រូវការ​ក្រៅ​ស្រុក​បាន​ថយចុះ។

របាយការណ៍​ដដែល​នោះបាន​ឱ្យដឹង​ដែរ​ថា ក្នុងចំណោម​ប្រទេស​ទាំង56 ដែល​ទទួល​ទិញ​អង្ករ​ពី​កម្ពុជា ក្នុង​នោះគេ​សង្កេតឃើញថា ប្រទេស​ចិន​បាន​កាត់បន្ថយ​ការទិញ​អង្ករ​ពី​កម្ពុជា​យ៉ាងច្រើន គឺ​កាត់បន្ថយ​ពី​ជាង 1ម៉ឺន​តោន​ក្នុង​ខែឧសភា មក​នៅត្រឹម​ជាង 500តោន នៅក្នុង​ខែមិថុនា។ ដោយឡែក​បណ្តា​ប្រទេស​ផ្សេងទៀត រួមមាន​សហភាព​អឺរ៉ុប និង​ប្រទេស​ជា​សមាជិក​អាស៊ាន​នៅ​បន្ត​ទិញ​អង្ករ​ពី​កម្ពុជា​ក្នុង​បរិមាណ​ប្រហាក់ប្រហែលគ្នា ដែល​កន្លងមក​ទីផ្សារ​នាំចូល​អង្ករ​ពី​កម្ពុជា​ច្រើនជាងគេ​គឺ ប្រទេស​ចិន​បាន​នាំចូល 6ម៉ឺន​តោន ប្រទេស​បារាំង​ជិត 4ម៉ឺន​តោន ប្រទេស​ម៉ាឡេស៊ី​ជាង 2ម៉ឺន​តោន។

ចំពោះ​ក្រុមហ៊ុន​ដែល​នាំចេញ​អង្ករ​ពី​កម្ពុជា​ច្រើនជាងគេ គឺ​ក្រុមហ៊ុន​បៃតង​របស់​ឧកញ៉ា ភូ ពុ​យ​បាន​នាំចេញ​ចំនួន​ជាង 2.3ម៉ឺន​តោន លេខ2 គឺ​ក្រុមហ៊ុន ​City Rice នាំចេញ​បាន 2.1ម៉ឺន​តោន និង​លេខ3ក្រុមហ៊ុន​ខ្មែរ​ហ្វូ​ដរ​បស់​ឧកញ៉ា គឹម​សាវុធ។ គិត​ជា​សរុប​ក្រុមហ៊ុន​ដែល​នាំ​អង្ករ​កម្ពុជា​ចេញទៅ​ក្រៅប្រទេស​មាន​ចំនួន 68ក្រុមហ៊ុន។

របាយការណ៍​ដដែល​ក៏បាន​បង្ហាញ​ពី​ប្រភេទ​អង្ករ​ដែល​កម្ពុជា​បាន​នាំចេញ​ក្នុង​រយៈពេល 6ខែ​ក្នុង​ឆ្នាំ2018 នេះដែរ គឺ​ប្រភេទ​អង្ករ​ក្រអូប​ច្រើនជាងគេ ដែលមាន​ចំនួន​ដល់​ទៅ 199.658តោន និង​អង្ក​រស​គ្រាប់​វែង​ចំនួន 54.637តោន។ ក្នុងនោះ​អង្ករ​កម្ពុជា​ត្រូវបាន​នាំចេញ​ទៅកាន់​ទីផ្សារ​គោល​ដៅ​ច្រើនជាងគេ​នៅ​សហភាព​អឺរ៉ុប(26ប្រទេស)ចំនួន 137.353តោន និង​ទៅ​ប្រទេស​ជា​សមាជិក​អាស៊ាន(ម៉ាឡេស៊ី​ប្រ៊ុយណេ សិង្ហ​បុរី និង​វៀតណាម)មាន​ចំនួន 29.375តោន ព្រមទាំង​គោលដៅ​នៅផ្សេងៗទៀត​ចំនួន 26ប្រទេស មាន​ចំនួន 104.809តោន។

ចំពោះ​របាយការណ៍​អង្ករ​ដែល​កម្ពុជា​បាន​នាំចេញ​ប្រចាំខែ​ក្នុង​ឆ្នាំ2018 របស់​លេខាធិការដ្ឋាន​ច្រកចេញចូល​តែមួយ​ដែល​បាន​បំពេញបែបបទ​នាំចេញ​អង្ករ​បាន​បង្ហាញថា នៅ​ខែមករា ការនាំចេញ​អង្ករ​កម្ពុ​ជាមាន​ចំនួន 62.623តោន។ ខែកុម្ភៈ​មាន​ចំនួន 47.809តោន។ ខែមីនា មាន​ចំនួន 50.683តោន។ ខែមេសា មាន​ចំនួន36.239តោន។ ខែឧសភា មាន​ចំនួន 42.865តោន និង​ខែមិថុនា មាន​ចំនួន31.318តោន។

ស្ថានភាព​នៃ​ការនាំចេញ​អង្ករ​របស់​កម្ពុជា​ក៏​ត្រូវបាន​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ​ប្រកាស​ឱ្យដឹង​ដែរ​ថា នៅ​ឆ្នាំ2013 កម្ពុជា​នាំចេញ​អង្ករ​ទៅ​ក្រៅប្រទេស​បាន​ចំនួន 378.856តោន។ ឆ្នាំ2014 ចំនួន 387.061តោន។ ឆ្នាំ2015 ចំនួន 538.396តោន។ ឆ្នាំ2016 ចំនួន 542.144តោន។ ឆ្នាំ2017 មាន​ចំនួន 635.679តោន៕

Advertisement