កម្ពុជា​ចង់ឱ្យ​​ជប៉ុន​ជួយ​កែលម្អ​ផលិតផល​ក្នុងស្រុក​ឱ្យមាន​គុណភាព​ស្តង់ដារ​ជប៉ុន

ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា​កំពុង​ស្វែងរក​ជំនួយពី​ប្រទេស​ជប៉ុន​ដើម្បី​កែលម្អ​ផលិតផល​ដែល​ផលិតដោយ​សហគ្រាស​ខ្នាតតូច និង​មធ្យម​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​បានស្នើ​សុំឱ្យ​ជប៉ុន​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ដើម្បី​បង្កើន​គុណភាព​ផលិតផល​ក្នុងស្រុក​ឱ្យមាន​គុណភាព​ស្តង់ដារ​ដូច​របស់​ជប៉ុន ដែល​អាចបំពេញ​តម្រូវកា​រ​ក្នុងស្រុក ឬ​ត្រូវបាន​នាំ​ចេញទៅ​ប្រទេស​ជប៉ុន​បាន។ នេះ​បើតាម​ការឱ្យ​ដឹង​ក្រោយពី​ជំនួប​រវាង​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ជាមួយ​លោក Miyao Masahiro ប្រធាន​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន (Jetro) )Japan External Trade Organization។

ឯកឧត្តម ប៉ាន សូរ​ស័ក្តិ បាន​មានប្រសាសន៍ថា៖ “ប្រទេស​កម្ពុជា​ត្រូវការ​វិនិយោគិន​ជប៉ុន​ដើម្បី​សហការ​ជាមួយ​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុងស្រុក​ក្នុងការ​អភិវឌ្ឍ​ខ្សែចង្វាក់​តម្លៃ​ផលិតផល​មួយចំនួន​ឱ្យមាន​គុណភាព​ខ្ពស់ និង​មាន​ស្តង់ដារ​បែប​ជប៉ុន​សំដៅ​ឆ្លើយតប​តម្រូវការ​ទីផ្សារ​ក្នុងស្រុក​ដែល​អាច​ត្រូវបាន​ដាក់លក់​នៅ​ផ្សារ​ទំនើប​អុីអន និង​នាំចេញ​ទៅកាន់​ទីផ្សារ​ប្រទេសជប៉ុន”។

ជាការ​ឆ្លើយតប​ទៅនឹង​សំណើ​របស់លោក​រដ្ឋមន្ត្រី លោក​ Masahiro បាន​សន្យាថា នឹង​លើកកម្ពស់​អាជីវកម្ម​SME របស់​ប្រទេស​កម្ពុជា​ដោយ​ការ​នាំយកទៅ​ផ្សព្វផ្សាយ​នៅក្នុង​ប្រទេស​ជប៉ុន និង​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ជប៉ុន​មក​វិនិយោគ​ក្នុង​វិស័យ​SME នៅ​កម្ពុជា។ លោក​ក៏បាន​សន្យា​ផងដែរ​ថា នឹង​ខិតខំ​ផ្សព្វផ្សាយ​អំពី​ឱកាស និង​សក្តានុពល​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ដល់​សហគមន៍​ធុរកិច្ច​នៅក្នុង​ប្រទេស​ជប៉ុនដើម្បី​កៀងគរ​វិនិយោគិន​ជប៉ុន​ឱ្យ​ចូលមក​បណ្តាក់ទុន​កាន់តែច្រើន​លើ​វិស័យ​SME និង​វិស័យ​អាទិភាពផ្សេងៗរបស់​កម្ពុជា​សំដៅ​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ និង​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ។

ការនាំចេញ​របស់​កម្ពុ​ជា​ទៅកាន់​ប្រទេស​ជប៉ុន​បាន​កើនឡើង​ក្នុងអំឡុងពេល 3ខែ​ដំបូង​នៃ​ឆ្នាំ2018ដោយ​ឈានដល់ 390លាន​ដុល្លារ​កើនឡើង15ភាគរយ បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំមុន។ យោងតាម​តួលេខ​ពី​អង្គការ​Jetro ការនាំ​ចូល​ពី​ជប៉ុន​បាន​ធ្លាក់ចុះ1,7ភាគរយ មក​នៅត្រឹម 87,3លាន​ដុល្លារ​ដោយ​បង្កើន​ឱនភាព​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ជប៉ុន។

លោក សៀង ថៃ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​បាន​ប្រាប់​កាសែត​ឡា​រ៉ែ​ន​តាម​ទូរស័ព្ទ​ថា ក្នុង​គោល-បំណង​ជាសំខាន់​នៃ​ជំនួប​ជាមួយ​ភាគី​ជប៉ុន (Jetro) នោះ គឺ​កម្ពុជា​ចង់ឱ្យ​លោក​ Masahiro ធ្វើជា​តំណាង​ថ្មី​បន្តការងារ​ក្នុងស្ថានភាព​សហការគ្នា​ក្នុង​ឥរិយាបថ​ដដែល ដោយ​ក្រសួង​បាន​សន្យា​ពង្រឹង​កិច្ចសហប្រតិបត្តិការ ដោយ​បន្ត​ផ្តល់​ការគាំទ្រ​គ្រប់បែបយ៉ាង​ជូន​វិនិយោគិន​ជប៉ុន​ដែលមាន​បំណង​បណ្តាក់ទុន​ធ្វើ​ពាណិជ្ជកម្ម និង​នៅតែ​បន្ត​ជួយ​សម្រួល​វិនិយោគិន​ជប៉ុន​ក្នុងការ​ចុះបញ្ជី​ក្រុមហ៊ុន ការពង្រីក​ធុរកិច្ច និង​ការវិនិយោគ​រវាង​កម្ពុ​ជា-ជប៉ុន នៅក្នុង​ប្រទេស​កម្ពុជា។

លោក​បាន​បន្តថា៖“ជាពិសេស​ក្នុង​ការដែល​ឱ្យ​ជប៉ុន​ជួយ​ក្នុង​វិស័យ​SME គឺ​ជំរុញ​ក្នុងការ​លើកកម្ពស់​ស្តង់ដារ​ផលិតកម្ម​តាម​មធ្យោបាយ​ណាក៏ដោយ ដែលមាន​គុណភាព​ខ្ពស់ និង​ស្តង់ដារ​បែប​ជប៉ុន​សំដៅ​ឆ្លើយតប​តម្រូវការ​ទីផ្សារ​ក្នុងស្រុក​ផង និង​អាច​នាំចេញ​ទៅកាន់​ទីផ្សារ​ក្រៅ​ស្រុក​ផងដែរ”។ ការនាំចេញ​ទៅកាន់​ទីផ្សា​រ​ក្រៅ​ស្រុក​បាន​ច្រើន ជាការ​ទទួលខុសត្រូវ​របស់ក្រសួងពាណិជ្ជកម្ម ព្រោះ​ការដែល​នាំចេញ​ផលិតផល​បាន​កាន់តែច្រើន ជា​ចរន្ត​នៃ​លំហូរ​ទំនិញ​របស់​ភាគី​ទាំងពីរ នាំមក​នូវ​កំណើនសេដ្ឋកិច្ច​សម្រាប់​ប្រទេស។

យោងតាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានឱ្យដឹងថា ជាមួយនឹង​គម្រោង​ដែល​បាន​ចុះបញ្ជី​ជាង130គម្រោង​ដែល​បាន​វិនិយោគ​ក្នុង​វិស័យ​ធនាគារ វិស័យ​អចលនទ្រព្យ វិស័យ​ឧស្សាហកម្ម សេវាកម្ម​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​វិស័យ​ជាច្រើន​មុខ​ផ្សេងទៀត ធ្វើឱ្យការវិនិយោគ​របស់​ជប៉ុន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុ​ជាមាន​តម្លៃ 1.6 ប៊ី​លាន​ដុល្លារ​ក្នុង​ឆ្នាំ2017៕

Advertisement