សហគ្រាស​ធុន​តូច និង​មធ្យម​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការជួយ​ដល់​កំណើនសេដ្ឋកិច្ច

សហគ្រាស​ធុន​តូច និង​មធ្យម (SME)មិន​ត្រឹមតែ​ជួយផ្តល់​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការជួយ​ដល់​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឱ្យមាន​ការរីកលូតលាស់​យ៉ាងខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។ នេះ​ជា​ប្រសាសន៍​លើកឡើង​របស់​ឯកឧត្តម ប៉ាន់ សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម។

ឯកឧត្តម​បាន​មានប្រសាសន៍​ក្នុង​កម្មវិធី​បណ្តុះបណ្តាល​រវាង​ក្រសួងពាណិជ្ជកម្ម និង ICC បង់​ក្លា​ដែ​ស​ស្តីអំពី​ពាណិជ្ជកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ និង​ការអភិវឌ្ឍ​ខ្សែចង្វាក់​តម្លៃ​សកល កាលពី​សប្តាហ៍​មុន​ថា កំណើនសេដ្ឋកិច្ច​យ៉ាង​ឆាប់រហ័ស​របស់​អាស៊ី​ក្នុង​រយៈពេល 4ទសវត្សរ៍​កន្លងមក​នេះ​បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​សេដ្ឋកិច្ចពិភពលោក និង​បានដាក់​ទីតាំង​អាស៊ី​ជា​អ្នកជំរុញ​កំណើនសេដ្ឋកិច្ច​ពិភពលោក​ដែល​សហគ្រាស​ធុន​តូច និង​មធ្យម​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​រីកចម្រើន​នេះ ក៏ដូចជា​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ​បន្ទាប់ពី​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​ឆ្នាំ2008-2009 តាមរយៈ​ការជំរុញ​ពាណិជ្ជកម្ម​ក្នុងស្រុក និង​ការប្រមូល​តម្រូវការ​ក្នុងស្រុក។

ឯកឧត្តម​បន្តថា សហគ្រាស​ធុន​តូច និង​មធ្យម​ជំរុញឱ្យមាន​តម្រូវការ​ក្នុងស្រុក​តាមរយៈ​ការបង្កើត​ការងារ ការច្នៃប្រឌិត និង​ការប្រកួតប្រជែង​ជាដើម​ដូច្នេះហើយ​ពួកគេ​គឺជា​កម្លាំង​ជំរុញ​មួយ​នៅ​ពីក្រោយ​សេដ្ឋកិច្ចជាតិ។ ប៉ុន្តែ​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​វិញ ដើម្បី​រស់ និង​រីកចម្រើន លទ្ធភាព​ទទួលបាន​ហិរញ្ញវត្ថុ​គ្រប់គ្រាន់ និង​បង្កើន​ផលិតភាព​របស់​ពួកគេ គឺ​ពិតជា​សំខាន់​យ៉ាងខ្លាំង។ ក្រៅពី​វិស័យ​គាំទ្រ​ហិរញ្ញវត្ថុ​ឧស្សាហកម្ម និង​ការលើកកម្ពស់​ការធ្វើ​អន្ដរ​ជាតូបនីយកម្ម (ដំណើរការ​ជា​អន្តរជាតិ) នៃ​សហគ្រាស​ធុន​តូច និង​មធ្យម គឺជា​គន្លឹះ​ក្នុង​ការជំរុញ​កំណើនសេដ្ឋកិច្ច​ដែលមាន​លក្ខណៈ​ទូលំទូលាយ និង​ការ​គេច​ចេញពី​អន្ទាក់​នៃ​ប្រាក់ចំណូល​មធ្យម​សម្រាប់​ប្រទេស​ជា​សមាជិក​នៅក្នុង​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក។

ទោះ​យ៉ាងនេះ​ក្តី នៅ​តំបន់​អាស៊ី សហគ្រាស​ខ្នាតតូច និង​មធ្យម​នៅតែ​បន្ត​ខ្វះខាត​ហិរញ្ញវត្ថុ​ដោយ​ស្ថានភាព​នេះ​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត​នៅពេល​មាន​ភាពមិនច្បាស់លាស់​ផ្នែក​ហិរញ្ញវត្ថុ​សកល​ដែល​កំពុង​បន្ត​ដោយសារ​ការទទួលបាន​ប្រភព​ហិរញ្ញវត្ថុ​សមស្រប​បាន​ក្លាយទៅជា​ការពិបាក​សម្រាប់ SME។ វិបត្តិ​ហិរញ្ញវត្ថុ​បាន​ប៉ះពាល់​ដល់​សហគ្រាស​ខ្នាតតូច និង​មធ្យម និង​សហគ្រិន​ដោយ​មិន​សម​ហេតុផល​កាន់តែ​ធ្ងន់ធ្ងរ​ទៅលើ​ឧបសគ្គ​ហិរញ្ញវត្ថុ​របស់​ពួកគេ។ ក្រៅពី​ហិរញ្ញវត្ថុ​មាន​កម្រិត​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​សហគ្រាស​ធុន​តូច និង​មធ្យម​ជាច្រើន​ត្រូវបាន​ចុះខ្សោយ​បន្ថែមទៀត​ដោយសារ​ការធ្លាក់ចុះ​នៃ​តម្រូវការ​សម្រាប់​ទំនិញ និង​សេវាកម្ម​ដែល​កំពុង​រារាំង​ឥណទាន។

ជាមួយគ្នានេះ​លោក Mahbubur Rahman ជា​ប្រធាន ICC ប្រទេស​បង់​ក្លា​ដែ​សមាន​ប្រសាសន៍ថា ភាព​មិនមាន​ហិរញ្ញវត្ថុ​ជា​ឧបសគ្គ​ចំពោះ​ពាណិជ្ជកម្ម​អន្តរជាតិ​ដែល​រាំងស្ទះ​ដល់​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​ខណៈដែល​ពាណិជ្ជកម្ម​អន្ដរជាតិ​គឺជា​កម្លាំងចលករ​មួយ​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​នៅក្នុង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ និង​ទីផ្សារ​ដែល​កំពុង​រីកចម្រើន ហើយ​ការផ្តល់​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​មាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ជាពិសេស​ការបញ្ចូល​ស​ហ​គ្រាស​ខ្នាតតូច និង​មធ្យម (SME) ទៅក្នុង​ពាណិជ្ជកម្ម​អន្តរជាតិ​តែម្តង។

លោក​ថា បណ្តា​ប្រទេស​នៅ​អាស៊ី​គ្មាន​ជម្រើស​អ្វី​ក្រៅពី​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ចពិភពលោក​នោះទេ ថ្វីបើ​គម្លាត​សេដ្ឋកិច្ច​មាន​ក្នុងចំណោម​បណ្តា​ប្រទេស​ជា​សមាជិក​អាច​នាំមក​នូវ​ការផ្លាស់ប្តូរ​យ៉ាងសំខាន់​នៅក្នុង​រចនាសម្ព័ន្ធ និង​នីតិវិធី​នៃ​ការសម្រេចចិត្ត​ក្ដី។ ហើយ​ថា ការបណ្តុះបណ្តាល​រវាង​ក្រសួងពាណិជ្ជកម្ម និង ICC បង់​ក្លា​ដែ​ស​ស្តីអំពី​ពាណិជ្ជកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ និង​ការអភិវឌ្ឍ​ខ្សែចង្វាក់​តម្លៃ​សកល និង​ជួយ​អភិវឌ្ឍ​សមត្ថភាព​ហិរញ្ញវត្ថុ នៅក្នុង​តំបន់​ពិសេស​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរឡើង។

ដើម្បី​ព​ន្លឿ​ន​ការពិភាក្សា​គោលនយោបាយ​ស្តីពី​ការផ្តល់​ហិរញ្ញប្បទាន​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុង​វិស័យសេដ្ឋកិច្ចនីមួយៗ កិច្ចសហប្រតិបត្តិការ​សកល និង​ថ្នាក់​តំបន់​គឺ​ចាំបាច់​ជាពិសេស​ក្នុងការ​ចែករំលែក​ការអនុវត្ត​ល្អ លើ​ការអភិវឌ្ឍ​គំរូ​ច្នៃប្រឌិត​ដើម្បី​ដោះស្រាយ​កង្វះខាត​ក្នុង​ហិរញ្ញវត្ថុ SME។ ក្នុងន័យនេះ​ធនាគារអភិវឌ្ឍន៍អាស៊ី​បានចាប់ផ្តើម​រៀបចំ​ក្របខ័ណ្ឌ​សម្រាប់​វេទិកា​ចែករំលែក​ព័ត៌មាន SME ដែលមាន​លក្ខណៈ​ទូលំទូលាយ​នៅ​អាស៊ី-ប៉ាស៊ីហ្វិក​ដែល​ហៅថា S-RDTA (SME Finance Monitor – S-RDTA) ហើយ​សព្វថ្ងៃនេះ​កម្ពុជា​បាន​ដាក់ឱ្យ​ដំណើរការ​ជា​លើក​ទី2 នៃ​កម្មវិធី​ត្រួតពិនិត្យ​ហិរញ្ញវត្ថុ SME Finance របស់​អាស៊ី ដែល​គ្របដណ្តប់ 20DMCs មកពី 5 តំបន់​នៃ ADB៕

Advertisement