ក្រុមហ៊ុន Huttons CPL ជាតំណាង​ផ្នែក​លក់​ខុន​ដូ The Seagate Suite បង្ហាញ​ពី​សក្តានុពល​វិនិយោគ​ដល់​អតិថិជន​របស់ខ្លួន

ដើម្បីឱ្យ​អតិថិជន​បាន​យល់​ពី​សារៈប្រយោជន៍​នៃ​ការទិញ​ខុន​ដូ Seagate Suite ដែលមាន​ទីតាំង​នៅក្បែរ​ឆ្នេរសមុទ្រ​ខេត្ត​ព្រះសីហនុ ក្រុមហ៊ុន Huttons CPL ដែលជា​ក្រុមហ៊ុន​តំណាង​ផ្នែក​លក់​គម្រោង​ខុន​ដូ​ខាងលើ​បានរៀបចំ​ពិធី​ជួបជុំ​ដ៏​អធិកអធម​មួយ​ជាមួយ​អតិថិជន​របស់ខ្លួន​កាលពី​ល្ងាច​ថ្ងៃទី28 ខែមេសា ម្សិលមិញ​នេះ។

លោក​ឧកញ៉ា ចេង ខេង អគ្គនាយក​ក្រុមហ៊ុន Huttons CPL មានប្រសាសន៍ថា ការជួបជុំ​ជាមួយ​អតិថិជន​នាពេលនេះ​គឺ​ដើម្បី​ធ្វើការ​បង្ហាញ​អំពី​​សក្តានុពល​នៃ​ការវិនិយោគ​លើ​ការទិញ​ខុន​ដូ​ដ៏​ខ្ពស់​ស្កឹមស្កៃ សម្រាប់​ស្នាក់នៅ ឬ​ជួល​បន្ត​ទៅឱ្យ​អតិថិជន​ស្នាក់​នៅក្បែរ​ឆេ្នរ​សមុទ្រ​ខេត្ត​ព្រះសីហនុ ដែលជា​ខេត្ត​មួយ​ត្រូវបាន​គេ​មើលឃើញថា មាន​សក្តានុពល​ខ្លាំងជាងគេ​បំផុត​ខាង​ផ្នែក​វិស័យ​ទេសចរណ៍​ឆ្នេរសមុទ្រ។

លោក​បន្តថា ខុន​ដូ The Seagate Suite គឺជា​ខុន​ដូ​ដែល​ខ្ពស់​ជាងគេ​បង្អស់​នៅ​ខេត្ត​ព្រះសីហនុ​មាន​កម្ពស់​ដល់​ទៅ 43ជាន់ ស្មើនឹង 1118 units នៅជាប់​មាត់សមុទ្រ​ដែលមាន​ឆ្នេរ​ស្រស់ស្អាត​ជាប់​ចំណាត់ថ្នាក់​លេខ13នៅលើ​ពិភពលោក​ដែល​ត្រូវបាន​ចុះផ្សាយ​ដោយ​កាសែត The New York Time កាលពីពេលថ្មីៗកន្លងទៅ។ ក្រៅតែពី​សក្តានុពល​ខាង​ផ្នែក​វិស័យ​ទេសចរ​ណ៍ហើយ ខេត្ត​ព្រះសីហនុ​គឺជា​ខេត្ត​មួយ​មាន​សក្ដានុពល​ក្នុងការ​ដឹកជញ្ជូន​ទាំង​ផ្លូវគោក ផ្លូវទឹក និង​ផ្លូវអាកាស។

សក្តានុពល​នៃ​ការដឹកជញ្ជូន​គឺថា ខេត្ត​ព្រះសីហនុ គឺជា​ខេត្ត​មួយ​ក្នុងចំណោម​ខេត្ត​ចំនួន3នៅក្នុង​ប្រទេស​កម្ពុជា​ដែលមាន​ព្រលានយន្តហោះ​ដឹក​អ្នកដំណើរ​តាមផ្លូវ​អាកាស មាន​កំពង់ផែ​ទឹក​ជ្រៅ ដែល​អាច​ដឹកទំនិញ​ធុន​ធ្ងន់​ឆ្លងកាត់​ពី​ប្រទេសមួយ​ទៅ​ប្រទេសមួយ មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ធំជាងគេ មាន​ផ្លូវ​រថភ្លើង ហើយ​អ្វីដែល​ពិសេស​នោះ​គឺ​រដ្ឋាភិបាល​គ្រោង​នឹង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ទីក្រុង​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ ដែលមាន​ចម្ងាយ​ត្រឹមតែ​ជិត 200គីឡូម៉ែត្រ​ប៉ុណ្ណោះ​នាពេលឆាប់ៗនេះ​ទៀតផង។

លោក​ថា អ្វីដែល​ធ្វើឱ្យ​អតិថិជន​ទទួលបាន​ផលចំណេញ​គឺថា ដី​នៅ​តំបន់​មាត់សមុទ្រ​ខេត្ត​ព្រះសីហនុ​នេះ​នឹង​នៅតែ​បន្ត​ឡើងថ្លៃ​ទៀត​នាពេលខាងមុខ ដោយសារតែ​ជនបរទេស​សម្លឹង​ឃើញ និង​បាន​ចូលមក​បោះទុន​វិនិយោគ​កាន់តែច្រើនឡើងៗនា​រយៈពេល​ចុងក្រោយ​នេះ ពិសេស​ជនជាតិ​ចិន​តែម្តង ដែល​ធ្វើឱ្យ​តម្លៃ​ដីកា​លពី​ឆ្នាំមុន​មានតម្លៃ​ត្រឹមតែ 500 ឬ600ដុល្លារ​ក្នុង​ម៉ែត្រការ៉េ​នោះ បច្ចុប្បន្ន​ឡើងថ្លៃ​ដល់1500 ឬ2000ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ស្មើនឹង​ដី​ក្នុង​តំបន់​ទួលគោក​ក្នុង​ក្រុងភ្នំពេញ​ដែរ ហើយ​ថា​តម្លៃ​ដី​ទីនោះ​នឹង​កាន់តែ​ឡើងថ្លៃ​ថែមទៀត​ដូច​តំបន់​បឹង​កេងកង​ដែរ នៅពេល​បរទេស​បោះទុន​វិនិយោគ​សាងសង់​គម្រោង​អគារធំៗនៅ​ទីនោះ។

គួរ​បញ្ជាក់ថា បច្ចុប្បន្ន​ការផ្គត់ផ្គង់​អគារ​ស្នាក់នៅ ឬ​ជួល​នៅ​ខេត្ត​ជាប់មាត់​សមុទ្រ​នេះ នៅតែមាន​ចំនួន​តិចជាង​តម្រូវការ​ប្រើប្រាស់ ពិសេស​ពេល​ចុង​សប្តាហ៍ ឬ​ថ្ងៃ​បុណ្យទានផ្សេងៗ ផ្ទះសំណាក់ ឬ​សណ្ឋាគារ​នៅ​តំបន់​នោះ​នឹង​ឡើងថ្លៃ​ខ្លាំង ហើយ​ពេលខ្លះ​ថែមទាំង​រក​ជួល​ស្នាក់នៅ​មិនបាន​ទៀតផង ដូច្នេះ​បើសិនជា​អតិថិជន​ទិញ​ហើយ​ទុក​ជួល​វិញ​នោះ ច្បាស់​ជា​ទទួលបាន​ប្រាក់ចំណេញ​កាន់តែច្រើន​មិន​ខាន។

លោក​ឧកញ៉ា ចេង ខេង បាន​បញ្ជាក់ថា ចង់បាន​ប្រាក់ចំណេញ​ច្រើន​ត្រូវ​វិនិយោគ​លើ​អចលនវត្ថុ ហើយ​រង់ចាំ​ឡើងថ្លៃ កុំ​រង់ចាំ​ឡើងថ្លៃ​ហើយ​បាន​វិនិយោគ នាំឱ្យ​ហួសពេល​សល់​តែ​ពាក្យ​ស្តាយក្រោយ៕

Advertisement