ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​កំពុងមាន​តម្រូវការ​ខ្លាំង

វិស័យ​ទេសចរណ៍​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ឧស្សាហកម្ម​គ្មាន​ផ្សែង​ដែល​អាច​នាំ​ចំណូល​ជាច្រើន​ដល់​ប្រទេសជាតិ ហើយ​ថែមទាំង​ធ្វើឱ្យ​សេដ្ឋកិច្ច​ការរស់នៅ​រប​ស់​ប្រជាជន​កាន់​តែមាន​លក្ខណៈ​រស់រ​វើក​ថែម​ទៀតផង។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​លើកឡើងថា វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ត្រូវការ​កម្លាំង​ការងារ​ប្រមាណ 1.2លាន​នាក់​នៅ​ឆ្នាំ 2020 និង​ប្រមាណ​ជា 1.7លាន​នាក់​នៅ​ឆ្នាំ2030 ដើម្បី​ឆ្លើយតប​នឹង​ចំនួន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​រាប់លាន​នាក់​ដែល​នឹង​មក​កម្សាន្ត និង​ទស្សនា​កម្ពុជា។

ឯកឧត្តម​ក៏បាន​គាំទ្រ​ឱ្យមាន​ការលើកកម្ពស់​កា​រ​បណ្តុះបណ្តាល​ជំនាញ​លើ​វិស័យ​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច​ឱ្យ​កាន់តែខ្លាំង​ឡើង​ពី​គ្រប់​សមាសភាព​សង្គម​ដើម្បី​អភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​ដែល​កំពុង​រីកចម្រើន​ជា​រៀងរាល់ឆ្នាំ។

ឯកឧត្តម ថោង ខុន បាន​មានប្រសាសន៍ថា៖ “ឆ្នាំ2020 ក្រសួងទេសចរណ៍ និង​ភាគី​ពាក់ព័ន្ធ​នឹង​សហការគ្នា​ចូលរួម​បង្កើត​ការងារ និង​ជំនាញ​ដល់​យុវជន​កម្ពុជា​ប្រមាណ 1លាន​នាក់ ហើយ​ជំរុញឱ្យមាន​អ្នកជំនាញ​យ៉ាងតិច 50% មាន​វិញ្ញាបនបត្រ ឬ​សញ្ញាបត្រ​បញ្ជាក់​សមត្ថភាព​ស្របតាម​ស្តង់ដារ​ជាតិ និង​អាស៊ាន។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បានលើកឡើង​ផងដែរ​ថា កត្តា​សន្តិភាព សន្តិសុខ និង​សុវត្ថិភាព​សង្គម​ពេញ​ផ្ទៃ​ប្រទេស​ជា​មូលដ្ឋានគ្រឹះ​ក្នុងការ​អភិវឌ្ឍ​ប្រទេស​ក្នុងនោះ​វិស័យ​ទេសចរណ៍​កម្ពុជា​ក៏បាន​ចូលរួមចំណែក​ប្រមាណ13% នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) និង​មានការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ដោយ​នៅក្នុង​ឆ្នាំ2017កន្លងទៅ កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរ​ជាតិប្រមាណ 5.6លាន​នាក់​ក្នុង​កំណើន11.8%។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​លោក ជួប រតនា ប្រធាន​ផ្នែក​ស្តង់ដារ និង​វាយតម្លៃ​គ្រូ​បង្គោល​អាស៊ាន​បាន​លើកឡើងថា ទេសចរណ៍​ពិត​ជាមាន​សារៈសំខាន់​ណាស់​សម្រាប់​សង្គម​កម្ពុជា ព្រោះថា ប្រសិនបើ​យើង​គិតពី​ស្ថិតិ​ទេសចរណ៍​ពិភពលោក ក្នុង​តំបន់ និង​កម្ពុជា យើង​ឃើញថា នៅ​ឆ្នាំ2017 ទេសចរ​អន្តរជាតិ​មាន​ចំនួន 1,323លាន​នាក់ កើនឡើង 7% ពី​ឆ្នាំ2016។ ទេសចរណ៍​ជា​ផ្នែក​យ៉ាងសំខាន់​មួយ​ផងដែរ​ក្នុងការ​កាត់បន្ថយ​ភាព​អត់​ការងារ​ធ្វើ​នៅក្នុង​ប្រទេស​ព្រោះថា​តាមរយៈ​វិស័យ​ដ៏​សំខាន់​នេះ យើង​អាច​ស្រូប​ទាញ​មនុស្ស​ឱ្យធ្វើ​ការងារ​បាន​ច្រើន​វិស័យ។

ជា​ស្ថានភាព​ជាក់ស្តែង​នៅ​កម្ពុជា លោក រតនា បាន​បញ្ជាក់ថា យើង​នៅមាន​បញ្ហា​ខ្វះខាត​ខ្លះ​លើ​បញ្ហា​ធនធានមនុស្ស ដូច​ជាទី1 យើង​មានការ​ខ្វះខាត​អ្នកជំនាញ ទី2 យើង​ខ្វះខាត​សាលា​បណ្តុះបណ្តាល​ព្រោះ​សាលា​បណ្តុះបណ្តាល​របស់​យើង​នៅមាន​ចំនួន​តិចតួច​នៅឡើយ ហើយ​អ្នកធ្វើការងារ​នៅក្នុង​ផ្នែកសំខាន់ៗនៃ​វិស័យ​ទេសចរណ៍​មួយចំនួន​មិនមាន​សញ្ញាបត្រ​ជំនាញ ឬ​មកពី​ជំនាញ​ផ្សេង​ដែល​មិនមែន​ទេសចរណ៍។

លោក រតនា បាន​និយាយថា៖ “ជា​ដំណោះស្រាយ​ក្រសួងទេសចរណ៍ បាន​សហការ​បង្កើត​សាលា​ជាតិ​ទេសចរណ៍​ចំនួន 2បន្ថែមទៀត​នៅ​ចុងឆ្នាំ2019ព្រមទាំង​ធ្វើការ​ជំរុញឱ្យមាន​កម្ម​វិធី​បណ្តុះបណ្តាល​ជំនាញ​ផ្ទាល់​នៅក្នុង​ស្ថាប័ន​ដែល​ពួកគាត់​កំពុងធ្វើការ​ងារ​នោះ​ទៀតផង។ ការធ្វើ​បែបនេះ នឹងធ្វើ​ឱ្យ​យើង​អាចបង្កើត​ជំនាញ​គ្រូ​បង្គោល​ដើម្បី​បណ្តុះបណ្តាល​បុគ្គលិក​បន្ត​ឱ្យ​កាន់​តែមាន​សមត្ថភាព​ឡើង។

លោក ជួប រតនា បាន​បញ្ជាក់ថា អ្នកធ្វើការងារ​ក្នុង​វិស័យ​ទេសចរណ៍ គួរតែមាន​ការគិតគូ​រ​ឱ្យបាន​ច្បាស់លាស់​ថា ការជ្រើសរើស​យក​ជំនាញ​នេះ គឺមាន​វិថី​នៃ​អាជីព​ច្បាស់លាស់ ព្រោះថា អ្នក​ទាំងអស់គ្នា​អាច​ចាប់ផ្តើម​ពី​ចំណុច​តូច​បំផុត តែ​ប៉ុន្មាន​ឆ្នាំ​ក្រោយមក គឺអាច​ក្លាយជា​អ្នកគ្រប់គ្រង និង​អាច​ក្លាយជា​ម្ចាស់​អាជីវកម្ម​ទេសចរណ៍​ផង​ក៏មាន។ ហេតុនេះ ចាប់ផ្តើម​ពី​ការជ្រើសរើស​យក​ជំនាញ​ខាង​ទេសចរណ៍ គឺ​មានន័យថា យើង​កំពុង​ចាប់យក​ឱកាស​យ៉ាង​មាន​សក្តានុពល​ក្នុងការ​អភិវឌ្ឍ៕

Advertisement