កម្ពុជា​នឹង​បាន​អ្វី​ខ្លះ​ក្នុង​នាម​ជា​ម្ចាស់ផ្ទះ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក?

កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ជា​លើក​ដំបូង​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​នៅ​ថ្ងៃ​ទី10 ខែឧសភា សប្តាហ៍​នេះ​។ ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ តើ​កម្ពុជា​​នឹង​ទទួល​បាន​អ្វី​ខ្លះ​ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រទេស?

ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន ដែល​ជា​ប្រធាន​គណៈ​កម្មការ​អន្តរ​ក្រសួង​រៀបចំ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក បាន​មាន​ប្រសាសន៍​ថា នេះ​មិន​មែន​ជា​ភាព​ចៃដន្យ ឬ​ជា​កិច្ច​ប្រជុំ​វិលជុំ​ដូច​កិច្ចប្រជុំ​កំពូល​អាស៊ាន​នោះ​ទេ។ ការ​ដែល​គេ​ផ្តល់​សិទ្ធិ​ឱ្យ​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នា​ពេល​នេះ​គឺ​ដោយ​សារ​ប្រទេស​កម្ពុជា​មាន​សុខ​សន្តិភាព និង​ស្ថិរភាព​នយោបាយ​ល្អ​ប្រសើរ ពិសេស​មាន​កំណើន​សេដ្ឋកិច្ច​ថេរ​ជា​រៀង​រាល់​ឆ្នាំ​ក្នុង​រង្វង់​ជាង​7%​នា​អំឡុង​2​ទសវត្សរ៍​កន្លង​មក​នេះ។ ឯកឧត្តម​បានលើក​ឡើង​​ថា វេទិកា​នេះ​នឹង​មាន​ថ្នាក់​ដឹកនាំ ពាណិជ្ជករ អ្នក​ប្រាជ្ញា និង​សាស្ត្រាចារ្យ​ល្បីៗ​លើ​ពិភពលោក​មក​ចូល​រួម ដោយ​ពួក​គេ​នឹង​ពិភាក្សា​លើ​ប្រធាន​បទ​មួយ​ចំនួន​ដូច​ជា បញ្ហា​យុវជន បច្ចេកវិទ្យា និង​កំណើនសេដ្ឋកិច្ច។

ឯកឧត្តម​មាន​ប្រសាសន៍​ថា៖​“ដោយ​សារតែ​កម្ពុជា​មាន​កំណើន​សេដ្ឋកិច្ច​ជាង​7%​ជា​រៀងរាល់​ឆ្នាំ ទើប​គេ​ទទួល​​​ស្គាល់​ និង​អនុញ្ញាត​ឱ្យ​យើង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ដើម្បី​គេ​បាន​រៀនសូត្រ​ពី​កម្ពុជា និង​អាច​​ដក​ស្រង់​យក​បទ​ពិសោធន៍​ល្អៗ​ពីគ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ន័យ​ថា ​តើ​ធ្វើ​ដូចម្តេច​ដើម្បី​ជួយ​ដល់​យុវជន​ឱ្យ​ពួក​គេ​អាច​ក្លាយ​ទៅ​ជា​អ្នក​ដឹកនាំ​ដ៏​មាន​សក្តានុពល​នៅ​ថ្ងៃ​អនាគត”។

ជាមួយ​គ្នា​នេះ​ដែរ ឯកឧត្តម​បណ្ឌិត កៅ គឹមហួនរដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ក៏​បាន​ប្រាប់​ឱ្យ​ដឹង​ដែរ​ថា វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ស្តី​ពី​អាស៊ាន​នេះ គឺ​ជា​ឱកាស​របស់​កម្ពុជា​ក្នុង​ការ​បង្ហាញ​មុខ​មាត់​ថ្មី​មួយ​ទៀត​ទៅ​កាន់​ពិភព​លោក ពិសេស​កម្ពុជា​នឹង​ត​ភ្ជាប់​បណ្តាញ​ទំនាក់​ទំនង​នៅ​លើ​ពិភពលោក​បាន​កាន់​តែ​ច្រើន​ថែម​ទៀត​។

ឯកឧត្តម​បាន​ថ្លែង​ថា​៖​“ប្រធាន​បទ​ដែល​នឹង​លើក​ឡើង​នេះ​គឺ​បាន​ឆ្លុះ​បញ្ចាំង​ទៅ​បច្ចុប្បន្ន​ភាព​នៃ​តម្រូវ​ការ និង​អ្វីៗ​ដែល​គួរ​យក​ចិត្ត​ទុក​ដាក់​ជា​អទិភាព ដោយ​ក្នុង​នោះ​រួម​មាន​បញ្ហា​យុវជន បច្ចេកវិទ្យា និង​កំណើន ដែល​កំណើន​នេះ​រួម​មាន​ កំណើន​សេដ្ឋកិច្ច កំណើន​ការងារ​ក្នុង​តំបន់ កំណើន​នៃ​ការ​តភ្ជាប់​ទំនាក់​ទំនង និង​កំណើន​ផ្សេងៗ​ទៀត”។ វេទិកា​នេះ​មាន​សារ​សំខាន់​ជា​ច្រើន ទាំង​សារ​សំខាន់​ផ្នែក​នយោបាយ សេដ្ឋកិច្ច និង​ការទូត។ វេទិកា​នេះ​ក៏​នឹង​មាន​ការ​ជជែក​ពិភាក្សា​គ្នា​ទៅ​លើ​តម្រូវការ​ផ្សេងៗ និង​រួមគ្នា​រក​ដំណោះ​ស្រាយ​សម្រាប់​អាស៊ាន ក៏​ដូចជា​ពិភព​លោក​ទាំង​មូល​ផង​ដែរ។

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​នៃ​វេទិកា​នេះ កម្ពុជា​ត្រូវ​គេ​រំពឹង​ថា​នឹង​អាច​ទាក់​ទាញ​វិនិ​យោគិន​ពី​ក្រៅ​ប្រទេស​ឱ្យ​ចូល​មក​បណ្តាក់​ទុន​នៅ​កម្ពុជា​បាន​កាន់​តែ​ច្រើន​ថែម​ទៀត ដើម្បី​ចូលរួម​ជា​មួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​ផ្តល់​ការងារ​ដល់​យុវជន​ខ្មែរ និង​ជួយ​លើក​កម្ពស់​កំណើន​សេដ្ឋកិច្ច​ជាតិ​ឱ្យ​កាន់​តែ​ប្រសើរ​ថែម​ទៀត។ កម្ពុជា គឺ​ជា​ប្រទេស​ស្ថិត​នៅ​ចំណុច​កណ្តាល​នៃ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន ដែល​នេះ​គឺ​ជា​លក្ខណៈ​អំណោយ​ផល​យ៉ាង​ខ្លាំង​ក្នុង​ការ​ដឹក​ជញ្ជូន​ទំនិញ ក៏​ដូច​ជា​វត្ថុធាតុ​ដើម​ផ្សេងៗ​ទៅ​កាន់​ប្រទេស​ដទៃ​ក្នុង​តំបន់ និង​ពិភព​លោក ប៉ុន្តែ​អ្វី​ដែល​កំពុង​រាំង​ខ្ទប់​ក្នុង​ការ​ទាក់ទាញ​អ្នក​វិនិយោគបរទេស​​នោះ គឺ​បណ្តាញ​ផ្លូវ​ថ្នល់​ដែល​មិន​ទាន់​​មាន​ភាព​ល្អ​ប្រសើរ និង​តម្លៃ​អគ្គិសនី​នៅ​មាន​កម្រិត​ខ្ពស់​បើ​ធៀប​ជា​មួយ​ប្រទេស​ជិត​ខាង។

គួរ​កត់​សម្គាល់​ថា បច្ចុប្បន្ន​នេះប្រជាជន​នៅ​ក្នុង​តំបន់​អាស៊ាន​មាន​ប្រមាណ​ជាង​600លាន​នាក់ ដោយ​ក្នុង​នោះ​​50% ជា​យុវជន​ក្រោម​អាយុ​30ឆ្នាំ ដែល​នេះ​គឺ​ជា​កម្លាំង​ស្នូល​ដ៏​សំខាន់​សម្រាប់​អនាគត​តំបន់​អាស៊ាន​ទាំង​មូល​។ អាស៊ាន​បាន​ក្លាយ​ជា​ទីផ្សារ​ធំ​លំដាប់​ទី​3 នៅ​អាស៊ី និង​លំដាប់​ទី7 នៅលើ​ពិភពលោក ដែល​មាន​ទំហំ​ពាណិជ្ជ​កម្ម​ធំ​លំដាប់​ទី 4 បន្ទាប់​ពី​ប្រទេស​ចិន អាល្លឺម៉​ង់ និង​អាមេរិក៕

Advertisement