ភ្នំពេញ៖ ឆ្លើយតបនឹងកង្វល់ក៏ដួចជាសេចក្តីត្រូវការរបស់សហគ្រិន និងអ្នកវិនិយោគក្នុងស្រុក រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងឧស្សាហកម្ម និងសិប្បកម្មបានបង្កើតសេចក្តីព្រាងអនុក្រឹត្យសម្រាប់បង្កើតសហភាពសម្ព័ន្ធសហគ្រាសធុនតូច និងមធ្យមថ្មីមួយដើម្បីដោះស្រាយសំណូមពររបស់ពួកគេឱ្យបានទាន់ពេលវេលា។
ក្នុងអង្គប្រជុំនៅឯទីស្តីការក្រសួង ក្រុមម្ចាស់សហគ្រាសនានាបានបង្ហាញពីក្តីកង្វល់ពាក់ព័ន្ធទៅនឹងបញ្ហាជាច្រើនដូចជាពន្ធដារបស់សហគ្រាសធុនតូច និងមធ្យម ការទទួលស្គាល់គុណភាពទំនិញ និងផលិតផល ទំនិញក្លែងបន្លំលើទីផ្សារ ការបន្លំ និងចម្លងម៉ូដហូល ផាមួង សំពត់សឹងខ្មែរ ការបង់កម្រៃសេវាដាក់ស្លាកទំនិញពីរដង ការកែច្នៃ និងការនាំចេញផ្តៅ ល្ពាក់ ឫស្សី និងឈើដាំ(អាកាស្យា ប្រេងខ្យល់ និងកៅស៊ូ )ទៅក្រៅប្រទេស។
ក្រៅពីការងារខាងលើ ក្រុមម្ចាស់សហគ្រាសបានធ្វើការត្អូញត្អែរពីការធ្វើអធិការកិច្ចច្រើនដងពេករបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ការខ្វះខាតការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ការសម្រួលបែបបទការនាំចេញសម្រាប់ផលិតផលចេញពីសហគ្រាសធុនតូច និងមធ្យម ការលំបាកក្នុងការនាំកសិផលចេញទៅទីផ្សារអន្តរជាតិដោយខ្លួនឯង ការប្រឈមខ្ពស់ផ្នែកទីផ្សារម្រេចកម្ពុជាក្រោយឆ្នាំ2018 ការធ្វើឆៀករថយន្តដឹកទំនិញរបស់សហគ្រាសធុនតូច និងមធ្យម ការប្រើប្រាស់ភាសាខ្មែរក្នុងអាជីវកម្មជាពិសេសការសរសេរ Logo ឈ្មោះក្រុមហ៊ុន ឬរោងចក្រសហគ្រាសជាដើម ហើយពួកគេបានស្នើឱ្យមានការបង្កើតសួនឧស្សាហកម្មនិងសិប្បកម្ម បង្កើតសហគមន៍លក់ផលិតផលកសិកម្មនៅតាមបណ្តាខេត្តនានា ការទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម ការផ្គត់ផ្គង់វិស័យទឹកស្អាត ពន្លឿនការចេញលិខិតបញ្ជាក់ពីសុវត្ថិភាពចំណីអាហារ សម្រាប់ផលិតផលកែច្នៃ សម្រួលបែបបទការផ្សព្វផ្សាយផលិតផលម្រុំនៅក្នុងប្រព័ន្ធផ្សព្វផ្សាយនានា-និងការនៅបែកខ្ញែកគ្នារបស់សហគ្រាសធុនតូច និងមធ្យម ជាដើម ។
ដោយឡែកសេចក្តីព្រាងអនុក្រឹត្យ បង្កើតសហភាពសម្ព័ន្ធសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាត្រូវបានឯកឧត្តម គឹម ទូចអាន ជូនដល់អង្គពិធី និងស្នើឱ្យពិនិត្យ និងពិចារណាក្នុងការកែសម្រួល និងផ្តល់ធាតុចូលក្នុងរយៈពេលមួយខែក្រោយ ដើម្បីឱ្យសេចក្តីព្រាងអនុក្រឹត្យនេះ អនុវត្តបានប្រកបដោយភាពរលូន និងប្រសិទ្ធភាព៕