Category: អន្តរជាតិ

  • សហរដ្ឋ​អាម៉េរិក ចុះហត្ថលេខា​លើ​សេចក្ដីសម្រេច​បញ្ចូល ស៊ុយអែត និង ហ្វាំ​ង​ឡង់ ជា​សមាជិក​ណា​តូ

    សហរដ្ឋ​អាម៉េរិក ចុះហត្ថលេខា​លើ​សេចក្ដីសម្រេច​បញ្ចូល ស៊ុយអែត និង ហ្វាំ​ង​ឡង់ ជា​សមាជិក​ណា​តូ

    ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក លោក ចូ បៃ​ដិ​ន កាលពី​ថ្ងៃទី ០៩ សីហា បាន​ចុះហត្ថលេខា​ចុងក្រោយ​លើ​សេចក្ដីសម្រេច​ទទួលយក ស៊ុយអែត និង ហ្វាំ​ង​ឡង់ ជា​សមាជិក​របស់ ណា​តូ (NATO)។

    ការចុះហត្ថលេខា​នេះ​គឺជា​ជំហាន​ចុងក្រោយបង្អស់​របស់ សហរដ្ឋ​អាម៉េរិក ក្នុង​ដំណើរការ​នៃ​ការអនុម័ត​លើ​លិខិតស្នើ​សុំឱ្យ​ពិនិត្យ​លើ​ការដាក់បញ្ចូល​ជា​សមាជិក​ណា​តូ ចំពោះ ប្រទេស​ហ្វាំ​ង​ឡង់ និង ស៊ុយអែត។ ថ្លែង​នៅក្នុង​ពិធី​ចុះហត្ថលេខា លោក បៃ​ដិ​ន ឱ្យដឹងថា សហរដ្ឋ​អាម៉េរិក គឺជា​សម្ព័ន្ធមិត្ត​ទី ២៣ ក្នុង​អង្គការ​ណា​តូ ដែល​បានអនុម័ត​ឱ្យ​ប្រទេស​ទាំងពីរ​នេះ ចូល​ជា​សមាជិក។

    ហ្វាំ​ង​ឡង់ និង ស៊ុយអែត បានដាក់​ពាក្យ​សុំចូល​ជា​សមាជិក​សម្ព័ន្ធ​យោធា​ណា​តូ កាលពី​ថ្ងៃទី ១៨ ឧសភា។ ៣០ ប្រទេស​ដែលជា​សមាជិក​របស់ ណា​តូ បាន​ចុះហត្ថលេខា​លើ​លិខិតស្នើ​ឱ្យធ្វើ​ការអនុម័ត​លើ​ពាក្យស្នើសុំ​របស់​ប្រទេស​ទាំងពីរ​ខាងលើ​កាលពី​ថ្ងៃទី ៣០ ឧសភា។ ហ្វាំ​ង​ឡង់ និង ស៊ុយអែត នឹង​ក្លាយជា​សមាជិក​របស់​ស​ម្ព័​ន្ធ​យោធា​នេះ បន្ទាប់ពី​សភា​របស់​ប្រទេស​ទាំង ៣០ នៃ​អង្គការ​នេះ អនុម័ត​រួចរាល់៕

  • ផ្ទុះ​ធំ​ជាច្រើន​ករណី​នៅឯ​ព្រលានយន្តហោះ​របស់​ឧបទ្វីប​គ្រី​មៀ (Crimea)

    ផ្ទុះ​ធំ​ជាច្រើន​ករណី​នៅឯ​ព្រលានយន្តហោះ​របស់​ឧបទ្វីប​គ្រី​មៀ (Crimea)

    ក្រសួងការពារជាតិ​រុស្ស៊ី បានឱ្យដឹងថា ឃ្លាំង​អាវុធ​នៅឯ​ព្រលានយន្តហោះ​របស់ ឧបទ្វីប​គ្រី​មៀ បាន​ផ្ទុះ បណ្ដាលឱ្យ​កើតមាន​អគ្គិភ័យ​ច្រើន​កន្លែង ប៉ុន្តែ មិនមែនជា​ការវាយប្រហា​រ​ពីស​ត្រូវ។

    គ្រាប់បែក និង​គ្រាប់កាំភ្លើង​សម្រាប់​យន្តហោះ​ចម្បាំង​បាន​ផ្ទុះ​នៅឯ​ព្រលានយន្តហោះ Saki ក្បែរ​តំបន់​រស់នៅ Novofyodorovka នៃ​ឧបទ្វីប​គ្រី​មៀ នេះ​បើតាម ក្រសួងការពារជាតិ​រុស្ស៊ី។ ស្ថាប័ន​នេះ​កំពុង​ស្វែងរក​មូលហេតុ​នៃ​ការផ្ទុះ​នេះ ប៉ុន្តែ​បាន​អះអាងថា ព្រលានយន្តហោះ​នេះ​មិនមែនជា​គោលដៅ​នៃ​ការវាយប្រហារ។ ករណី​ផ្ទុះ​ឃ្លាំង​អាវុធ​នេះ​បាន​បណ្ដាលឱ្យមាន​មនុស្ស​ស្លាប់​ម្នាក់ និង​រងរបួស ៥ នាក់។

    ឧបទ្វីប​គ្រី​មៀ មាន​ទីតាំង​នៅជាប់​ជាមួយនឹង​តំបន់ Kherson នៅ​ភាគខាងត្បូង​នៃ ប្រទេស​អ៊ុយ​ក្រែ​ន ជាទី​ដែល​កំពុង​ត្រូវបាន​គ្រប់គ្រង​ដោយ រុស្ស៊ី និង​ជិត​តំបន់ Zaporizhzhia នៅ​ភាគ​អាគ្នេយ៍​អ៊ុយ​ក្រែ​ន ដែល​មួយ​ភាគ​ធំ​ស្ថិតក្នុង​ការកាន់កាប់រ​បស់ ទីក្រុង​មូ​ស្គូ។

    ភាគី​ខាង​អ៊ុយ​ក្រែ​ន មិនទាន់មាន​ការអធិប្បាយ​អ្វី​ទាក់ទិន​នឹង​ករណី​ផ្ទុះ​ឃ្លាំង​អាវុធ​នៅក្នុង តំបន់​គ្រី​មៀ នៅឡើយ ប៉ុន្តែ កងទ័ព​ប្រទេស​នេះ​ត្រូវបាន​គេ​មើលឃើញថា មិន​ធ្លាប់បាន​វាយប្រហារ​លើ​គោលដៅ​នៅលើ​ឧបទ្វីប​នេះ ចាប់តាំងពី​សង្គ្រាម​ផ្ទុះឡើង​កាលពី​ថ្ងៃទី ២៤ កុម្ភៈ។

  • កោះ​តៃវ៉ាន់ ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត ក្រោយ​លំ​ហាត់​ដ៏​ធំ​មិន​ធ្លាប់មាន​របស់ ចិនដីគោក

    កោះ​តៃវ៉ាន់ ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត ក្រោយ​លំ​ហាត់​ដ៏​ធំ​មិន​ធ្លាប់មាន​របស់ ចិនដីគោក

    កងកម្លាំងប្រដាប់អាវុធ​របស់ កោះ​តៃវ៉ាន់ បានចាប់ផ្ដើម​ធ្វើ​លំ​ហាត់​សមយុទ្ធ​បាញ់​គ្រាប់​ពិត​នៅ​ថ្ងៃទី ០៩ សីហា ដោយ​ប្រើ​សេណារីយោ «កោះ​តៃវ៉ាន់​ត្រូវគេ​វាយប្រហារ» ដែល​សកម្មភាព​នេះ​កើតឡើងភ្លាមៗក្រោយពី​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​របស់ ទីក្រុង​ប៉េកាំង។

    លោក Lou Woei-jye អ្នកនាំពាក្យ​របស់ កងទ័ព​តៃវ៉ាន់ បាន​បញ្ជាក់ថា សមយុទ្ធ​នេះ​បានចាប់ផ្ដើម​នៅ​ទីក្រុង Pingtung វេលា​ម៉ោង ០០ និង ៤០ នាទី (ម៉ោង GMT) និង​បញ្ចប់​នៅវេលា​ម៉ោង ០១ និង ៣០ នាទី។

    ចិនដីគោក បានធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​មិន​ធ្លាប់មាន​ពីមុនមក នៅ​ជុំវិញ កោះ​តៃវ៉ាន់ កាលពី​សប្ដាហ៍​កន្លង ដើម្បី​ឆ្លើយតប​នឹង​ដំណើរ​ទស្សនកិច្ច​នៅ កោះ​តៃវ៉ាន់ របស់ ប្រធានសភា​ជាន់​ទាប​អាម៉េរិក លោកស្រី Nancy Pelosi។

    សមយុទ្ធ​យោធា​របស់ តៃវ៉ាន់ ដែល​ធ្វើឡើង​ពីថ្ងៃ​ទី ០៩ ដល់ ១១ សីហា នឹង​រួមមាន ការដាក់​ពង្រាយ​ទាហាន​រាប់រយ​នាក់ និង​ប្រព័ន្ធ​កាំភ្លើង​ធំ​ប្រហែល ៤០ គ្រឿង។

    លោក Lou ឱ្យដឹងថា សមយុទ្ធ​នេះ​គឺជា​កម្មវិធី​ទៀងទាត់​ដែល​ត្រូវបាន​រៀប​គម្រោង​ពីមុន និង​មិនមែន​ដើម្បី​ប្រតិកម្ម​ទៅនឹង​សមយុទ្ធ​យោធាថ្មីៗនេះ​របស់ ចិនដីគោក ឡើយ។

  • កោះ​តៃវ៉ាន់ កំពុង​ត្រៀមខ្លួន​សម្រាប់​ជីវភាព​រស់នៅក្នុង​បន្ទប់ក្រោមដី​ពេល​មាន​សង្គ្រាម

    កោះ​តៃវ៉ាន់ កំពុង​ត្រៀមខ្លួន​សម្រាប់​ជីវភាព​រស់នៅក្នុង​បន្ទប់ក្រោមដី​ពេល​មាន​សង្គ្រាម

    អាជ្ញាធរ​កោះ​តៃវ៉ាន់ កំពុងតែ​ត្រៀម​បន្ទប់ក្រោមដី​សម្រាប់​ប្រជាជន​រស់នៅ​បណ្ដោះអាសន្ន ក្នុងករណី ចិនដីគោក វាយប្រហារ​តាមផ្លូវ​អាកាស សំដៅ ចិនតៃវ៉ាន់។

    បណ្ដា​បន្ទប់​លាក់ខ្លួន​ក្រោម​ដី​របស់ កោះ​តៃវ៉ាន់ មួយចំនួនធំ​ត្រូវបាន​កែប្រែ​ពីសា​ល ឬ​ទីលាន​ដាក់​រថយន្ត​ក្រោម​ដី ស្ថានីយ​រថភ្លើង​អគ្គិសនី​ក្រោម​ដី ឬ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ក្រោម​ដី។ បន្ទប់​ស្នាក់​នៅក្រោម​ដី​ទាំងនេះ​ត្រូវបាន​រៀបចំឡើង​ដើម្បី​ទប់ទល់​នឹង​ការវាយប្រហារ​ពីលើ​ក​អាកាស​របស់ កងទ័ព​រំដោះប្រជាជន​ចិន ខណៈ​ដែល​ភាព​តាន​តឹង​រវាង​ ចិន​ដីគោក ចិន​តៃវ៉ាន់ និង សហរដ្ឋ​អាម៉េរិក កំពុង​កើន​ឡើង​ខ្ពស់។

    បច្ចុប្បន្ន កោះ​តៃវ៉ាន់ មាន​មូលដ្ឋាន​លាក់ខ្លួន​ក្រោម​ដី​ជាង ៤,៦០០ កន្លែង នៅ​ទូទាំង​កោះ ដែល​នេះ​អាចដាក់​មនុស្ស​បាន ១២ លាន​នាក់។

    រូបភាព​ខ្លះៗ​ស្ដីពី​ការ​ហាត់​ស៊ាំ និង​ទិដ្ឋភាព​នៃ​បន្ទប់ សាល​សុវត្ថិភាព​ក្រោម​ដី នៅ កោះតៃវ៉ាន់ ៖

  • Zaporizhzhia ចុះហត្ថលេខា​លើ​បទបញ្ជា​ធ្វើ​ប្រជាមតិ​ស្ដីពី​ការ «បង្រួបបង្រួម​ទៅក្នុង​ទឹកដី​រុស្ស៊ី»

    Zaporizhzhia ចុះហត្ថលេខា​លើ​បទបញ្ជា​ធ្វើ​ប្រជាមតិ​ស្ដីពី​ការ «បង្រួបបង្រួម​ទៅក្នុង​ទឹកដី​រុស្ស៊ី»

    មេដឹកនាំ​តំបន់ Zaporizhzhia ដែល​ត្រូវបាន​លើក​បន្តុប​ដោយ រុស្ស៊ី កាលពី​ថ្ងៃទី ០៨ សីហា បាន​ចុះហត្ថលេខា​លើ​បទបញ្ជា​ណែនាំ​ពី​ការធ្វើប្រជាមតិ​ស្ដីពី​ការបង្រួបបង្រួម​ទៅក្នុង សហព័ន្ធរុស្ស៊ី។

    លោក Yevgeny Balitsky មេដឹកនាំ​អាជ្ញាធរ​ដែល​ស្និទ្ធ​នឹង រុស្ស៊ី នៅ​តំបន់ Zaporizhzhia បានប្រកាស​ចាប់ផ្ដើម​ដំណើរការ​នេះ​នៅក្នុង​វេទិកា​គាំទ្រ រុស្ស៊ី ដែលមាន​ឈ្មោះថា «យើង​រួម​ដំណើរ​ជាមួយ​ប្រទេស​រុស្ស៊ី» ដែល​ត្រូវបាន​ធ្វើឡើង​នៅតំបន់ Melitopol ជាទី​ក្រុង​ធំជាងគេ​ដែល រុស្ស៊ី បាន​ចូល​កាន់កាប់​នៅ Zaporizhzhia។

    «ខ្ញុំ​បាន​ចុះហត្ថលេខា​លើ​បទបញ្ជា​មួយ​សម្រាប់​គណៈកម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដើម្បី​ត្រៀម​សម្រាប់​ការធ្វើប្រជាមតិ​ស្ដីពី​កា​រប​ម្រួ​ប​បង្រួម​តំបន់ Zaporizhzhia ទៅក្នុង​ទឹកដី រុស្ស៊ី» លោក Yevgeny និយាយ​ដូច្នេះ។

    សេចក្ដីសម្រេច​ស្ដីពី​ការធ្វើប្រជាមតិ​នេះ​ក៏​ធ្លាប់​ត្រូវបាន​លោក Vladimir Rogov ដែលជា​សមាជិក​ម្នាក់​នៅ​ក្នុង​ក្រុមប្រឹក្សា​យោធា-ស៊ីវិល Zaporizhzhia ប្រកាស​នាពេល​កន្លង។ មុន​នោះ មន្ត្រី​រូបនេះ​និយាយថា ប្រជាជន​តំបន់ Zaporizhzhia និង រុស្ស៊ី គឺជា «ប្រជាជាតិ​តែមួយ»។

    បច្ចុប្បន្ន ផ្ទៃដី​ប្រមាណ ២/៣ នៅ​តំបន់ Zaporizhzhia របស់ អ៊ុយ​ក្រែ​ន កំពុង​ត្រូវបាន​គ្រប់គ្រង​ដោយ រុស្ស៊ី។ អ៊ុយ​ក្រែ​ន និង​បណ្ដា​ប្រទេស​លោកខាងលិច ប្រកាសថា ការធ្វើប្រជាមតិ​ណាមួយ​នៅក្នុង​តំបន់​ដែល រុស្ស៊ី កំពុងកាន់​កាប់​នៅ អ៊ុយ​ក្រែ​ន គឺ​សុទ្ធតែជា​អំពើ​ខុសច្បាប់៕

  • ទាហាន​រុស្ស៊ី ប្រហែល ៨០,០០០ នាក់ បាន​ស្លាប់ និង​រងរបួស ក្នុង​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន

    ទាហាន​រុស្ស៊ី ប្រហែល ៨០,០០០ នាក់ បាន​ស្លាប់ និង​រងរបួស ក្នុង​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន

    ក្រសួងការពារជាតិ​អាម៉េរិក កាលពី​ថ្ងៃទី ០៨ សីហា បាន​ប៉ាន់ប្រមាណ​ឃើញថា ទាហាន​រុស្ស៊ី ប្រហែល ៨០,០០០ នាក់ បាន​ស្លាប់ និង​របួស​ក្នុង​សង្គ្រាម​ដែល​អូសបន្លាយ​ពេល​ជិត ៦ ខែ​កន្លង​នៅ អ៊ុយ​ក្រែ​ន។

    នេះ​គឺជា​លើកដំបូង​ហើយ​ដែល កងទ័ព​អាម៉េរិក លើកឡើង​នូវ​ការប៉ាន់ស្មាន​ស្ដីពី​ចំនួន​ទាហាន​របស់ រុស្ស៊ី ដែល​បាន​រងរបួស និង​ស្លាប់​នៅ អ៊ុយ​ក្រែ​ន។

    ថ្លែង​នៅ​ចំពោះមុខ​ក្រុម​អ្នកយកព័ត៌មាន​កាលពី​ថ្ងៃទី ០៨ សីហា អនុរដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អាម៉េរិក Colin Kahl បានឱ្យដឹងថា យោងតាម​ការប៉ាន់ស្មាន​របស់ សហរដ្ឋ​អាម៉េរិក ទាហាន​រុស្ស៊ី ចន្លោះ​ពី ៧០,០០០ ទៅ ៨០,០០០ នាក់ បាន​ស្លាប់ និង​រងរបួស​នៅ អ៊ុយ​ក្រែ​ន។ បណ្ដា​ប្រទេស​លោកខាងលិច ជឿថា រុស្ស៊ី បាន​បញ្ជូនទាហាន​ប្រហែល ១៥០,០០០ នាក់ ទៅកាន់​តំបន់​ក្បែរ​ព្រំដែន​ជាមួយ អ៊ុយ​ក្រែ​ន មុនពេល​បើក​យុទ្ធនាការ​យោធា​ពិសេស​កាលពី​ថ្ងៃទី ២៤ កុម្ភៈ។

    យោងតាម លោក Colin Kahl បើទោះជា​បាន​រង​ការខាតបង់​ធ្ងន់ធ្ងរ​ដូច្នេះ ប៉ុន្តែ រុស្ស៊ី នៅតែ​មិនអាច​សម្រេចបាន​គោលដៅ​ដែល​បានដាក់​ចេញ​ក្នុង​គ្រា​ដំបូង នោះ​គឺ​ការប្ដូរ​ផ្លាស់​រដ្ឋាភិបាល​ទីក្រុង​កៀវ និង​ការ​ប្រែក្លាយ អ៊ុយ​ក្រែ​ន ទៅជា​ប្រទេស​លែងមាន​ឯករាជ្យភាព និង​បូរណភាព​ទឹកដី។

    កាលពី​ខែ​មុន ប្រធាន​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាម៉េរិក William Burns ក៏​ធ្លាប់បាន​លើកឡើងថា សហរដ្ឋ​អាម៉េរិក ប៉ាន់ប្រមាណ​ឃើញថា ទាហាន​រុស្ស៊ី ១៥,០០០ នាក់​បាន​ស្លាប់ និង​ប្រហែល ៤៥,០០០ នាក់​ផ្សេង​ទឿ​បាន​រងរបួស ក្នុង​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន។

    ការប៉ាន់ស្មាន​របស់ ក្រសួងការពារជាតិ​អាម៉េរិក ត្រូវ​បានប្រកាស​ដំណាលគ្នា​នឹង​ការ​ផ្ដល់ជំនួយ​ផ្នែក​យោធា​តម្លៃ ១ ពាន់​លាន​ដុល្លារ ដល់ អ៊ុយ​ក្រែ​ន។

  • អគ្គិភ័យ​នៅឯ​ឃ្លាំង​ផ្ទុក​ឥន្ធនៈ​របស់ គុយបា បន្ត​ឆេះ​រាលដាល​ដល់​អាង​ផ្ទុក​ទី​បី

    អគ្គិភ័យ​នៅឯ​ឃ្លាំង​ផ្ទុក​ឥន្ធនៈ​របស់ គុយបា បន្ត​ឆេះ​រាលដាល​ដល់​អាង​ផ្ទុក​ទី​បី

    អគ្គិភ័យ​នៅឯ​ឃ្លាំង​ផ្ទុក​ឥន្ធនៈ​មួយ​នៅក្នុង​ខេត្ត Matanzas របស់ ប្រទេស​គុយបា កាលពី​ថ្ងៃទី ០៨ សីហា បាន​បន្ត​ឆេះ​រាលដាល​ដល់​អាង​ផ្ទុក​ទី​បី និង​បន្ត​គំរាមកំហែង​ដល់​អាង​ផ្ទុក​ដទៃទៀត​ដែល​នៅក្បែរនោះ។

    យោងតាម​ព័ត៌មាន​ពី​ក្រុមមន្ត្រី​នៅក្នុង​ខេត្ត Matanzas អណ្ដាតភ្លើង​ពី​អាង​ផ្ទុក​ទី​ពីរបាន​ឆេះ​រាលដាល​ដល់​អាង​ផ្ទុក​ទី​បី និង​កំពុង​គំរាមកំហែង​ដល់​អាង​ផ្ទុក​ទី​បួន។

    មុន​នោះ អគ្គិភ័យ​នៅឯ​អាង​ផ្ទុក​ឥន្ធនៈ​ទីមួយ​ដែល​កើតឡើង​ដោយសារ​រន្ទះបាញ់​កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​កន្លង ត្រូវបាន​ពន្លត់​រួចរាល់។ គិត​មកដល់​បច្ចុប្បន្ន មាន​មនុស្សម្នា​ក់បាន​ស្លាប់, ១២៥ នាក់រ​ងរ​បួង និង ១៤ នាក់​បាត់​ខ្លួន។

    មនុស្ស​ជាង ៥,០០០ នាក់ ត្រូវបាន​ជម្លៀស​ទៅកាន់​តំបន់​សុវត្ថិភាព ហើយ​ប្រជាជន​ត្រូវបាន​ណែនាំ​ឱ្យ​ពាក់​ម៉ាស ឬ​នៅ​ក្នុងផ្ទះ​ដើម្បី​ចៀសវាង​ផ្សែង​ពុល។

    Matanzas គឺជា​កំពង់ផែ​ធំ​បំផុត​នៅ គុយបា ស្ដីពី​ការទទួល​ប្រេង​ឆៅ និង​ឥន្ធនៈ​ដែល​នាំចូល​ពី​បរទេស។ ប្រេង​ឆៅ​ធន់​ធ្ងន់ ក៏ដូចជា​ប្រេងឥន្ធនៈ និង​ប្រេងម៉ាស៊ូត របស់ គុយបា ភាគច្រើន​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ផលិត​អគ្គិសនី​សម្រាប់​តម្រូវការ​​នៅ​ក្នុងស្រុក៕

     

  • សហរដ្ឋ​អាម៉េរិក បន្ត​ផ្ដល់ជំនួយ ៥.៥ ពាន់​លាន​ដុល្លារ ដល់ អ៊ុយ​ក្រែ​ន

    សហរដ្ឋ​អាម៉េរិក បន្ត​ផ្ដល់ជំនួយ ៥.៥ ពាន់​លាន​ដុល្លារ ដល់ អ៊ុយ​ក្រែ​ន

    សហរដ្ឋ​អាម៉េរិក នឹង​បន្ត​ផ្ដល់ជំនួយ​ជា​ថវិកា និង​យោធា ៥.៥ ពាន់​លាន​ដុល្លារ ដល់ អ៊ុយ​ក្រែ​ន ដើម្បី​ទប់ទល់​នឹង​វិបត្តិ​នាបច្ចុប្បន្ន។

    យោងតាម ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍន៍​អន្តរជាតិ ខ្ទង់​ថវិកា ៤.៥ ពាន់​លាន​ដុល្លារ នឹងត្រូវ​បាន​ប្រើប្រាស់​សម្រាប់​តម្រូវការ​បន្ទាន់​របស់ រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន រួមមាន ការទូទាត់​ប្រាក់ខែ​ចូលនិវត្តន៍ របប​សន្តិសុខ​សង្គម និង​ការថែទាំ​សុខភាព។ ចំណែក ១ ពាន់​លាន​ដុល្លារ​ទៀត​គឺជា​ជំនួយ​យោធា​សម្រាប់ អ៊ុយ​ក្រែ​ន។

    ដូច្នេះ ជំនួយ​ដែល សហរដ្ឋ​អាម៉េរិក បានផ្ដល់​ឱ្យ អ៊ុយ​ក្រែ​ន គិត​ចាប់តាំងពី រុស្ស៊ី បើក​ការឈ្លានពាន បាន​កើន​ឡើងដល់ ៨.៥ ពាន់​លាន​ដុល្លារ​អាម៉េរិក។

    ខ្ទង់​ជំនួយ​នេះ​នឹង​ត្រូវបាន​ប្រគល់ឱ្យ អ៊ុយ​ក្រែ​ន ទៅតាម​ដំណាក់កាល ក្នុងនោះ ដំណាក់កាល​ដំបូង​គឺ ៣ ពាន់​លាន​ដុល្លារ នៅក្នុង​ខែ​នេះ។

    ខ្ទង់​ជំនួយ​ថ្មី​នេះ​ស្ថិតក្នុង​កញ្ចប់​ជំនួយ ៤០ ពាន់​លាន​ដុល្លារ សម្រាប់ អ៊ុយ​ក្រែ​ន ដែល សភា​អាម៉េរិក បានអនុម័ត​រួចហើយ​កាលពី​ខែឧសភា​កន្លងទៅ៕

  • អាស៊ាន (ASEAN) ប្រារព្ធ​ព្រឹត្តិ​ការណ៍​អបអរសាទរទិវា ៥៥ ឆ្នាំនៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍

    អាស៊ាន (ASEAN) ប្រារព្ធ​ព្រឹត្តិ​ការណ៍​អបអរសាទរទិវា ៥៥ ឆ្នាំនៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍

    ថ្ងៃនេះ (០៨ សីហា) នៅឯ​ទីស្នាក់ការ​កណ្ដាល​នៃ លេខាធិការដ្ឋាន​អាស៊ាន (ASEAN) នៅ រដ្ឋធានី​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូណេស៊ី ព្រឹត្តិការណ៍​អបអរសាទរ​ទិវា​អាស៊ាន ០៨/សីហា ១៩៦៧ – ០៨ សីហា ២០២២ ត្រូវ​បានរៀបចំ​ធ្វើឡើង​យ៉ាង​អធិកអធម។

    ក្រោយ​រយៈពេល ២ ឆ្នាំ ដែល​ព្រឹត្តិការណ៍​អបអរសាទរ​ទិវា​អាស៊ាន ត្រូវបាន​ប្រារព្ធ​ឡើង​ក្រោមរូបភាព​ប្រយោល តាម​ប្រព័ន្ធ​វីដេអូ ព្រោះតែ កូ​វីដ-១៩ ឆ្នាំនេះ ព្រឹត្តិការណ៍​នេះ​ត្រូវបាន​ធ្វើឡើង​ក្រោមរូបភាព​ធម្មតា​ឡើងវិញ។

    ព្រឹត្តិការណ៍​នេះ​ត្រូវបាន​ចាប់ផ្ដើម​ដោយ​កម្មវិធី​តន្ត្រី វប្បធម៌ សម្ដែង​ដោយ​សិល្បករ សិល្បការិនី​ល្បីឈ្មោះ​របស់​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន ក្នុងនោះ​ក៏មាន​ការសម្ដែង​របស់​វិចិត្រករ​គំនូរ​ខ្សាច់ ជនជាតិ​ឥណ្ឌូណេស៊ី Vina Candrawati ផងដែរ។

    ថ្លែង​ក្នុង​ព្រឹត្តិការណ៍​នេះ អគ្គលេខាធិការ​អាស៊ាន Lim Jock Hoi សង្កត់ធ្ងន់ថា ព្រឹត្តិការណ៍​អបអរសាទរ​ដែល​ប្រារព្ធ​ឡើង​ដោយផ្ទាល់ ក្រោយ​រយៈពេល ២ ឆ្នាំ​ដោយសារ​ជំងឺ​រាតត្បាត​សកល បានបង្ហាញ​នូវ​ការប្រឹងប្រែង​របស់​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន ក្នុងការ​យកឈ្នះ​លើ​ជំងឺ​រាតត្បាត ដើម្បី​នាំ​ជីវភាព​ត្រលប់មក​ធម្មតា​វិញ។

    ក្នុង​រយៈពេល ៥៥ ឆ្នាំ​នៃ​ការរីកចម្រើន អាស៊ាន ត្រូវបាន​បង្ហាញថា​ជា​រូបមន្ត​សហប្រតិបត្តិការ​ក្នុង​តំបន់​មួយ​ដែល​ទទួលបាន​ជោគជ័យ​នៅលើ​ពិភពលោក កសាង​សហគមន៍​មួយ​ដែល​នាំមក​នូវ​ឱកាស​ដល់​ប្រជាជន​គ្រប់រូប។ អាស៊ាន កំពុង​ក្លាយជា​ខឿនសេដ្ឋកិច្ច​សកម្ម ដោយ​មានការ​ព្យាករ​ថា​នឹងមាន​កំណើនសេដ្ឋកិច្ច​វិជ្ជមាន​ក្នុងឆ្នាំនេះ និង​ឆ្នាំ​បន្ទាប់។ ប្រទេស​មហាអំណាច​ជាច្រើន​ដែល​នៅ​ខាងក្រៅ​តំបន់​នេះ កំពុងតែ​ផ្ដល់​តម្លៃ​សំខាន់​ដល់​តួនាទី​របស់ អាស៊ាន។

    អគ្គលេខាធិការ Lim Jock Hoi ក៏បាន​អះអាង​អំពី​វិស័យ​អាទិភាព​សម្រាប់​ពេលខាងមុខ​របស់ អាស៊ាន៖ «បណ្ដា​ប្រទេស​ជា​សមាជិក​របស់ អាស៊ាន ត្រូវការ​ជំរុញ​សមាហរណកម្ម និង​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់ ធានា​នូវ​តួនាទី​ជា​ស្នូល និង​សាមគ្គីភាព​របស់ អាស៊ាន នៅក្នុង​រចនាសម្ព័ន្ធ​តំបន់ និង​សកលលោក ជំរុញ​ទំនាក់ទំនង​ជាមួយ​ដៃគូ រួមគ្នា​រីកចម្រើន។ អាស៊ាន ក៏ត្រូវ​ការជំរុញ​លើ​ការអនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​ចំពោះ​សេដ្ឋកិច្ច​ឌីជីថល ការកែលម្អ​សមត្ថភាព​ប្រកួតប្រជែង និង​ប្រភព​ទុន​ក្នុង​តំបន់ បើកឱកាស​ឱ្យមាន​ការចូលរួម​ពី​មនុស្ស​ជំនាន់​ថ្មី នៅក្នុង​ការកំណត់​គោលនយោបាយ ការកសាង​សហគមន៍​អាស៊ាន​បៃតង និង​ទូលំទូលាយ។

    ជាមួយនឹង​ប្រធានបទ «រួមគ្នា​កាន់តែ​រឹងមាំ» របស់​ឆ្នាំនេះ អាស៊ាន ជាថ្មី​ម្ដងទៀត បាន​បញ្ជូន​សារ​យ៉ាង​ខ្លាំងក្លា​ស្ដីពី​ស្មារតី​សាមគ្គី បញ្ចេញ​កម្លាំង​ជា​ក្រុម ដើម្បី​ដោះស្រាយ​បញ្ហា​ដែលមាន​នាបច្ចុប្បន្ន៕

  • មន្ត្រី​អាម៉េរិក ព្យាករ​អំពី​ពេលវេលា​នៃ​ការបញ្ចប់​សង្គ្រាម​រវាង រុស្ស៊ី និង អ៊ុយ​ក្រែ​ន

    មន្ត្រី​អាម៉េរិក ព្យាករ​អំពី​ពេលវេលា​នៃ​ការបញ្ចប់​សង្គ្រាម​រវាង រុស្ស៊ី និង អ៊ុយ​ក្រែ​ន

    មន្ត្រី​មួយរូប​របស់ សហរដ្ឋ​អាម៉េរិក បាន​ប្រាប់​សារព័ត៌មាន​របស់ អ៊ុយ​ក្រែ​ន ថា លោក​គិតថា សង្គ្រាម រុស្ស៊ី-អ៊ុយ​ក្រែ​ន នឹង​បន្ត​កើត​មាននៅ​ឆ្នាំក្រោយ។

    លោក Kurt Walker អតីត​អ្នកតំណាង​ពិសេស​របស់ សហរដ្ឋ​អាម៉េរិក ស្ដីពី​បញ្ហា អ៊ុយ​ក្រែ​ន និយាយថា អ៊ុយ​ក្រែ​ន អឺរ៉ុប និង រុស្ស៊ី គួរ​ត្រៀម​ស្មារតី​សម្រាប់​រដូវរងា​នៅខាងមុខ ព្រោះថា សង្គ្រាម​នេះ​អាច​នឹង​អូស​បន្លាយពេល​យូរ ហើយ​វិបត្តិ​ថាមពល​មួយ​នឹង​កើតឡើង។ ប៉ុន្តែ លោក Walker បញ្ជាក់ថា សហរដ្ឋ​អាម៉េរិក នឹង​បន្ត​ប្រកៀក​ស្មា​ជាមួយ អ៊ុយ​ក្រែ​ន គ្រប់​កាលៈទេសៈ។

    នៅក្នុង​កិច្ច​សម្ភាស​មួយ​ជាមួយនឹង​អ្នកយកព័ត៌មាន​របស់ អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី ០៧ សីហា មន្ត្រី​អាម៉េរិក​ខាងលើ បាន​ព្យាករ​ថា រដូវរងា​ខាងមុខ​នឹង​ក្លាយជា​ពេលវេលា​ដ៏​លំបាក​សម្រាប់​គ្រប់ភាគី។

    មន្ត្រី​រូបនេះ​បញ្ជាក់ថា សហភាព​អឺរ៉ុប នឹងត្រូវ​ប្រឈម​នឹង​បញ្ហា​ខ្វះ​ថាមពល​ធ្ងន់ធ្ងរ និង​តម្លៃ​ខ្ពស់។ ចំណែក អ៊ុយ​ក្រែ​ន វិញ មាន​មូលហេតុ​តិចតួច​ដើម្បី​មាន​ភាពជឿជាក់ ខណៈដែល​ពេលវេលា​ដ៏​លំបាក​កំពុង​រង់ចាំ​ខាងមុខ។ រីឯ រុស្ស៊ី វិញ ក៏​នឹងត្រូវ​ប្រឈមមុខ​នឹង​បញ្ហា​ស្រដៀង​ទៅនឹង អ៊ុយ​ក្រែ​ន នេះដែរ។

    យោងតាម​ការ​ព្យាករ​របស់លោក Walker សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន នឹង​បន្ត​អូសបន្លាយ​រហូតដល់រ​ដូ​វ​ផ្កា​រីក ឬ​អាច​ដល់​រដូវក្ដៅ​ឆ្នាំក្រោយ។ ប៉ុន្តែ លោក​បាន​លើកសរសើរ​នូវ​អ្វីដែល អ៊ុយ​ក្រែ​ន សម្រេចបាន​នាពេល​កន្លង។

    លោក Walker អះអាង ក្រុមមន្ត្រី​នៅឯ សហរដ្ឋ​អាម៉េរិក បង្ហាញ​អំពី​ការជឿជាក់​ទៅលើ អ៊ុយ​ក្រែ​ន និង​ការសន្យា​របស់ សហរដ្ឋ​អាម៉េរិក ចំពោះ​ប្រជាធិបតេយ្យ។ ដូច្នេះ សហរដ្ឋ​អាម៉េរិក ត្រៀមខ្លួន​ជានិច្ច​ក្នុង​ការបន្ត​ផ្ដល់ជំនួយ​ដល់ អ៊ុយ​ក្រែ​ន ដើម្បី​បណ្ដេញ​កងទ័ព​របស់ រុស្ស៊ី និង​ក្រុម​ផ្ដាច់ខ្លួន។

    ដោយឡែក វិមាន​ក្រឹម​ឡាំង បានបញ្ជាក់​ជាច្រើនលើក​ហើយ​ថា រុស្ស៊ី មិនបាន​កំណត់ពេល​ជាក់លាក់​នៅក្នុង​យុទ្ធនាការ​យោធា​របស់ខ្លួន និង​អះអាងថា សង្គ្រាម​នឹង​នៅតែ​បន្ត រហូតដល់ រុស្ស៊ី សម្រេចបាន​គោលដៅ​នៅ អ៊ុយ​ក្រែ​ន៕