មន្ត្រី​អាម៉េរិក ព្យាករ​អំពី​ពេលវេលា​នៃ​ការបញ្ចប់​សង្គ្រាម​រវាង រុស្ស៊ី និង អ៊ុយ​ក្រែ​ន

លោក Kurt Walker អតីត​អ្នកតំណាង​ពិសេស​របស់ សហរដ្ឋ​អាម៉េរិក ស្ដីពី​បញ្ហា អ៊ុយ​ក្រែ​ន

មន្ត្រី​មួយរូប​របស់ សហរដ្ឋ​អាម៉េរិក បាន​ប្រាប់​សារព័ត៌មាន​របស់ អ៊ុយ​ក្រែ​ន ថា លោក​គិតថា សង្គ្រាម រុស្ស៊ី-អ៊ុយ​ក្រែ​ន នឹង​បន្ត​កើត​មាននៅ​ឆ្នាំក្រោយ។

លោក Kurt Walker អតីត​អ្នកតំណាង​ពិសេស​របស់ សហរដ្ឋ​អាម៉េរិក ស្ដីពី​បញ្ហា អ៊ុយ​ក្រែ​ន និយាយថា អ៊ុយ​ក្រែ​ន អឺរ៉ុប និង រុស្ស៊ី គួរ​ត្រៀម​ស្មារតី​សម្រាប់​រដូវរងា​នៅខាងមុខ ព្រោះថា សង្គ្រាម​នេះ​អាច​នឹង​អូស​បន្លាយពេល​យូរ ហើយ​វិបត្តិ​ថាមពល​មួយ​នឹង​កើតឡើង។ ប៉ុន្តែ លោក Walker បញ្ជាក់ថា សហរដ្ឋ​អាម៉េរិក នឹង​បន្ត​ប្រកៀក​ស្មា​ជាមួយ អ៊ុយ​ក្រែ​ន គ្រប់​កាលៈទេសៈ។

នៅក្នុង​កិច្ច​សម្ភាស​មួយ​ជាមួយនឹង​អ្នកយកព័ត៌មាន​របស់ អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី ០៧ សីហា មន្ត្រី​អាម៉េរិក​ខាងលើ បាន​ព្យាករ​ថា រដូវរងា​ខាងមុខ​នឹង​ក្លាយជា​ពេលវេលា​ដ៏​លំបាក​សម្រាប់​គ្រប់ភាគី។

មន្ត្រី​រូបនេះ​បញ្ជាក់ថា សហភាព​អឺរ៉ុប នឹងត្រូវ​ប្រឈម​នឹង​បញ្ហា​ខ្វះ​ថាមពល​ធ្ងន់ធ្ងរ និង​តម្លៃ​ខ្ពស់។ ចំណែក អ៊ុយ​ក្រែ​ន វិញ មាន​មូលហេតុ​តិចតួច​ដើម្បី​មាន​ភាពជឿជាក់ ខណៈដែល​ពេលវេលា​ដ៏​លំបាក​កំពុង​រង់ចាំ​ខាងមុខ។ រីឯ រុស្ស៊ី វិញ ក៏​នឹងត្រូវ​ប្រឈមមុខ​នឹង​បញ្ហា​ស្រដៀង​ទៅនឹង អ៊ុយ​ក្រែ​ន នេះដែរ។

យោងតាម​ការ​ព្យាករ​របស់លោក Walker សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន នឹង​បន្ត​អូសបន្លាយ​រហូតដល់រ​ដូ​វ​ផ្កា​រីក ឬ​អាច​ដល់​រដូវក្ដៅ​ឆ្នាំក្រោយ។ ប៉ុន្តែ លោក​បាន​លើកសរសើរ​នូវ​អ្វីដែល អ៊ុយ​ក្រែ​ន សម្រេចបាន​នាពេល​កន្លង។

លោក Walker អះអាង ក្រុមមន្ត្រី​នៅឯ សហរដ្ឋ​អាម៉េរិក បង្ហាញ​អំពី​ការជឿជាក់​ទៅលើ អ៊ុយ​ក្រែ​ន និង​ការសន្យា​របស់ សហរដ្ឋ​អាម៉េរិក ចំពោះ​ប្រជាធិបតេយ្យ។ ដូច្នេះ សហរដ្ឋ​អាម៉េរិក ត្រៀមខ្លួន​ជានិច្ច​ក្នុង​ការបន្ត​ផ្ដល់ជំនួយ​ដល់ អ៊ុយ​ក្រែ​ន ដើម្បី​បណ្ដេញ​កងទ័ព​របស់ រុស្ស៊ី និង​ក្រុម​ផ្ដាច់ខ្លួន។

ដោយឡែក វិមាន​ក្រឹម​ឡាំង បានបញ្ជាក់​ជាច្រើនលើក​ហើយ​ថា រុស្ស៊ី មិនបាន​កំណត់ពេល​ជាក់លាក់​នៅក្នុង​យុទ្ធនាការ​យោធា​របស់ខ្លួន និង​អះអាងថា សង្គ្រាម​នឹង​នៅតែ​បន្ត រហូតដល់ រុស្ស៊ី សម្រេចបាន​គោលដៅ​នៅ អ៊ុយ​ក្រែ​ន៕

Advertisement