Zaporizhzhia ចុះហត្ថលេខា​លើ​បទបញ្ជា​ធ្វើ​ប្រជាមតិ​ស្ដីពី​ការ «បង្រួបបង្រួម​ទៅក្នុង​ទឹកដី​រុស្ស៊ី»

ទីក្រុង​ក្នុង​តំបន់ Zaporizhzhia របស់ អ៊ុយក្រែន

មេដឹកនាំ​តំបន់ Zaporizhzhia ដែល​ត្រូវបាន​លើក​បន្តុប​ដោយ រុស្ស៊ី កាលពី​ថ្ងៃទី ០៨ សីហា បាន​ចុះហត្ថលេខា​លើ​បទបញ្ជា​ណែនាំ​ពី​ការធ្វើប្រជាមតិ​ស្ដីពី​ការបង្រួបបង្រួម​ទៅក្នុង សហព័ន្ធរុស្ស៊ី។

លោក Yevgeny Balitsky មេដឹកនាំ​អាជ្ញាធរ​ដែល​ស្និទ្ធ​នឹង រុស្ស៊ី នៅ​តំបន់ Zaporizhzhia បានប្រកាស​ចាប់ផ្ដើម​ដំណើរការ​នេះ​នៅក្នុង​វេទិកា​គាំទ្រ រុស្ស៊ី ដែលមាន​ឈ្មោះថា «យើង​រួម​ដំណើរ​ជាមួយ​ប្រទេស​រុស្ស៊ី» ដែល​ត្រូវបាន​ធ្វើឡើង​នៅតំបន់ Melitopol ជាទី​ក្រុង​ធំជាងគេ​ដែល រុស្ស៊ី បាន​ចូល​កាន់កាប់​នៅ Zaporizhzhia។

«ខ្ញុំ​បាន​ចុះហត្ថលេខា​លើ​បទបញ្ជា​មួយ​សម្រាប់​គណៈកម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដើម្បី​ត្រៀម​សម្រាប់​ការធ្វើប្រជាមតិ​ស្ដីពី​កា​រប​ម្រួ​ប​បង្រួម​តំបន់ Zaporizhzhia ទៅក្នុង​ទឹកដី រុស្ស៊ី» លោក Yevgeny និយាយ​ដូច្នេះ។

សេចក្ដីសម្រេច​ស្ដីពី​ការធ្វើប្រជាមតិ​នេះ​ក៏​ធ្លាប់​ត្រូវបាន​លោក Vladimir Rogov ដែលជា​សមាជិក​ម្នាក់​នៅ​ក្នុង​ក្រុមប្រឹក្សា​យោធា-ស៊ីវិល Zaporizhzhia ប្រកាស​នាពេល​កន្លង។ មុន​នោះ មន្ត្រី​រូបនេះ​និយាយថា ប្រជាជន​តំបន់ Zaporizhzhia និង រុស្ស៊ី គឺជា «ប្រជាជាតិ​តែមួយ»។

បច្ចុប្បន្ន ផ្ទៃដី​ប្រមាណ ២/៣ នៅ​តំបន់ Zaporizhzhia របស់ អ៊ុយ​ក្រែ​ន កំពុង​ត្រូវបាន​គ្រប់គ្រង​ដោយ រុស្ស៊ី។ អ៊ុយ​ក្រែ​ន និង​បណ្ដា​ប្រទេស​លោកខាងលិច ប្រកាសថា ការធ្វើប្រជាមតិ​ណាមួយ​នៅក្នុង​តំបន់​ដែល រុស្ស៊ី កំពុងកាន់​កាប់​នៅ អ៊ុយ​ក្រែ​ន គឺ​សុទ្ធតែជា​អំពើ​ខុសច្បាប់៕

Advertisement