ជប៉ុន​គ្រោង​នឹង​បញ្ជូន​យាន​ឡើង​ទៅ​កាន់​ឋាន​ព្រះ​ចន្ទ​នៅ​ដើម​ឆ្នាំ​ក្រោយ

កាល​ពី​ថ្ងៃទី 05 ធ្នូ ទីភ្នាក់​ងារ​ស្រាវជ្រាវ​អវកាស​ជប៉ុន ចាសា (JAXA) បាន​ប្រកាស​ថា នឹង​បញ្ជូន​យាន​អវកាស SLIM (Smart Lander for Investigating Moon) ឡើង​ទៅ​កាន់​ឋាន​ព្រះ​ចន្ទ​នៅ​ថ្ងៃទី 20 មករា ឆ្នាំ 2024​។

នេះ​គឺជា​ការ​ប្រឹង​ប្រែង​ដើម្បី​ចុះ​ចត​ដោយ​ «ថ្នម​ៗ»​ លើ​ផ្ទៃ​ព្រះ​ចន្ទ​ជា​លើក​ដំបូង​​របស់​យាន​អវកាស​ជប៉ុន​ ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​ 12 ថ្ងៃ​ត្រង់ នៃ​ថ្ងៃទី 20 ខែ​មករា ឆ្នាំ 2024​ (ម៉ោង​ក្នុង​ស្រុក)​។ ដំណើរ​ការ​ចុះ​ចត​នឹង​ធ្វើ​ឡើង​ក្នុង​រយៈ​ពេល 20 នាទី និង​ត្រូវ​បាន​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​។

យោង​តាម​ ចាសា យាន​ចុះ​ចត SLIM ដែល​មាន​បណ្ដោយ 2.7 ម៉ែត្រ នឹង​ហោះ​ចូល​ដល់​គន្លង​តារាវិថី​ព្រះ​ចន្ទ​នៅ​ថ្ងៃទី 25 ធ្នូ ឆ្នាំ​ 2023 ហើយប្រហែល​​មួយ​ខែ​ក្រោយ​មក វា​នឹង​ធ្វើ​ការ​ចុះ​ចត​។ បើ​សិន​ជោគ​ជ័យ ជប៉ុន​នឹង​ក្លាយ​ជា​ប្រទេស​ទីប្រាំ​ដែល​មាន​យាន​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ​ បន្ទាប់​ពី​ សូវៀត អាម៉េរិក ចិន និង​ឥណ្ឌា​។

ចាសា​ឱ្យ​ដឹង​ថា យាន​ចុះ​ចត SLIM នឹង​នាំ​យក​រ៉ូបូត​ស្រាវជ្រាវ​ពីរ​គ្រឿង​ទៅ​តាម​ខ្លួន​។ រ៉ូបូត​ទាំង​នេះ​នឹង​ត្រូវ​បាន​ដាក់​ពង្រាយ​លើ​ផ្ទៃ​ព្រះចន្ទ​ បន្ទាប់​ពី​បាន​ចុះ​ចត​។

បេសកកម្ម SLIM មិន​មែនជា​ការ​សាក​ល្បង​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ​ជាលើក​ដំបូង​របស់​ ប្រទេស​ជប៉ុន​នោះ​ទេ​។ មុន​នោះ កាល​ពី​ដើម​ឆ្នាំ​នេះ យាន​ចុះ​ចត​របស់​ជប៉ុន Hakuto-R ក៏​បាន​ទទួល​ជោគ​ជ័យ​ក្នុង​ការ​ហោះ​ចូល​ដល់​គន្លង​តារាវិថី​ព្រះចន្ទ បើ​ទោះ​ជា​ក្រោយ​មក​វា​បាន​បរាជ័យ​ក្នុង​ការ​ចុះ​ចត​​លើ​ឋាន​រណប​មួយ​នេះ​៕

Advertisement