សហរដ្ឋ​អាម៉េរិក បន្ត​ផ្ដល់ជំនួយ ៥.៥ ពាន់​លាន​ដុល្លារ ដល់ អ៊ុយ​ក្រែ​ន

ក្រុមទាហាន​អ៊ុយក្រែន កំពុង​ទទួល​យក​ជំនួយ​របស់​ សហរដ្ឋ​អាម៉េរិក កាលពី​ខែ​កុម្ភៈ ២០២២

សហរដ្ឋ​អាម៉េរិក នឹង​បន្ត​ផ្ដល់ជំនួយ​ជា​ថវិកា និង​យោធា ៥.៥ ពាន់​លាន​ដុល្លារ ដល់ អ៊ុយ​ក្រែ​ន ដើម្បី​ទប់ទល់​នឹង​វិបត្តិ​នាបច្ចុប្បន្ន។

យោងតាម ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍន៍​អន្តរជាតិ ខ្ទង់​ថវិកា ៤.៥ ពាន់​លាន​ដុល្លារ នឹងត្រូវ​បាន​ប្រើប្រាស់​សម្រាប់​តម្រូវការ​បន្ទាន់​របស់ រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន រួមមាន ការទូទាត់​ប្រាក់ខែ​ចូលនិវត្តន៍ របប​សន្តិសុខ​សង្គម និង​ការថែទាំ​សុខភាព។ ចំណែក ១ ពាន់​លាន​ដុល្លារ​ទៀត​គឺជា​ជំនួយ​យោធា​សម្រាប់ អ៊ុយ​ក្រែ​ន។

ដូច្នេះ ជំនួយ​ដែល សហរដ្ឋ​អាម៉េរិក បានផ្ដល់​ឱ្យ អ៊ុយ​ក្រែ​ន គិត​ចាប់តាំងពី រុស្ស៊ី បើក​ការឈ្លានពាន បាន​កើន​ឡើងដល់ ៨.៥ ពាន់​លាន​ដុល្លារ​អាម៉េរិក។

ខ្ទង់​ជំនួយ​នេះ​នឹង​ត្រូវបាន​ប្រគល់ឱ្យ អ៊ុយ​ក្រែ​ន ទៅតាម​ដំណាក់កាល ក្នុងនោះ ដំណាក់កាល​ដំបូង​គឺ ៣ ពាន់​លាន​ដុល្លារ នៅក្នុង​ខែ​នេះ។

ខ្ទង់​ជំនួយ​ថ្មី​នេះ​ស្ថិតក្នុង​កញ្ចប់​ជំនួយ ៤០ ពាន់​លាន​ដុល្លារ សម្រាប់ អ៊ុយ​ក្រែ​ន ដែល សភា​អាម៉េរិក បានអនុម័ត​រួចហើយ​កាលពី​ខែឧសភា​កន្លងទៅ៕

Advertisement