Category: អន្តរជាតិ

  • យន្តហោះ​ចម្បាំង​កូរ៉េខាងជើង​ ១២ គ្រឿង ចូល​មក​ក្បែរ​ព្រំដែន​កូរ៉េខាងត្បូង

    យន្តហោះ​ចម្បាំង​កូរ៉េខាងជើង​ ១២ គ្រឿង ចូល​មក​ក្បែរ​ព្រំដែន​កូរ៉េខាងត្បូង

    កងទ័ពកូរ៉េខាងត្បូង ប្រកាស​ថា យន្តហោះ​ចម្បាំង​ ១២ គ្រឿង​របស់ កូរ៉េខាងជើង ធ្វើ​សមយុទ្ធ​នៅក្បែរ​ព្រំដែន​ប្រទេស​នេះ ធ្វើ​ឱ្យ​ ទីក្រុង​សេអ៊ូល បញ្ជូន​យន្តហោះ​ចម្បាំង​ ៣០ គ្រឿង​ទៅ​ទប់​ទល់​។

    ក្រុមប្រឹក្សានៃ​សេនាធិការដ្ឋាន​ចម្រុះ​កូរ៉េខាងត្បូង ថ្ងៃ​នេះបាន​ឱ្យដឹង​ថា យន្តហោះចម្បាំង ៨ គ្រឿង និង​យន្តហោះ​ទម្លាក់​គ្រាប់​បែក ៤ គ្រឿង​របស់ កូរ៉េខាងជើង ហោះ​ហើរ​ឆ្ពោះទៅកាន់​ព្រំដែន​ភាគ​ខាង​ជើង​ និង​ត្រូវ​បាន​គេ​ជឿ​ថា ធ្វើ​សមយុទ្ធ​អាកាស​ប្រឆាំង​ដី។

    កូរ៉េខាងត្បូង​ បាន​បញ្ជូន​យន្តហោះ​ចម្បាំង ៣០​ គ្រឿង​ចេញទៅ​ទប់​ទល់សកម្មភាព​របស់ កូរ៉េខាងជើង​។ បច្ចុប្បន្ន ទីក្រុង​ព្យុងយ៉ាង​ មិន​ទាន់​មាន​ប្រតិកម្ម​អ្វីនៅឡើយ ទាក់​ទិន​នឹង​ព័ត៌មាន​នេះ​។

    កូរ៉េខាងជើង ថ្មីៗ​នេះ បាន​ធ្វើ​ការ​បាញ់​ប្លោង​មីស៊ីល​ជា​បន្តបន្ទាប់​។ ប្រទេស​នេះកាលពី​ព្រឹកមិញ​ក៏​បាន​បាញ់​មីស៊ីល​ប្លោង​ ២ គ្រាប់​ទៅ​កាន់​សមុទ្រ​ខាង​កើត​ ដែល​នេះ​ក៏ជា​ការ​បាញ់​មីស៊ីល​លើក​ទី ៦ របស់​​ទីក្រុង​ព្យុងយ៉ាង​ ក្នុង​រង្វង់ ១២ ថ្ងៃ​កន្លង​មក​។

    សហរដ្ឋ​អាម៉េរិក និង កូរ៉េខាងត្បូង ប៉ុន្មាន​សប្ដាហ៍កន្លង​ទៅ​នេះ បាន​បង្កើន​ការ​ធ្វើ​សមយុទ្ធ​រួមគ្នា ដើម្បី​កំញើញ​ កូរ៉េខាងជើង​។ ទីក្រុងព្យុងយ៉ាង បាន​ថ្កោលទោស​ថា នេះ​គឺជា​ «ការ​បង្ក​ភាព​តាន​តឹង​នៅ​ ឧបទ្វីប​កូរ៉េ៕

  • អំពើ​បាញ់​ប្រហារ​​យ៉ាង​​ឃោរឃៅ​នៅ​ក្នុង​មណ្ឌល​កុមារ​ថៃ សម្លាប់​មនុស្ស​យ៉ាង​តិច ៣៤ នាក់​ស្លាប់!

    អំពើ​បាញ់​ប្រហារ​​យ៉ាង​​ឃោរឃៅ​នៅ​ក្នុង​មណ្ឌល​កុមារ​ថៃ សម្លាប់​មនុស្ស​យ៉ាង​តិច ៣៤ នាក់​ស្លាប់!

    ថ្ងៃទី ០៦ តុលា មានករណី​ផ្ទុះ​អាវុធ​ដ៏​ឃោរឃៅ​មួយ​បាន​កើត​ឡើង​នៅ​ក្នុង​មណ្ឌល​កុមារ​មួយ​កន្លែង​ស្ថិត​ក្នុង​ស្រុក Na Klang ខេត្ត Nong Bua Lamphu ភាគ​ខាង​ជើង​ប្រទេស​ថៃ បណ្ដាល​ឱ្យ​មនុស្ស​យ៉ាង​តិច ៣៤ នាក់ បាត់បង់ជីវិត​។

    លោក Archon Kraitong អ្នកនាំពាក្យ​របស់​ប៉ូលិស​ថៃ ឱ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​អ្នក​ស្លាប់​ចំនួន ៣៤ នាក់ ក្នុងនោះ​មាន​ក្មេង​ចំនួន ២២​ នាក់ នៅ​ក្នុងអំពើ​បាញ់ប្រហារ​ខាងលើ នេះ​បើ​តាម​ Reuters។

    រូប​ភាព និង​វីដេអូ​នៅ​កន្លែង​កើត​ហេតុ​បង្ហាញ​ថា មាន​សាកសព​កុមារ​ជា​ច្រើននាក់​​នៅ​ក្នុង​ថ្នាក់​រៀន​។ ខាងក្រៅ​មណ្ឌល​កុមារ​វិញ ក្រុម​អាណាព្យាបាល​ និង​សិស្ស​​កំពុង​តែស្រែក​​ទ្រហោ​យំ ខណៈ​ដែល​រថយន្ត​សង្គ្រោះ​បន្ទាន់​កំពុង​មក​ដល់​។

    យោង​តាម​ក្រុម​មន្ត្រី​ថៃ ជនសង្ស័យ​មាន​ឈ្មោះ​ថា Panya Khamrap អាយុ ៣៤ ឆ្នាំ​។ ជននេះ​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ជួរ​កងកម្លាំង​ប៉ូលិស​កាល​ពី​ឆ្នាំ​ ២០២១ ដោយ​សារ​ប្រើប្រាស់​គ្រឿង​ញៀន​។ ករណី​បាញ់​ប្រហារ​នេះ​កើត​ឡើង​នៅ​ម៉ោង​ ១២ កន្លះ​ថ្ងៃ​នេះ មួយ​ថ្ងៃ​មុន​ពេល​ជនសង្ស័យ​ត្រូវ​ឡើង​តុលាការ​។

    អ្នក​នាំពាក្យ​រដ្ឋាភិបាល​ថៃ ឱ្យ​ដឹង​ថា នាយករដ្ឋមន្ត្រី​ប្រទេស​នេះ​បាន​ស្នើ​ឱ្យ​គ្រប់​ស្ថាប័ន​សមត្ថកិច្ច​ ធ្វើ​សកម្មភាព​បន្ទាន់​ដើម្បី​ចាប់​ខ្លួន​ជនដៃដល់​ក្នុង​រយៈ​ពេល​ខ្លី​បំផុត​។

    ក្រោយ​ពី​បង្កហេតុ​ ជន​នេះ​បាន​បាញ់​សម្លាប់​ប្រពន្ធ​ កូន និង​រត់គេច​ខ្លួន​តាម​រថយន្ត​ Vigo 4 ដែល​មាន​ស្លាកលេខចុះ​ឈ្មោះ​នៅ​ Bangkok។

    ក៏ប៉ុន្តែ ក្រោយ​មក​ទៀត សមត្ថកិច្ច​ថៃ​ ក៏បាន​ប្រកាស​ថា ជនសង្ស័យ​ Panya Khamrap បាន​សម្លាប់​ខ្លួន​បន្ទាប់​ពី​រត់​គេច​ពីប៉ូលិស​។

     

  • អ្នកអវកាស​រុស្ស៊ី «ធ្វើ​ដំណើរ​ដោយ​សារ» យាន​អវកាស​ SpaceX ឡើង​ទៅ​កាន់ស្ថានីយ ISS

    អ្នកអវកាស​រុស្ស៊ី «ធ្វើ​ដំណើរ​ដោយ​សារ» យាន​អវកាស​ SpaceX ឡើង​ទៅ​កាន់ស្ថានីយ ISS

    យាន​អវកាស​ Dragon Endurance ដឹកក្រុម​​អ្នក​ដំណើរ​ Crew-5 ហោះ​ឡើង​​តាម​រយៈ​កាំជ្រួច​ Falcon 9 ដែល​បាញ់​ចេញ​ពី​ប្រព័ន្ធ​បាញ់​បង្ហោះ 39A នៅ​មជ្ឈមណ្ឌល​អវកាស Kennedy របស់ ណាសា កាល​ពី​ម៉ោង ២៣ ថ្ងៃទី ០៥ តុលា (ម៉ោង​នៅ កម្ពុជា)​។

    យាន​អវកាស​របស់ SpaceX ចាប់​ផ្ដើម​ជើង​ហោះ​ហើរ​ ២៩ ម៉ោង ទៅកាន់​ស្ថានីយ​អវកាស​នៅ​លើ​គន្លង​គោចរ​ផែនដី​។ អវកាស​ចរ​ ៤ នាក់ រួម​មាន Nicole Mann និង Josh Cassada របស់ ណាសា, អ្នក​អវកាស​ជនជាតិ​ជប៉ុន Koichi Wakata និង​អ្នក​អវកាសរុស្ស៊ី​ Anna Kikina។

    ជើង​ហោះ​ហើរ​នេះ​បាន​ធ្វើ​ឱ្យ​ Mann ក្លាយ​ជា​ស្ត្រី​ជន​ជាតិ​ដើម​ភាគ​តិច​របស់ សហរដ្ឋ​អាម៉េរិក ដំបូង​គេ​ ដែល​ហោះ​​ឡើង​ទៅ​កាន់ស្ថានីយអវកាស​អន្តរជាតិ (ISS) និង Kikina ក្លាយ​ជា​អ្នក​អវកាស​រុស្ស៊ី​ ដំបូង​ ដែល​ហោះ​ទៅ​កាន់​ទីអវកាស​តាម​រយៈ​យានអវកាស​​ឯកជន​របស់ សហរដ្ឋ​អាម៉េរិក​។

    ប្រហែល ៩.៥ នាទី​ បន្ទាប់​ពី​បាន​បាញ់​បង្ហោះ កំណាត់​ដំបូង​របស់​រ៉ុក្កែត Falcon 9 បាន​ចុះ​ចត​នៅ​លើ Just Read the Instructions ដែល​ជា​ស្រឡាង​គ្មាន​មនុស្ស​បើកបរ​របស់ SpaceX ចត​នៅ​លើ​មហា​សមុទ្រ​អាត្លង់ទិច ក្នុង​ដែន​ទឹក​របស់​ រដ្ឋ Florida សហរដ្ឋ​អាម៉េរិក​។ នេះ​គឺជា​ការ​ចុះ​ចត​ដំបូង​របស់​កំណាត់​រុញ​ច្រាន​នេះ​។

    ក្រោយ​ការ​ហោះ​ឡើង​បាន​ ២ នាទី និង ៤០ វិនាទី ម៉ាស៊ីន​រ៉ុក្កែត​បាន​ផ្អាក​ដំណើរ​ការ​។ កំណាត់​​លើ​របស់ Falcon 9 បាន​ផ្ដាច់​ខ្លួន​ពី​កំណាត់​ដំបូង​។ ២០ នាទី​ក្រោយ​មក យាន​ Dragon Endurance បាន​ផ្ដាច់​ខ្លួន​ពី​កំណាត់​លើ​ដូច​ការ​គ្រោង​ទុក​ និង​ចាប់​ផ្ដើម​ដេញ​តាម​ ISS។

    តាម​ផែនការ យាន​ Dragon Endurance នឹង​ភ្ជាប់​ខ្លួន​ទៅ​នឹង​ ISS មុន​ម៉ោង​ ៤ ព្រឹក​ថ្ងៃទី ០៧ តុលា​។ ក្រុម​អ្នក​អវកាស​នៅ​លើ​យាន​​នេះ​នឹង​រស់​នៅ​លើ​ ISS ក្នុង​រយៈ​ពេល ៥ ខែ​ និង​ធ្វើ​ការ​ពិសោធ​ផ្នែក​វិទ្យា​សាស្ត្រ​ រួម​នឹង​ការ​ងារ​ជា​ច្រើន​ផ្សេង​ទៀត​។

    បច្ចុប្បន្ន ISS មាន​អ្នក​អវកាស​ចំនួន ៧ នាក់ ហើយ​នៅ​ពេល​ក្រុម​​អវកាសចរ​ថ្មីបាន​​ចូល​​ទៅ​ដល់ ស្ថានីយ​អវកាស​អន្តរ​ជាតិ​​នេះ​នឹង​មាន​អ្នក​ធ្វើ​ការ​សរុប​ ១១ នាក់​៕

  • កូរ៉េខាងជើង បាញ់​មីស៊ីល​ ដែល​មាន​គន្លង​ហោះហើរ​ខុស​ធម្មតា

    កូរ៉េខាងជើង បាញ់​មីស៊ីល​ ដែល​មាន​គន្លង​ហោះហើរ​ខុស​ធម្មតា

    កូរ៉េខាងជើង បាន​បាញ់​ប្លោង​មីស៊ីល​រយៈ​ចម្ងាយ​ជិតចំនួន​ ២ គ្រាប់​ ​ទៅ​កាន់​តំបន់​សមុទ្រ​ ក្នុង​នោះ មាន​ ១ គ្រាប់​ត្រូវ​បាន​គេ​ជឿ​ថា មានគន្លង​ហោះ​ហើរ​ខុស​ប្រក្រតី​។

    នាព្រឹក​នេះ កូរ៉េខាងជើង បាន​បាញ់​ប្លោង​មីស៊ីល​រយៈ​ចម្ងាយ​ខ្លី​ ២ គ្រាប់​ ទៅ​កាន់​តំបន់សមុទ្រ​ភាគ​ខាង​កើត​ប្រទេស​ ក្រោយ​ពី​ សហរដ្ឋ​អាម៉េរិក និង​ កូរ៉េខាងត្បូង​ ធ្វើ​សមយុទ្ធ​បាញ់​មីស៊ីល​ និង​ វ៉ាស៊ីងតោន​ បញ្ជូន​ក្រុម​ប្រយុទ្ធ​នាវា​ផ្ទុក​យន្តហោះ USS Ronald Reagan ត្រលប់​មក​កាន់​តំបន់​នេះ​ បន្ទាប់​ពី​ ទីក្រុង​ព្យុងយ៉ាង​ បាន​សាកល្បង​មីស៊ីលមុននោះ​។

    រដ្ឋមន្ត្រី​ការ​ពារជាតិ​ជប៉ុន Yasukazu Hamada ឱ្យ​ដឹង​ថា មីស៊ីល​ដំបូង​ហោះ​ហើរ​កម្ពស់​ ១០០ គីឡូម៉ែត្រ និង​ហោះ​បាន​ចម្ងាយ​ ៣៥០ គីឡូម៉ែត្រ​ ខណៈ​ដែល​គ្រាប់​ទីពីរ​ហោះ​កម្ពស់​ ៥០ គីឡូម៉ែត្រ​ ​ចម្ងាយ​ ៨០០ គីឡូម៉ែត្រ​ និង​អាច​ «ប្រើប្រាស់​គន្លង​គោចរ​មិន​ធម្មតា» នៅ​ក្នុង​ការ​ហោះហើរ​។ «កូរ៉េខាងជើង បាន​បង្ក​ភាព​តាន​តឹង​ដោយ​ឯកតោ​ភាគី​ ពិសេស​គឺ​ចាប់​ពី​ដើម​ឆ្នាំ​នេះ» លោក Hamada ថ្លែង​ដូច្នេះ​។

    នេះ​គឺជា​ការ​សាកល្បង​មីស៊ីល​លើក​ទី ៦ របស់ កូរ៉េខាងជើង ក្នុង​រយៈ​ពេល ១២ ថ្ងៃ​កន្លង​ទៅ​ និង​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​ប្រទេស​នេះ​បាន​បាញ់មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​រំលង​ទឹកដី​របស់ ជប៉ុន បាន​ ២ ថ្ងៃ​។ «នោះ​គឺជា​រឿង​ដែល​មិន​អាច​ទទួល​យក​បាន​» នាយក​រដ្ឋមន្ត្រី​ជប៉ុន Fumio Kishida ថ្លែង​នា​ព្រឹក​នេះ​ដូច្នេះ​។

  • អ៊ុយក្រែន​ ប្រកាស​ចាប់​ផ្ដើមយុទ្ធនាការ​​រំដោះ​ខេត្ត Lugansk

    អ៊ុយក្រែន​ ប្រកាស​ចាប់​ផ្ដើមយុទ្ធនាការ​​រំដោះ​ខេត្ត Lugansk

    អភិបាល​ខេត្ត Lugansk នៃ​ រដ្ឋាភិបាល​អ៊ុយក្រែន ប្រកាស​ថា កងទ័ព​ដណ្ដើម​បាន​ទឹកដី​មួយចំនួន​នៅ​ក្នុង​ខេត្ត​នេះ​ ពី​ ដៃកងទ័ព​​រុស្ស៊ី​។

    «យុទ្ធនាការ​រំដោះ​ Lugansk ចាប់​ផ្ដើមជា​ផ្លូវ​ការ​។ តំបន់​មួយ​ចំនួន​ត្រូវ​បាន​រំដោះ​ពីដៃ​របស់​ កងទ័ព​រុស្ស៊ី​។ ទាហាន​រុស្ស៊ី​ ទាំង​អស់​សុទ្ធ​តែ​ដឹង​ថា ពួក​គេ​មិន​អាច​គេច​ពី​ការ​វាយ​បក​ ហើយ​ពួក​គេ​កំពុង​ត្រូវ​បាន​វាយ​ឱ្យ​បរាជ័យ​» អភិបាល​ខេត្ត Lugansk លោក Serhiy Gaidai នៃ​រដ្ឋាភិបាល​របស់ អ៊ុយក្រែន ថ្លែង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ជាតិ​កាល​ពី​ថ្ងៃទី ០៥ តុលា​។

    លោក Serhiy Gaidai អំពាវនាវ​ដល់​ប្រជាជន​ដែល​បាន​ភៀស​ខ្លួន​ពី​ Lugansk កាល​ពី​ដើម​ឆ្នាំ​ កុំអាល​ប្រញាប់​ត្រលប់​មក​វិញ ដោយ​សន្យា​ថា នឹង​ប្រកាស​ពេល​វេលា​ជាក់​លាក់​សម្រាប់​ការ​វិល​ត្រលប់​នេះ​។ លោក​ថា ប្រជាជន​នៅ​ក្នុង​បណ្ដា​តំបន់​ដែល​កំពុង​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​ រុស្ស៊ី ក៏គួរ​តែ​ភៀស​ខ្លួន​ចេញពី​សមរភូមិ​ ឬ​ស្វែង​រក​ទីសុវត្ថិភាព​។

    រូប​ភាព​បង្ហោះ​លើ​បណ្ដាញ​សង្គម​បង្ហាញ​ថា កងទ័ព​អ៊ុយក្រែន កំពុង​ស្ថិត​នៅ​ក្នុង​ភូមិ​មួយ​ក្នុង​ខេត្ត Lugansk បន្ទាប់​ពី​បាន​សម្រុក​ចូល​តាម​ខេត្ត Donetsk ដែល​នៅ​ក្បែរ​នោះ​។ ក្នុង​រូប​ថត​​គឺជា​ក្រុម​ទាហាន​កំពុង​កាន់​ទង់​ជាតិ​អ៊ុយក្រែន​ ឈរ​ជុំ​វិញ​ស្លាកសញ្ញា​បង្ហាញ​ផ្លូវ​នៅក្នុង​​ភូមិ Hrekivka។

    រុស្ស៊ី គ្រប់គ្រងទឹក​ដី​​ស្ទើរ​តែ​ទាំង​អស់​របស់​ខេត្ត Lugansk ក្រោយ​ពី​ដណ្ដើម​បាន​ទីក្រុង​ Severodonetsk និង Lysychansk កាលពី​ខែ​កក្កដា ២០២២​។

    រដ្ឋាភិបាល​របស់​លោក ពូទីន បាន​ប្រកាស​បញ្ចូល​ខេត្ត​ Lugansk រួម​នឹង​ខេត្ត Donetsk, Zaporizhzhia និង Kherson របស់ អ៊ុយក្រែន ទៅ​ក្នុង​ទឹក​ដី​របស់​ រុស្ស៊ី​ កាល​ពី​ប៉ុន្មាន​ថ្ងៃ​នេះ ធ្វើ​ឱ្យ អ៊ុយក្រែន ​បើក​ការ​វាយ​បកយ៉ាង​ខ្លាំង​ក្លា ដើម្បី​រំដោះមក​វិញ​៕

  • មន្ត្រី​រុស្ស៊ី​ សាទរ​សំណើ​សន្តិភាព​សម្រាប់​ អ៊ុយក្រែន របស់មហា​សេដ្ឋី​អាម៉េរិក អ៊ីឡុន ម៉ាស

    មន្ត្រី​រុស្ស៊ី​ សាទរ​សំណើ​សន្តិភាព​សម្រាប់​ អ៊ុយក្រែន របស់មហា​សេដ្ឋី​អាម៉េរិក អ៊ីឡុន ម៉ាស

    វិមាន​ក្រឹម​ឡាំង សាទរ​ចំពោះ​មហា​សេដ្ឋី​អាម៉េរិកដើម​កំណើត​អាហ្វ្រិក​ខាងត្បូង លោក អ៊ីឡុន​ ម៉ាស ដែល​បាន​លើក​សំណើ​សម្រាប់​សន្តិភាព​ដើម្បី​បញ្ចប់​សង្គ្រាម​រវាង រុស្ស៊ី​ និង​ អ៊ុយក្រែន​ បន្ទាប់​ពី​ ទីក្រុង​កៀវ រិះគន់​គំនិត​នេះ​។

    «ពិត​ជា​រឿង​ល្អ នៅ​ពេល​បុរស​ម្នាក់​ដូច​លោក អ៊ីឡុន​ ម៉ាស (Elon Musk) កំពុង​ស្វែង​រក​ដំណោះ​ស្រាយ​សន្តិភាព​» អ្នក​នាំពាក្យ​របស់​ វិមាន​ក្រឹមឡាំង Dmitry Peskov និយាយ​ដូច្នេះ​កាលពី​ថ្ងៃទី ០៤ តុលា​។

    «ខុស​ពី​អ្នក​ការ​ទូត​អាជីព​ជា​ច្រើន​រូប​ លោក អ៊ីឡុន ម៉ាស​ កំពុង​ស្វែង​រក​វិធី​ដើម្បី​សម្រេច​បាន​សន្តិភាព​។ ការ​សម្រេច​បាន​សន្តិភាព​ដោយ​មិន​ឆ្លើយ​តប​តាម​លក្ខខណ្ឌ​របស់ រុស្ស៊ី គឺជា​ប្រការ​មិន​អាច​ទៅរួច» លោក Peskov បន្ថែម​។

    លោក អ៊ីឡុន ម៉ាស កាលពី​ថ្ងៃទី ០៣ តុលា បាន​បង្ហោះ​លើ​ Twitter នូវ​សំណើ​មួយ​ដែល​ស្នើ​ឱ្យ​ អ៊ុយក្រែន ទទួល​ស្គាល់​ថា គ្រីមៀ គឺជា​ទឹក​ដី​របស់ រុស្ស៊ី និង​ធ្វើ​ប្រជាមតិ​ឡើង​វិញ​ក្រោម​ការ​គ្រប់​គ្រង​របស់​ អង្គការ​សហប្រជាជាតិ​ នៅក្នុង​​ ៤ តំបន់​របស់ អ៊ុយក្រែន​ ដែល រុស្ស៊ី ទើប​តែ​បាន​រឹប​អូស​ ហើយ​ ទីក្រុង​កៀវ​ ត្រូវ​តែ​រក្សា​អព្យាក្រឹត​ភាព​។ លោក ម៉ាស ក៏​បាន​អំពាវ​នាវ​ដល់​អ្នក​លេង​បណ្ដាញ​សង្គមឱ្យ​ចូល​រួម​បោះ​ឆ្នោត​សម្រាប់​​សំណើ​របស់​លោក ដោយ​ការ​ជ្រើស​រើស​យក​ «យល់​ព្រម» ឬ​ «ប្រឆាំង»។

    សំណើ​របស់​មហា​សេដ្ឋី អ៊ីឡុន​ ម៉ាស ត្រូវ​បាន​ក្រុម​មន្ត្រី​របស់ អ៊ុយក្រែន និង​អ្នកការទូត​ជា​ច្រើន​រិះ​គន់​យ៉ាង​ខ្លាំង​ក្លា​។ គិត​មក​ដល់​ថ្ងៃទី ០៤ តុលា​ សំណើ​របស់ អ៊ីឡុន​ ម៉ាស ទទួល​បាន​ការ​ចូល​រួមបោះ​ឆ្នោត​​ជ្រើស​រើស​ប្រមាណ ២.៥ លាន​លើក​ ក្នុង​នោះ​មាន ៦៩% ប្រឆាំង​៕

  • បវរកញ្ញា​នៅ គ្រីមៀ ត្រូវ​ រុស្ស៊ី ដាក់​ទោស ព្រោះ​តែ​ច្រៀង​ចម្រៀងរបស់ ​អ៊ុយក្រែន

    បវរកញ្ញា​នៅ គ្រីមៀ ត្រូវ​ រុស្ស៊ី ដាក់​ទោស ព្រោះ​តែ​ច្រៀង​ចម្រៀងរបស់ ​អ៊ុយក្រែន

    បវរកញ្ញា​ស្ត្រី​មេផ្ទះ​គ្រីមៀ ត្រូវ​អាជ្ញាធរ​ដាក់​ទោស «ព្រោះ​តែ​ធ្វើ​ឱ្យ​បាត់បង់​កេរ្ដិ៍​ឈ្មោះ​របស់កងទ័ពរុស្ស៊ី» ដោយ​សារ​ច្រៀង​បទ​ចម្រៀង​ដែល​បង្ហាញ​អំពី​ទឹក​ចិត្ត​ស្នេហា​ជាតិ​របស់ អ៊ុយក្រែន​។

    Olga Valeyeva ជយ​លាភី​ក្នុង​ការ​ប្រកួត​ដណ្ដើម​តំណែង​បវរកញ្ញា​ស្ត្រី​មេផ្ទះ​គ្រីមៀ ២០២២ រួម​នឹង​មិត្ត​ម្នាក់​ទៀត បាន​ច្រៀង​បទ​ចម្រៀង​ដ៏ល្បី​ឈ្មោះ Chervona Kalyna របស់ អ៊ុយក្រែន នៅ​លើ​រាន​ហាល។ វីដេអូ​ស្ដីពីពួក​គេ​ត្រូវ​បាន​បង្ហោះ​លើ Stories របស់ Instagram និង​ត្រូវ​បាន​លុប​ដោយ​ស្វ័យ​ប្រវត្ត​ក្នុង​រយៈ​ពេល ២៤ ម៉ោង​។

    ស្ថាប័ន​មហា​ផ្ទៃ​គ្រីមៀ (Crime/គ្រីមៀ ជា​ឧបទ្វីប​របស់ អ៊ុយក្រែន ​ដែល​ត្រូវ​បាន​ រុស្ស៊ី រឹបអូស​កាលពី​ឆ្នាំ​ ២០១៤) កាលពី​ថ្ងៃទី ០៣ តុលា បាន​ឱ្យ​ដឹង​ថា បទ​ចម្រៀង​ដែល​ស្ត្រី​ទាំង​ពីរ​រូប​ខាងលើ​ច្រៀង «គឺជា​បទ​លើក​ទឹក​ចិត្ត​ឱ្យ​ប្រយុទ្ធ​របស់​ក្រុម​ជ្រុល​និយម​មួយ​ក្រុម​» និង​ចោទ​ថា ធ្វើ​ឱ្យ​បាត់បង់​កិត្យានុភាព​កងទ័ព​រុស្ស៊ី និង​ផ្សព្វផ្សាយ​ជា​សាធារណៈ​នូវ​និមិត្ត​រូប​ហ្វាស៊ីស​​។

    Crime/គ្រីមៀ ជា​ឧបទ្វីប​របស់ អ៊ុយក្រែន ​ដែល​ត្រូវ​បាន​ រុស្ស៊ី រឹបអូស​កាលពី​ឆ្នាំ​ ២០១៤

    ប៉ូលិស​គ្រីមៀ ឱ្យ​ដឹង​ថា Valeyeva ត្រូវ​បាន​ពិន័យ​ជា​ប្រាក់​ ៤០,០០០ រូប្ល (៦៨៤ ដុល្លារ​អាម៉េរិក) ចំណែក​មិត្ត​របស់​នាង ត្រូវ​ឃុំ​ខ្លួន​ ១០ ថ្ងៃ​៕

  • ប្រធានាធិបតី​អ៊ុយក្រែន ហ្សេឡែនស្គី ចុះហត្ថលេខា​លើ​បទ​បញ្ជា «ហាម​ការ​​​ចរចា​​ជា​មួយ​​លោក​ ​ពូទីន»

    ប្រធានាធិបតី​អ៊ុយក្រែន ហ្សេឡែនស្គី ចុះហត្ថលេខា​លើ​បទ​បញ្ជា «ហាម​ការ​​​ចរចា​​ជា​មួយ​​លោក​ ​ពូទីន»

    ប្រធានាធិបតី​អ៊ុយក្រែន លោក ហ្សេឡែនស្គី បាន​ចុះហត្ថលេខា​លើ​បទ​បញ្ជា​មួយ​ដែល​ហាម​ឃាត់​រាល់​លទ្ធភាព​ចរចា​ជាមួយ​លោក ពូទីន ប៉ុន្តែ ទុក​ផ្លូវ​សម្រាប់​ការ​ចរចា​ជាមួយ​ «ប្រធានាធិបតី​ផ្សេង​របស់ រុស្ស៊ី»។

    «អ៊ុយក្រែន សម្រេច​ចិត្ត​ថា ការ​ចរចា​ជាមួយ​ ប្រធានាធិបតី​រុស្ស៊ី វ្ល៉ាឌីមៀ ពូទីន គឺជា​រឿង​មិន​អាច​ទៅ​រួច» ប្រការ​ទី ១ នៅ​ក្នុង​បទបញ្ជា​លេខ ៦៧៩ ដែល​ត្រូវ​បាន​លោក ហ្សេឡែស្គី ចុះហត្ថលខា​កាលពី​ម្សិល​មិញ​ មាន​ឃ្លា​សរសេរ​ដូច្នេះ​។

    បទបញ្ជា​នេះ​ហាម​ឃាត់​រាល់​លទ្ធភាព​ដែល​ អ៊ុយក្រែន អាច​ធ្វើ​ការ​ចរចា​ជាមួយ រុស្ស៊ី នៅ​ពេល​លោក ពូទីន នៅ​តែ​កាន់​អំណាច។

    លោក ពូទីន វ័យ​ជិត​ដល់ ៧០ បាន​ដឹក​នាំ​ ប្រទេស​រុស្ស៊ី ក្នុង​រយៈ​ពេល​​ជាង​ ២ ទសវត្សរ៍​មក​ហើយ និង​អាច​បន្ត​ឈរ​ឈ្មោះ​ជា​បេក្ខ​ភាព​ប្រធានាធិបតី​​ ២ អាណត្តិ​បន្ថែម​ទៀត​ ដោយ​យោង​ទៅ​តាម​រដ្ឋធម្មនុញ្ញ ដែល​ប្រការ​នេះ​នឹង​ជួយ​ឱ្យ​លោក​អាច​កាន់​អំណាច​រហូតដល់​ឆ្នាំ​ ២០៣៦។

    បទបញ្ជា​របស់​លោក ហ្សេឡែស្គី ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​គ្រាដែល​កងទ័ព​របស់ អ៊ុយក្រែន វាយបំបែក​ខ្សែ​ការពារ​ជួរ​មុខ​របស់ រុស្ស៊ី នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ និង​បើក​ការ​វាយ​ប្រហារ​នៅ​ភាគ​ខាង​កើត​ ដណ្ដើម​បាន​តំបន់​មួយ​ចំនួន​ដែល​ រុស្ស៊ី​ ទើប​តែ​បាន​ធ្វើ​ប្រជាមតិ​រឹប​អូស​៕

  • សហរដ្ឋ​អាម៉េរិក ផ្ដល់​ជំនួយ​បន្ថែម​ជាង ៦០០ លាន​ដុល្លារ​ ដល់​ អ៊ុយក្រែន​

    សហរដ្ឋ​អាម៉េរិក ផ្ដល់​ជំនួយ​បន្ថែម​ជាង ៦០០ លាន​ដុល្លារ​ ដល់​ អ៊ុយក្រែន​

    ប្រធានាធិបតី​ ចូ បៃដិន ប្រកាស​ថា សហរដ្ឋ​អាម៉េរិក នឹង​ផ្ដល់ជំនួយ​សន្តិសុខ​បន្ថែម​​​​តម្លៃ​ ៦២៥ លាន​ដុល្លារ​ ដល់​ អ៊ុយក្រែន ក្នុង​នោះ​មាន​ទាំងប្រព័ន្ធ​មីស៊ីល​ HIMARS ផងដែរ​។

    នៅ​ក្នុង​ការ​ពិភាក្សា​តាម​ទូរស័ព្ទ​ជាមួយ​ ប្រធានាធិបតី​អ៊ុយក្រែន ប្រធានាធិបតី​អាម៉េរិក លោក ចូ បៃដិន បាន​ថ្លែង​ថា ទីក្រុង​វ៉ាស៊ីងតោន សន្យា​ថា «បន្ត​ជួយ​ដល់​ អ៊ុយក្រែន ដើម្បី​ឱ្យ​ប្រទេស​នេះ​អាច​ការ​ពារ​ខ្លួន​នៅ​ចំពោះ​មុខ​ រុស្ស៊ី ក្នុង​ពេល​ចាំបាច់» នេះ​បើ​តាម​ប្រកាស​របស់​ សេតវិមាន​។

    កញ្ចប់​ជំនួយ​តម្លៃ​ ៦២៥ លាន​ដុល្លារ​នេះ រួម​មាន ប្រព័ន្ធ​​ HIMARS ចំនួន ៤ គ្រឿង អម​ជាមួយ​មីស៊ីល, កាំភ្លើង​ធំ​ Howitzer ៣២ គ្រឿង រួម​នឹង​​គ្រាប់​កាំភ្លើង​ និង​រថពាស​ដែក​ជា​ដើម​។ គិត​មក​ដល់​ពេល​នេះ សហរដ្ឋ​អាម៉េរិក បាន​សន្យា​ផ្ដល់​ជំនួយ​​ជា​អាវុធ HIMARS ចំនួន ២០ គ្រឿង​ សម្រាប់​ អ៊ុយក្រែន​។

    ប្រធានាធិបតី​អ៊ុយក្រែន លោក ហ្សេឡែនស្គី បាន​អរគុណ្យ​ដល់​សមភាគី​អាម៉េរិក ព្រោះ​បាន​ «បន្ត​ផ្ដល់​ជំនួយ​ផ្នែក​ការ​ពារ​ជាតិ​ និង​ហិរញ្ញវត្ថុ» ដល់​ អ៊ុយក្រែន​។

    ខ្ទង់​ប្រាក់ជាង ៦០០​ លាន​ដុល្លារ​ខាង​លើគឺជា​កញ្ចប់​ជំនួយ​ដំបូង​របស់ សហរដ្ឋ​អាម៉េរិក រាប់​ចាប់​តាំង​ពី រុស្ស៊ី ប្រកាស​រឹប​អូស​​ទឹក​ដី​ ៤ ខេត្តរបស់ អ៊ុយក្រែន។

    រដ្ឋាភិបាល​របស់​លោក បៃដិន បាន​ផ្ដល់​ជំនួយ​ជាង ១៦.៨ ពាន់​លាន​ដុល្លារ​ដល់ ទីក្រុង​កៀវ ចាប់​តាំង​ពី​ រុស្ស៊ី បើក​យុទ្ធនាការ​យោធាពិសេស​នៅ​ អ៊ុយក្រែន​ កាល​ពី​ថ្ងៃទី ២៤ កុម្ភៈ ២០២២៕

  • មន្ត្រី​នៅ​ សេតវិមាន ព្យាករ​ថា រុស្ស៊ី នឹង​បរាជ័យ​ធំនៅ Kherson

    មន្ត្រី​នៅ​ សេតវិមាន ព្យាករ​ថា រុស្ស៊ី នឹង​បរាជ័យ​ធំនៅ Kherson

    ជំនួយ​ការ​របស់ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារជាតិ​អាម៉េរិក បាន​អះអាង​ថា រុស្ស៊ី ប្រឈម​មុខ​នឹង​ហានិភ័យបរាជ័យ​ធំ​ នៅ​ពេល​ត្រូវ​បាន​ អ៊ុយក្រែន វាយ​ខ្ទាត​ចេញពី​ឆ្នេរ​ខាង​លិច​នៃ​ទន្លេ Dnieper។

    នៅក្នុង​ព្រឹត្តិការណ៍​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​យុទ្ធសាស្ត្រ​ និង​អន្តរជាតិ​ (CSIS) កាលពី​ថ្ងៃទី ០៣ តុលា Celeste Wallander ជំនួយ​ការ​របស់​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារជាតិ​អាម៉េរិក ទទួល​បន្ទុក​សន្តិសុខ​អន្តរជាតិ អះអាង​ថា អ៊ុយក្រែន កំពុង​តែ​ស្ថិត​នៅ​លើ​ឈ្នាន់​រុញ​ច្រាន​កងកម្លាំង​របស់ រុស្ស៊ី នៅ​ឆ្នេរ​ខាង​លិច​របស់​ទន្លេ Dnieper។

    «នោះ​នឹង​ជា​បរាជ័យ​ធំ​ចំពោះ​ រុស្ស៊ី ព្រោះ​ថា ប្រការ​នេះ​នឹង​កាន់​តែ​រាំង​ស្ទះ​ដល់​ការ​គ្រប់​គ្រង​របស់ រុស្ស៊ី នៅ Odessa ដែល​ជា​គោល​ដៅ​មួយ​ក្នុង​ចំណោម​គោលដៅ​ដែល​ពួក​គេ​បានដាក់​ចេញ​កាល​ពី​ដើម​ឆ្នាំ​នេះ​។ អ៊ុយក្រែន មាន​ទីតាំង​ការ​ពារ​បន្ថែម​ដើម្បី​ទប់​ទល់​នឹង​ការ​វាយ​ប្រហារ​ខ្លាំង​ក្លា​ដែល​គ្រោង​នឹង​កើត​ឡើង​នៅ​ក្នុង​រដូវ​រងា​» លោក​ស្រី Wallander បន្ថែមដូច្នេះ​ និង​បាន​អំពាវនាវ​ដល់​ សហរដ្ឋ​អាម៉េរិក និង​សហគមន៍​អន្តរជាតិ​បន្ត​ជួយដល់​ អ៊ុយក្រែន​។

    ភាគី​ខាង​រុស្ស៊ី មិន​ទាន់​មាន​ការ​អធិប្បាយ​អ្វី​ឆ្លើយ​តប​នឹង​មតិ​របស់​លោកស្រី Wallander នៅ​ឡើយ​។ បច្ចុប្បន្ន ទីក្រុង​មូស្គូ គ្រប់គ្រង​ទឹក​ដី​ស្ទើរ​តែ​ទាំង​អស់​នៅ Kherson និង​បាន​ប្រកាស​ច្របាច់​បញ្ចូល​ខេត្ត​នេះ​ទៅ​ក្នុង​ទឹក​ដី​រុស្ស៊ី​ រួច​ហើយ​។

    មតិ​របស់​លោក​ស្រី Wallander ត្រូវ​បាន​លើក​ឡើង​បន្ទាប់​ពី​មាន​ព័ត៌មាន​ថា អ៊ុយក្រែន​ បាន​បើក​ការ​វាយប្រហារ​នៅក្នុង​ខេត្ត Kherson ក្នុងនោះ​មាន​អង្គភាព​មួយ​បាន​វាយ​បំបែក​ខ្សែ​ការ​ពារ​ និង​បាន​រុល​ទៅ​ជ្រៅ​តាម​បណ្ដោយ​ទន្លេ​ Dnieper ឆ្ពោះ​ទៅ​កាន់ Dudchany។

    ការ​វាយ​ប្រហារ​នៅក្នុង​ខេត្ត Kherson របស់ កងកម្លាំង​អ៊ុយក្រែន ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​គ្រាដែល​តំបន់ Donbass កំពុង​មាន​ការ​ប្រយុទ្ធ​គ្នាយ៉ាង​សាហាវ​។