ប្រធានាធិបតី​អ៊ុយក្រែន ហ្សេឡែនស្គី ចុះហត្ថលេខា​លើ​បទ​បញ្ជា «ហាម​ការ​​​ចរចា​​ជា​មួយ​​លោក​ ​ពូទីន»

ប្រធានាធិបតី​អ៊ុយក្រែន លោក ហ្សេឡែនស្គី

ប្រធានាធិបតី​អ៊ុយក្រែន លោក ហ្សេឡែនស្គី បាន​ចុះហត្ថលេខា​លើ​បទ​បញ្ជា​មួយ​ដែល​ហាម​ឃាត់​រាល់​លទ្ធភាព​ចរចា​ជាមួយ​លោក ពូទីន ប៉ុន្តែ ទុក​ផ្លូវ​សម្រាប់​ការ​ចរចា​ជាមួយ​ «ប្រធានាធិបតី​ផ្សេង​របស់ រុស្ស៊ី»។

«អ៊ុយក្រែន សម្រេច​ចិត្ត​ថា ការ​ចរចា​ជាមួយ​ ប្រធានាធិបតី​រុស្ស៊ី វ្ល៉ាឌីមៀ ពូទីន គឺជា​រឿង​មិន​អាច​ទៅ​រួច» ប្រការ​ទី ១ នៅ​ក្នុង​បទបញ្ជា​លេខ ៦៧៩ ដែល​ត្រូវ​បាន​លោក ហ្សេឡែស្គី ចុះហត្ថលខា​កាលពី​ម្សិល​មិញ​ មាន​ឃ្លា​សរសេរ​ដូច្នេះ​។

បទបញ្ជា​នេះ​ហាម​ឃាត់​រាល់​លទ្ធភាព​ដែល​ អ៊ុយក្រែន អាច​ធ្វើ​ការ​ចរចា​ជាមួយ រុស្ស៊ី នៅ​ពេល​លោក ពូទីន នៅ​តែ​កាន់​អំណាច។

លោក ពូទីន វ័យ​ជិត​ដល់ ៧០ បាន​ដឹក​នាំ​ ប្រទេស​រុស្ស៊ី ក្នុង​រយៈ​ពេល​​ជាង​ ២ ទសវត្សរ៍​មក​ហើយ និង​អាច​បន្ត​ឈរ​ឈ្មោះ​ជា​បេក្ខ​ភាព​ប្រធានាធិបតី​​ ២ អាណត្តិ​បន្ថែម​ទៀត​ ដោយ​យោង​ទៅ​តាម​រដ្ឋធម្មនុញ្ញ ដែល​ប្រការ​នេះ​នឹង​ជួយ​ឱ្យ​លោក​អាច​កាន់​អំណាច​រហូតដល់​ឆ្នាំ​ ២០៣៦។

បទបញ្ជា​របស់​លោក ហ្សេឡែស្គី ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​គ្រាដែល​កងទ័ព​របស់ អ៊ុយក្រែន វាយបំបែក​ខ្សែ​ការពារ​ជួរ​មុខ​របស់ រុស្ស៊ី នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ និង​បើក​ការ​វាយ​ប្រហារ​នៅ​ភាគ​ខាង​កើត​ ដណ្ដើម​បាន​តំបន់​មួយ​ចំនួន​ដែល​ រុស្ស៊ី​ ទើប​តែ​បាន​ធ្វើ​ប្រជាមតិ​រឹប​អូស​៕

Advertisement