អ៊ុយក្រែន​ ប្រកាស​ចាប់​ផ្ដើមយុទ្ធនាការ​​រំដោះ​ខេត្ត Lugansk

ក្រុមទាហានកំពុងកាន់ទង់ជាតិអ៊ុយក្រែន ឈរជុំវិញស្លាកសញ្ញាបង្ហាញផ្លូវនៅក្នុងភូមិ Hrekivka

អភិបាល​ខេត្ត Lugansk នៃ​ រដ្ឋាភិបាល​អ៊ុយក្រែន ប្រកាស​ថា កងទ័ព​ដណ្ដើម​បាន​ទឹកដី​មួយចំនួន​នៅ​ក្នុង​ខេត្ត​នេះ​ ពី​ ដៃកងទ័ព​​រុស្ស៊ី​។

«យុទ្ធនាការ​រំដោះ​ Lugansk ចាប់​ផ្ដើមជា​ផ្លូវ​ការ​។ តំបន់​មួយ​ចំនួន​ត្រូវ​បាន​រំដោះ​ពីដៃ​របស់​ កងទ័ព​រុស្ស៊ី​។ ទាហាន​រុស្ស៊ី​ ទាំង​អស់​សុទ្ធ​តែ​ដឹង​ថា ពួក​គេ​មិន​អាច​គេច​ពី​ការ​វាយ​បក​ ហើយ​ពួក​គេ​កំពុង​ត្រូវ​បាន​វាយ​ឱ្យ​បរាជ័យ​» អភិបាល​ខេត្ត Lugansk លោក Serhiy Gaidai នៃ​រដ្ឋាភិបាល​របស់ អ៊ុយក្រែន ថ្លែង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ជាតិ​កាល​ពី​ថ្ងៃទី ០៥ តុលា​។

លោក Serhiy Gaidai អំពាវនាវ​ដល់​ប្រជាជន​ដែល​បាន​ភៀស​ខ្លួន​ពី​ Lugansk កាល​ពី​ដើម​ឆ្នាំ​ កុំអាល​ប្រញាប់​ត្រលប់​មក​វិញ ដោយ​សន្យា​ថា នឹង​ប្រកាស​ពេល​វេលា​ជាក់​លាក់​សម្រាប់​ការ​វិល​ត្រលប់​នេះ​។ លោក​ថា ប្រជាជន​នៅ​ក្នុង​បណ្ដា​តំបន់​ដែល​កំពុង​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​ រុស្ស៊ី ក៏គួរ​តែ​ភៀស​ខ្លួន​ចេញពី​សមរភូមិ​ ឬ​ស្វែង​រក​ទីសុវត្ថិភាព​។

រូប​ភាព​បង្ហោះ​លើ​បណ្ដាញ​សង្គម​បង្ហាញ​ថា កងទ័ព​អ៊ុយក្រែន កំពុង​ស្ថិត​នៅ​ក្នុង​ភូមិ​មួយ​ក្នុង​ខេត្ត Lugansk បន្ទាប់​ពី​បាន​សម្រុក​ចូល​តាម​ខេត្ត Donetsk ដែល​នៅ​ក្បែរ​នោះ​។ ក្នុង​រូប​ថត​​គឺជា​ក្រុម​ទាហាន​កំពុង​កាន់​ទង់​ជាតិ​អ៊ុយក្រែន​ ឈរ​ជុំ​វិញ​ស្លាកសញ្ញា​បង្ហាញ​ផ្លូវ​នៅក្នុង​​ភូមិ Hrekivka។

រុស្ស៊ី គ្រប់គ្រងទឹក​ដី​​ស្ទើរ​តែ​ទាំង​អស់​របស់​ខេត្ត Lugansk ក្រោយ​ពី​ដណ្ដើម​បាន​ទីក្រុង​ Severodonetsk និង Lysychansk កាលពី​ខែ​កក្កដា ២០២២​។

រដ្ឋាភិបាល​របស់​លោក ពូទីន បាន​ប្រកាស​បញ្ចូល​ខេត្ត​ Lugansk រួម​នឹង​ខេត្ត Donetsk, Zaporizhzhia និង Kherson របស់ អ៊ុយក្រែន ទៅ​ក្នុង​ទឹក​ដី​របស់​ រុស្ស៊ី​ កាល​ពី​ប៉ុន្មាន​ថ្ងៃ​នេះ ធ្វើ​ឱ្យ អ៊ុយក្រែន ​បើក​ការ​វាយ​បកយ៉ាង​ខ្លាំង​ក្លា ដើម្បី​រំដោះមក​វិញ​៕

Advertisement