អ៊ុយ​ក្រែ​ន​ប្រកាសថា កំពុង​ត្រៀមខ្លួន «រំដោះ» ឧបទ្វីប​គ្រី​មៀ (Crimea)

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡែនស្គី

ប្រធានាធិបតី ហ្សេ​ឡែ​ន​ស្គី បានឱ្យដឹងថា អ៊ុយ​ក្រែ​ន​កំពុង​ត្រៀម​អាវុធ បង្កើត​កងពលតូច​មួយ​ចំនួន​ដើម្បី​រំដោះ​គ្រី​មៀ ជា​ឧបទ្វីប​ដែល​ត្រូវបាន​រុស្ស៊ី​រឹបអូស​កាលពី​ឆ្នាំ 2014។

«យើង​កំពុង​ត្រៀម​សម្រាប់​ជំហាន​នានា​ក្នុង​ផ្នែក​កងទ័ព ក៏ដូចជា​បាន​ត្រៀម​ស្មារតី​រួចហើយ។ អំពី​បច្ចេកទេស យើង​កំពុង​ត្រៀម​អាវុធ ស្ដារ​កម្លាំង​ទ័ព បង្កើត​កងពលតូច​វា​យ​ប្រហារ​សម្រាប់​គោលដៅផ្សេងៗគ្នា» ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡែ​ន​ស្គី ថ្លែង​នៅក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃទី 24 កុម្ភៈ 2023 នៅពេល​ត្រូវបាន​សួរ​អំពី «ការរំដោះ​គ្រី​មៀ​ក្នុងឆ្នាំនេះ»។

លោក​ក៏បាន​ឱ្យដឹងថា អ៊ុយ​ក្រែ​ន​បាន​បញ្ជូនទាហាន​ទៅ​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​នៅ​បរទេស។ លោក​បន្តថា «ក្រោយមក​នឹង​មាន​​ជំហាន​សមស្រប​ដើម្បី​ដណ្ដើម​ទឹកដី​មកវិញ»។

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​មិនបាន​និយាយ​ច្បាស់​អំពី​ជំហាននីមួយៗ ក៏ដូចជា​ពេលវេលា​នៃ​ការបើក​យុទ្ធនា​ការរំដោះ​គ្រី​មៀ​នោះទេ។ លោក​ថា «បើសិន​គ្រាន់តែ​សម្ដែង​ពី​អារម្មណ៍ ការចង់បាន និង​សម្ដី​ គឺ​មិន​គ្រប់គ្រាន់ យើង​ត្រូវតែ​ធ្វើ​សកម្មភាព។ គ្រប់យ៉ាង​ស្ថិតនៅលើ​យើង»។

លោក ហ្សេ​ឡែ​ន​ស្គី ថ្លែងថា បើសិន​មិនមាន​អាវុធ​គ្រប់គ្រាន់ អ៊ុយ​ក្រែ​ន​អាច​នឹង​ចាញ់ ប៉ុន្តែ​សាមគ្គីភាព​នៅតែ​ជា «កត្តា​សំខាន់បំផុត​ដើម្បី​ដណ្ដើមបាន​ជ័យជម្នះ»។

រុស្ស៊ី​បានដាក់​បញ្ចូល​ឧបទ្វីប​គ្រី​មៀ​​របស់​អ៊ុយក្រែន​ ទៅក្នុង​ទឹក​ដី​​​ខ្លួន​កាលពី​ឆ្នាំ 2014។ រុស្ស៊ី​បាន​និយាយថា លទ្ធផល​នៃ​ការធ្វើប្រជាមតិ​បង្ហាញថា ពលរដ្ឋ​ស្ទើរតែ​ទាំងអស់​នៅ​គ្រី​មៀ មានបំណង​ក្លាយជា​ផ្នែក​មួយ​របស់​រុស្ស៊ី ប៉ុន្តែ អ៊ុយ​ក្រែ​ន និង​បណ្ដា​ប្រទេស​បស្ចិម​លោក​ចាត់ទុកថា នេះ​គឺជា​ទង្វើ​ខុសច្បាប់៕

Advertisement