អំពើ​បាញ់​ប្រហារ​​យ៉ាង​​ឃោរឃៅ​នៅ​ក្នុង​មណ្ឌល​កុមារ​ថៃ សម្លាប់​មនុស្ស​យ៉ាង​តិច ៣៤ នាក់​ស្លាប់!

ថ្ងៃទី ០៦ តុលា មានករណី​ផ្ទុះ​អាវុធ​ដ៏​ឃោរឃៅ​មួយ​បាន​កើត​ឡើង​នៅ​ក្នុង​មណ្ឌល​កុមារ​មួយ​កន្លែង​ស្ថិត​ក្នុង​ស្រុក Na Klang ខេត្ត Nong Bua Lamphu ភាគ​ខាង​ជើង​ប្រទេស​ថៃ បណ្ដាល​ឱ្យ​មនុស្ស​យ៉ាង​តិច ៣៤ នាក់ បាត់បង់ជីវិត​។

លោក Archon Kraitong អ្នកនាំពាក្យ​របស់​ប៉ូលិស​ថៃ ឱ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​អ្នក​ស្លាប់​ចំនួន ៣៤ នាក់ ក្នុងនោះ​មាន​ក្មេង​ចំនួន ២២​ នាក់ នៅ​ក្នុងអំពើ​បាញ់ប្រហារ​ខាងលើ នេះ​បើ​តាម​ Reuters។

រូប​ភាព និង​វីដេអូ​នៅ​កន្លែង​កើត​ហេតុ​បង្ហាញ​ថា មាន​សាកសព​កុមារ​ជា​ច្រើននាក់​​នៅ​ក្នុង​ថ្នាក់​រៀន​។ ខាងក្រៅ​មណ្ឌល​កុមារ​វិញ ក្រុម​អាណាព្យាបាល​ និង​សិស្ស​​កំពុង​តែស្រែក​​ទ្រហោ​យំ ខណៈ​ដែល​រថយន្ត​សង្គ្រោះ​បន្ទាន់​កំពុង​មក​ដល់​។

យោង​តាម​ក្រុម​មន្ត្រី​ថៃ ជនសង្ស័យ​មាន​ឈ្មោះ​ថា Panya Khamrap អាយុ ៣៤ ឆ្នាំ​។ ជននេះ​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ជួរ​កងកម្លាំង​ប៉ូលិស​កាល​ពី​ឆ្នាំ​ ២០២១ ដោយ​សារ​ប្រើប្រាស់​គ្រឿង​ញៀន​។ ករណី​បាញ់​ប្រហារ​នេះ​កើត​ឡើង​នៅ​ម៉ោង​ ១២ កន្លះ​ថ្ងៃ​នេះ មួយ​ថ្ងៃ​មុន​ពេល​ជនសង្ស័យ​ត្រូវ​ឡើង​តុលាការ​។

អ្នក​នាំពាក្យ​រដ្ឋាភិបាល​ថៃ ឱ្យ​ដឹង​ថា នាយករដ្ឋមន្ត្រី​ប្រទេស​នេះ​បាន​ស្នើ​ឱ្យ​គ្រប់​ស្ថាប័ន​សមត្ថកិច្ច​ ធ្វើ​សកម្មភាព​បន្ទាន់​ដើម្បី​ចាប់​ខ្លួន​ជនដៃដល់​ក្នុង​រយៈ​ពេល​ខ្លី​បំផុត​។

ក្រោយ​ពី​បង្កហេតុ​ ជន​នេះ​បាន​បាញ់​សម្លាប់​ប្រពន្ធ​ កូន និង​រត់គេច​ខ្លួន​តាម​រថយន្ត​ Vigo 4 ដែល​មាន​ស្លាកលេខចុះ​ឈ្មោះ​នៅ​ Bangkok។

ក៏ប៉ុន្តែ ក្រោយ​មក​ទៀត សមត្ថកិច្ច​ថៃ​ ក៏បាន​ប្រកាស​ថា ជនសង្ស័យ​ Panya Khamrap បាន​សម្លាប់​ខ្លួន​បន្ទាប់​ពី​រត់​គេច​ពីប៉ូលិស​។

 

Advertisement