Category: អន្តរជាតិ

  • តំណាងរាស្ត្រ​អាម៉េរិក អំពាវនាវ​ឱ្យ​ «បាញ់​ទម្លាក់​» យន្តហោះ​ចម្បាំង​រុស្ស៊ី ក្រោយ​ករណី​ធ្លាក់ UAV

    តំណាងរាស្ត្រ​អាម៉េរិក អំពាវនាវ​ឱ្យ​ «បាញ់​ទម្លាក់​» យន្តហោះ​ចម្បាំង​រុស្ស៊ី ក្រោយ​ករណី​ធ្លាក់ UAV

    តំណាងរាស្ត្រ​នៅ​សភា​ជាន់ខ្ពស់​អាម៉េរិក Lindsey Graham បាន​លើកសំណើ​ឱ្យ​វ៉ា​ស៊ី​ង​តោន​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​រុស្ស៊ី​ដែល​ហោះ​មក​ក្បែរ​យាន​យោធា​អាម៉េរិក ដើម្បី​ឆ្លើយតប​នឹង​ករណី​ធ្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក (UAV) របស់​អាម៉េរិក​នៅលើ​ស​មុ​ទ្រ​ខ្មៅ​កាលពី​ប៉ុន្មាន​ថ្ងៃមុន។

    «បើជា​ប្រធានាធិបតី Ronald Reagan វិញ លោក​នឹងធ្វើ​អ្វី​នៅក្នុង​ស្ថានការណ៍​នេះ? លោក​នឹង​បញ្ជា​ឱ្យ​បាញ់​ទម្លាក់​យន្តហោះ​រុស្ស៊ី បើ​ពួកគេ​គំរាម​ដល់​យាន​យោធា​របស់​យើង» លោក Lindsey Graham សមាជិកសភា​របស់​ប​ក្ស​សាធារណរដ្ឋ បាន​ថ្លែង​លើ​កញ្ចក់​ទូរទស្សន៍​កាលពី​ថ្ងៃទី 15 មីនា​ដូច្នេះ។

    លោក Graham យល់ថា រុស្ស៊ី​ត្រូវតែ​ទទួលខុសត្រូវ​ក្នុងករណី​ធ្លាក់ UAV MQ-9 Reaper របស់​សហរដ្ឋ​អាម៉េរិក​នៅ​សមុទ្រ​ខ្មៅ​កាលពីមុន​នោះ​មួយថ្ងៃ ព្រមទាំង​បានចេញ​ការព្រមាន​ដល់​ក្រុម​មេដឹកនាំ​រុស្ស៊ីផងដែរថា «បើសិនជា​យន្តហោះ​រុស្ស៊ី នៅតែ​ហោះ​ក្បែរ​យាន​យោធា​អាម៉េរិក​ដែល​ធ្វើ​សកម្មភាព​នៅលើ​ដែនអាកាស​អន្តរជាតិ វា​នឹង​ត្រូវបាន​បាញ់​ទម្លាក់»។

    ប្រតិកម្ម​ទៅនឹង​ប្រកាស​របស់លោក Graham ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​សហរដ្ឋ​អាម៉េរិក Anatoly Antonov ឱ្យដឹងថា ម៉ូស្គូ​មិន​ចង់​ប្រឈមមុខ​ដាក់គ្នា​ជាមួយ​វ៉ា​ស៊ី​ង​តោន ប៉ុន្តែ​បាន​សង្កត់ធ្ងន់ថា រាល់​ការវាយប្រហារ​ដោយ​ចេតនា​មកលើ​យន្តហោះ​រុស្ស៊ី​លើ​ដែនអាកាស​អន្តរជាតិ​នឹង​ជា «ការប្រកាសសង្គ្រាម​សំដៅលើ​មហាអំណាច​នុយ​ក្លេ​អែរ​ធំជាងគេ​លើ​លោក»។

    បញ្ជាការដ្ឋាន​កងទ័ព​ប្រចាំ​អឺរ៉ុប​របស់​អាម៉េរិក បានឱ្យដឹងថា យន្តហោះ​ចម្បាំង Su-27 ពីរ​គ្រឿង​របស់​រុស្ស៊ី បាន​ហោះ​មក​ក្បែរ ហោះ​កាត់មុខ និង​បាញ់​ប្រេងសាំង​ទៅលើ UAV MQ-9 Reaper នៅលើ​តំបន់​សមុទ្រ​អន្តរជាតិ​កាលពី​ថ្ងៃទី 14 មីនា មុនពេល​យន្តហោះ Su-27 មួយគ្រឿង​ផ្សេងទៀត​ប៉ះទង្គិច​លើ​ស្លាប​កង្ហារ​របស់ UAV ​បង្ខំ​ឱ្យ​ទ័ពអាកាស​អាម៉េរិក​ទ​ម្លា​ក់ UAV ចូលក្នុង​សមុទ្រ។

    តំណាងរាស្ត្រ​នៅ​សភា​ជាន់ខ្ពស់​អាម៉េរិក Lindsey Graham

    មន្ទីរ​បញ្ច​កោណ​និយាយថា MQ-9 ពេលនោះ​កំពុង​ឈ្លបយកការណ៍​ដូច​ធម្មតា។ អាម៉េរិក​ប្រើប្រាស់ MQ-9 សម្រាប់​សកម្មភាព​ឈ្លបយកការណ៍ និង​វាយប្រហារ​គោលដៅ​លើដី។ យន្តហោះ​គ្មាន​មនុស្ស​បើក​នេះ​តែង​ហោះ​លើ​សមុទ្រ​ខ្មៅ​ដើម្បី​តាមដាន​កងទ័ព​រុស្ស៊ី។

    ក្រុមមន្ត្រី​រុស្ស៊ី​បាន​ច្រានចោល​ការចោទប្រកាន់​ពី​អាម៉េរិក និង​យល់ថា UAV របស់​អាម៉េរិក​ផ្លាស់ប្ដូរ​ទិស​​ដៅ​រហ័ស និង​ធ្លា​ក់ដោយ​ឯកឯង​នៅពេល​បាត់បង់​ការគ្រប់គ្រង។ ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​អាម៉េរិក Anatoly Antonov អះអាងថា MQ-9 កំពុង​ប្រមូល​ទិន្នន័យ​ដើម្បី​បញ្ជូនទៅឱ្យ​អ៊ុយ​ក្រែ​ន មុនពេល​ត្រូវ​ធ្លាក់។

    នេះ​គឺជា​ការប៉ះទង្គិច​ផ្ទាល់​ជា​លើកដំបូង​រវាង​កងក​ម្លាំ​ង​រុស្ស៊ី និង​អាម៉េរិក រាប់​ចាប់តាំងពី​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​បាន​ផ្ទុះឡើង​កាលពី​ខែកុម្ភៈ​ឆ្នាំ​កន្លង។ ហេតុការណ៍​នេះ​មិនបាន​ធ្វើឱ្យមាន​ការប្រឈមមុខ​ដាក់គ្នា​នៅ​កន្លែង​ជាក់ស្ដែង​បន្ទាប់​ទៀត​នោះទេ ប៉ុន្តែ​វា​ធ្វើឱ្យ​ទ័ពអាកាស​អាម៉េរិក​ខាតបង់​អស់យ៉ាង​តិច 30 លាន​ដុល្លារ​អាម៉េរិក នៅ​ពេល MQ-9 Reaper បាន​បាត់​ខ្លួន​ទាំងស្រុង​ពី​អាកាស៕

  • កូរ៉េខាងត្បូង​សម្រេច​ចំណាយ​ជិត​បី​ពាន់​លាន​ដុល្លារ​​ទៀត​ដើម្បី​ទិញ​យន្តហោះ​ចម្បាំង​អាម៉េរិក

    កូរ៉េខាងត្បូង​សម្រេច​ចំណាយ​ជិត​បី​ពាន់​លាន​ដុល្លារ​​ទៀត​ដើម្បី​ទិញ​យន្តហោះ​ចម្បាំង​អាម៉េរិក

    រដ្ឋាភិបាល​កូរ៉េខាងត្បូង​អនុម័ត​គម្រោង​ចំណាយ​ជិត​បី​ពាន់​លាន​ដុល្លារ​អាម៉េរិក​ដើម្បី​ទិញ​យន្តហោះ​ចម្បាំង​អាម៉េរិក F-35A ក្នុង​គ្រា​ដែល​ភាព​តាន​តឹង​កំពុង​កើន​ឡើង​នៅ​ឧបទ្វីប​កូរ៉េ។

    ការិយាល័យ​គ្រប់គ្រង​កម្មវិធី​ទិញដូរ​កូរ៉េខាងត្បូង (DAPA) កាលពី​ថ្ងៃទី 15 មីនា ប្រកាសថា រដ្ឋាភិបាល​កូរ៉េខាងត្បូង​បានអនុម័ត​ផែនការ​តម្លៃ 2.85 ពាន់​លាន​ដុល្លារ​អាម៉េរិក​ដើម្បី​ទិញ​យន្តហោះ​ចម្បាំង​អាម៉េរិក F-35A បន្ថែមទៀត និង​គ្រោង​ទទួលបាន​នៅ​ឆ្នាំ 2028។

    មកដល់ពេលនេះ​មិនទាន់​ដឹង​ច្បាស់ថា គម្រោង​ទិញ​យន្តហោះ​ចម្បាំង​ខាងលើ​នឹងមាន​ចំនួន​ប៉ុន្មាន​គ្រឿង​នៅឡើយ។ ទ័ពអាកាស​កូរ៉េខាងត្បូង​កំពុង​គ្រប់គ្រង​យន្តហោះ F-35A ចំនួន 40 គ្រឿង និង​គ្រោង​ទិញ​ 20 គ្រឿង​ថែមទៀត។ ចំណែក​ទ័ពជើងទឹក​កូ​រ៉េ​ខាងត្បូង​ក៏មាន​គម្រោង​ទិញ F-35B ចំនួន 20 គ្រឿង ប៉ុន្តែ​សភា​មិនទាន់​អនុញ្ញាត។

    រដ្ឋាភិបាល​កូរ៉េខាងត្បូង​ក៏បាន​អនុម័ត​គម្រោង​ទិញ​មី​ស​ស៊ី​ល​ការពារ​ដែនអាកាស SM-6 តម្លៃ 582.8 លាន​ដុល្លារ​អាម៉េរិក ដែល​គ្រោង​នឹងធ្វើ​ឡើងជា​ពីរ​ដំណាក់កាល។ មី​ស៊ី​ល​ទាំងនេះ​នឹង​ត្រូវបាន​បំពាក់​ឱ្យ​នាវា​ពិឃាត​ថ្នាក់ Sejong ជំនាន់​ទី​ពីរ។

    ការ​ហោះឡើង និង​ចុះចត​របស់យន្តហោះចម្បាំង F-35

    ក្រសួងការពារជាតិ​កូរ៉េខាងត្បូង កាលពី​ថ្ងៃទី 15 មីនា ក៏បាន​អះអាងថា ពួកគេ​ចង់​អភិវឌ្ឍ​នាវា​ផ្ទុក​យន្តហោះ​សម្រាប់ F-35B ផងដែរ។

    គម្រោង​ទាំងឡាយ​ខាងលើនេះ​ត្រូវបាន​លើកឡើង​ក្នុង​គ្រា​ដែល​ភាព​តានតឹង​នៅ​ឧបទ្វីប​កូ​រ៉​កំពុង​កើនឡើង។ កាលពី​ថ្ងៃទី 16 កុម្ភៈ កូរ៉េខាងត្បូង​បានប្រកាស​បង្ហាញ​សៀវភៅ​ស​ការពារជាតិ​ឆ្នាំ 2022 ក្នុងនោះ ទីក្រុង​សេ​អ៊ូ​ល​បាន​ហៅ​កូរ៉េខាងជើង​ថា «សត្រូវ» ជា​លើកដំបូង​ក្រោយ​រយៈពេល 6 ឆ្នាំ និង​បានបង្ហាញ​ពី​គោលជំហរ​ម៉ឺងម៉ាត់​ជាង​មុន​ចំពោះ​ទីក្រុង​ព្យុងយ៉ាង។

    បងប្អូនគូ​​សត្រូវ​នៅ​ឧបទ្វីប​កូរ៉េ ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​បាន​ដំឡើង​សាច់ដុំ​ដាក់គ្នា​ជា​បន្តបន្ទាប់។ ទីក្រុង​ព្យុងយ៉ាង​បាញ់​​សាក​ល្បង​មី​ស៊ី​ល​ជា​ហូរហែ ខណៈដែល​ទីក្រុង​សេ​អ៊ូ​ល​ក៏​​បង្កើន​ការ​ធ្វើ​សមយុទ្ធ​យោធា​ជាមួយ​សម្ព័ន្ធមិត្ត៕

  • អតិផរណា​នៅ​ប្រទេស​ម្ចាស់​ជើង​ឯក World Cup 2022 ​កើនឡើង​លើសពី 100%

    អតិផរណា​នៅ​ប្រទេស​ម្ចាស់​ជើង​ឯក World Cup 2022 ​កើនឡើង​លើសពី 100%

    ជា​លើកដំបូង​ក្នុង​រយៈពេល​ជាង 30 ឆ្នាំ​មកនេះ អតិផរណា​នៅ​ប្រទេស​អា​ហ្ស​ង់​ទីន​បាន​កើនឡើង​លើសពី 100% ដែល​នេះ​បង្ហាញថា ក្រុមមន្ត្រី​ប្រទេស​នេះ​នៅតែ​ជួប​បញ្ហា​ក្នុងការ​គ្រប់គ្រង​តម្លៃ​ទំនិញ។

    ការិយាល័យ​ជាតិ​ស្ថិតិ​អា​ហ្ស​ង់​ទីន (INDEC) កាលពី​ថ្ងៃទី 14 មីនា បានឱ្យដឹងថា ស​ន្ទ​ស្សន៍​ថ្លៃទំនិញ​ប្រើប្រាស់ (CPI) របស់​ប្រទេស​នេះ​ក្នុង​ខែកុម្ភៈ កើន 102.5% ធៀប​នឹង​ឆ្នាំ​កន្លង។ ល្បឿន​នេះ​ស្ថិតក្នុង​ក្រុម​ប្រទេស​ដែលមាន​អតិផរណា​ខ្ពស់បំផុត​លើ​ពិភពលោក។

    ​កាលពី​ខែមករា 2023 អតិផរណា​របស់​អា​ហ្ស​ង់​ទី​គឺ 6.6%។ អាហារ និង​ភេសជ្ជ​ស្ថិតក្នុង​ក្រុម​ទំនិញ​ដែល​ឡើងថ្លៃ​ខ្ពស់​ជា​ងគេ ដោយ​អតិផរណា​កើន 9.8% នៅក្នុង​ខែកុម្ភៈ បើ​ធៀប​នឹង​ខែមករា។ ទំនិញ​ដែល​បាន​ឡើងថ្លៃ​ខ្ពស់​បន្ទាប់​គឺ​ទំនិញ​ជា​ឧបករណ៍​ព័ត៌មានវិទ្យា ភោជនីយដ្ឋាន និង​សណ្ឋាគារ។

    សេដ្ឋកិច្ច​ធំជាងគេ​លំដាប់​ទី​បី​នៅ​អាម៉េរិក​ឡាទីន កំពុង​វិលវល់​ក្នុង​វិបត្តិ​ហិរញ្ញវត្ថុ និង​សង្គម​ដែល​បាន​កើតឡើង​ក្នុង​រយៈពេល​ច្រើន​ឆ្នាំ​ចុង​ក្រោយនេះ។ ថ្មីៗនេះ សេដ្ឋកិច្ច​របស់​អាហ្សង់ទីន​​កាន់តែ​ដុនដាបទៅៗ ដោយ​សារតែ​សង្គ្រាម​រុស្ស៊ី-អ៊ុយ​ក្រែ​ន។

    ដើម្បី​ទប់ទល់​នឹង​បញ្ហា​អតិផរណា និង​ទប់ស្កាត់​ការធ្លាក់​ថ្លៃ​របស់​រូបិយប័ណ្ណ​ប៉េ​សូ រដ្ឋាភិបាល​របស់​ប្រធានាធិបតី Alberto Fernandez បាន​អនុវត្ត​គោលនយោបាយ​គាំទ្រ​អត្រា​ប្តូរប្រាក់​ចំពោះ​វិស័យ​មួយចំនួន។ គោលនយោបាយ​នេះ​ជួយ​ឱ្យ​បណ្ដា​ក្រុមហ៊ុន​អាច​ទិញ​រូបិយប័ណ្ណ​ដុល្លារ​អាម៉េរិក​បាន​ថោក​ជាង​ទីផ្សារ។

    ទន្ទឹមនឹងនេះ រដ្ឋាភិបាល​ក៏​ចាត់វិធានការ​ជាច្រើន​ផ្សេងទៀត​ដើម្បី​ទប់​ទល់នឹង​អតិផរណា មាន​ជាអាទិ៍ ការដំឡើង​ការប្រាក់​របស់​ធនាគារ​ជាតិ ការផ្អាក​សកម្មភាព​បោះពុម្ព​ក្រដាសប្រាក់។ល។

    យោងតាម CNN និង Reuters នៅលើ​ពិភពលោក​បច្ចុប្បន្ន មិនមែន​មានតែ​អា​ហ្ស​ង់​ទីន​មួយ​ទេ​​ដែល​កំពុង​ឈឺក្បាល​នឹង​បញ្ហា​ទំនិញ​ឡើងថ្លៃ។ ទិន្នន័យ​ផ្លូវការ​ថ្មី​បំផុត​ដែល​ប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ប្រកា​ស​កាលពី​ខែតុលា​ឆ្នាំ​កន្លង​ប​ង្ហាញថា អតិផរណា​នៅ​ប្រទេស​នេះ​បាន​ឡើងដល់ 155%។ ចំណែក​នៅ​ប្រទេស​លី​បង់​វិញ តម្លៃ​ទំនិញប្រើប្រាស់​ក្នុង​ខែមករា 2023 បាន​កើន​ដល់ 124% គ្រា​ដែល​អតិផរណា​នៅ​ប្រទេស​ស៊ីម​បា​វ៉េ​ក្នុង​ខែមករា​ក៏​កើន​ដល់ 101.5%៕

  • ពី​ឡុ​ត​រុស្ស៊ី​បង្ហោះ​វីដេអូ​បង្ហាញ​ពី​យន្តហោះ​ចម្បាំង​ហោះ​កៀក​នឹង UAV របស់​អាម៉េរិក

    ពី​ឡុ​ត​រុស្ស៊ី​បង្ហោះ​វីដេអូ​បង្ហាញ​ពី​យន្តហោះ​ចម្បាំង​ហោះ​កៀក​នឹង UAV របស់​អាម៉េរិក

    យន្តហោះ​ចម្បាំង​ក្នុង​ត្រកូល Su-27 របស់​រុស្ស៊ី ហោះ​ទៅ​ក្បែរ​យន្តហោះ​គ្មាន​មនុស្ស​បើក MQ-9 របស់​អាម៉េរិក និង​ហោះ​ទៅ​ហួស​ព្រោះតែ​ល្បឿន​ខុសគ្នា នៅក្នុង​វីដេអូ​ដែល​ទើបតែ​បង្ហោះ​នាពេលថ្មីៗនេះ ក្រោយ​ពី​មាន​ហេតុ​ការណ៍​ធ្លាក់​យន្តហោះ​ UAV របស់​អាម៉េរិក​នៅ​សមុទ្រ​ខ្មៅ​។

    គណនី Fighter Bomber របស់​អ្នកបើកបរ​យន្តហោះ​ចម្បាំង​រុស្ស៊ី​ម្នាក់ កាលពី​ថ្ងៃទី 15 មីនា បាន​បង្ហោះ​វីដេអូ​លើ Telegram បង្ហាញ​អំពី​យន្តហោះ​ចម្បាំង​រុស្ស៊ី កំពុង​ហោះ​ក្បែរ​យន្តហោះ​គ្មាន​មនុស្ស​បើក (UAV) MQ-9 របស់​អាម៉េរិក។ ពេលវេលា និង​ទីកន្លែង​ថត​វីដេអូ​នេះ​មិន​ត្រូវបាន​បង្ហើប​ឱ្យដឹង ហើយក៏​មិន​ច្បាស់​ថា នេះ​គឺជា MQ-9 ដែល​បាន​ធ្លាក់​លើ​សមុទ្រ​ខ្មៅ​ ​ឬ​យ៉ាងណា​នៅឡើយ។

    វីដេអូ​មាន​រយៈពេល​បួន​វិនាទី​បង្ហាញថា យន្តហោះ​ចម្បាំង​នេះ​ស្ថិតក្នុង​ត្រកូល Su-27 តែ​មិន​ច្បាស់​អំពី​កំណែ  ហោះ​ទៅ​ក្បែរ UAV អាម៉េរិក​ពីក្រោយ និង​ពី​ខាងស្ដាំ។ គម្លាត​នេះ​អាច​ឱ្យគេ​​មើលឃើញ​ច្បាស់​ផ្លា​កលេខ «294» របស់ UAV។ UAV នេះ​គឺជា​​ម៉ូ​ដែល MQ-9 ប្រើប្រាស់​ស្លាប​កង្ហារ​ចំនួន​បួន និង​ត្រូវបាន​ដំឡើង​ធុង​ប្រេង​បន្ថែម​ដើម្បី​បង្កើន​ចម្ងាយ​នៃ​ការហោះហើរ ព្រម​ទាំង​​មាន​អង់​តែ​ន​ថ្មី​នៅត្រង់​ពោះ​របស់​វា។

    ក្នុង​វីដេអូ យន្តហោះ​ទាំងពីរ​សុទ្ធតែ​ហោះ​ប្រកបដោយ​ស្ថិរភាព មិនមាន​ការហោះ​ឆ្វែល ឬ​គំរាម​ដល់​សុវត្ថិភាព​គ្នា។ Su-27 របស់​រុស្ស៊ី ហោះ​លឿន​ជាង​ឆ្ងាយ​ធៀប​នឹង UAV របស់​អាម៉េរិក។

    UAV MQ-9 Reaper

    «នេះ​អាចជា​មូលហេតុ​មួយ​ដែលនាំឱ្យ​មានការ​ប៉ះ​ទ​ង្គិ​ត​គ្នា ក្នុងនោះ យន្តហោះ​រុស្ស៊ី​ទំនងជា​បាន​ប៉ះ UAV ដោយ​អ​ចេតនា ពេលដែល UAV របស់​អាម៉េរិក​ផ្លាស់ប្ដូរ​ល្បឿន ឬ​ទិស​ដៅ​​ហោះហើរ» អ្នកជំនាញ Thomas Newdick របស់​ទំព័រ​យោធា War Zone យល់​ដូច្នេះ។

    បញ្ជាការដ្ឋាន​កងទ័ព​ប្រចាំ​អឺរ៉ុប​របស់​អាម៉េរិក បានឱ្យដឹងថា យន្តហោះ​ចម្បាំង Su-27 ពីរ​គ្រឿង​របស់​រុស្ស៊ី បាន​ហោះ​មក​ក្បែរ ហោះ​កាត់មុខ និង​បាញ់​ប្រេងសាំង​ទៅលើ UAV MQ-9 Reaper នៅលើ​តំបន់​សមុទ្រ​អន្តរជាតិ​កាលពី​ថ្ងៃទី 14 មីនា មុនពេល​យន្តហោះ Su-27 មួយគ្រឿង​ផ្សេងទៀត​ប៉ះទង្គិច​លើ​ស្លាប​កង្ហារ​របស់ UAV ​បង្ខំ​ឱ្យ​ទ័ពអាកាស​អាម៉េរិក​ទ​ម្លា​ក់ UAV ចូលក្នុង​សមុទ្រ។

    មន្ទីរ​បញ្ច​កោណ​និយាយថា MQ-9 ពេលនោះ​កំពុង​ឈ្លបយកការណ៍​ដូច​ធម្មតា។ អាម៉េរិក​ប្រើប្រាស់ MQ-9 សម្រាប់​សកម្មភាព​ឈ្លបយកការណ៍ និង​វាយប្រហារ​គោលដៅ​លើដី។ យន្តហោះ​គ្មាន​មនុស្ស​បើក​នេះ​តែង​ហោះ​លើ​សមុទ្រ​ខ្មៅ​ដើម្បី​តាមដាន​កងទ័ព​រុស្ស៊ី។

    ក្រុមមន្ត្រី​រុស្ស៊ី​បាន​ច្រានចោល​ការចោទប្រកាន់​ពី​អាម៉េរិក និង​យល់ថា UAV របស់​អាម៉េរិក​ផ្លាស់ប្ដូរ​ទិស​​ដៅ​រហ័ស និង​ធ្លា​ក់ដោយ​ឯកឯង​នៅពេល​បាត់បង់​ការគ្រប់គ្រង។ ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​អាម៉េរិក Anatoly Antonov អះអាងថា MQ-9 កំពុង​ប្រមូល​ទិន្នន័យ​ដើម្បី​បញ្ជូនទៅឱ្យ​អ៊ុយ​ក្រែ​ន មុនពេល​ត្រូវ​ធ្លាក់។

    វីដេអូ​បង្ហាញ​ពី​យន្តហោះ​ចម្បាំង​របស់​រុស្ស៊ី ហោះ​កៀក​នឹង UAV របស់​អាម៉េរិក

    នេះ​គឺជា​ការប៉ះទង្គិច​ផ្ទាល់​ជា​លើកដំបូង​រវាង​កងក​ម្លាំ​ង​រុស្ស៊ី និង​អាម៉េរិក រាប់​ចាប់តាំងពី​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​បាន​ផ្ទុះឡើង​កាលពី​ខែកុម្ភៈ​ឆ្នាំ​កន្លង។ ហេតុការណ៍​នេះ​មិនបាន​ធ្វើឱ្យមាន​ការប្រឈមមុខ​ដាក់គ្នា​នៅ​កន្លែង​ជាក់ស្ដែង​បន្ទាប់​ទៀត​នោះទេ ប៉ុន្តែ​វា​ធ្វើឱ្យ​ទ័ពអាកាស​អាម៉េរិក​ខាតបង់​អស់យ៉ាង​តិច 30 លាន​ដុល្លារ​អាម៉េរិក នៅ​ពេល MQ-9 Reaper បាន​បាត់​ខ្លួន​ទាំងស្រុង​ពី​អាកាស៕

  • ទីក្រុង​របស់​ឥណ្ឌូណេស៊ី តម្រូវឱ្យ​សិស្ស​ចូល​ថ្នាក់រៀន​តាំងពីព្រឹក​ព្រលឹម

    ទីក្រុង​របស់​ឥណ្ឌូណេស៊ី តម្រូវឱ្យ​សិស្ស​ចូល​ថ្នាក់រៀន​តាំងពីព្រឹក​ព្រលឹម

    ទីក្រុង Kupang ភាគ​ខាងកើត​ប្រទេស​ឥណ្ឌូណេស៊ី កំពុង​សាកល្បង​កម្មវិធីសិក្សា​មួយ​ដែល​តម្រូវឱ្យ​សិស្ស​ចូល​ថ្នាក់រៀន​នៅវេលា​ម៉ោង 5 និង 30 នាទី​ព្រឹក ដើម្បី «លើកកម្ពស់​វិន័យ» បង្កឱ្យមាន​មតិ​ចម្រូង​ចម្រាស​ក្នុងសង្គម។

    ទិដ្ឋភាព​សិស្សសាលា​ស្ងាប​ពេល​កំពុងធ្វើដំណើរ​ទៅកាន់​សាលារៀន​នៅពេល​ព្រឹក​ព្រលឹម បានក្លាយ​ជា​រឿង​សាមញ្ញ​នៅក្នុង​ប៉ុន្មាន​ថ្ងៃ​កន្លងទៅ​នៅ Kupang ដែលជា​ទីក្រុង​រដ្ឋបាល​របស់​ខេត្ត Nusa Tenggara ភាព​ខាងកើត របស់​ប្រទេស​ឥណ្ឌូណេស៊ី។ នោះ​គឺជា​សិស្ស​ចុង​កម្រិត​របស់​សាលា​វិទ្យាល័យ​ចំនួន​ដប់​ដែល​កំពុង​អនុវត្ត​កម្មវិធី​សាកល្បង​ចូល​សាលារៀន​នៅ​ម៉ោង 05 និង 30 នាទី​ព្រឹក។

    កម្មវិធី​ដែល​ត្រូវបាន​ប្រកាស​កាលពី​ខែ​មុន​ដោយ​លោក Viktor Laiskodat អភិបាលក្រុង Kupang នេះ គឺធ្វើឡើង​ក្នុង​លើ​កម្ពស់​វិន័យ​សម្រាប់​សិស្ស។ ក៏ប៉ុន្តែ កម្មវិធី​ទទួលបាន​ការរិះគន់​ច្រើន​ពី​សាធារណជន។ អាណាព្យាបាល​របស់​សិស្ស​និយាយថា កូនៗរបស់​ពួកគាត់​អស់កម្លាំង​ខ្លាំង​ពេល​ត្រលប់មក​ផ្ទះ។ សាលារៀន​ផ្សេងទៀត​នៅ​ឥណ្ឌូណេស៊ី ជាធម្មតា​តម្រូវឱ្យ​សិស្ស​ចាប់ផ្ដើម​រៀន​ពី​ម៉ោង 07 ឬ​ម៉ោង 08 ព្រឹក។

    អាជ្ញាធរ​ឥណ្ឌូណេស៊ី​បាន​ស្នើឱ្យ​រដ្ឋាភិបាល​ធ្វើ​អន្តរាគមន៍ ពិនិត្យឡើងវិញ​ចំពោះ​កម្មវិធី​ខាងលើ។ ចំណែក​ក្រុមមន្ត្រី​ក្នុង​តំបន់​ក៏បាន​ស្នើឱ្យ​លុបចោល​កម្មវិធី​ដែល​ពួកគេ​ហៅថា «គោលនយោបាយ​គ្មាន​ហេតុផល» ចំពោះ​សិស្ស​មួយ​នេះ​ផងដែរ៕

  • តំណាងរាស្ត្រ​ជប៉ុន​មួយរូប​ដែល «មិនចូល​ធ្វើ​ការ​​សោះ» ត្រូវ​សភា​ដកហូត​អភ័យឯកសិទ្ធិ

    តំណាងរាស្ត្រ​ជប៉ុន​មួយរូប​ដែល «មិនចូល​ធ្វើ​ការ​​សោះ» ត្រូវ​សភា​ដកហូត​អភ័យឯកសិទ្ធិ

    សមាជិកសភា​ជាន់ខ្ពស់​ជប៉ុន Higashitani មាន​ប្រភពពី YouTuber ល្បីឈ្មោះ ត្រូវបាន​ដកហូត​អភ័យឯកសិទ្ធិ​ជា​តំណាងរាស្ត្រ ព្រោះតែ​មិន​បានមក​កន្លែងធ្វើការ​ទាល់តែសោះ​ចាប់តាំងពី​បាន​ជាប់ឆ្នោត​កាលពី​ឆ្នាំ​កន្លង។

    ក្រុមប្រឹក្សាវិន័យ​របស់​សភា​ជប៉ុន កាលពី​ថ្ងៃទី 14 មីនា 2023 បានសម្រេច​ដកហូត​អភ័យឯកសិទ្ធិ​នៅ​សភា​ជាន់ខ្ពស់​របស់លោក Yoshikazu Higashitani ដែល​ត្រូវបាន​គេ​ស្គាល់​ថា GaaSyy អាយុ 51 ឆ្នាំ ដោយសារ​មិនដែល​មក​ចូលរួម​កិច្ចប្រជុំ​ណាមួយ​សោះ ចាប់តាំងពី​បាន​ជាប់ឆ្នោត​កាលពី​ខែកក្កដា 2022។

    ការសម្រេចចិត្ត​របស់​សភា​ជប៉ុន​នេះ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​បានស្នើ​ឱ្យ​លោក GaaSyy មកកាន់​រាជធានី​តូ​ក្យូ​ដើម្បី​សូម​អភ័យទោស​ដោយផ្ទាល់​ចំពោះ​អវត្តមាន​ជា​បន្តបន្ទាប់​របស់ខ្លួន និង​បន្ថែមថា នេះ​គឺជា​ឱកាស​ចុងក្រោយ​របស់លោក។ ក៏ប៉ុន្តែ GaaSyy មិនបាន​បង្ហាញខ្លួន ហើយ​នៅតែ​ធ្វើ​សកម្មភាព​លើ​ឆា​នែ​ល YouTube ប្រកាស​ពី​គម្រោង​ជួយ​ដល់​ហេតុការណ៍​រញ្ជួយ​ដី​នៅ​ប្រទេស​តួ​ក​គី។

    តំណែង​របស់ GaaSyy នឹងត្រូវ​បានដាក់​ជំនួស​ដោយ​បេក្ខភាព​មួយរូប​មកពី​បក្ស Seijika Joshi 48 របស់លោក។ ជំនួសមុខ​ឱ្យ GaaSyy តំណាងរាស្ត្រ Satoshi Hamada របស់​បក្ស Seijika Joshi 48 បាន​ជំទាស់​នឹង​ការសម្រេច​របស់​សភា ដោយ​ថ្លែងថា វា​ផ្ទុយទៅនឹង​បំណង​របស់​អ្នក​ដែល​បាន​បោះឆ្នោត​ជូន GaaSyy។

    មុនពេល​បាន​ក្លាយជា​តំណាងរាស្ត្រ លោក GaaSyy មានឈ្មោះ​ល្បី​នៅលើ​បណ្ដាញ​សង្គម YouTube ដោយសារតែ​ធ្វើ​វីដេអូ​និយាយ​ពី​បុគ្គល​ល្បីឈ្មោះ​ជាប្រចាំ។

    លោក Yoshikazu Higashitani ដែលត្រូវបានគេស្គាល់ថា GaaSyy

    លោក GaaSyy ត្រូវបាន​គេ​ជឿថា កំពុង​ស្ថិតនៅ​ទីក្រុង​ឌូ​បៃ ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម។ លោក GaaSyy ប្រាប់ថា មិនអាច​វិល​ត្រលប់​មកកាន់​ជប៉ុន ព្រោះ​បារម្ភ​ពី​ការចាប់ខ្លួន។ នៅ​ជប៉ុន ប៉ូលិស​កំពុង​ស៊ើ​ង​អង្កេត​លើ​រូបលោក GaaSyy ក្រោម​ការចោទប្រកាន់​ពីបទ​គំរាម និង​បរិហាកេរ្តិ៍​បុគ្គល​ល្បីឈ្មោះ នៅក្នុង​បណ្ដា​វីដេអូ​ដែល​លោក​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម។

    ការដកហូត​អភ័យឯកសិទ្ធិ​របស់​តំណាងរាស្ត្រ​គឺជា​ការពិន័យ​ធ្ងន់ធ្ងរ​បំផុត​សម្រាប់​សមាជិកសភា​នៅ​ជប៉ុន។ រាប់​ចាប់ពី​ឆ្នាំ 1950 សភា​ជប៉ុន​បានសម្រេច​ចិត្ត​ដក​អភ័យឯកសិទ្ធិ​តែ​ពីរ​ករណី​ប៉ុណ្ណោះ ហើយ​លោក Yoshikazu Higashitani គឺជា​តំណាងរាស្ត្រ​ដំបូង​ដែល​ត្រូវបាន​បណ្ដេញ​ពីស​ភា ព្រោះតែ​អវត្តមាន​ជា​បន្តបន្ទាប់៕

  • បឹង​ទឹក​ក្រោម​ដី​ដែល​ធំជាងគេ​បង្អស់​លើ​ពិភពលោក​របស់​ណា​មី​ប៊ី

    បឹង​ទឹក​ក្រោម​ដី​ដែល​ធំជាងគេ​បង្អស់​លើ​ពិភពលោក​របស់​ណា​មី​ប៊ី

    បឹង​ក្នុង​ល្អាង​ដង្ហើម​នាគ​មាន​ទំហំ​ប្រហែល​ពីរ​ហិកតា ជម្រៅ​ជាង 200 ម៉ែត្រ ព្រមទាំង​មាន​ទឹកថ្លា​ឆ្វង់ និង​មាន​សត្វ និង​ត្រី​រស់នៅ។ នេះ​បើតាម​ទំព័រ IFL Science។

    នៅ​ជ្រៅ​ក្នុងប្រទេស​ណា​មី​ប៊ី មាន​ល្អាង​ពេញ​ដោយ​ទឹក​មួយ​ដែល​ត្រូវបាន​គេ​ហៅថា ល្អាង​ដង្ហើម​នាគ (Dragon’s Breath)។ ល្អា​នេះ​មាន​លាក់​បឹង​ក្រោម​ដី​មិន​ស្ថិតក្រោម​ទឹកកក​ធំជាងគេ​លើ​ពិភពលោក។ អស់​ជាច្រើន​ទសវត្សរ៍ ពិភពលោក​មិនដឹង​អំពី​ទំហំ​ពិតប្រាកដ​របស់​តំបន់​មានទឹក​មួយ​នេះ ព្រោះតែ​អ្នកវិទ្យាសាស្ត្រ​មិនអាច​មុជទឹក​ចុះ​ជ្រៅ​បាន​តាមចិត្ត។ ប៉ុន្តែ បច្ចេកវិទ្យា​បច្ចុប្បន្ន បាន និង​កំពុងតែ​បង្ហើប​ឱ្យដឹង​អាថ៌កំបាំង​របស់​ល្អាង​នេះ​បន្តិចម្ដង។

    ការស្រាវជ្រាវ​ដោយ​ប្រើប្រាស់​រ៉ូ​បូត​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​បង្ហាញថា ល្អាង​ដង្ហើម​នាគ​មាន​ជម្រៅ​ជាង 200 ម៉ែត្រ។ អ្នកវិទ្យាសាស្ត្រ​ពិបាក​ក្នុងការ​រកឃើញ​ទំហំ​ពិតប្រាកដ​របស់​បឹង​ក្រោម​ដី​នេះ ប៉ុន្តែ​អ្នកជំនាញ​ខ្លះ​ជឿថា វា​មាន​ទំហំ​ប្រហែល​ពីរ​ហិកតា ធំ​ជាង Lost Sea ដែលជា​បឹង​ក្រោម​ដី​មិន​ស្ថិតក្រោម​ទឹកកក​ធំជាងគេ​នៅ​សហរដ្ឋ​អាម៉េរិក និង​ធំជាងគេ​លំដាប់​ទី​ពី​រលើ​ពិភពលោក ដោយមាន​ទំហំ​ប្រមាណ 1.8 ហិកតា។

    ណា​មី​ប៊ី​គឺជា​ប្រទេស​ស្ថិត​នៅជាប់​នឹង​មាត់សមុទ្រ​ភាគខាងត្បូង​របស់​ទ្វីបអាហ្វ្រិក។ ប្រទេស​នេះ​មាន​ល្អាង​យ៉ាងតិច 124 កន្លែង។ ឈ្មោះ «ដង្ហើម​នាគ» របស់​ល្អាង​នេះ​មាន​ប្រភពពី​ជំនោរ​ខ្យល់​ក្ដៅ និង​មាន​សំណើម​នៅត្រង់​ច្រកចេញចូល។ ទឹក​ក្នុង​បឹង​របស់​ល្អាង​នេះ​មាន​សភាព​ថ្លា​ឆ្វង់ និង​មានជីវិត​រស់នៅ ក្នុងនោះ មាន​ខ្លះ​មាន​ទម្រង់​ស្រដៀង​ជន្លេន កំពឹស ហើយក៏​មាន​ត្រី​អណ្ដែង​លឿង​ផងដែរ។

    យោងតាម​ការស្រាវជ្រាវ​បែប​ទំនើប​បច្ចុប្បន្ន ល្អាង​នេះ​មាន​រូបរាង​ស្រដៀង​ទៅនឹង​ស្បែក​ជើងមាន​ច្រមុះ​ស្រួច៕

  • ក្រុម​តារាវិទូ​រកឃើញ​ពិភពថ្មី​មួយ​ដែល​អាចជា «ពិភព​មហាសមុទ្រ»

    ក្រុម​តារាវិទូ​រកឃើញ​ពិភពថ្មី​មួយ​ដែល​អាចជា «ពិភព​មហាសមុទ្រ»

    ក្រុម​តារាវិទូ​បាន​រកឃើញ​ពិភព «អន្តរការី» មួយ​មាន​ចម្ងាយ 138 ឆ្នាំ​ពន្លឺ​ពី​ផែនដី ដែល​អាច​ផ្ទុក​ពេញ​ដោយ​ទឹក និង​កំពុងតែ​ប្រែប្រួល។

    យោងតាម​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​ដែល​បាន​ចុះផ្សាយ​លើ​ទំព័រ arXiv ពិភព​ដែល​ទើប​រកឃើញ​នេះ​ត្រូវបាន​ដាក់ឈ្មោះថា HD-207496b។ វា​កំពុង​វិលជុំ​វិញ​កូន​ផ្កាយ​មួយ​ដែលមាន​ឈ្មោះថា HD-207496។ ភព​នេះ​វិល​មួយ​ជុំ​ផ្កាយ​មេ​របស់​វា​ដោយ​ចំណាយពេល​តែ 6.44 ថ្ងៃ។ HD-207496b ​មាន​កាំ​ស្មើនឹង 2.25 ដង និង​មាន​ម៉ាស​ធំ​ជាង 6.1 ដង ធៀប​នឹង​ផែនដី។ នេះ​បើតាម Science Alert ចុះផ្សាយ​កាលពី​ថ្ងៃទី 13 មីនា។

    ក្រោយ​ការសង្កេតមើល​យ៉ាង​ម៉ត់ចត់ ក្រុម​អ្នកវិទ្យាសាស្ត្រ​រកឃើញថា ភព HD-207496b មិនមែនជា​ថ្ម​ទាំងស្រុង​ឡើយ។ «…យើង​សន្និដ្ឋានថា ពិភព​នេះ​មាន​សម្បក​ខាងក្រៅ​សម្បូរ​ទឹក ឧស្ម័ន ឬ​ចម្រុះ​គ្នា​ទាំងពីរ» ក្រុម​ស្រាវជ្រាវ​បាន​សរសេរ​ក្នុង​របាយការណ៍​ដូច្នេះ។

    ការសិក្សា​ស្វែងយល់បាន​បង្ហាញថា បើសិនជា HD-207496b មាន​បរិយាកាស​ជា​ឧស្ម័ន​អ៊ីដ្រូសែន និង​អេ​ល្យូ​ម នោះ​ស្ថានភាព​នេះ​គ្រាន់តែ​ជា​រឿង​បណ្ដោះអាសន្ន ព្រោះថា ផ្កាយ​មេ​រប​ស់វា​នឹង​ដុត​កម្ដៅ​វា​នៅក្នុង​រង្វង់ 520 លាន​ឆ្នាំ​ទៀត។ បរិយាកាស​របស់ HD-207496b ក៏​ប្រហែល​ជា​បាន​​បាត់បង់​ទាំងស្រុង ហើយ HD-207496b បច្ចុប្បន្ន​គឺជា​ពិភព​សមុទ្រ​ដែល​មិនមាន​អ្វី​គ្របដណ្ដប់។

    ក្នុងការ​ស្រាវជ្រាវ​បន្ទាប់ ក្រុម​អ្នកវិទ្យាសាស្ត្រ​ចង់​ស្វែងយល់​បន្ថែម​ពី​បរិយាកាស​របស់ HD-207496b បើសិន​ជាមាន។ ប្រការ​នោះ​អាច​បង្ហាញ​ច្បាស់​នូវ​ស្ថានភាព​ពិត និង​វាសនា​ចុងក្រោយ​របស់​ពិភព​មួយ​នេះ៕

  • អាស៊ានមាន​​​អាទិភាព​ផ្សេង​ត្រូវ​ដោះ​ស្រាយ​មុន​​ «ការបង្កើត​រូបិយ​ប័ណ្ណ​រូ​ម​ក្នុង​តំបន់»

    អាស៊ានមាន​​​អាទិភាព​ផ្សេង​ត្រូវ​ដោះ​ស្រាយ​មុន​​ «ការបង្កើត​រូបិយ​ប័ណ្ណ​រូ​ម​ក្នុង​តំបន់»

    អគ្គលេខាធិការ​​អាស៊ាន បានឱ្យដឹងថា ការបង្កើត​រូបិយ​ប័ណ្ណ​រួម​សម្រាប់​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ មិនមែនជា​អាទិភាព​នាពេល​បច្ចុប្បន្ន ក្នុង​គ្រា​ដែល​តំបន់​នេះ​កំពុងមាន​របៀបវារៈ​ផ្សេងទៀត​ត្រូវការ​អនុវត្ត។

    កាលពី​ថ្ងៃទី 13 មីនា 2023 ពី​ជាយក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូណេស៊ី អគ្គលេខាធិការ​​អាស៊ាន លោក កៅ គឹមហួន បាន​ថ្លែងថា ការស្ដារ​សេដ្ឋកិច្ច​ក្រោយ​សម័យ​កូ​វីដ-19 បច្ចុប្បន្ន​គឺជា​អាទិភាព​ចម្បង​លើស​គេ​របស់​អាស៊ាន។

    លោក កៅ គឹមហួន ថ្លែងថា «ខ្ញុំ​គិតថា គំនិត​ស្ដីពី​រូបិយ​ប័ណ្ណ​រួម​ត្រូវបាន​ពិភាក្សា​តាំងពី 10 ឬ 20 ឆ្នាំមុន​មកហើយ។ ប៉ុន្តែ ដំណើរការ​នេះ​នៅ​វែងឆ្ងាយ​នៅឡើយ ព្រោះ​យើង​កំពុងមាន​អាទិភាព​ផ្សេងទៀត»។

    ក្រៅពី​ការស្ដារ​សេដ្ឋកិច្ច​ក្រោយ​សម័យ​កូ​វីដ-19 អគ្គលេខាធិការ​អាស៊ាន ក៏បាន​លើកឡើង​អំពី​របៀបវារៈ​ដទៃ មានដូចជា ការតភ្ជាប់​អាស៊ាន, ការ​ជំរុញ​សេដ្ឋកិច្ច​បៃតង និង​​ការ​បង្កើន​ពាណិជ្ជកម្ម​រវាង​បណ្ដា​ប្រទេស​ក្នុង​សមាគម​មួយ​នេះ​។

    អគ្គលេខាធិការ​​អាស៊ាន លោក កៅ គឹមហួន

    ជំនួស​ឱ្យ​ការបង្កើត​រូបិយ​ប័ណ្ណ​រួម ឥណ្ឌូណេស៊ី ក្នុងនាម​ជា​ប្រធាន​បន្តវេន​អាស៊ាន​សម្រាប់​ឆ្នាំ 2023 បានស្នើ​ឱ្យមាន​ការអភិវឌ្ឍ​បណ្ដាញ​ទូទាត់​ប្រាក់​​ក្នុង​តំបន់​ដើម្បី​ជំរុញ​ការទូទាត់​ឆ្លង​ប្រទេស។

    គិត​មកដល់ពេលនេះ ធនាគារ​ចំនួន​ប្រាំ​ក្នុង​តំបន់​អាស៊ាន ដែល​រួមមាន ធនាគារ​ឥណ្ឌូណេស៊ី (BI), ធនាគារ Negara របស់​ម៉ាឡេស៊ី (BNM), ធនាគារ​ហ្វ៊ីលីពីន Bangko Sentral ng Pilipinas (BSP), អាជ្ញាធរ​រូបិយវត្ថុ​សិង្ហ​បុរី (MAS) និង​ធនាគារជាតិ​​ថៃ (BOT) បាន​យល់ព្រម​បង្កើន​កិច្ចសហប្រតិបត្តិការ​ក្នុង​ការតភ្ជាប់​ការទូទាត់​ក្នុង​តំបន់។

    កម្មវិធី​សហការ​នេះ​នឹងត្រូវ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ទូទាត់​បែប​ឌីជីថល​របស់​បណ្ដា​ប្រទេស​ជាប់ទាក់ទង ក្នុងនោះ​ក៏មាន​ប្រព័ន្ធ​ទូទាត់​ដោយ QR កូដ​ឆ្លង​ប្រទេស និង​​ប្រព័ន្ធ​ទូទាត់​រហ័ស​ផងដែរ៕

  • ឥណ្ឌូណេស៊ី​ត្រៀម​ស្ថានីយ​បញ្ចូល​ថាមពល​រថយន្ត​អគ្គិសនី​សម្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ាន

    ឥណ្ឌូណេស៊ី​ត្រៀម​ស្ថានីយ​បញ្ចូល​ថាមពល​រថយន្ត​អគ្គិសនី​សម្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ាន

    ក្រុមហ៊ុន​អគ្គិសនី​ឥណ្ឌូណេស៊ី​នឹង​ផ្គត់ផ្គង់​ស្ថានីយ​បញ្ចូល​ថាមពល​ចំនួន 100 គ្រឿង សម្រាប់​បម្រើ​ដល់​រថយន្ត​អគ្គិសនី និង​ម៉ូតូ​អគ្គិសនី​ប្រមាណ 400 គ្រឿង ដែល​នឹងត្រូវ​ប្រើប្រាស់​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន (ASEAN) នៅ​ប៉ុន្មាន​ខែ​ខាងមុខ។

    ក្រុមហ៊ុន​អគ្គិសនី​ឥណ្ឌូណេស៊ី (PT PLN) ប្រកាសថា បាន​សហការ​ជាមួយ​សាខា​អគ្គិសនី​ខេត្ត Nusa Tenggara ខាងកើត (NTT) ត្រៀម​ជាស្រេច​ស្ថានីយ​បញ្ចូល​ថាមពល​សម្រាប់​រថយន្ត​អគ្គិសនី (SPKLU) ដើម្បី​បម្រើ​ដល់​កិច្ចប្រជុំ​កំពូល​របស់​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (ASEAN) 2023 ដែល​នឹង​ធ្វើឡើង​នៅ Labuan Bajo ស្រុក Manggarai ខេត្ត NTT។

    អគ្គនាយិកា PT PLN តំបន់ NTT លោកស្រី Fintje Lumembang កាលពី​ថ្ងៃទី 12 មីនា​បាន​និយាយថា «PLN នឹង​ផ្គត់ផ្គង់ SPKLU ចំនួន 100 គ្រឿង​សម្រាប់​បម្រើ​ដល់​រថយន្ត​អគ្គិសនី​ចំនួន 275 គ្រឿង​ដែល​ត្រូវ​ប្រើប្រាស់​ក្នុង​ការដឹក​ក្រុមមន្ត្រី​តំណាង​ប្រទេស​នានា ក៏ដូចជា​បម្រើ​ដល់​បេសកកម្ម​រក្សា​សន្តិសុខ និង​ការគ្រប់គ្រង»។

    អគ្គនាយិកា PT PLN តំបន់ NTT លោកស្រី Fintje Lumembang

    ដើម្បី​ចូលរួម​បេសកកម្ម​អមដំណើរ និង​ល្បាត​នៅក្នុង​អំឡុង​កិច្ចប្រជុំ​ខាងលើ PLN ក៏​នឹង​ប្រើប្រាស់​ម៉ូតូ​អគ្គិសនី​ប្រហែល 105 គ្រឿង​ផងដែរ។

    យោងតាម​ផែនការ កិច្ចប្រជុំ​កំពូល​អាស៊ាន 2023 លើក​ទី 42 នឹងត្រូវ​បានធ្វើ​ឡើង​នៅ Labuan Bajo ក្នុង​ខែឧសភា​ខាងមុខ។ ចំណែក​កិច្ចប្រជុំ​កំពូល​បន្ទាប់​គ្រោង​នឹងធ្វើ​ឡើង​នៅ​រដ្ឋធានី​ហ្សា​ការ​តា​នៅ​ខែកញ្ញា 2023៕