ឥណ្ឌូណេស៊ី​ត្រៀម​ស្ថានីយ​បញ្ចូល​ថាមពល​រថយន្ត​អគ្គិសនី​សម្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ាន

ក្រុមហ៊ុន​អគ្គិសនី​ឥណ្ឌូណេស៊ី​នឹង​ផ្គត់ផ្គង់​ស្ថានីយ​បញ្ចូល​ថាមពល​ចំនួន 100 គ្រឿង សម្រាប់​បម្រើ​ដល់​រថយន្ត​អគ្គិសនី និង​ម៉ូតូ​អគ្គិសនី​ប្រមាណ 400 គ្រឿង ដែល​នឹងត្រូវ​ប្រើប្រាស់​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន (ASEAN) នៅ​ប៉ុន្មាន​ខែ​ខាងមុខ។

ក្រុមហ៊ុន​អគ្គិសនី​ឥណ្ឌូណេស៊ី (PT PLN) ប្រកាសថា បាន​សហការ​ជាមួយ​សាខា​អគ្គិសនី​ខេត្ត Nusa Tenggara ខាងកើត (NTT) ត្រៀម​ជាស្រេច​ស្ថានីយ​បញ្ចូល​ថាមពល​សម្រាប់​រថយន្ត​អគ្គិសនី (SPKLU) ដើម្បី​បម្រើ​ដល់​កិច្ចប្រជុំ​កំពូល​របស់​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (ASEAN) 2023 ដែល​នឹង​ធ្វើឡើង​នៅ Labuan Bajo ស្រុក Manggarai ខេត្ត NTT។

អគ្គនាយិកា PT PLN តំបន់ NTT លោកស្រី Fintje Lumembang កាលពី​ថ្ងៃទី 12 មីនា​បាន​និយាយថា «PLN នឹង​ផ្គត់ផ្គង់ SPKLU ចំនួន 100 គ្រឿង​សម្រាប់​បម្រើ​ដល់​រថយន្ត​អគ្គិសនី​ចំនួន 275 គ្រឿង​ដែល​ត្រូវ​ប្រើប្រាស់​ក្នុង​ការដឹក​ក្រុមមន្ត្រី​តំណាង​ប្រទេស​នានា ក៏ដូចជា​បម្រើ​ដល់​បេសកកម្ម​រក្សា​សន្តិសុខ និង​ការគ្រប់គ្រង»។

អគ្គនាយិកា PT PLN តំបន់ NTT លោកស្រី Fintje Lumembang

ដើម្បី​ចូលរួម​បេសកកម្ម​អមដំណើរ និង​ល្បាត​នៅក្នុង​អំឡុង​កិច្ចប្រជុំ​ខាងលើ PLN ក៏​នឹង​ប្រើប្រាស់​ម៉ូតូ​អគ្គិសនី​ប្រហែល 105 គ្រឿង​ផងដែរ។

យោងតាម​ផែនការ កិច្ចប្រជុំ​កំពូល​អាស៊ាន 2023 លើក​ទី 42 នឹងត្រូវ​បានធ្វើ​ឡើង​នៅ Labuan Bajo ក្នុង​ខែឧសភា​ខាងមុខ។ ចំណែក​កិច្ចប្រជុំ​កំពូល​បន្ទាប់​គ្រោង​នឹងធ្វើ​ឡើង​នៅ​រដ្ឋធានី​ហ្សា​ការ​តា​នៅ​ខែកញ្ញា 2023៕

Advertisement