ពី​ឡុ​ត​រុស្ស៊ី​បង្ហោះ​វីដេអូ​បង្ហាញ​ពី​យន្តហោះ​ចម្បាំង​ហោះ​កៀក​នឹង UAV របស់​អាម៉េរិក

យន្តហោះ​ចម្បាំង​ក្នុង​ត្រកូល Su-27 របស់​រុស្ស៊ី ហោះ​ទៅ​ក្បែរ​យន្តហោះ​គ្មាន​មនុស្ស​បើក MQ-9 របស់​អាម៉េរិក និង​ហោះ​ទៅ​ហួស​ព្រោះតែ​ល្បឿន​ខុសគ្នា នៅក្នុង​វីដេអូ​ដែល​ទើបតែ​បង្ហោះ​នាពេលថ្មីៗនេះ ក្រោយ​ពី​មាន​ហេតុ​ការណ៍​ធ្លាក់​យន្តហោះ​ UAV របស់​អាម៉េរិក​នៅ​សមុទ្រ​ខ្មៅ​។

គណនី Fighter Bomber របស់​អ្នកបើកបរ​យន្តហោះ​ចម្បាំង​រុស្ស៊ី​ម្នាក់ កាលពី​ថ្ងៃទី 15 មីនា បាន​បង្ហោះ​វីដេអូ​លើ Telegram បង្ហាញ​អំពី​យន្តហោះ​ចម្បាំង​រុស្ស៊ី កំពុង​ហោះ​ក្បែរ​យន្តហោះ​គ្មាន​មនុស្ស​បើក (UAV) MQ-9 របស់​អាម៉េរិក។ ពេលវេលា និង​ទីកន្លែង​ថត​វីដេអូ​នេះ​មិន​ត្រូវបាន​បង្ហើប​ឱ្យដឹង ហើយក៏​មិន​ច្បាស់​ថា នេះ​គឺជា MQ-9 ដែល​បាន​ធ្លាក់​លើ​សមុទ្រ​ខ្មៅ​ ​ឬ​យ៉ាងណា​នៅឡើយ។

វីដេអូ​មាន​រយៈពេល​បួន​វិនាទី​បង្ហាញថា យន្តហោះ​ចម្បាំង​នេះ​ស្ថិតក្នុង​ត្រកូល Su-27 តែ​មិន​ច្បាស់​អំពី​កំណែ  ហោះ​ទៅ​ក្បែរ UAV អាម៉េរិក​ពីក្រោយ និង​ពី​ខាងស្ដាំ។ គម្លាត​នេះ​អាច​ឱ្យគេ​​មើលឃើញ​ច្បាស់​ផ្លា​កលេខ «294» របស់ UAV។ UAV នេះ​គឺជា​​ម៉ូ​ដែល MQ-9 ប្រើប្រាស់​ស្លាប​កង្ហារ​ចំនួន​បួន និង​ត្រូវបាន​ដំឡើង​ធុង​ប្រេង​បន្ថែម​ដើម្បី​បង្កើន​ចម្ងាយ​នៃ​ការហោះហើរ ព្រម​ទាំង​​មាន​អង់​តែ​ន​ថ្មី​នៅត្រង់​ពោះ​របស់​វា។

ក្នុង​វីដេអូ យន្តហោះ​ទាំងពីរ​សុទ្ធតែ​ហោះ​ប្រកបដោយ​ស្ថិរភាព មិនមាន​ការហោះ​ឆ្វែល ឬ​គំរាម​ដល់​សុវត្ថិភាព​គ្នា។ Su-27 របស់​រុស្ស៊ី ហោះ​លឿន​ជាង​ឆ្ងាយ​ធៀប​នឹង UAV របស់​អាម៉េរិក។

UAV MQ-9 Reaper

«នេះ​អាចជា​មូលហេតុ​មួយ​ដែលនាំឱ្យ​មានការ​ប៉ះ​ទ​ង្គិ​ត​គ្នា ក្នុងនោះ យន្តហោះ​រុស្ស៊ី​ទំនងជា​បាន​ប៉ះ UAV ដោយ​អ​ចេតនា ពេលដែល UAV របស់​អាម៉េរិក​ផ្លាស់ប្ដូរ​ល្បឿន ឬ​ទិស​ដៅ​​ហោះហើរ» អ្នកជំនាញ Thomas Newdick របស់​ទំព័រ​យោធា War Zone យល់​ដូច្នេះ។

បញ្ជាការដ្ឋាន​កងទ័ព​ប្រចាំ​អឺរ៉ុប​របស់​អាម៉េរិក បានឱ្យដឹងថា យន្តហោះ​ចម្បាំង Su-27 ពីរ​គ្រឿង​របស់​រុស្ស៊ី បាន​ហោះ​មក​ក្បែរ ហោះ​កាត់មុខ និង​បាញ់​ប្រេងសាំង​ទៅលើ UAV MQ-9 Reaper នៅលើ​តំបន់​សមុទ្រ​អន្តរជាតិ​កាលពី​ថ្ងៃទី 14 មីនា មុនពេល​យន្តហោះ Su-27 មួយគ្រឿង​ផ្សេងទៀត​ប៉ះទង្គិច​លើ​ស្លាប​កង្ហារ​របស់ UAV ​បង្ខំ​ឱ្យ​ទ័ពអាកាស​អាម៉េរិក​ទ​ម្លា​ក់ UAV ចូលក្នុង​សមុទ្រ។

មន្ទីរ​បញ្ច​កោណ​និយាយថា MQ-9 ពេលនោះ​កំពុង​ឈ្លបយកការណ៍​ដូច​ធម្មតា។ អាម៉េរិក​ប្រើប្រាស់ MQ-9 សម្រាប់​សកម្មភាព​ឈ្លបយកការណ៍ និង​វាយប្រហារ​គោលដៅ​លើដី។ យន្តហោះ​គ្មាន​មនុស្ស​បើក​នេះ​តែង​ហោះ​លើ​សមុទ្រ​ខ្មៅ​ដើម្បី​តាមដាន​កងទ័ព​រុស្ស៊ី។

ក្រុមមន្ត្រី​រុស្ស៊ី​បាន​ច្រានចោល​ការចោទប្រកាន់​ពី​អាម៉េរិក និង​យល់ថា UAV របស់​អាម៉េរិក​ផ្លាស់ប្ដូរ​ទិស​​ដៅ​រហ័ស និង​ធ្លា​ក់ដោយ​ឯកឯង​នៅពេល​បាត់បង់​ការគ្រប់គ្រង។ ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​អាម៉េរិក Anatoly Antonov អះអាងថា MQ-9 កំពុង​ប្រមូល​ទិន្នន័យ​ដើម្បី​បញ្ជូនទៅឱ្យ​អ៊ុយ​ក្រែ​ន មុនពេល​ត្រូវ​ធ្លាក់។

វីដេអូ​បង្ហាញ​ពី​យន្តហោះ​ចម្បាំង​របស់​រុស្ស៊ី ហោះ​កៀក​នឹង UAV របស់​អាម៉េរិក

នេះ​គឺជា​ការប៉ះទង្គិច​ផ្ទាល់​ជា​លើកដំបូង​រវាង​កងក​ម្លាំ​ង​រុស្ស៊ី និង​អាម៉េរិក រាប់​ចាប់តាំងពី​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​បាន​ផ្ទុះឡើង​កាលពី​ខែកុម្ភៈ​ឆ្នាំ​កន្លង។ ហេតុការណ៍​នេះ​មិនបាន​ធ្វើឱ្យមាន​ការប្រឈមមុខ​ដាក់គ្នា​នៅ​កន្លែង​ជាក់ស្ដែង​បន្ទាប់​ទៀត​នោះទេ ប៉ុន្តែ​វា​ធ្វើឱ្យ​ទ័ពអាកាស​អាម៉េរិក​ខាតបង់​អស់យ៉ាង​តិច 30 លាន​ដុល្លារ​អាម៉េរិក នៅ​ពេល MQ-9 Reaper បាន​បាត់​ខ្លួន​ទាំងស្រុង​ពី​អាកាស៕

Advertisement