តំណាងរាស្ត្រ​ជប៉ុន​មួយរូប​ដែល «មិនចូល​ធ្វើ​ការ​​សោះ» ត្រូវ​សភា​ដកហូត​អភ័យឯកសិទ្ធិ

សមាជិកសភា​ជាន់ខ្ពស់​ជប៉ុន Higashitani មាន​ប្រភពពី YouTuber ល្បីឈ្មោះ ត្រូវបាន​ដកហូត​អភ័យឯកសិទ្ធិ​ជា​តំណាងរាស្ត្រ ព្រោះតែ​មិន​បានមក​កន្លែងធ្វើការ​ទាល់តែសោះ​ចាប់តាំងពី​បាន​ជាប់ឆ្នោត​កាលពី​ឆ្នាំ​កន្លង។

ក្រុមប្រឹក្សាវិន័យ​របស់​សភា​ជប៉ុន កាលពី​ថ្ងៃទី 14 មីនា 2023 បានសម្រេច​ដកហូត​អភ័យឯកសិទ្ធិ​នៅ​សភា​ជាន់ខ្ពស់​របស់លោក Yoshikazu Higashitani ដែល​ត្រូវបាន​គេ​ស្គាល់​ថា GaaSyy អាយុ 51 ឆ្នាំ ដោយសារ​មិនដែល​មក​ចូលរួម​កិច្ចប្រជុំ​ណាមួយ​សោះ ចាប់តាំងពី​បាន​ជាប់ឆ្នោត​កាលពី​ខែកក្កដា 2022។

ការសម្រេចចិត្ត​របស់​សភា​ជប៉ុន​នេះ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​បានស្នើ​ឱ្យ​លោក GaaSyy មកកាន់​រាជធានី​តូ​ក្យូ​ដើម្បី​សូម​អភ័យទោស​ដោយផ្ទាល់​ចំពោះ​អវត្តមាន​ជា​បន្តបន្ទាប់​របស់ខ្លួន និង​បន្ថែមថា នេះ​គឺជា​ឱកាស​ចុងក្រោយ​របស់លោក។ ក៏ប៉ុន្តែ GaaSyy មិនបាន​បង្ហាញខ្លួន ហើយ​នៅតែ​ធ្វើ​សកម្មភាព​លើ​ឆា​នែ​ល YouTube ប្រកាស​ពី​គម្រោង​ជួយ​ដល់​ហេតុការណ៍​រញ្ជួយ​ដី​នៅ​ប្រទេស​តួ​ក​គី។

តំណែង​របស់ GaaSyy នឹងត្រូវ​បានដាក់​ជំនួស​ដោយ​បេក្ខភាព​មួយរូប​មកពី​បក្ស Seijika Joshi 48 របស់លោក។ ជំនួសមុខ​ឱ្យ GaaSyy តំណាងរាស្ត្រ Satoshi Hamada របស់​បក្ស Seijika Joshi 48 បាន​ជំទាស់​នឹង​ការសម្រេច​របស់​សភា ដោយ​ថ្លែងថា វា​ផ្ទុយទៅនឹង​បំណង​របស់​អ្នក​ដែល​បាន​បោះឆ្នោត​ជូន GaaSyy។

មុនពេល​បាន​ក្លាយជា​តំណាងរាស្ត្រ លោក GaaSyy មានឈ្មោះ​ល្បី​នៅលើ​បណ្ដាញ​សង្គម YouTube ដោយសារតែ​ធ្វើ​វីដេអូ​និយាយ​ពី​បុគ្គល​ល្បីឈ្មោះ​ជាប្រចាំ។

លោក Yoshikazu Higashitani ដែលត្រូវបានគេស្គាល់ថា GaaSyy

លោក GaaSyy ត្រូវបាន​គេ​ជឿថា កំពុង​ស្ថិតនៅ​ទីក្រុង​ឌូ​បៃ ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម។ លោក GaaSyy ប្រាប់ថា មិនអាច​វិល​ត្រលប់​មកកាន់​ជប៉ុន ព្រោះ​បារម្ភ​ពី​ការចាប់ខ្លួន។ នៅ​ជប៉ុន ប៉ូលិស​កំពុង​ស៊ើ​ង​អង្កេត​លើ​រូបលោក GaaSyy ក្រោម​ការចោទប្រកាន់​ពីបទ​គំរាម និង​បរិហាកេរ្តិ៍​បុគ្គល​ល្បីឈ្មោះ នៅក្នុង​បណ្ដា​វីដេអូ​ដែល​លោក​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម។

ការដកហូត​អភ័យឯកសិទ្ធិ​របស់​តំណាងរាស្ត្រ​គឺជា​ការពិន័យ​ធ្ងន់ធ្ងរ​បំផុត​សម្រាប់​សមាជិកសភា​នៅ​ជប៉ុន។ រាប់​ចាប់ពី​ឆ្នាំ 1950 សភា​ជប៉ុន​បានសម្រេច​ចិត្ត​ដក​អភ័យឯកសិទ្ធិ​តែ​ពីរ​ករណី​ប៉ុណ្ណោះ ហើយ​លោក Yoshikazu Higashitani គឺជា​តំណាងរាស្ត្រ​ដំបូង​ដែល​ត្រូវបាន​បណ្ដេញ​ពីស​ភា ព្រោះតែ​អវត្តមាន​ជា​បន្តបន្ទាប់៕

Advertisement