Category: អន្តរជាតិ

  • ជាង36លាននាក់​បាន​ឆ្លង​ COVID-19​ នៅ​ទូទាំង​ពិភព​លោក!​ WHO​ ថា ​10%​នៃ​ប្រជា​ជន​របស់​ពិភព​លោក​ ប្រហែល​បាន​ឆ្លង​វីរុស​នេះ​ហើយ

    ជាង36លាននាក់​បាន​ឆ្លង​ COVID-19​ នៅ​ទូទាំង​ពិភព​លោក!​ WHO​ ថា ​10%​នៃ​ប្រជា​ជន​របស់​ពិភព​លោក​ ប្រហែល​បាន​ឆ្លង​វីរុស​នេះ​ហើយ

    ក្នុងសកលលោកទាំងមូលមានអ្នកស្លាប់ជិត1.1លាននាក់នៅក្នុងចំណោមអ្នកបានឆ្លងវីរុសCOVID-19 ជាង36លាននាក់ ខណៈដែល WHO បានប៉ានប្រមាណឃើញថា វីរុសនេះបានឆ្លងរាលដាលទៅមនុស្សក្នុងអត្រា10%នៃប្រជាជនសរុបរបស់ពិភពលោក។

    ប្រទេសនិងដែនដីចំនួន214ក្នុងពិភពលោក បានរកឃើញអ្នកឆ្លងវីរុសCOVID-19 សរុបឡើងដល់ 36,032,666​នាក់ និងអ្នកស្លាប់ដោយសារវីរុសនេះមានចំនួន1,054,036នាក់ ក្នុងនោះមានករណីឆ្លងថ្មី338,942នាក់ និង​ករណី​ស្លាប់​ថ្មី​8,109​នាក់ត្រូវបានរកឃើញក្នុងអំឡុងពេល24ម៉ោងចុងក្រោយនេះ។ ចំណែកអ្នកបានជាសះស្បើយមានចំនួន27,109,777នាក់។ នេះបើតាមគេហទំព័រ Worldometers។

    សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលមានករណីឆ្លងវីរុសCOVID-19 ច្រើនជាងគេក្នុងពិភពលោក ដោយមានករណីឆ្លងសរុប 7,715,456នាក់ និងស្លាប់សរុប215,701នាក់។ អ្នកឆ្លងថ្មីបានកើន36,370នាក់ និងអ្នកស្លាប់ថ្មីបានកើន669នាក់ បើធៀបនឹងមុននោះមួយថ្ងៃ។

    លោក Mike Ryan នាយកគ្រប់គ្រងស្ថានការណ៍បន្ទាន់របស់អង្គការសុខភាពពិភពលោក (WHO)

    លោក Mike Ryan នាយកគ្រប់គ្រងស្ថានការណ៍បន្ទាន់របស់អង្គការសុខភាពពិភពលោក (WHO) បានព្រមានថា COVID-19 ទំនងជាបានឆ្លងទៅប្រជាជនចំនួន10%ក្នុងចំណោមប្រជាជនសរុបរបស់ពិភពលោក ហើយការឆ្លងរាលដាលនេះនឹងនៅតែបន្តកើតមាន។

    នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី5តុលា លោក Mike Ryan និយាយថា៖ “តួលេខនេះ អាស្រ័យទៅលើប្រទេស និងតំបន់នីមួយៗ ក៏ដូចជាក្រុមប្រពលរដ្ឋនីមួយៗ។ ប៉ុន្តែ វាបង្ហាញថា ប្រជាជនភាគច្រើនរបស់ពិភពលោកនៅតែប្រឈមនឹងគ្រោះថ្នាក់។ យើងកំពុងឈានចូលដល់ដំណាក់កាលលំបាក៕

    ប្រភព៖ AFP, Reuters, worldometers

  • ប៉ូលិស​និង​បាតុករ​ប៉ះ​ទង្គិច​គ្នា​នៅ​កៀហ្ស៊ីស៊ីស្ថាន!​ ជិត​600​នាក់​រង​របួស​ (វីដេអូ)

    ប៉ូលិស​និង​បាតុករ​ប៉ះ​ទង្គិច​គ្នា​នៅ​កៀហ្ស៊ីស៊ីស្ថាន!​ ជិត​600​នាក់​រង​របួស​ (វីដេអូ)

    ការប៉ះទង្គិចគ្នាដោយហិង្សាបានផ្ទុះឡើងនៅពេលបាតុករបានឡោមព័ទ្ធវិមានសភាជាតិដើម្បីប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោតសភាកៀហ្ស៊ីស៊ីស្ថាន (Kyrgyzstan) នាំឱ្យក្រុមប៉ូលិសប្រើប្រាស់កម្លាំងបាយដើម្បីបំបែកហ្វូងបាតុករ។

    បាតុកម្មនៅទីក្រុង Bishkek របស់ប្រទេសកៀហ្ស៊ីស៊ីស្ថានបានកើតឡើងបន្ទាប់ពីការបោះឆ្នោតសភាកាលពីថ្ងៃទី4តុលាដែលមានគណបក្សចំនួន16បានចូលរួមប្រជែងឆ្នោតដណ្ដើមកៅអីចំនួន120នៅសភាជាតិ។ យោងតាមលទ្ធផលនៃការរាប់សន្លឹកឆ្នោតបឋម មានតែបក្សចំនួន4ប៉ុណ្ណោះដែលទទួលបានសន្លឹកឆ្នោតយ៉ាងតិច7%ដើម្បីចូលសភាជាតិ នាំឱ្យបក្សផ្សេងៗធ្វើការជំទាស់។

    ព្រឹកថ្ងៃទី5តុលា សមាជិករបស់បក្សចំនួន2ដែលចាញ់ឆ្នោត បាននាំគ្នាធ្វើបាតុកម្មនៅទីលានកណ្ដាលក្រុង Bishkek។ អ្នកគាំទ្ររបស់បក្សផ្សេងៗក៏បានអូសគ្នាមកចូលរួម បណ្ដាលឱ្យហ្វូងបាតុករឡើងដល់ប្រមាណពី5,000-6,000នាក់។

    ហ្វូងបាតុករបានឡោមព័ទ្ធវិមានសភាជាតិ និងមិនអនុញ្ញាតឱ្យក្រុមមន្ត្រី និងបុគ្គលិករដ្ឋចាកចេញពីទីនេះ។ វិមានសភានេះក៏ជាទីតាំងរបស់ការិយាល័យប្រធានាធិបតី រដ្ឋាភិបាល ប្រធានរដ្ឋអាជ្ញា និងអភិបាលក្រុង Bishkek ផងដែរ។

    កងកម្លាំងរបស់រដ្ឋាភិបាល បានប្រើប្រាស់គ្រាប់បែកភ្លើងហ្វ្លាស stun grenade និងគ្រាប់កាំភ្លើងកៅស៊ូដើម្បីបំបែកហ្វូងបាតុករ និងបានចាប់ខ្លួនមនុស្សមួយចំនួន។ ប៉ុន្តែ ក្រោយការប៉ះទង្គិចជាមួយក្រុមប៉ូលិសរយៈពេល6ម៉ោង ក្រុមបាតុករក៏បានគ្រប់គ្រងវិមានរដ្ឋសភា និងបានរំដោះអតីតប្រធានាធិបតី Almazbek Atambayev ដែលត្រូវបានគណៈកម្មការសន្តិសុខជាតិរបស់កៀហ្ស៊ីស៊ីស្ថានចាប់ខ្លួនកាលពីខែសីហា2019។

    ការប៉ះទង្គិចគ្នានៅរដ្ឋធានី Bishkek កាលពីថ្ងៃទី5តុលា បណ្ដាលឱ្យមនុស្សប្រមាណ590នាក់បានរងរបួស និងម្នាក់បានស្លាប់ នេះបើតាមសេចក្ដីប្រកាសក្នុងថ្ងៃនេះ (6តុលា) របស់ក្រសួងសុខាភិបាលកៀហ្ស៊ីស៊ីស្ថាន។

    មជ្ឈមណ្ឌលប្រឆាំងនឹងការធ្វើទារុណកម្មកៀហ្ស៊ីស៊ីស្ថាន បានឱ្យដឹង មន្ត្រីអនុវត្តច្បាប់ប្រហែល190នាក់បានរងរបួសក្នុងការប៉ះទង្គិចនេះ ក្នុងនោះមាន6នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

    នៅឯទីក្រុង Osh ភាគខាងលិចកៀហ្ស៊ីស៊ីស្ថាន ក៏មានការហែក្បួនដ៏ធំមួយដែលមានមនុស្សប្រមាណ500នាក់បានចូលរួម ដើម្បីសំដែងការគាំទ្រចំពោះប្រធានាធិបតី Jeenbekov។ ក្នុងចំណោមពួកគេ មានអ្នកខ្លះគាំទ្រនឹងលទ្ធផលបោះឆ្នោត ប៉ុន្តែក៏មានអ្នកខ្លះប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោតនេះដែរ៕

    ប្រភព៖ TASS, Sputnik

  • កងទ័ពអាមេរិក​បាន​ទទួល​​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​ Iron Dome ​ដំបូង​ពី​អ៊ីស្រាអែល​ហើយ

    កងទ័ពអាមេរិក​បាន​ទទួល​​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​ Iron Dome ​ដំបូង​ពី​អ៊ីស្រាអែល​ហើយ

    កងទ័ពជើងគោកសហរដ្ឋអាមេរិក ទើបតែទទួលបានប្រព័ន្ធការពារដែនអាកាស Iron Dome (បកប្រែក្រៅផ្លូវការថាខែល​ដំបូលដែក) ដំបូងបង្អស់នៅក្នុងចំណោមប្រព័ន្ធ Iron Dome ចំនួន2ដែលត្រូវបានបញ្ជាទិញពីអ៊ីស្រាអែលកាលពីខែសីហា2019។

    ក្រសួងការពារជាតិអ៊ីស្រាអែល កាលពីថ្ងៃទី4តុលាបានឱ្យដឹងថា ខ្លួនបានប្រគល់ប្រព័ន្ធការពារដែនអាកាស Iron Dome ដំបូងទៅឱ្យកងទ័ពជើងគោកសហរដ្ឋអាមេរិករួចហើយ ប៉ុន្តែមិនទាន់បានអះអាងថា តើប្រព័ន្ធការពារនេះសមស្របទៅនឹងចក្ខុវិស័យបច្ចុប្បន្នរបស់កងទ័ពជើងគោកអាមេរិកដែរ ឬយ៉ាងណានៅឡើយ។

    ក្រុមហ៊ុន Rafael របស់អ៊ីស្រាអែលបានឱ្យដឹងថា រ៉ុកកែតបាញ់ស្ទាក់ Tamir របស់ប្រព័ន្ធការពារនេះត្រូវបានក្រុមហ៊ុន Raytheon របស់សហរដ្ឋអាមេរិកជាអ្នកផលិត នឹងមានកម្លាំងគ្រប់គ្រាន់ក្នុងការទប់ទល់នឹងការគំរាមកំហែងដែលមានចម្ងាយពីប្រព័ន្ធ Iron Dome ប្រមាណ64គីឡូម៉ែត្រ។

    “ប្រព័ន្ធ Iron Dome គឺជាផ្នែកមួយនៃប្រព័ន្ធការពារកាំជ្រួចផ្លោងច្រើនស្រទាប់របស់អ៊ីស្រាអែល ដែលវាបង្ហាញអំពីកម្លាំងការពារជាតិរបស់អ៊ីស្រាអែល” រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Benny Gantz បានថ្លែងដូច្នេះនៅក្នុងសេក្ដីប្រកាសមួយរបស់ក្រុមហ៊ុន Rafael។ “ប្រព័ន្ធនេះបានការពារជីវិតមនុស្សយ៉ាងច្រើននៅសមរភូមិភាគខាងត្បូងប្រទេសអ៊ីស្រាអែល ដោយសារតែប្រសិទ្ធភាពរបស់វា។ ខ្ញុំមានមោទនភាព និងជឿជាក់ថា ប្រព័ន្ធដ៏ទំនើបនេះនឹងការពារកងទ័ពជើងគោកសហរដ្ឋអាមេរិក”។

    សូមរំឭកថា កងទ័ពជើងគោកសហរដ្ឋអាមេរិកបានប្រកាសអំពីគម្រោងទិញប្រព័ន្ធការពារដែនអាកាស Iron Dome កាលពីខែកុម្ភៈ2019 និងបានចុះហត្ថលេខាទិញប្រព័ន្ធនេះចំនួន2 ជាមួយនឹងប្រទេសអ៊ីស្រាអេលកាលពីខែសីហា2019។ មេដឹកនាំរបស់ក្រុមហ៊ុន Rafael ឱ្យដឹងថា Iron Dome បានចូលរួមក្នុងការសាកល្បងជាច្រើនលើកជាមួយនឹងកងទ័ពជើងគោកអាមេរិកនៅក្នុងវាលសាកល្បងរ៉ុកកែត White Sands ក្នុងរដ្ឋ New Mexico សហរដ្ឋអាមេរិក។

    តាមគម្រោង កងទ័ពជើងគោកអាមេរិកនឹងទទួលប្រព័ន្ធ Iron Dome ទី2 ពីអ៊ីស្រាអែល នៅក្នុងខែកុម្ភៈ2021ខាងមុខ និងត្រូវធានាឱ្យប្រាកដថា ប្រព័ន្ធនេះដំណើរការប្រកបដោយប្រសិទ្ធភាពជាមួយនឹងប្រព័ន្ធបញ្ជាការសមរភូមិចម្រុះ IBCS (Integrated Battle Command System) នៅត្រីមាសទី2ឆ្នាំ2021។ បន្ទាប់មកទៀត Iron Dome នឹងត្រូវចូលរួមធ្វើការបាញ់សាកល្បងនៅឆ្នាំក្រោយ ដែលជាព្រឹត្តិការណ៍មួយសម្រាប់ក្រុមហ៊ុនផលិតអាវុធនានាបង្ហាញថា ប្រព័ន្ធការពារអាវុធរបស់ពួកគេអាចតភ្ជាប់ជាមួយប្រព័ន្ធ IBCS បានល្អ។

    អ៊ីស្រាអែលចាប់ផ្ដើមអភិវឌ្ឍប្រព័ន្ធ Iron Dome នេះ បន្ទាប់ពីសង្គ្រាមនៅលីបង់កាលពីឆ្នាំ2006 នៅពេលដែលកងកម្លាំង Hezbollah បានបានបាញ់ស្រោចគ្រាប់រ៉ុកកែតទៅលើប្រទេសអ៊ីស្រាអែល។ ក្រុមប្រដាប់អាវុធនានានៅ Gaza ប្រើប្រាស់រ៉ុកកែត122មម ដែលអាចបាញ់ក្នុងរយៈចម្ងាយ20គីឡូម៉ែត្រ គំរាមកំហែងដល់ប្រជាជនជិត1លាននាក់នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល។

    បច្ចុប្បន្ន អ៊ីស្រាអែលមានប្រព័ន្ធ Iron Dome ចំនួន10 និងអាចដាក់ពង្រាយបន្ថែមចំនួន5ប្រព័ន្ធទៀតនៅពេលខាងមុខ។ ប្រព័ន្ធ Iron Dome ពេញលេញមួយមានតម្លៃប្រមាណ50លានដុល្លារអាមេរិក ដោយវាមាន3ផ្នែកសំខាន់ៗ គឺ រ៉ាដាតាមចាប់គោលដៅ ប្រព័ន្ធគ្រប់គ្រងការប្រយុទ្ធនិងបញ្ជារ៉ុកកែត (BMC) រួមនឹងជើងទម្របាញ់គ្រាប់ (MFU)។ ជើងទម្រ MFU នីមួយៗមានរ៉ុកកែតវាយស្ទាក់ Tamir ចំនួន20ដើមដែលអាចបាញ់បានរយៈចម្ងាយ70គីឡូម៉ែត្រ៕

    ប្រភព៖ Military

  • ពិធីប្រកួតបន្លែយក្ស មិនព្រមចុះចាញ់កូវីដ ងាកមករៀបចំការប្រកួតតាមអនឡាញ ឱ្យកសិករផ្ញើរូប រួមប្រកួត…

    ពិធីប្រកួតបន្លែយក្ស មិនព្រមចុះចាញ់កូវីដ ងាកមករៀបចំការប្រកួតតាមអនឡាញ ឱ្យកសិករផ្ញើរូប រួមប្រកួត…

    ទីភ្នាក់ងារព័ត៌មាន BBC បានរាយការណ៍ថា ទោះជាឆ្នាំនេះគ្មានពិធីបុណ្យបង្អួតផលិតផលកសិកម្ម ដោយសារតែស្ថានការណ៍កូវីដ-19ក្ដី តែកសិករជនជាតិអង់គ្លេស នៅតែជួយគ្នាជ្រោមជ្រែង និងមើលថែទាំដំណាំបន្លែបង្ការយ៉ាងល្អ ក្នុងអំឡុងពេលបិទប្រទេស ធ្វើឱ្យទទួលបានទិន្នផលធំៗ យក្សៗ គួរឱ្យភ្ញាក់ផ្អើល។

    Joe Atherton បង្ហាញទិន្នផលបន្លែរបស់លោក ក្នុងអំឡុងពេលកូវីដ-19

    ក្រុមហ៊ុន ឃែនណា ជាប្រក្រតី តែងធ្វើជាម្ចាស់កម្មវិធីរៀបចំការប្រកួតបង្អួតបន្លែយក្សៗ ក្នុងអំឡុងរដូវស្លឹកឈើជ្រុះ តែលើកនេះ ត្រូវបានផ្អាកកម្មវិធីនេះ ធ្វើឱ្យសមាគមជាតិអ្នកដាំបន្លែ បានរៀបចំការប្រកួតប្រជែងនេះ តាមអនឡាញជំនួសវិញ ដោយអនុញ្ញាតឱ្យកសិករ ផ្ញើរូបភាព មកចូលរួមប្រកួតតាមរយៈអ៊ីមែលជំនួសវិញ។

    លោក ចូ អាធើតុន មកពីទីក្រុង ណត់ធីងហ៊ែម ស៊ើរ៍ ម្ចាស់ជើងឯកពិភពលោក 5ឆ្នាំជាប់ៗគ្នា ជឿថា ឆ្នាំនេះ លោកក៏នឹងបានគ្រប់គ្រងតំណែងជើងឯកជាឆ្នាំទី6 បន្តទៀត ដែលការប្រកួតលើកនេះ គឺជាការប្រកួតតែម្ដងគត់ ក្នុងអំឡុងពេល 1ឆ្នាំ ដោយសារតែការឆ្លងរាលដាលរបស់កូវីដ-19។

    លោក ចូ អាធើតុន ធ្លាប់ទទួលបានរង្វាន់ជើងឯក ខាងដាំបានបន្លែទំហំយក្សៗ រួចមកហើយ 5ឆ្នាំ ជាប់ៗគ្នា

    កាលពីសប្ដាហ៍កន្លងទៅ លោកអាធើតុន បាននាំបន្លែធំៗ យក្សៗ មកបង្ហាញនៅក្នុងពិធីបុណ្យ “The Grow Show On Tour” នៅឯទីក្រុង មែនស៍ហ្វៀល ធ្វើឱ្យមនុស្សម្នាទាំងឡាយ ភ្ញាក់ផ្អើលនឹងខ្នាតដ៏ធំៗ របស់បន្លែស្ពៃ ដែលមានប្រវែង 5.5ម៉ែត្រ និងមើមរ៉ាឌី ប្រវែង 85សង់ទីម៉ែត្រ។

    ចំណែកលោក ហូលលី បូលុស មកពីក្រុមហ៊ុនឃែនណា បានថ្លែងថា ការរៀបចំការប្រកួតបន្លែយក្សៗនេះ គឺដើម្បីបើកឱកាសឱ្យកសិករ បានបង្ហាញផលិតផលរបស់ពួកគេ ដែលដាំដុះបានដោយក្ដីលំបាក និងទោះជាការប្រកួតតាមប្រក្រតី ត្រូវបានផ្អាកក៏ពិតមែន តែការរៀបចំការប្រកួតតាមអនឡាញលើកនេះ មានអ្នកដាំដុះបន្លែថ្មីៗ បានចូលរួមប្រកួតបង្ហាញបន្លែបង្ការទំហំធំៗ យក្សៗ ជាលើកដំបូងរបស់ពួកគេ ជាច្រើននាក់។

    មើមរ៉ាឌី វែងបំផុត ដែលលោក អាធើតុន យកឈ្នះលើស្ថិតិចាស់របស់ខ្លួនឯង

    រួមទាំងលោក ដូមីនិក ឌ្រីសខូលល៍ មកពី វីនហ្គើវើធ ទីក្រុងឌឹប៊ីឈើរ៍ បានដាំបន្លែស្ពៃក្ដោបយក្ស 1គុម្ព ទម្ងន់ 22គីឡូក្រាមផង ម្ចាស់ស្ពៃក្ដោបយក្សរូបនេះ បានថ្លែងថា លោកមិនសូវបានដាំដុះបន្លែធំៗ យក្សៗបែបនេះប៉ុន្មានទេ ព្រោះរវល់តែដាំបន្លែសម្រាប់បរិភោគ ច្រើនជាងបន្លែខ្នាតធំៗ ហើយការដែលត្រូវកាត់ចិត្ត កាត់បន្លែយកមកប្រកួតនេះ គឺជារឿងដែលលោកពិបាកចិត្តមែនទែន តែក៏សប្បាយរីករាយខ្លាំងណាស់ ដែលបានដាំវា តាំងកូនគ្រាប់តូចមួយ រហូតដល់បានធំប៉ុននេះ ហើយលោកថែមទាំងសប្បាយចិត្តទៀតផង ដែលបន្លែមានរសជាតិផ្អែម និងស្រួយឆ្ងាញ់។

    បន្លែស្ពៃក្ដោប របស់លោក ដូមីនិក ទម្ងន់ 22គីឡូក្រាម

    ចំណែកលោក ខេវីន ហ្វ័រធីយ៍ មកពីទីក្រុងសៅធ៍វេលស៍ អ្នកបង្កើតផេចហ្វេសប៊ុក “ក្រុមបន្លែយក្ស” បាននិយាយថា ក្នុងអំឡុងពេលបិទទីក្រុង គឺជាឱកាសដ៏ល្អ សម្រាប់អ្នកដាំដុះបន្លែបង្ការទូទាំងពិភពលោក ដែលបានទំនាក់ទំនងគ្នា តាមរយៈបណ្ដាញសង្គមអនឡាញ។

    លោក ​ខេវីន ហ្វ័រធីយ៍ ក៏បានបង្ហាញផ្លែល្ពៅយក្សរបស់លោកដែរ

    ការប្រកួតបែបសប្បាយៗតាមអនឡាញ បានធ្វើឱ្យមនុស្សទូទាំងពិភពលោក បានឃើញបន្លែទំហំធំៗ យក្សៗ ដែលគួរឱ្យចាប់អារម្មណ៍ជាច្រើន រួមទាំងមានអ្នកដាំដុះជំនាន់ថ្មីៗ ចូលរួមប្រកួតផងនោះ អាចនិយាយបានថា វាជាការងារបន្ទាប់បន្សំមួយ ដែលជួយឱ្យមនុស្សម្នា បានចេញមកក្រៅផ្ទះខ្លះ និងនៅជាមួយការសម្លឹងមើលបន្លែដែលធំធាត់ឡើងក្នុងអំឡុងពេលបិទទីក្រុង។

    គួរបញ្ជាក់ផងដែរថា បន្លែធំៗ យក្សៗ ដែលបានយកមកតាំងបង្ហាញ ប្រកួតប្រជែងគ្នានេះ នឹងត្រូវបានបរិច្ចាគទៅឱ្យមជ្ឈមណ្ឌលថែទាំជនចាស់ជរា និងធនាគារស្បៀងអាហារ នៅពេលចប់កម្មវិធី៕

    ប្រភព៖ សារព័ត៌មានបរទេស

     

  • លោក Donald Trump ចេញពីពេទ្យហើយ!

    លោក Donald Trump ចេញពីពេទ្យហើយ!

    ប្រធានាធិបតីសហរដ្ឋអាមេរិកបានចាកចេញពីមជ្ឈមណ្ឌលសុខាភិបាលយោធា Walter Reed បន្ទាប់ពីបានចូលព្យាបាលជំងឺនៅទីនេះដោយសារឆ្លង COVID-19 និងបានត្រលប់ទៅកាន់សេតវិមានវិញហើយ ដើម្បីបន្តការព្យាបាល និងធ្វើការ។

    លោក Donald Trump បានចាកចេញពីមន្ទីរពេទ្យយោធា Walter Reed នៅវេលាម៉ោង18និង38នាទី ថ្ងៃទី5តុលា (ម៉ោង5និង38នាទី ថ្ងៃទី6តុលារ នៅភ្នំពេញ)។ ក្រុមអង្គរក្សដែលនៅក្បែរលោក សុទ្ធតែពាក់ម៉ាស់។ ក្រុមអ្នកសារព័ត៌មានបានសួរសំណួរទៅកាន់លោក Trump ប៉ុន្តែ លោកមិនបានឆ្លើយតប់នោះទេ ដោយគ្រាន់តែនិយាយពាក្យថាអរគុណប៉ុណ្ណោះ។

    នៅពេលនោះដែរ លោក Trump ត្រូវបានគេមើលឃើញថា បានលើកម្រាមដៃមេជាច្រើនលើកដែលបញ្ជាក់ថា គ្រប់យ៉ាងនៅតែល្អប្រសើរ ហើយលោកថែមទាំងបានលើកបង្ហាញកណ្ដាប់ដៃដែលហាក់បញ្ជាក់ថា លោកមានការប្ដេជ្ញាខ្ពស់ នៅមុនពេលលោកចូលរថយន្តពណ៌ខ្មៅ និងបរឆ្ពោះទៅកាន់កន្លែងចតឧទ្ធម្ភាគចក្រ Marine One ដែលកំពុងរង់ចាំលោកជាស្រេច។

    ពេលទៅដល់ឧទ្ធម្ភាគចក្រ ម្ចាស់សេតវិមានក៏បានចុះពីលើរថយន្ត រួចលើកម្រាមដៃមេសាជាថ្មីនៅចំពោះមុខក្រុមអ្នកយកព័ត៌មាន បន្ទាប់មកក៏ឡើងឧទ្ធម្ភាគចក្រ។ ឧទ្ធម្ភាគចក្របានហោះឡើងនៅវេលាម៉ោង18និង46នាទី។ ខណៈពេលចាកចេញពីមន្ទីរពេទ្យ លោក Trump ធ្វើដំណើរដោយថ្មើរជើងបានលឿនជាងកាលពីលោកទើបតែទទួលបានលទ្ធផលវិជ្ជមាន ព្រមទាំងមិនបង្ហាញអំពីអាការហត់នឿយនោះដែរ។

    ក្រោយពីបានត្រលប់ដោយសេតវិមាន លោក Trump ក៏បានឡើងទៅកាន់ជាន់ទី2តែម្នាក់ឯង ដោយទុកឱ្យក្រុមអង្គរក្សនៅជាន់ក្រោម។ លោក Trump ឈរនៅលើយ៉អគារ រួចក៏ដោះម៉ាស់ដាក់ទៅក្នុងហោប៉ៅ ហើយលើកដៃគោរពតាមបែបទាហានទៅកាន់ក្រុមមន្ត្រីយោធានៅលើឧទ្ធម្ភាគចក្រដែលកំពុងត្រៀមហោះចាកចេញ។ លោក Trump ក៏បានលើកម្រាមដៃមេម្ដងទៀត មុនពេលចូលទៅខាងក្នុង។

    លោក Trump នឹងបន្តទទួលការព្យាបាល COVID-19 នៅសេតវិមាន ជាកន្លែងដែលមានក្រុមវេជ្ជបណ្ឌិត និងឧបករណ៍វេជ្ជសាស្ត្រចាំបាច់។

    មុននោះ លោក Trump បានប្រកាសនៅលើ Twitter ថា៖ “ខ្ញុំមានអារម្មណ៍ថា ពិតជាមានសុខភាពល្អ! កុំខ្លាច COVID។ ចូរកុំទុកឱ្យវាបំបែកបំបាក់ជីវភាពរបស់អ្នក។ ក្រោមសម័យរបស់រដ្ឋាភិបាល Trump យើងបានអភិវឌ្ឍថ្នាំពេទ្យមួយចំនួន រួមនឹងចំណេះដឹងដ៏អស្ចារ្យ។ ខ្ញុំមានអារម្មណ៍ថា មានសុខភាពល្អជាង បើធៀបនឹងម្ភៃឆ្នាំមុន!”។

    លោក Trump ក៏បានឱ្យដឹងថា លោកនឹងវិលទៅធ្វើការឃោសនារកសំឡេងឆ្នោតនាពេលដ៏ខ្លីខាងមុខ។

    ទោះជាយ៉ាងណាក៏ដោយ សារព័ត៌មាននានានៅសហរដ្ឋអាមេរិក ចេញផ្សាយថា លោក Trump អាចនឹងត្រូវវិលចូលពេទ្យជាថ្មី ដែលប្រការនេះនឹងបង្កផលប៉ះពាល់ច្រើនដល់សុខភាព និងឱកាសជាប់ឆ្នោតជាថ្មីរបស់លោក។ លោក Trump មានអាយុ74ឆ្នាំ និងកំពុងលើសទម្ងន់ ធ្វើឱ្យលោកមានហានិភ័យខ្ពស់ទាក់ទងនឹងការកើតជំងឺផ្សេងៗដោយសារតែCOVID-19។

    កាលពីថ្ងៃទី5តុលាកន្លងទៅ លោក Conley ដែលជាវេជ្ជបណ្ឌិតរបស់សេតវិមាន បានសង្កត់ធ្ងន់ថា លោក Trump នឹងងាយរងផលប៉ះពាល់អាក្រក់បំផុតនៅក្នុងអំឡុងពេលចន្លោះពីថ្ងៃទី7ដល់ថ្ងៃទី10 ក្រោយទទួលបានលទ្ធផលវិជ្ជមានជាមួយនឹងCOVID-19។ ប៉ុន្តែ លោក Conley អះអាងថា លោក Trump នឹងទទួលបានការព្យបាល និងថែទាំ “លំដាប់ពិភពលោក” ពីក្រុមសុខាភិបាលនៅសេតវិមាន៕

    ប្រភព៖ Fox,AFP

  • លោក Trump ធ្លាប់ត្រូវដកដង្ហើមពីប្រព័ន្ធជំនួយអ៊ុកស៊ីហ្សែន ដោយសារកំហាប់អ៊ុកស៊ីហ្សែនក្នុងឈាមថយចុះ ព្រោះតែក្ដៅខ្លួនខ្លាំង

    លោក Trump ធ្លាប់ត្រូវដកដង្ហើមពីប្រព័ន្ធជំនួយអ៊ុកស៊ីហ្សែន ដោយសារកំហាប់អ៊ុកស៊ីហ្សែនក្នុងឈាមថយចុះ ព្រោះតែក្ដៅខ្លួនខ្លាំង

    វេជ្ជបណ្ឌិតមកពីសេតវិមាន គឺលោក Sean Conley បានទទួលស្គាល់ថា បានព្យាយាមលាក់បាំងការពិតដែលថា លោក Trump ត្រូវដកដង្ហើមដោយមានជំនួយពីប្រព័ន្ធអ៊ុកស៊ីហ្សែន នៅពេលកំហាប់អ៊ុកស៊ីហ្សែនក្នុងឈាមថយចុះ ដោយសារតែក្ដៅខ្លួនខ្លាំង។

    “ស្ថានភាពសុខភាពរបស់ប្រធានាធិបតីកំពុងល្អប្រសើរឡើងជាបណ្ដើរៗ ហើយលោកអាចចេញពីមន្ទីរពេទ្យយ៉ាងឆាប់បំផុតគឺនៅថ្ងៃទី5តុលា” នេះបើតាមវេជ្ជបណ្ឌិតរបស់សេតវិមាន លោក Sean Conley ដែលបាននិយាយកាលពីថ្ងៃទី4តុលា នៅក្នុងសន្និសីទសារព័ត៌មានមួយស្ដីអំពីស្ថានភាពសុខភាពរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump។

    លោក Conley ឱ្យដឹងថា លោក Trump ត្រូវប្រើថ្នាំ dexamethasone បន្ថែមពីលើថ្នាំដែលកំពុងព្យាបាល ដែលនេះបានធ្វើឱ្យការព្រួយបារម្ភខ្លាំងអំពីប្រតិកម្មនៃការរលាកដែល COVID-19 ធ្វើឱ្យកើតមាននៅក្នងសួត និងអាការផ្សេងទៀត។

    លោក Trump កំពុងទទួលការព្យាបាលដោយប្រើថ្នាំ remdesivir ជាថ្នាំប្រឆាំងនឹងវីរុស ទប់ទល់នឹងការឆ្លងរោគដោយសារCOVID-19។ Sean Dooley ដែលជាវេជ្ជបណ្ឌិតម្នាក់ផ្សេងទៀត បានឱ្យដឹងថា លោក Trump “មិនមានអាការក្ដៅខ្លួន ចាប់តាំងពីព្រឹកថ្ងៃទី2តុលា។ សញ្ញានៃការរស់រានរបស់លោក នៅតែល្អប្រសើរ ហើយលោកនៅតែស្ថិតក្នុងបន្ទប់ស្អាត អាចដើរដោយខ្លួនឯងបានដោយមិនចាំបាច់មានអ្នកជួយ”។

    ក៏ប៉ុន្តែ នៅចំពោះមុខការសួរជីកឫសជីកគល់របស់ក្រុមអ្នកសារព័ត៌មាន លោក Conley ក៏បានបង្ហើបប្រាប់ថា លោក Trump ធ្លាប់ក្ដៅខ្លួនខ្លាំង និងកំហាប់អ៊ុកស៊ីហ្សែនក្នុងឈាមត្រូវថយចុះក្រោម94% (ធម្មតាគឺ96 ឬខ្ពស់ជាងនេះ) កាលពីព្រឹកថ្ងៃទី2តុលា។

    វេជ្ជបណ្ឌិត​ Sean Coley និង​ក្រុម​ការ​ងារ​

    លោក Conley បញ្ជាក់ថា ដោយសារមូលហេតុខាងលើ ក្រុមវេជ្ជបណ្ឌិតក៏បានស្នើឱ្យលោក Trump ដកដង្ហើមពីបំពង់អ៊ុកស៊ីហ្សែន ប៉ុន្តែដំបូងឡើយលោកបានប្រកែក ហើយក្រោយមកក៏បានយល់ព្រម។ បន្ទាប់ពីទទួលបានអ៊ុកស៊ីហ្សែនបន្ថែម កំហាប់អ៊ុកស៊ីហ្សែនក្នុងឈាមរបស់គាត់ក៏បានឡើងដល់កម្រិតធម្មតាដោយប្រើពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ នៅចុងថ្ងៃនោះដែរ លោក Trump ក៏បានឡើងឧទ្ធម្ភាគច្រើន ធ្វើដំណើរទៅកាន់ Walter Reed។

    លោក Conley ទទួលស្គាល់ថា បានចៀសវាងការឆ្លើយត្រង់ទៅនឹងសំណួររបស់ក្រុមអ្នកយកព័ត៌មាន ព្រោះតែ “កំពុងព្យាយាមបង្ហាញអំពីភាពជឿជាក់របស់ក្រុមវេជ្ជបណ្ឌិតដែលកំពុងធ្វើការព្យាបាល និងប្រធានាធិបតី នៅក្នុងដំណាក់កាលលោកមានជំងឺ។ លោក Conley បន្តថា៖ “ខ្ញុំមិនចង់ផ្ដល់ព័ត៌មានណាដែលនាំឱ្យមានការយល់ច្រឡំអំពីស្ថានភាពជំងឺ ដែលប្រការនេះ បាននាំឱ្យយើងព្យាយាមលាក់បាំងព័ត៌មានខ្លះដែលមិនចាំបាច់ត្រូវនិយាយការពិត”។

    នៅពេលត្រូវបានសួរអំពីលទ្ធភាពដែលប្រព័ន្ធសួតរបស់លោក Trump ត្រូវរងរបួស ឬត្រូវឆ្លងរោគ លោក Conley និយាយថា៖ “យើងកំពុងតាមដានស្ថានភាពយ៉ាងយកចិត្តទុកដាក់ ហើយមានបញ្ហាខ្លះបានកើតឡើងដូចការគិត ប៉ុន្តែមិនមានអ្វីគួរឱ្យព្រួយបារម្ភឡើង”៕

    ប្រភព៖ AP

  • ជំនួយការផ្ទាល់ម្នាក់ទៀតរបស់លោក Trump ឆ្លងវីរុសCOVID-19

    ជំនួយការផ្ទាល់ម្នាក់ទៀតរបស់លោក Trump ឆ្លងវីរុសCOVID-19

    Nicholas Luna ជាជំនួយការផ្ទាល់ម្នាក់ដែលតែងធ្វើការនៅក្បែរប្រធានាធិបតី Donald Trump បានលទ្ធផលវិជ្ជាមានជាមួយនឹងCOVID-19 ក្រោយពីបានធ្វើតេស្តរកមេរោគ ដែលដំណឹងនេះ ត្រូវបានមន្ត្រីសេតវិមានម្នាក់ សុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ប្រាប់សារព័ត៌មាន CNN។

    លោក Nicholas Luna គឺជាជំនួយការជិតស្និទ្ធម្នាក់របស់លោក Donald Trump ដែលតែងតែអមដំណើរលោកទាំងថ្ងៃ ទាំងយប់។ ភារកិច្ចរបស់លោក Nicholas Luna មានច្រើន រាប់ចាប់ពីត្រួតពិនិត្យឯកសារ ការពិនិត្យទៅលើសុន្ទរកថានានារបស់លោក Trump ការសង្ខេបដំណឹងពីសារព័ត៌មាននិងសៀវភៅសម្រាប់ម្ចាស់សេតវិមាន ឬត្រៀមប៊ិកសម្រាប់លោក Trump ចុះហត្ថលេខា។ល។

    ប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី1តុលា បានប្រកាសថា លោកនិងលោកស្រី Melania វិជ្ជមានជាមួយនឹង COVID-19 ហើយក្រោយមកក៏បានចូលពេទ្យនៅ Maryland ដើម្បីព្យាបាលជំងឺ។

    Nicholas Luna និង​លោក​Trump

    លោក Sean Conley ដែលជាវេជ្ជបណ្ឌិតរបស់លោក Trump បានឱ្យដឹងថា ប្រធានាធិបតី “នៅមានសុខភាពល្អ និងបានធូរស្រាលជាងមុន”។ លោក Conley បន្តថា លោក Trump មិនមានអាការក្រៅខ្លួន ហើយក៏មិនត្រូវការអ៊ុកស៊ីហ្សែនបន្ថែមនោះដែរ។ បើទោះជា Conley បញ្ជាក់ថា លោក Trump “មិនទាន់ឆ្លងផុតគ្រោះថ្នាក់” ប៉ុន្តែក្រុមគ្រូពេទ្យនៅតែសង្ឃឹមចំពោះស្ថានភាពសុខភាពរបស់លោក។

    នៅក្នុងវីដេអូពីមន្ទីរពេទ្យយោធា Walter Reed ជាកន្លែងដែលលោក Trump កំពុងទទួលការព្យាបាលជំងឺCOVID-19 ប្រធានាធិបតីរូបនេះបានឱ្យដឹងថា លោកមានអារម្មណ៍ថាបានប្រសើរជាងមុន ទន្ទឹមនឹងនេះ លោកក៏បានប្រកាសថា “នឹងត្រឡប់មកវិញ” ក្នុងពេលឆាប់ៗនេះ៕

    ប្រភព៖ CNN

  • អ្នក​ណា​ខ្លះ​ដែល​បាន​​នៅ​ក្បែរ​លោក​ Trump រយៈ​ពេល​7​ថ្ងៃនៃ​សប្ដាហ៍​មុន​​​? អ្នក​ណា​ខ្លះ​បានឆ្លង​​ ឬ​​មិន​បាន​ឆ្លង​COVID-19 ពី​លោក​ Trump?

    អ្នក​ណា​ខ្លះ​ដែល​បាន​​នៅ​ក្បែរ​លោក​ Trump រយៈ​ពេល​7​ថ្ងៃនៃ​សប្ដាហ៍​មុន​​​? អ្នក​ណា​ខ្លះ​បានឆ្លង​​ ឬ​​មិន​បាន​ឆ្លង​COVID-19 ពី​លោក​ Trump?

    យ៉ាង​ហោច​ណាស់​​ក៏​មាន​មនុស្ស​ចំនួន​27​នាក់​ដែល​ធ្លាប់​បាន​នៅក្បែរ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ Donald Trump​ កាល​ពី​​​សប្ដាហ៍​មុន​ ក្នុង​នោះ​មាន​4​នាក់​បាន​ឆ្លង​វីរុស​COVID-19 និង​​13​នាក់​ទទួល​បាន​លទ្ធ​ផល​អវិជ្ជមាន​ ចំណែក​10​នាក់​ផ្សេង​ទៀត​មិន​ទាន់​ទទួល​បាន​លទ្ធផល​នៃការ​ធ្វើ​តេស្ត​នៅ​ឡើយ។

    ខាងក្រោម​នេះ​គឺជា​ព័ត៌មាន​​ស្ដីអំពី​លទ្ធ​ផល​នៃ​ការ​ធ្វើ​តេស្ត​ទៅ​លើ​ក្រុម​មនុស្ស​ដែល​ធ្លាប់​បាន​នៅក្បែរ​លោក Trump ក្នុងអំឡុង​​​7​ថ្ងៃ​នៃ​សប្ដាហ៍​មុន​៖

    ក្រុម​មនុស្ស​ដែល​ “វិជ្ជមាន” ​ជាមួយ​នឹង​ COVID-19


    ក្រុម​មនុស្ស​ដែល​ “អវិជ្ជមាន​” ជាមួយ​នឹង​ COVID-19

    ក្រុម​មនុស្សដែល​ “មិន​ទាន់​ទទួលបាន​លទ្ធផល” ​នៃ​ការ​ធ្វើ​តេស្ត​

    ប្រភព​៖ Washington Post

  • ឆ្លើយតបចំណុចសង្ស័យ៖ តើនឹងមានអ្វីកើតឡើង បើលោកត្រាំ ឈឺធ្ងន់ រហូតបំពេញតួនាទីមិនកើត?

    ឆ្លើយតបចំណុចសង្ស័យ៖ តើនឹងមានអ្វីកើតឡើង បើលោកត្រាំ ឈឺធ្ងន់ រហូតបំពេញតួនាទីមិនកើត?

    ទីភ្នាក់ងារព័ត៌មានBBC បានរួបរួមសំណួរ និងចម្លើយ ស្ដីពីភាពអាចទៅរួចផ្សេងៗ ដែលអាចនឹងកើតឡើង ក្រោយពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវបានវិនិច្ឆ័យថា ឆ្លងមេរោគកូវីដ-19 ត្រឹមមិនប៉ុន្មានសប្ដាហ៍ មុននឹងដល់ថ្ងៃបោះឆ្នោតជ្រើសតាំងប្រធានាធិបតីសហរដ្ឋអាមេរិក ដែលធ្វើឱ្យកើតមានសំណួរឡើងជាច្រើន ហើយខាងក្រោមនេះ គឺជាសំណួរ និងចម្លើយ ស្ដីពីភាពអាចទៅរួចក្នុងទស្សនៈផ្សេងៗ…។

    តើលោកប្រធានាធិបតី ត្រាំ នឹងខកខានការធ្វើយុទ្ធនាការរកសំឡេងឆ្នោតអ្វីខ្លះ?
    លោកត្រាំ ត្រូវបានសុំឱ្យបង្ខាំងបរិវេណខ្លួនឯងរយៈពេល 10ថ្ងៃ រាប់តាំងពីពេលដែលលោកត្រូវបានវិនិច្ឆ័យថា ឆ្លងកូវីដ-19 កាលពីថ្ងៃទី1 តុលា ដូច្នេះលោកប្រហែលជាអាចចូលរួមការធ្វើឌីបេត(និយាយតតាំងគ្នា)លើកទី2 ជាមួយលោក ចូ បៃដិន គូប្រជែងដណ្ដើមតំណែងប្រធានាធិបតីសហរដ្ឋអាមេរិកមកពីគណបក្ស ដេម៉ូក្រេត ដែលកំណត់ធ្វើឡើងនៅថ្ងៃទី15 តុលា ខាងមុខនេះបាន។
    តែយ៉ាងណាក៏ដោយ កាលបរិច្ឆេទការឃោសនារកសំឡេងឆ្នោត ដែលនឹងធ្វើឡើងនៅក្នុងរដ្ឋហ្វ្លរីដា នៅថ្ងៃទី2តុលា កន្លងទៅ ត្រូវបានលុបចោល ខណៈដែលកាលកំណត់យុទ្ធនាការរកសំឡេងឆ្នោតក្នុងអំឡុងពេលដ៏កៀកថ្មី 1ទៀតរបស់លោកត្រាំ ត្រូវបានលុបចោល ឬមិនទេក៏ពន្យារពេលទាំងអស់រួចហើយ។

    តើស្ថិតក្នុងស្ថានការណ៍ណា ដែលនឹងធ្វើឱ្យការបោះឆ្នោតជ្រើសតាំងប្រធានាធិបតីសហរដ្ឋអាមេរិក ត្រូវពន្យារពេល?
    ពិតប្រាកដណាស់ថា ការបង្ខាំងនៅដាច់ដោយឡែករបស់លោកត្រាំ បានហុចផលប៉ះពាល់ដល់យុទ្ធនាការរកសំឡេងឆ្នោតរបស់លោក ដូច្នេះហើយទើបមានសំណួរតាមមកថា តើការបោះឆ្នោត នឹងត្រូវពន្យារពេលឬទេ? និងតើរឿងនោះនឹងកើតឡើងដោយរបៀបណា?
    ការបោះឆ្នោតជ្រើសតាំងប្រធានាធិបតីសហរដ្ឋអាមេរិក ត្រូវបានកំណត់ដោយច្បាប់ថា នឹងធ្វើឡើងនៅថ្ងៃអង្គារ បន្ទាប់ពីថ្ងៃចន្ទដំបូង របស់ខែវិច្ឆិកា ដោយនឹងធ្វើឡើងរៀងរាល់ 4ឆ្នាំម្ដង ដែលក្នុងឆ្នាំនេះ ត្រូវនឹងថ្ងៃទី3 វិច្ឆិកា។
    ការផ្លាស់ប្ដូរ ឬពន្យារថ្ងៃបោះឆ្នោត អាស្រ័យលើសមាជិកសភាកុងក្រេស មិនមែនប្រធានាធិបតីទេ ដោយមិនចាំបាច់ត្រូវបានទទួលសំឡេងភាគច្រើនពីខាងសភា ក្នុងការបោះឆ្នោតផ្លាស់ប្ដូរថ្ងៃបោះឆ្នោតអ្វីទាំងអស់ ដែលរឿងនេះប្រហែលជាមិនអាចកើតឡើងបានឡើយ នៅពេលពិចារណាពីស្ថានភាពពិត ដែលថា គណបក្សដេម៉ូក្រេត គ្រប់គ្រងសំឡេងភាគច្រើនក្នុងសភាតំណាងរាស្ត្រ។
    ទោះជាការផ្លាស់ប្ដូរថ្ងៃបោះឆ្នោត អាចនឹងកើតមានឡើងមែនក៏ដោយ តែរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក បានកំណត់ច្បាស់លាស់ថា ប្រធានាធិបតីសហរដ្ឋអាមេរិក មានអាណត្តិគ្រងតំណែងត្រឹមតែ 4ឆ្នាំប៉ុណ្ណោះ ដូច្នេះការគ្រងតំណែងរបស់លោកត្រាំ នឹងត្រូវបញ្ចប់ដោយស្វ័យប្រវត្តិ ក្នុងអំឡុងពេលថ្ងៃត្រង់ នៃថ្ងៃទី20 មករា ឆ្នាំ2021។

    តើនឹងមានអ្វីកើតឡើង បើលោកត្រាំ មិនអាចប្រតិបត្តិតួនាទីបាន?
    ខណៈនេះលោកប្រធានាធិបតីត្រាំ មានអាការជំងឺត្រឹមតែបន្តិចបន្តួចប៉ុណ្ណោះ តែបើសិនជាលោកធ្លាក់ខ្លួនឈឺធ្ងន់ រហូតមិនអាចបំពេញតួនាទីបាន រដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក បានបើកផ្លូវឱ្យប្រធានាធិបតី អាចផ្ទេរប្រគល់អំណាចក្នុងការគ្រប់គ្រង ឱ្យទៅអនុប្រធានាធិបតីបាន ដែលនឹងធ្វើឱ្យលោក មៃខ៍ ផេនស៍ ក្លាយជាប្រធានាធិបតីស្ដីទី និងនៅពេលលោកត្រាំ ជាសះស្បើយ រឹងមាំស្រួលបួលឡើងវិញ ក៏អាចវិលមកគ្រងតំណែងបានដូចដើម។
    បើសិនជាប្រធានាធិបតីសហរដ្ឋអាមេរិក ឈឺធ្ងន់ខ្លាំង មិនអាចធ្វើការផ្ទេរប្រគល់អំណាចបាន គណៈរដ្ឋមន្ត្រី និងអនុប្រធានាធិបតី អាចប្រកាសថា ប្រធានាធិបតីសហរដ្ឋអាមេរិក មិនអាចបំពេញតួនាទីតទៅទៀតបានទេ ហើយលោក ផេនស៍ នឹងចូលមកបំពេញតួនាទីជាប្រធានាធិបតីសហរដ្ឋអាមេរិកជំនួសតែម្ដង។
    បើសិនលោក ផេនស៍ ក្លាយជាអ្នកដែលគ្មានសមត្ថភាពក្នុងការប្រតិបត្តិតួនាទីខាងលើនោះបាន អ្នកដែលនឹងឡើងមកគ្រប់គ្រងអំណាច ក្នុងការធ្វើការងារនេះជំនួសគឺ លោកស្រី នែនស៊ី ប៉េឡូហ្ស៊ី ប្រធានសភា មកពីគណបក្សដេម៉ូក្រេត តែ គេជឿថា ការផ្ទេរប្រគល់អំណាចបែបនេះ ប្រហែលនឹងមិនអាចកើតឡើងងាយៗនោះទេ និងត្រូវតែធ្វើឱ្យមានការតស៊ូខាងនយោបាយកើតឡើងមិនខាន។

    តើពីមុនមក ធ្លាប់មានប្រធានាធិបតីសហរដ្ឋអាមេរិកណា បំពេញតួនាទីមិនបានដែរឬទេ?
    កាលពីឆ្នាំ1985 លោកប្រធានាធិបតី រ៉ូណាល់ រីហ្គែន ត្រូវបាននាំខ្លួនទៅមន្ទីរពេទ្យ ដើម្បីវះកាត់ព្យាបាលជំងឺមហារីក។ លោកបានតែងតាំងឱ្យលោក ចច អេចឆ៍ ដាប់ប៊ើលយូ ប៊ូស អនុប្រធានាធិបតីនាពេលនោះ ឡើងបំពេញតួនាទីជំនួស។
    នៅឆ្នាំ2002 និងឆ្នាំ2007 លោកប្រធានាធិបតី ចច ដាប់ប៊ើលយូ ប៊ូស ក៏បានផ្ទេរប្រគល់អំណាច ឱ្យទៅអនុប្រធានាធិបតីសហរដ្ឋអាមេរិកដូចគ្នា នៅពេលដែលលោកត្រូវគេដាក់ថ្នាំសន្លប់ ដើម្បីស៊កបំពង់កាមេរ៉ាចូលក្នុងពោះ ពិនិត្យពោះវៀនធំ។

    បើសិនលោកត្រាំ មិនអាចចូលប្រកួតប្រជែងក្នុងការបោះឆ្នោតបាន តើឈ្មោះរបស់អ្នកណា នឹងត្រូវបង្ហាញនៅលើបណ្ណបោះឆ្នោត?
    មិនថាតែដោយហេតុផលអ្វីក៏ដោយ បើសិនបេក្ខជនដែលបានទទួលការជ្រើសរើសពីគណបក្សនយោបាយ ឱ្យចូលប្រកួតប្រជែងដណ្ដើមតំណែងប្រធានាធិបតីនោះ មិនអាចបំពេញតួនាទីបាន លោក ម៉ៃខ៍ ផេនស៍ ដែលទោះជាកំពុងបំពេញតួនាទីជំនួសប្រធានាធិបតីបានក៏ដោយ តែក៏មិនអាចក្លាយជាបេក្ខភាពតំណាងគណបក្ស រីផាប់ប្ល៊ីកាន់ ក្នុងការចុះឈ្មោះធ្វើជាបេក្ខជនដណ្ដើមតំណែងប្រធានាធិបតី ជំនួសលោកត្រាំបានដែរ៕

    ប្រភព៖ សារព័ត៌មានបរទេស

  • តោះ! នាំគ្នាមកមើលសារ និងComment ជនល្បីៗទូទាំងពិភពលោក ក្រោយដឹងថា លោកត្រាំ ឆ្លងកូវីដ-19

    តោះ! នាំគ្នាមកមើលសារ និងComment ជនល្បីៗទូទាំងពិភពលោក ក្រោយដឹងថា លោកត្រាំ ឆ្លងកូវីដ-19

     

    អាចនិយាយបានថា ជាព័ត៌មានដែលសាងភាពភ្ញាក់ផ្អើលទូទាំងពិភពលោក នៅពេលដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ នៃសហរដ្ឋអាមេរិក ប្រកាសតាមរយៈប្រព័ន្ធផ្សព្វផ្សាយធ្វីតធើរកាលពីម្សិលមិញ(ទី2តុលា)ថា រូបលោក និងភរិយា“មេឡានី” បានឆ្លងមេរោគកូវីដ-19 និងកំពុងស្ថិតក្នុងដំណើរការបង្ខាំងខ្លួននៅដោយឡែក និងព្យាបាលខ្លួន មុនដល់ថ្ងៃបោះឆ្នោតជ្រើសតាំងប្រធានាធិបតីសហរដ្ឋអាមេរិក ត្រឹមតែ1ខែទៀតប៉ុណ្ណោះ។

    ខាងក្រោមនេះ គឺជាប្រតិកម្ម និង Comment ខ្លះៗ ពីមនុស្សនៅក្នុងរដ្ឋបាលសហរដ្ឋអាមេរិកខ្លួនឯង និងអ្នកវិភាគ, សាព័ត៌មាន និងមេដឹកនាំប្រទេសមួយចំនួន។

    -លោកអនុប្រធានាធិបតី ម៉ៃខ៍ ផេនស៍
    “ខារេន និងខ្ញុំ សូមផ្ញើសេចក្ដីស្រឡាញ់ និងបំណងប្រាថ្នាល្អជូនចំពោះលោកប្រធានាធិបតី ដូណាល់ ត្រាំ និង មេឡានី ត្រាំ ដែលជាមិត្តសម្លាញ់របស់យើង។ យើងទាំង 2នាក់ និងជនជាតិអាមេរិកទូទាំងប្រទេស សូមភាវនាបន់ស្រន់ ឱ្យលោកឆាប់ជាសះស្បើយ។ សុំឱ្យព្រះជាម្ចាស់ ឃុំគ្រងលោកប្រធានាធិបតី ត្រាំ និងមេឡានី កំពូលស្ត្រីទី1 របស់យើង”

    -កាប្រៀល អាត់ថាល អ្នកនាំពាក្យរដ្ឋាភិបាលបារាំង
    “នេះគឺ ចំណុចពិសោធថា មេរោគវីរុស មិនលើកលែងចំពោះនរណាម្នាក់ឡើយ ទោះជាអ្នកដែលសង្ស័យលើខ្លួនវាក៏ដោយ ខ្ញុំសូមឱ្យលោកឆាប់ជាសះស្បើយពីអាការជំងឺឱ្យបានលឿនបំផុត”

    -ហ៊ូ ស៊ីជីន បណ្ណាធិការគ្រប់គ្រងសារព័ត៌មាន ហ្គ្លោបល ថាមស៍
    “ប្រធានាធិបតីត្រាំ និងស្ត្រីលេខ1 ត្រូវសងថ្លៃ ដែលពួកគាត់បដិសេធភាពកាចសាសហាវរបស់កូវីដ-19។ ដំណឹងនេះ ធ្វើឱ្យមើលឃើញថា ស្ថានការណ៍រោគរាតត្បាតនៅក្នុងសហរដ្ឋអាមេរិក ធ្ងន់ធ្ងរប៉ុនណា? វាបំផ្លាញទិដ្ឋភាពទូទៅរបស់លោកត្រាំ និងសហរដ្ឋអាមេរិក និងហុចផលក្នុងន័យអវិជ្ជមានចំពោះរូបលោក ក្នុងសឹកបោះឆ្នោតជ្រើសតាំងខាងមុខទៀតផង”

    -សារព័ត៌មាន ឆាយណា ដេលី
    “ការដែលលោកត្រាំ និងភរិយា មានលទ្ធផលវិជ្ជមាន គឺជារឿងដែលត្រូវដាស់តឿនបន្ថែមថា វីរុសកូរ៉ូណា នៅតែចម្លងសាយភាយចេញទៅ ទោះលោកត្រាំ ខំព្យាយាមអះអាងយ៉ាងគ្មានប្រយោជន៍ថា វាលែងមានគ្រោះថ្នាក់ហើយក៏ដោយ។ ចាប់តាំងពីវីរុស បានឧប្បត្តិឡើងកាលពីដើមឆ្នាំនេះ លោកត្រាំ, សេតវិមាន និងក្រុមឃោសនារកសំឡេងឆ្នោតរបស់លោក បានមើលរំលងភាពធ្ងន់ធ្ងររបស់វាមករហូត និងបដិសេធក្នុងការធ្វើតាមការណែនាំរបស់មន្ត្រីសុខភាពសាធារណៈ…ឬសូម្បីតែពាក្យណែនាំដែលចេញពីរដ្ឋបាលរបស់លោកខ្លួនឯង ដូចជា ការពាក់ម៉ាស់អនាម័យការពារនៅក្នុងទីសាធារណៈ និងទុកគម្លាតឆ្ងាយពីគ្នាក្នុងសង្គមក៏ដោយ និងផ្ទុយទៅវិញ លោកត្រាំ នៅតែរៀបចំវេទិកាធ្វើអត្ថាធិប្បាយ ដែលមានអ្នកគាំទ្រ ចូលរួមរាប់ពាន់នាក់”

    -សេចក្ដីថ្លែងការណ៍ ពីអ្នកនាំពាក្យទីស្ដីការប្រធានាធិបតីតៃវ៉ាន់
    “លោកស្រីប្រធានាធិបតី ឆៃ (អ៊ិងវឹន) បានជ្រាបដំណឹងហើយ ទើបសូមផ្ញើបំណងប្រាថ្នាល្អ ទៅរដ្ឋបាលសហរដ្ឋអាមេរិក តាមរយៈដំណើរផ្លូវការទូត ដោយសង្ឃឹមថា លោកប្រធានាធិបតី ត្រាំ និងភរិយា នឹងជាសះស្បើយយ៉ាងឆាប់រហ័ស ក្រោមការមើលថែទាំពីក្រុមគ្រូពេទ្យជំនាញៗ”

    -ឆេន អូលីវើរ ប្រធានផ្នែកយុទ្ធសាស្ត្រការវិនិយោគទុនរបស់ AMP Capital
    “ការដែលលោកត្រាំ ឆ្លងមេរោគវីរុសកូរ៉ូណា អាចនឹងជួយឱ្យលោកទទួលបានពិន្ទុអាណិតអាសូរខ្លះឡើងវិញ…ស្ថានការណ៍ អាចទៅរួចច្រើនយ៉ាង បើលោកមានលទ្ធផលពិនិត្យមេរោគ វិជ្ជមាន តែអាការមិនធ្ងន់ធ្ងរ គ្រប់យ៉ាងក៏អាចនឹងចប់ក្នុងរយៈពេល 2-3ថ្ងៃ តែបើដល់ថ្នាក់ត្រូវចូលមន្ទីរពេទ្យវិញនោះ វានឹងសាងនូវក្ដីវិតក្កកង្វល់ចំពោះទីផ្សារកាន់តែខ្លាំងឡើង។ ប្រាកដណាស់ថា យុទ្ធនាការឃោសនារកសំឡេងឆ្នោត ដែលគាំងនៅទ្រឹង ច្បាស់ជាធ្វើឱ្យភាគីជាច្រើនបារម្ភថា លោកត្រាំនឹងចាញ់ការបោះឆ្នោត”

    “ជាទូទៅវិញ ទីផ្សារ តែងតែនឹកសង្ឃឹមឱ្យលោកត្រាំ ជាអ្នកឈ្នះ និងអ្នកវិនិយោគទុនភាគច្រើន ក៏ចង់ឱ្យលោកត្រាំធ្វើជាអ្នកដឹកនាំតទៅទៀតដែរ ព្រោះទាំងអស់នោះមានន័យពី អត្រាភាស៊ីដែលទាប និងរបៀបរបបច្បាប់ ដែលមានតិចជាងរដ្ឋបាលលោក បៃដិន”

    -ណាអូយ៉ៈ អូឈិប៊ុកុ អ្នកសេដ្ឋសាស្ត្រជើងចាស់ មកពីស៊ូមិតូម៉ូ មីតស៊ុយ ត្រាស់ អ៊ែសសិត មែនេចជើមែនត៍
    “លោកត្រាំ នៅមានពិន្ទុនិយមតាមពីក្រោយលោក បៃដិន ហើយលោកមិនអាចធ្វើពិន្ទុឱ្យល្អឡើងមកបាន តាមរយៈការឌីបេត ជុំដំបូង ដែលអាចរាប់បានថា សំខាន់បំផុតក្នុងចំណោមការឌីបេតទាំង 3លើកនោះឡើយ…ខ្ញុំគិតថា អ្នកវិនិយោគទុន ប្រហែលជាចាប់ផ្ដើមសន្និដ្ឋានបានខ្លះៗហើយថា លោកបៃដិន នឹងក្លាយជាអ្នកឈ្នះការបោះឆ្នោត”

    “រឿងដែលខ្ញុំកង្វល់ ក៏គឺ លោកត្រាំ អាចនឹងបង្ហាញឥរិយាបថច្រងេងច្រងាងជាមួយចិនខ្លាំងឡើង តាមរយៈដែលខ្លួនឯងឆ្លងមេរោគវីរុសនេះ វាក៏ដូចគ្នានឹងនាយករដ្ឋមន្ត្រី បូរីស ចនសុន របស់អង់គ្លេស ដែលតតាំងនឹងចិនខ្លាំងឡើង ក្រោយពីលោកឆ្លងមេរោគកូវីដ-19”

    ប្រភព៖ សារព័ត៌មានរ៉យទ័រ