កងទ័ពអាមេរិក​បាន​ទទួល​​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​ Iron Dome ​ដំបូង​ពី​អ៊ីស្រាអែល​ហើយ

កងទ័ពជើងគោកសហរដ្ឋអាមេរិក ទើបតែទទួលបានប្រព័ន្ធការពារដែនអាកាស Iron Dome (បកប្រែក្រៅផ្លូវការថាខែល​ដំបូលដែក) ដំបូងបង្អស់នៅក្នុងចំណោមប្រព័ន្ធ Iron Dome ចំនួន2ដែលត្រូវបានបញ្ជាទិញពីអ៊ីស្រាអែលកាលពីខែសីហា2019។

ក្រសួងការពារជាតិអ៊ីស្រាអែល កាលពីថ្ងៃទី4តុលាបានឱ្យដឹងថា ខ្លួនបានប្រគល់ប្រព័ន្ធការពារដែនអាកាស Iron Dome ដំបូងទៅឱ្យកងទ័ពជើងគោកសហរដ្ឋអាមេរិករួចហើយ ប៉ុន្តែមិនទាន់បានអះអាងថា តើប្រព័ន្ធការពារនេះសមស្របទៅនឹងចក្ខុវិស័យបច្ចុប្បន្នរបស់កងទ័ពជើងគោកអាមេរិកដែរ ឬយ៉ាងណានៅឡើយ។

ក្រុមហ៊ុន Rafael របស់អ៊ីស្រាអែលបានឱ្យដឹងថា រ៉ុកកែតបាញ់ស្ទាក់ Tamir របស់ប្រព័ន្ធការពារនេះត្រូវបានក្រុមហ៊ុន Raytheon របស់សហរដ្ឋអាមេរិកជាអ្នកផលិត នឹងមានកម្លាំងគ្រប់គ្រាន់ក្នុងការទប់ទល់នឹងការគំរាមកំហែងដែលមានចម្ងាយពីប្រព័ន្ធ Iron Dome ប្រមាណ64គីឡូម៉ែត្រ។

“ប្រព័ន្ធ Iron Dome គឺជាផ្នែកមួយនៃប្រព័ន្ធការពារកាំជ្រួចផ្លោងច្រើនស្រទាប់របស់អ៊ីស្រាអែល ដែលវាបង្ហាញអំពីកម្លាំងការពារជាតិរបស់អ៊ីស្រាអែល” រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Benny Gantz បានថ្លែងដូច្នេះនៅក្នុងសេក្ដីប្រកាសមួយរបស់ក្រុមហ៊ុន Rafael។ “ប្រព័ន្ធនេះបានការពារជីវិតមនុស្សយ៉ាងច្រើននៅសមរភូមិភាគខាងត្បូងប្រទេសអ៊ីស្រាអែល ដោយសារតែប្រសិទ្ធភាពរបស់វា។ ខ្ញុំមានមោទនភាព និងជឿជាក់ថា ប្រព័ន្ធដ៏ទំនើបនេះនឹងការពារកងទ័ពជើងគោកសហរដ្ឋអាមេរិក”។

សូមរំឭកថា កងទ័ពជើងគោកសហរដ្ឋអាមេរិកបានប្រកាសអំពីគម្រោងទិញប្រព័ន្ធការពារដែនអាកាស Iron Dome កាលពីខែកុម្ភៈ2019 និងបានចុះហត្ថលេខាទិញប្រព័ន្ធនេះចំនួន2 ជាមួយនឹងប្រទេសអ៊ីស្រាអេលកាលពីខែសីហា2019។ មេដឹកនាំរបស់ក្រុមហ៊ុន Rafael ឱ្យដឹងថា Iron Dome បានចូលរួមក្នុងការសាកល្បងជាច្រើនលើកជាមួយនឹងកងទ័ពជើងគោកអាមេរិកនៅក្នុងវាលសាកល្បងរ៉ុកកែត White Sands ក្នុងរដ្ឋ New Mexico សហរដ្ឋអាមេរិក។

តាមគម្រោង កងទ័ពជើងគោកអាមេរិកនឹងទទួលប្រព័ន្ធ Iron Dome ទី2 ពីអ៊ីស្រាអែល នៅក្នុងខែកុម្ភៈ2021ខាងមុខ និងត្រូវធានាឱ្យប្រាកដថា ប្រព័ន្ធនេះដំណើរការប្រកបដោយប្រសិទ្ធភាពជាមួយនឹងប្រព័ន្ធបញ្ជាការសមរភូមិចម្រុះ IBCS (Integrated Battle Command System) នៅត្រីមាសទី2ឆ្នាំ2021។ បន្ទាប់មកទៀត Iron Dome នឹងត្រូវចូលរួមធ្វើការបាញ់សាកល្បងនៅឆ្នាំក្រោយ ដែលជាព្រឹត្តិការណ៍មួយសម្រាប់ក្រុមហ៊ុនផលិតអាវុធនានាបង្ហាញថា ប្រព័ន្ធការពារអាវុធរបស់ពួកគេអាចតភ្ជាប់ជាមួយប្រព័ន្ធ IBCS បានល្អ។

អ៊ីស្រាអែលចាប់ផ្ដើមអភិវឌ្ឍប្រព័ន្ធ Iron Dome នេះ បន្ទាប់ពីសង្គ្រាមនៅលីបង់កាលពីឆ្នាំ2006 នៅពេលដែលកងកម្លាំង Hezbollah បានបានបាញ់ស្រោចគ្រាប់រ៉ុកកែតទៅលើប្រទេសអ៊ីស្រាអែល។ ក្រុមប្រដាប់អាវុធនានានៅ Gaza ប្រើប្រាស់រ៉ុកកែត122មម ដែលអាចបាញ់ក្នុងរយៈចម្ងាយ20គីឡូម៉ែត្រ គំរាមកំហែងដល់ប្រជាជនជិត1លាននាក់នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល។

បច្ចុប្បន្ន អ៊ីស្រាអែលមានប្រព័ន្ធ Iron Dome ចំនួន10 និងអាចដាក់ពង្រាយបន្ថែមចំនួន5ប្រព័ន្ធទៀតនៅពេលខាងមុខ។ ប្រព័ន្ធ Iron Dome ពេញលេញមួយមានតម្លៃប្រមាណ50លានដុល្លារអាមេរិក ដោយវាមាន3ផ្នែកសំខាន់ៗ គឺ រ៉ាដាតាមចាប់គោលដៅ ប្រព័ន្ធគ្រប់គ្រងការប្រយុទ្ធនិងបញ្ជារ៉ុកកែត (BMC) រួមនឹងជើងទម្របាញ់គ្រាប់ (MFU)។ ជើងទម្រ MFU នីមួយៗមានរ៉ុកកែតវាយស្ទាក់ Tamir ចំនួន20ដើមដែលអាចបាញ់បានរយៈចម្ងាយ70គីឡូម៉ែត្រ៕

ប្រភព៖ Military

Advertisement