លោក Donald Trump ចេញពីពេទ្យហើយ!

ប្រធានាធិបតីសហរដ្ឋអាមេរិកបានចាកចេញពីមជ្ឈមណ្ឌលសុខាភិបាលយោធា Walter Reed បន្ទាប់ពីបានចូលព្យាបាលជំងឺនៅទីនេះដោយសារឆ្លង COVID-19 និងបានត្រលប់ទៅកាន់សេតវិមានវិញហើយ ដើម្បីបន្តការព្យាបាល និងធ្វើការ។

លោក Donald Trump បានចាកចេញពីមន្ទីរពេទ្យយោធា Walter Reed នៅវេលាម៉ោង18និង38នាទី ថ្ងៃទី5តុលា (ម៉ោង5និង38នាទី ថ្ងៃទី6តុលារ នៅភ្នំពេញ)។ ក្រុមអង្គរក្សដែលនៅក្បែរលោក សុទ្ធតែពាក់ម៉ាស់។ ក្រុមអ្នកសារព័ត៌មានបានសួរសំណួរទៅកាន់លោក Trump ប៉ុន្តែ លោកមិនបានឆ្លើយតប់នោះទេ ដោយគ្រាន់តែនិយាយពាក្យថាអរគុណប៉ុណ្ណោះ។

នៅពេលនោះដែរ លោក Trump ត្រូវបានគេមើលឃើញថា បានលើកម្រាមដៃមេជាច្រើនលើកដែលបញ្ជាក់ថា គ្រប់យ៉ាងនៅតែល្អប្រសើរ ហើយលោកថែមទាំងបានលើកបង្ហាញកណ្ដាប់ដៃដែលហាក់បញ្ជាក់ថា លោកមានការប្ដេជ្ញាខ្ពស់ នៅមុនពេលលោកចូលរថយន្តពណ៌ខ្មៅ និងបរឆ្ពោះទៅកាន់កន្លែងចតឧទ្ធម្ភាគចក្រ Marine One ដែលកំពុងរង់ចាំលោកជាស្រេច។

ពេលទៅដល់ឧទ្ធម្ភាគចក្រ ម្ចាស់សេតវិមានក៏បានចុះពីលើរថយន្ត រួចលើកម្រាមដៃមេសាជាថ្មីនៅចំពោះមុខក្រុមអ្នកយកព័ត៌មាន បន្ទាប់មកក៏ឡើងឧទ្ធម្ភាគចក្រ។ ឧទ្ធម្ភាគចក្របានហោះឡើងនៅវេលាម៉ោង18និង46នាទី។ ខណៈពេលចាកចេញពីមន្ទីរពេទ្យ លោក Trump ធ្វើដំណើរដោយថ្មើរជើងបានលឿនជាងកាលពីលោកទើបតែទទួលបានលទ្ធផលវិជ្ជមាន ព្រមទាំងមិនបង្ហាញអំពីអាការហត់នឿយនោះដែរ។

ក្រោយពីបានត្រលប់ដោយសេតវិមាន លោក Trump ក៏បានឡើងទៅកាន់ជាន់ទី2តែម្នាក់ឯង ដោយទុកឱ្យក្រុមអង្គរក្សនៅជាន់ក្រោម។ លោក Trump ឈរនៅលើយ៉អគារ រួចក៏ដោះម៉ាស់ដាក់ទៅក្នុងហោប៉ៅ ហើយលើកដៃគោរពតាមបែបទាហានទៅកាន់ក្រុមមន្ត្រីយោធានៅលើឧទ្ធម្ភាគចក្រដែលកំពុងត្រៀមហោះចាកចេញ។ លោក Trump ក៏បានលើកម្រាមដៃមេម្ដងទៀត មុនពេលចូលទៅខាងក្នុង។

លោក Trump នឹងបន្តទទួលការព្យាបាល COVID-19 នៅសេតវិមាន ជាកន្លែងដែលមានក្រុមវេជ្ជបណ្ឌិត និងឧបករណ៍វេជ្ជសាស្ត្រចាំបាច់។

មុននោះ លោក Trump បានប្រកាសនៅលើ Twitter ថា៖ “ខ្ញុំមានអារម្មណ៍ថា ពិតជាមានសុខភាពល្អ! កុំខ្លាច COVID។ ចូរកុំទុកឱ្យវាបំបែកបំបាក់ជីវភាពរបស់អ្នក។ ក្រោមសម័យរបស់រដ្ឋាភិបាល Trump យើងបានអភិវឌ្ឍថ្នាំពេទ្យមួយចំនួន រួមនឹងចំណេះដឹងដ៏អស្ចារ្យ។ ខ្ញុំមានអារម្មណ៍ថា មានសុខភាពល្អជាង បើធៀបនឹងម្ភៃឆ្នាំមុន!”។

លោក Trump ក៏បានឱ្យដឹងថា លោកនឹងវិលទៅធ្វើការឃោសនារកសំឡេងឆ្នោតនាពេលដ៏ខ្លីខាងមុខ។

ទោះជាយ៉ាងណាក៏ដោយ សារព័ត៌មាននានានៅសហរដ្ឋអាមេរិក ចេញផ្សាយថា លោក Trump អាចនឹងត្រូវវិលចូលពេទ្យជាថ្មី ដែលប្រការនេះនឹងបង្កផលប៉ះពាល់ច្រើនដល់សុខភាព និងឱកាសជាប់ឆ្នោតជាថ្មីរបស់លោក។ លោក Trump មានអាយុ74ឆ្នាំ និងកំពុងលើសទម្ងន់ ធ្វើឱ្យលោកមានហានិភ័យខ្ពស់ទាក់ទងនឹងការកើតជំងឺផ្សេងៗដោយសារតែCOVID-19។

កាលពីថ្ងៃទី5តុលាកន្លងទៅ លោក Conley ដែលជាវេជ្ជបណ្ឌិតរបស់សេតវិមាន បានសង្កត់ធ្ងន់ថា លោក Trump នឹងងាយរងផលប៉ះពាល់អាក្រក់បំផុតនៅក្នុងអំឡុងពេលចន្លោះពីថ្ងៃទី7ដល់ថ្ងៃទី10 ក្រោយទទួលបានលទ្ធផលវិជ្ជមានជាមួយនឹងCOVID-19។ ប៉ុន្តែ លោក Conley អះអាងថា លោក Trump នឹងទទួលបានការព្យបាល និងថែទាំ “លំដាប់ពិភពលោក” ពីក្រុមសុខាភិបាលនៅសេតវិមាន៕

ប្រភព៖ Fox,AFP

Advertisement