តោះ! នាំគ្នាមកមើលសារ និងComment ជនល្បីៗទូទាំងពិភពលោក ក្រោយដឹងថា លោកត្រាំ ឆ្លងកូវីដ-19

 

អាចនិយាយបានថា ជាព័ត៌មានដែលសាងភាពភ្ញាក់ផ្អើលទូទាំងពិភពលោក នៅពេលដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ នៃសហរដ្ឋអាមេរិក ប្រកាសតាមរយៈប្រព័ន្ធផ្សព្វផ្សាយធ្វីតធើរកាលពីម្សិលមិញ(ទី2តុលា)ថា រូបលោក និងភរិយា“មេឡានី” បានឆ្លងមេរោគកូវីដ-19 និងកំពុងស្ថិតក្នុងដំណើរការបង្ខាំងខ្លួននៅដោយឡែក និងព្យាបាលខ្លួន មុនដល់ថ្ងៃបោះឆ្នោតជ្រើសតាំងប្រធានាធិបតីសហរដ្ឋអាមេរិក ត្រឹមតែ1ខែទៀតប៉ុណ្ណោះ។

ខាងក្រោមនេះ គឺជាប្រតិកម្ម និង Comment ខ្លះៗ ពីមនុស្សនៅក្នុងរដ្ឋបាលសហរដ្ឋអាមេរិកខ្លួនឯង និងអ្នកវិភាគ, សាព័ត៌មាន និងមេដឹកនាំប្រទេសមួយចំនួន។

-លោកអនុប្រធានាធិបតី ម៉ៃខ៍ ផេនស៍
“ខារេន និងខ្ញុំ សូមផ្ញើសេចក្ដីស្រឡាញ់ និងបំណងប្រាថ្នាល្អជូនចំពោះលោកប្រធានាធិបតី ដូណាល់ ត្រាំ និង មេឡានី ត្រាំ ដែលជាមិត្តសម្លាញ់របស់យើង។ យើងទាំង 2នាក់ និងជនជាតិអាមេរិកទូទាំងប្រទេស សូមភាវនាបន់ស្រន់ ឱ្យលោកឆាប់ជាសះស្បើយ។ សុំឱ្យព្រះជាម្ចាស់ ឃុំគ្រងលោកប្រធានាធិបតី ត្រាំ និងមេឡានី កំពូលស្ត្រីទី1 របស់យើង”

-កាប្រៀល អាត់ថាល អ្នកនាំពាក្យរដ្ឋាភិបាលបារាំង
“នេះគឺ ចំណុចពិសោធថា មេរោគវីរុស មិនលើកលែងចំពោះនរណាម្នាក់ឡើយ ទោះជាអ្នកដែលសង្ស័យលើខ្លួនវាក៏ដោយ ខ្ញុំសូមឱ្យលោកឆាប់ជាសះស្បើយពីអាការជំងឺឱ្យបានលឿនបំផុត”

-ហ៊ូ ស៊ីជីន បណ្ណាធិការគ្រប់គ្រងសារព័ត៌មាន ហ្គ្លោបល ថាមស៍
“ប្រធានាធិបតីត្រាំ និងស្ត្រីលេខ1 ត្រូវសងថ្លៃ ដែលពួកគាត់បដិសេធភាពកាចសាសហាវរបស់កូវីដ-19។ ដំណឹងនេះ ធ្វើឱ្យមើលឃើញថា ស្ថានការណ៍រោគរាតត្បាតនៅក្នុងសហរដ្ឋអាមេរិក ធ្ងន់ធ្ងរប៉ុនណា? វាបំផ្លាញទិដ្ឋភាពទូទៅរបស់លោកត្រាំ និងសហរដ្ឋអាមេរិក និងហុចផលក្នុងន័យអវិជ្ជមានចំពោះរូបលោក ក្នុងសឹកបោះឆ្នោតជ្រើសតាំងខាងមុខទៀតផង”

-សារព័ត៌មាន ឆាយណា ដេលី
“ការដែលលោកត្រាំ និងភរិយា មានលទ្ធផលវិជ្ជមាន គឺជារឿងដែលត្រូវដាស់តឿនបន្ថែមថា វីរុសកូរ៉ូណា នៅតែចម្លងសាយភាយចេញទៅ ទោះលោកត្រាំ ខំព្យាយាមអះអាងយ៉ាងគ្មានប្រយោជន៍ថា វាលែងមានគ្រោះថ្នាក់ហើយក៏ដោយ។ ចាប់តាំងពីវីរុស បានឧប្បត្តិឡើងកាលពីដើមឆ្នាំនេះ លោកត្រាំ, សេតវិមាន និងក្រុមឃោសនារកសំឡេងឆ្នោតរបស់លោក បានមើលរំលងភាពធ្ងន់ធ្ងររបស់វាមករហូត និងបដិសេធក្នុងការធ្វើតាមការណែនាំរបស់មន្ត្រីសុខភាពសាធារណៈ…ឬសូម្បីតែពាក្យណែនាំដែលចេញពីរដ្ឋបាលរបស់លោកខ្លួនឯង ដូចជា ការពាក់ម៉ាស់អនាម័យការពារនៅក្នុងទីសាធារណៈ និងទុកគម្លាតឆ្ងាយពីគ្នាក្នុងសង្គមក៏ដោយ និងផ្ទុយទៅវិញ លោកត្រាំ នៅតែរៀបចំវេទិកាធ្វើអត្ថាធិប្បាយ ដែលមានអ្នកគាំទ្រ ចូលរួមរាប់ពាន់នាក់”

-សេចក្ដីថ្លែងការណ៍ ពីអ្នកនាំពាក្យទីស្ដីការប្រធានាធិបតីតៃវ៉ាន់
“លោកស្រីប្រធានាធិបតី ឆៃ (អ៊ិងវឹន) បានជ្រាបដំណឹងហើយ ទើបសូមផ្ញើបំណងប្រាថ្នាល្អ ទៅរដ្ឋបាលសហរដ្ឋអាមេរិក តាមរយៈដំណើរផ្លូវការទូត ដោយសង្ឃឹមថា លោកប្រធានាធិបតី ត្រាំ និងភរិយា នឹងជាសះស្បើយយ៉ាងឆាប់រហ័ស ក្រោមការមើលថែទាំពីក្រុមគ្រូពេទ្យជំនាញៗ”

-ឆេន អូលីវើរ ប្រធានផ្នែកយុទ្ធសាស្ត្រការវិនិយោគទុនរបស់ AMP Capital
“ការដែលលោកត្រាំ ឆ្លងមេរោគវីរុសកូរ៉ូណា អាចនឹងជួយឱ្យលោកទទួលបានពិន្ទុអាណិតអាសូរខ្លះឡើងវិញ…ស្ថានការណ៍ អាចទៅរួចច្រើនយ៉ាង បើលោកមានលទ្ធផលពិនិត្យមេរោគ វិជ្ជមាន តែអាការមិនធ្ងន់ធ្ងរ គ្រប់យ៉ាងក៏អាចនឹងចប់ក្នុងរយៈពេល 2-3ថ្ងៃ តែបើដល់ថ្នាក់ត្រូវចូលមន្ទីរពេទ្យវិញនោះ វានឹងសាងនូវក្ដីវិតក្កកង្វល់ចំពោះទីផ្សារកាន់តែខ្លាំងឡើង។ ប្រាកដណាស់ថា យុទ្ធនាការឃោសនារកសំឡេងឆ្នោត ដែលគាំងនៅទ្រឹង ច្បាស់ជាធ្វើឱ្យភាគីជាច្រើនបារម្ភថា លោកត្រាំនឹងចាញ់ការបោះឆ្នោត”

“ជាទូទៅវិញ ទីផ្សារ តែងតែនឹកសង្ឃឹមឱ្យលោកត្រាំ ជាអ្នកឈ្នះ និងអ្នកវិនិយោគទុនភាគច្រើន ក៏ចង់ឱ្យលោកត្រាំធ្វើជាអ្នកដឹកនាំតទៅទៀតដែរ ព្រោះទាំងអស់នោះមានន័យពី អត្រាភាស៊ីដែលទាប និងរបៀបរបបច្បាប់ ដែលមានតិចជាងរដ្ឋបាលលោក បៃដិន”

-ណាអូយ៉ៈ អូឈិប៊ុកុ អ្នកសេដ្ឋសាស្ត្រជើងចាស់ មកពីស៊ូមិតូម៉ូ មីតស៊ុយ ត្រាស់ អ៊ែសសិត មែនេចជើមែនត៍
“លោកត្រាំ នៅមានពិន្ទុនិយមតាមពីក្រោយលោក បៃដិន ហើយលោកមិនអាចធ្វើពិន្ទុឱ្យល្អឡើងមកបាន តាមរយៈការឌីបេត ជុំដំបូង ដែលអាចរាប់បានថា សំខាន់បំផុតក្នុងចំណោមការឌីបេតទាំង 3លើកនោះឡើយ…ខ្ញុំគិតថា អ្នកវិនិយោគទុន ប្រហែលជាចាប់ផ្ដើមសន្និដ្ឋានបានខ្លះៗហើយថា លោកបៃដិន នឹងក្លាយជាអ្នកឈ្នះការបោះឆ្នោត”

“រឿងដែលខ្ញុំកង្វល់ ក៏គឺ លោកត្រាំ អាចនឹងបង្ហាញឥរិយាបថច្រងេងច្រងាងជាមួយចិនខ្លាំងឡើង តាមរយៈដែលខ្លួនឯងឆ្លងមេរោគវីរុសនេះ វាក៏ដូចគ្នានឹងនាយករដ្ឋមន្ត្រី បូរីស ចនសុន របស់អង់គ្លេស ដែលតតាំងនឹងចិនខ្លាំងឡើង ក្រោយពីលោកឆ្លងមេរោគកូវីដ-19”

ប្រភព៖ សារព័ត៌មានរ៉យទ័រ

 

Advertisement