ពិធីប្រកួតបន្លែយក្ស មិនព្រមចុះចាញ់កូវីដ ងាកមករៀបចំការប្រកួតតាមអនឡាញ ឱ្យកសិករផ្ញើរូប រួមប្រកួត…

ទីភ្នាក់ងារព័ត៌មាន BBC បានរាយការណ៍ថា ទោះជាឆ្នាំនេះគ្មានពិធីបុណ្យបង្អួតផលិតផលកសិកម្ម ដោយសារតែស្ថានការណ៍កូវីដ-19ក្ដី តែកសិករជនជាតិអង់គ្លេស នៅតែជួយគ្នាជ្រោមជ្រែង និងមើលថែទាំដំណាំបន្លែបង្ការយ៉ាងល្អ ក្នុងអំឡុងពេលបិទប្រទេស ធ្វើឱ្យទទួលបានទិន្នផលធំៗ យក្សៗ គួរឱ្យភ្ញាក់ផ្អើល។

Joe Atherton បង្ហាញទិន្នផលបន្លែរបស់លោក ក្នុងអំឡុងពេលកូវីដ-19

ក្រុមហ៊ុន ឃែនណា ជាប្រក្រតី តែងធ្វើជាម្ចាស់កម្មវិធីរៀបចំការប្រកួតបង្អួតបន្លែយក្សៗ ក្នុងអំឡុងរដូវស្លឹកឈើជ្រុះ តែលើកនេះ ត្រូវបានផ្អាកកម្មវិធីនេះ ធ្វើឱ្យសមាគមជាតិអ្នកដាំបន្លែ បានរៀបចំការប្រកួតប្រជែងនេះ តាមអនឡាញជំនួសវិញ ដោយអនុញ្ញាតឱ្យកសិករ ផ្ញើរូបភាព មកចូលរួមប្រកួតតាមរយៈអ៊ីមែលជំនួសវិញ។

លោក ចូ អាធើតុន មកពីទីក្រុង ណត់ធីងហ៊ែម ស៊ើរ៍ ម្ចាស់ជើងឯកពិភពលោក 5ឆ្នាំជាប់ៗគ្នា ជឿថា ឆ្នាំនេះ លោកក៏នឹងបានគ្រប់គ្រងតំណែងជើងឯកជាឆ្នាំទី6 បន្តទៀត ដែលការប្រកួតលើកនេះ គឺជាការប្រកួតតែម្ដងគត់ ក្នុងអំឡុងពេល 1ឆ្នាំ ដោយសារតែការឆ្លងរាលដាលរបស់កូវីដ-19។

លោក ចូ អាធើតុន ធ្លាប់ទទួលបានរង្វាន់ជើងឯក ខាងដាំបានបន្លែទំហំយក្សៗ រួចមកហើយ 5ឆ្នាំ ជាប់ៗគ្នា

កាលពីសប្ដាហ៍កន្លងទៅ លោកអាធើតុន បាននាំបន្លែធំៗ យក្សៗ មកបង្ហាញនៅក្នុងពិធីបុណ្យ “The Grow Show On Tour” នៅឯទីក្រុង មែនស៍ហ្វៀល ធ្វើឱ្យមនុស្សម្នាទាំងឡាយ ភ្ញាក់ផ្អើលនឹងខ្នាតដ៏ធំៗ របស់បន្លែស្ពៃ ដែលមានប្រវែង 5.5ម៉ែត្រ និងមើមរ៉ាឌី ប្រវែង 85សង់ទីម៉ែត្រ។

ចំណែកលោក ហូលលី បូលុស មកពីក្រុមហ៊ុនឃែនណា បានថ្លែងថា ការរៀបចំការប្រកួតបន្លែយក្សៗនេះ គឺដើម្បីបើកឱកាសឱ្យកសិករ បានបង្ហាញផលិតផលរបស់ពួកគេ ដែលដាំដុះបានដោយក្ដីលំបាក និងទោះជាការប្រកួតតាមប្រក្រតី ត្រូវបានផ្អាកក៏ពិតមែន តែការរៀបចំការប្រកួតតាមអនឡាញលើកនេះ មានអ្នកដាំដុះបន្លែថ្មីៗ បានចូលរួមប្រកួតបង្ហាញបន្លែបង្ការទំហំធំៗ យក្សៗ ជាលើកដំបូងរបស់ពួកគេ ជាច្រើននាក់។

មើមរ៉ាឌី វែងបំផុត ដែលលោក អាធើតុន យកឈ្នះលើស្ថិតិចាស់របស់ខ្លួនឯង

រួមទាំងលោក ដូមីនិក ឌ្រីសខូលល៍ មកពី វីនហ្គើវើធ ទីក្រុងឌឹប៊ីឈើរ៍ បានដាំបន្លែស្ពៃក្ដោបយក្ស 1គុម្ព ទម្ងន់ 22គីឡូក្រាមផង ម្ចាស់ស្ពៃក្ដោបយក្សរូបនេះ បានថ្លែងថា លោកមិនសូវបានដាំដុះបន្លែធំៗ យក្សៗបែបនេះប៉ុន្មានទេ ព្រោះរវល់តែដាំបន្លែសម្រាប់បរិភោគ ច្រើនជាងបន្លែខ្នាតធំៗ ហើយការដែលត្រូវកាត់ចិត្ត កាត់បន្លែយកមកប្រកួតនេះ គឺជារឿងដែលលោកពិបាកចិត្តមែនទែន តែក៏សប្បាយរីករាយខ្លាំងណាស់ ដែលបានដាំវា តាំងកូនគ្រាប់តូចមួយ រហូតដល់បានធំប៉ុននេះ ហើយលោកថែមទាំងសប្បាយចិត្តទៀតផង ដែលបន្លែមានរសជាតិផ្អែម និងស្រួយឆ្ងាញ់។

បន្លែស្ពៃក្ដោប របស់លោក ដូមីនិក ទម្ងន់ 22គីឡូក្រាម

ចំណែកលោក ខេវីន ហ្វ័រធីយ៍ មកពីទីក្រុងសៅធ៍វេលស៍ អ្នកបង្កើតផេចហ្វេសប៊ុក “ក្រុមបន្លែយក្ស” បាននិយាយថា ក្នុងអំឡុងពេលបិទទីក្រុង គឺជាឱកាសដ៏ល្អ សម្រាប់អ្នកដាំដុះបន្លែបង្ការទូទាំងពិភពលោក ដែលបានទំនាក់ទំនងគ្នា តាមរយៈបណ្ដាញសង្គមអនឡាញ។

លោក ​ខេវីន ហ្វ័រធីយ៍ ក៏បានបង្ហាញផ្លែល្ពៅយក្សរបស់លោកដែរ

ការប្រកួតបែបសប្បាយៗតាមអនឡាញ បានធ្វើឱ្យមនុស្សទូទាំងពិភពលោក បានឃើញបន្លែទំហំធំៗ យក្សៗ ដែលគួរឱ្យចាប់អារម្មណ៍ជាច្រើន រួមទាំងមានអ្នកដាំដុះជំនាន់ថ្មីៗ ចូលរួមប្រកួតផងនោះ អាចនិយាយបានថា វាជាការងារបន្ទាប់បន្សំមួយ ដែលជួយឱ្យមនុស្សម្នា បានចេញមកក្រៅផ្ទះខ្លះ និងនៅជាមួយការសម្លឹងមើលបន្លែដែលធំធាត់ឡើងក្នុងអំឡុងពេលបិទទីក្រុង។

គួរបញ្ជាក់ផងដែរថា បន្លែធំៗ យក្សៗ ដែលបានយកមកតាំងបង្ហាញ ប្រកួតប្រជែងគ្នានេះ នឹងត្រូវបានបរិច្ចាគទៅឱ្យមជ្ឈមណ្ឌលថែទាំជនចាស់ជរា និងធនាគារស្បៀងអាហារ នៅពេលចប់កម្មវិធី៕

ប្រភព៖ សារព័ត៌មានបរទេស

 

Advertisement