រកឃើញ​ «អំណោយពិសេស» ដែល​ព្រះ​អាទិត្យ​ប្រទាន​ដល់​មនុស្ស​លោក​លើ​ឋាន​ព្រះ​ចន្ទ

«អំណោយពិសេស» ពី​ព្រះ​អាទិត្យ​លើ​ឋាន​ព្រះចន្ទ​ ​បើក​កកាយ​នូវ​អាថ៌​កំបាំង​ស្ដី​ពី​ប្រភព​នៃ​វត្ថុ​ធាតុ​ទ្រទ្រង់​ជីវិត​ និង​បើក​ផ្លូវ​ឱ្យ​មាន​ក្ដី​សង្ឃឹម​ថ្មី​នៅ​ក្នុង​ការ​ស្រាវជ្រាវទីអវកាស​។

ក្រុម​អ្នក​ស្រាវជ្រាវ​មួយ​មក​ពី​មន្ទីរ​ពិសោធន៍​របស់​ទ័ព​ជើង​ទឹក​អាម៉េរិក (NRL) បាន​បង្ហើប​ឱ្យដឹង​អំពី​ការ​រក​ឃើញ​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​ ទាក់​ទង​នឹងសំណាក​​ដី 79221 ដែល​យក​ពី​ឋាន​​ព្រះ​ចន្ទ​។

ដោយ​ការ​ប្រើ​ប្រាស់​បច្ចេក​ទេស​របស់​កែវ​ពង្រីក​អតិសុខុម​ទស្សន៍​អេឡិច​ត្រុង (មីក្រូទស្សន៍​អេឡិចត្រុង) ក្រុម​អ្នក​វិទ្យាសាស្ត្រ​ខាង​លើ​បាន​រកឃើញ​អ៊ីដ្រូសែន​នៅ​ក្នុង​បណ្ដា​គ្រាប់​រ៉ែ apatite និង merrillite ដែលបាន​​ប្រែ​ប្រួល​ដោយ​សារ​អាកាសធាតុពី​អវកាស​ ក្រោម​ឥទ្ធិពល​របស់​ខ្យល់​ព្រះ​អាទិត្យ​។ នេះ​អាច​បញ្ជាក់​បាន​ថា ដី​លើ​ឋាន​ព្រះ​ចន្ទ​​ ​កំពុង​​​​លាក់​អ៊ីដ្រូសែន​។

អ៊ីដ្រូសែន​ដែល​ជា​វត្ថុ​ធាតុ​ដ៏មាន​តម្លៃ​ បើ​សិន​ជា​ត្រូវ​បាន​ទាញ​យក​ពី​ព្រះ​ចន្ទ វា​នឹង​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​ស្រាវជ្រាវ​ទីអវកាស​ និង​បក​ស្រាយ​បាន​អំពី​ប្រភព​ដើម​របស់​ទឹក​លើ​ឋានមួយ​​នេះ​៕

Advertisement