Category: អន្តរជាតិ

  • យានអវកាស​ចុះចត​លើ​ឋាន​ព្រះ​ចន្ទ​របស់​ប្រទេស​ចិន មាន​ទម្ងន់​ជាង 20 តោន

    យានអវកាស​ចុះចត​លើ​ឋាន​ព្រះ​ចន្ទ​របស់​ប្រទេស​ចិន មាន​ទម្ងន់​ជាង 20 តោន

    ស្ថានីយ​ចុះចត ឬ​យានអវកាស​ចុះចត​លើ​ឋាន​ព្រះ​ចន្ទ​របស់​ប្រទេស​ចិន នឹងមាន​ទម្ងន់​ប្រហែល 26 តោន ដោយ​រួមមាន ម៉ូឌុល​ព្រះ​ចន្ទ​ចំនួន​មួយគ្រឿង និង​ម៉ូឌុល​រុញច្រាន​មួយគ្រឿង។

    យោងតាម​មន្ត្រី​នៅ​ទីភ្នាក់ងារ​អវកាស​ចិន យាន​ចុះចត​នេះ​អាច​នាំ​អ្នក​អវកាស​ពីររូប ចុះចត​លើ​ផ្ទៃ​ព្រះ​ចន្ទ​ដោយ​សុវត្ថិភាព។ ម៉ូឌុល​ព្រះ​ចន្ទ​គឺជា​បន្ទប់​ដឹក​មនុស្ស ខណៈដែល​ម៉ូឌុល​រុញច្រាន​គឺជា​កំណាត់​ដែល​ជួយ​ទប់​មិនឱ្យ​យាន​ធ្លាក់ចុះ​លឿន​ពេក ក្នុងពេល​ចុះចត​លើ​ឋាន​ព្រះ​ចន្ទ។

    ស្ថានីយ​ចុះចត​របស់​ចិន ប្រើប្រាស់​រចនា​រូបរាង​ដែលមាន​លក្ខណៈ​ស្រាល និង​មាន​បំពាក់​មុខងារ​រក្សា​ថាមពល​បម្រុង​ផងដែរ ហើយក៏​មានលទ្ធភាព​ហោះហើរ​ដោយ​ស្វ័យប្រវត្ត។ ស្ថានីយ​នេះ​មាន​តួនាទី​នាំ​អ្នក​អវកាស​ពី​គន្លង​តារាវិថី​ព្រះ​ចន្ទ ចុះចត​លើ​ផ្ទៃ​របស់​វា ហើយ​ក្រោយមក ហោះ​ឡើងមក​កាន់​គន្លង​តារាវិថី​ព្រះ​ចន្ទ​វិញ មុននឹង​ក្រុម​អវកាស​ចរ ជិះ​យានអវកាស​ហោះ​ត្រឡប់​មកកាន់​ផែនដី។

  • «មហា​គម្រោង​នាំ​ទឹក» តម្លៃ​ជាង 7 ពាន់​លាន​ដុល្លារ​អាម៉េរិក ត្រូវបាន​ចិន​សាងសង់​រួចរាល់

    «មហា​គម្រោង​នាំ​ទឹក» តម្លៃ​ជាង 7 ពាន់​លាន​ដុល្លារ​អាម៉េរិក ត្រូវបាន​ចិន​សាងសង់​រួចរាល់

    ប្រទេស​ចិន ទើបតែ​បាន​សាងសង់​រួចរាល់​ជា​ស្ថាពរ​មហា​គម្រោង​នាំ​ទឹក ដែល​ត្រូវ​ចំណាយ​ប្រាក់​អស់​ជាង 7 ពាន់​លាន​ដុល្លារ​អាម៉េរិក និង​ចំណាយ​ពេល​អស់​ច្រើន​ឆ្នាំ​។

    មហា​គម្រោង​ខាងលើនេះ​ត្រូវបាន​អនុវត្ត​ដើម្បី​ត​ភ្ជាប់​ទន្លេចំនួន​​ពីរ​ដែល​វែង​ជាងគេ​នៅ​ប្រទេស​ចិន គឺ​ទន្លេ Huang He និង​ទន្លេ Yangtze។ ហេដ្ឋារចនាសម្ព័ន្ធ​នេះ មិន​ត្រឹមតែ​ជួយ​ផ្គត់ផ្គង់​ទឹក​សម្រាប់​តំបន់​រាល​រាប​នៅ​ប្រទេស​ចិន​ប៉ុណ្ណោះ​ទេ តែ​ក៏​រួមចំណែក​ក្នុងការ​កាត់បន្ថយ​ហានិភ័យ​ខ្វះ​ទឹក​នៅក្នុង​តំបន់​ផងដែរ។

    គម្រោង​នេះ​មាន​បណ្ដោយ​ប្រវែង​ជាង 800 គីឡូម៉ែត្រ ឆ្លងកាត់​បី​ខេត្ត គឺ Hubei, Hebei និង Chongqing។

    មហា​គម្រោង​ត​ភ្ជាប់​ទន្លេ​ពីរ​វែង​ជាងគេ​នៅ​ប្រទេស​ចិន​នេះ ត្រូវ​ចំណាយ​ថវិកា​អស់​ជាង 7.2 ពាន់​លាន​ដុល្លារ​អាម៉េរិក និង​ប្រើ​ពេល​​អស់​ជាង​មួយ​ទសវត្សរ៍ ក៏​ដូច​ជា​​ឆ្លងកាត់​ឧបសគ្គធំៗរាប់មិនអស់៕

  • យន្តហោះ​មួយ​គ្រឿង​ ​ជ្រុល​ទៅបុក​ឃ្លាំង បណ្ដាលឱ្យ​មនុស្ស​​ជាង​ដប់​នាក់​​ស្លាប់ និង​រង​របួស​

    យន្តហោះ​មួយ​គ្រឿង​ ​ជ្រុល​ទៅបុក​ឃ្លាំង បណ្ដាលឱ្យ​មនុស្ស​​ជាង​ដប់​នាក់​​ស្លាប់ និង​រង​របួស​

    (ប៉ូឡូញ) – យន្តហោះ Cessna 208 មួយ​គ្រឿង​ បាន​ជ្រុល​ចង្កូត​ទៅបុក​នឹង​រោង​ដាក់​យន្តហោះ​នៅក្បែរ​រដ្ឋធានី​វ៉ា​សូវី បណ្ដាលឱ្យ​មនុស្ស​ចំនួន 5 នាក់​បាត់​បង់ជីវិត និង 8 នាក់​ផ្សេងទៀត​រងរបួស។

    គ្រោះថ្នាក់​នេះ​កើតឡើង​កាលពី​ថ្ងៃទី 17 កក្កដា នៅឯ​ព្រលានយន្តហោះ​ក្បែរ​ភូមិ Chrcynno ដែល​មាន​ចម្ងាយ​ពី​រដ្ឋធានី​វ៉ា​សូវី​ប្រហែល 45 គីឡូម៉ែត្រ​ទៅ​ទិស​ពាយព្យ នៅពេល​យន្តហោះ Cessna 208 ជ្រុល​ទៅបុក​ឃ្លាំង​ដាក់​យន្តហោះ ជាទី​ដែលមាន​មនុស្ស​ចំនួន 13 នាក់​កំពុង​ជ្រក​ព្យុះភ្លៀង។

    យោងតាម​ក្រុមមន្ត្រី​ប៉ូឡូញ ជនរងគ្រោះ 5 នាក់​ដែល​បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​ខាងលើ រួមមាន អ្នកបើកបរ​យន្តហោះ Cessna 208 ម្នាក់ និង 4 នាក់​ទៀត​ដែល​កំពុង​ជ្រក​ភ្លៀង។ ក្នុងចំណោម​មនុស្ស 8 នាក់​រងរបួស ក៏មាន​ក្មេង​ម្នាក់​ផងដែរ។

    សមត្ថកិច្ច​កំពុងតែ​ស្រាវជ្រាវ​រក​មូលហេតុ​នៃ​គ្រោះថ្នាក់ ខណៈ​ក្រុម​ពន្លត់​អគ្គិភ័យ និង​ក្រុម​ជំនួយ​កំពុង​បន្ត​ស្វែងរក​ជនរងគ្រោះ។

    Cessna 208 Caravan គឺជា​ស៊េរី​យន្តហោះ​ពហុមុខ​ងារ ដែល​ផលិតឡើង​ដោយ​ក្រុមហ៊ុន Cessna របស់​សហរដ្ឋ​អាម៉េរិក។ Cessna 208 Caravan ចំនួន​ប្រហែល 3,000 គ្រឿង​ត្រូវបាន​ផលិត និង​តែងតែ​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ការហ្វឹកហាត់ ការ​ដឹក​អ្នកដំណើរ និង​ចូលរួម​ធ្វើ​សកម្មភាព​មនុស្ស​ធ៌។ យន្តហោះ​នេះ​អាចមាន​ពី​ឡុ​តម្នាក់ ឬ​ពីរ​នាក់ និង​អាច​ដឹក​មនុស្ស​បាន​ពី 9 ទៅ 13 នាក់។ Cessna 208 Caravan អាច​​ហោះ​ហើរ​​​ក្នុង​ល្បឿន​អតិបរមា 344 គីឡូម៉ែត្រ/ម៉ោង ហើយ​អាច​ហោះ​បាន​ចម្ងាយ 1,980 គីឡូម៉ែត្រ៕

  • យន្តហោះ​ធ្លាក់​បាក់​ស្លាប​ជា​ពីរ​ បន្ទាប់​ពី​អ្នក​ដំណើរ​ជួយ​កាច់​ចង្កូត ព្រោះ​​ពីឡុត​ជួប​បញ្ហា​សុខភាព​ភ្លាម​ៗ

    យន្តហោះ​ធ្លាក់​បាក់​ស្លាប​ជា​ពីរ​ បន្ទាប់​ពី​អ្នក​ដំណើរ​ជួយ​កាច់​ចង្កូត ព្រោះ​​ពីឡុត​ជួប​បញ្ហា​សុខភាព​ភ្លាម​ៗ

    (សហរដ្ឋ​អាម៉េរិក) – ពី​ឡុ​ត​យន្តហោះ​ខ្នាតតូច​មួយរូប ជួប​បញ្ហា​សុខភាពភ្លាមៗនៅពេល​កំពុង​ហោះហើរ តែ​សំណាងល្អ​ដែល​បាន​ស្ត្រី​ជា​អ្នកដំណើរ​ជួយ​បញ្ជា​យន្តហោះ​ទៅ​ចុះចត​លើ​កោះ​នៅ Massachusetts។

    បុរស​ពី​ឡុ​ត​អាយុ 79 ឆ្នាំម្នាក់ កាលពី​ថ្ងៃទី 15 កក្កដា បើកបរ​យន្តហោះ​ធុន​ស្រាល Piper Meridian ស៊េរី​ឆ្នាំ 2006 ចេញដំណើរ​ពី Westchester រដ្ឋ New York។ ពី​ឡុ​ត​រូបនេះ​ជួប​បញ្ហា​សុខភាពភ្លាមៗនៅពេល​កំពុង​បើកបរ​យន្តហោះ​ចុះចត​ក្បែរ​ព្រលានយន្តហោះ Martha’s Vineyard នៅ​ទីរួមស្រុក West Tisbury លើ​កោះ Martha’s Vineyard រដ្ឋ Massachusetts។

    នៅ​ចំពោះមុខ​ស្ថានការណ៍​គ្រោះថ្នាក់ អ្នកដំណើរ​តែ​ម្នាក់​នៅលើ​យន្តហោះ​នេះ​ក៏បាន​ចូល​ជួយ។ មិនដឹងថា ស្ត្រី​អ្នកដំណើរ​នេះ​មានបទពិសោធន៍​បើកបរ​យន្តហោះ ឬ​អត់ ប៉ុន្តែ​ប៉ូលិស​និយាយថា យន្តហោះ​បាន​ចុះចត​លើ​វាលស្មៅ​ខាងក្រៅ​ផ្លូវរ​ត់របស់​យន្តហោះ ធ្វើឱ្យ​ស្លាប់​របស់​វា​ត្រូវ​បាក់​ជា​ពីរ ព្រោះតែ​បុក​ទង្គិច​នឹង​ដី។

    យោងតាម​សមត្ថកិច្ច អ្នកបើកបរ​យន្តហោះ និង​អ្នកដំណើរ​គឺជា​ពលរដ្ឋ​ក្នុង​រដ្ឋ Connecticut។ សមត្ថកិច្ច​មិនបាន​បង្ហើប​ឱ្យដឹង​អំពី​អត្តសញ្ញាណ​របស់​អ្នក​ទាំងពីរ ប៉ុន្តែ​ថា ពួកគេ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​នៅក្បែរនោះ ហើយ​ករណី​នេះ​កំពុង​ត្រូវ​បាន​ប៉ូលិស​​ធ្វើ​ការ​​​ស៊ើបអង្កេត​៕

  • ប្រទេស​​ដែល​ប្រជាជន​ប្រើប្រាស់​ផ្ទាំង​សូ​ឡា​ច្រើនជាងគេ​លើ​ពិភពលោក

    ប្រទេស​​ដែល​ប្រជាជន​ប្រើប្រាស់​ផ្ទាំង​សូ​ឡា​ច្រើនជាងគេ​លើ​ពិភពលោក

    អត្រា​នៃ​ការដំឡើង​ផ្ទាំង​សូ​ឡា​លើ​ដំបូលផ្ទះ​នៅ​ប្រទេស​អូស្ត្រាលី ​ជិត​ឈានដល់​កម្រិត​កំពូល​បំផុត នៅពេល​គ្រួសារ​នានា​ស្វែងរក​វិធី​ដើម្បី​ដោះស្រាយ​​បញ្ហា​​តម្លៃ​​ថាមពល។

    អូស្ត្រាលី​បច្ចុប្បន្ន​មាន​អត្រា​ប្រើប្រាស់​ផ្ទាំង​សូ​ឡា​ខ្ពស់​ជាងគេ​លើ​ពិភពលោក ដោយ​គ្រួសារ​ជិត 1/3 នៅ​ទូទាំងប្រទេស​នេះ ប្រើប្រាស់​ថាមពលព្រះអាទិត្យ។ សូម្បីតែ​នៅក្នុង​រដូវរងា អគ្គិសនី​ជាង 25% ដែល​ប្រើប្រាស់​នៅ​ក្នុង​​បណ្ដា​រដ្ឋ​ភាគ​ខាងកើត ​ក៏បាន​មកពី​ផ្ទាំង​សូ​ឡា។

    យោងតាម​ស្ថិតិ​របស់ Green Energy Market (GEM) គ្រួសារ និង​ក្រុមហ៊ុន​នានា​នៅ​អូស្ត្រាលី បាន​បន្ថែម​ផ្ទាំង​សូ​ឡា​ដែល​ផ្ទាល់​ថាមពល​អគ្គិសនី 1.46 ជី​ហ្គា​វ៉ា​ត់​នៅក្នុង​ពាក់កណ្ដាល​ដើមឆ្នាំ​នេះ ខ្ពស់ជាង 20% ធៀប​នឹង​ដំណាក់កាល​ដូចគ្នា​ក្នុង​ឆ្នាំ​កន្លង។ គិតតែ​ក្នុង​ខែមិថុនា 2023 អគ្គិសនី​ជិត 250 ម៉េ​ហ្គា​វ៉ា​ត់ ត្រូវបាន​បន្ថែម​ពី​ផ្ទាំង​សូ​ឡា​នៅលើ​ដំបូលផ្ទះ ខ្ពស់ជាង 13.2% បើ​ធៀប​នឹង​ខែមិថុនា​ឆ្នាំ 2022។

    មន្ត្រី​នៅ GEM ឱ្យដឹងថា តម្លៃ​អគ្គិសនី​កើនឡើង​ក្នុង​ឆ្នាំ​កន្លង ​បាន​ជំរុញ​ឱ្យ​ប្រជាជននាំ​គ្នា​សម្រុក​ទៅ​​ទិញ​ផ្ទាំង​សូ​ឡា។ ការកើនឡើង​នេះ​អាចជួយ​ឱ្យ​វិស័យថាមពល​​បំបែក​កំណត់ត្រា​​ស្ដី​ពី​ការ​បន្ថែម​អគ្គិសនី 3.2 ជី​ហ្គា​វ៉ា​ត់ទៅ​ក្នុង​បណ្ដាញ​អគ្គិសនី​របស់​អូស្ត្រាលី កាលពី​ឆ្នាំ 2021៕

  • វីដេអូ​បកស្រាយ​អំពី​ហេតុការណ៍​គ្រោះថ្នាក់​នាវា Titan ទាក់ទាញ​អ្នកមើល​​ជាង 14 លាន​លើក

    វីដេអូ​បកស្រាយ​អំពី​ហេតុការណ៍​គ្រោះថ្នាក់​នាវា Titan ទាក់ទាញ​អ្នកមើល​​ជាង 14 លាន​លើក

    វីដេអូ​ជាង 6 នាទី បកស្រាយ​អំពី​ករណី​នាវាមុជទឹក Titan ត្រូវ​សម្ពាធ​ទឹក​គាប​រហូតដល់​បែកបាក់​ខ្ទេចខ្ទី ទាក់ទាញ​អ្នក​ចូល​មើល​បាន​ជាង 14 លាន​នាក់ បន្ទាប់ពី​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម YouTube កាលពី​ថ្ងៃទី 01 កក្កដា 2023។

    កាលពី​ថ្ងៃទី 01 កក្កដា គណនី AiTelly បាន​បង្ហោះ​វីដេអូ​ដែលមាន​ថេរវេលា​ជាង 6 នាទី បកស្រាយ​អំពី​ហេតុការណ៍​គ្រោះថ្នាក់​របស់​នាវាមុជទឹក Titan ដែល​ត្រូវបាន​សម្ពាធ​ទឹក​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​គាប​បែកបាក់​ខ្ទេចខ្ទី​កាលពី​ខែមិថុនា 2023។ វីដេអូ​នេះ មាន​អ្នក​ចូល​មើល​ជាង 14,148,000 លើក, អ្នក​បញ្ចេញមតិ​ជាង 5 ពាន់​លើក និង​ចូលចិត្ត​ជាង 66,000 លើក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 17 កក្កដា​នេះ។

    ក្រុមការងារ​របស់​គ​ណ​នី AiTelly យក​ទិន្នន័យ​ពី Google និង​គេហទំព័រ​របស់ OceanGate ដែលជា​ក្រុមហ៊ុន​គ្រប់គ្រង​នាវាមុជទឹក Titan ដើម្បី​បង្កើតជា​វីដេអូ។ ក្រុមការងារ​នេះ​បាន​ចំណាយពេល 12 ម៉ោង នៅក្នុង​ការធ្វើ​ត្រាប់​បែប 3D បង្ហាញ​អំពី​ហេតុការណ៍​ដែល​នាវា Titan ត្រូវ​រង​សម្ពាធ​ទឹក​ក្នុង​​ជម្រៅ 3,800 ម៉ែត្រ ដែលមាន​កម្លាំង​ខ្លាំង​ជាង​ប្រហែល 400 ដង ធៀប​នឹង​សម្ពាធ​ខ្យល់​ក្នុង​បរិយាកាស​របស់​ផែនដី។

    វីដេអូ​នេះ​ផ្ដោត​សំខាន់​ទៅលើ​រចនា​រូបរាង​នៃ​សម្បក​ខាងក្រៅរបស់ Titan ​​ធ្វើ​ពី​សរសៃ​កាបូន​ ដែល​ត្រូវបាន​ចាត់ទុកថា​ជា​មូលហេតុ​នាំឱ្យ​នាវា​នេះ​ត្រូវ​ជួប​គ្រោះថ្នាក់។ Titan ត្រូវបាន​ផលិត​ពី​សរសៃ​កាបូន​ជំនួស​ឱ្យ​ដែក និង​អាលុយមីញ៉ូម។

    សរសៃ​កាបូន​ធុន​ជាងដែក​ប្រាំ​ដង ប៉ុន្តែ​នោះ​មិនមែនជា​ភាព​ធុន​នឹង​សម្ពាធ​នោះឡើយ ដោយ​វា​គ្រាន់តែ​ជួយ​រក្សា​គ្រោងឆ្អឹង​មិនឱ្យ​ទាញ​ដាច់ពីគ្នា​ប៉ុណ្ណោះ។ បញ្ហា​ប្រេះ រហែក​នៃ​សរសៃ​កាបូន​ដែល​ប្រើ​សម្រាប់​ការផលិត​នាវា Titan កើតឡើង​យឺត​ជាង បើ​ធៀប​នឹង​សរសៃ​កាបូន​សុទ្ធ ព្រោះ​ថា សរសៃ​កាបូន​លើ​នាវា​នេះ​ត្រូវ​បាន​លាយ​ជាមួយ​កៅ resin ជា​ស្រទាប់ៗ។ ដូច្នេះ រចនាសម្ព័ន្ធ​សរសៃ​កាបូន​នៅលើ​នាវា Titan មិនមែនជា​ទម្រង់​បន្ទះ​កាបូន​សុទ្ធ និង​តែមួយស្រទាប់​នោះ​ទេ ប៉ុន្តែ​វា​គឺជា​ទម្រង់​ផ្សំ​រវាង​សរសៃ​កាបូន និង​កាវ resin ដែល​ក្រុមហ៊ុន OceanGate ហៅថា «carbon fiber  composite»។

    ដោយសារតែ​ជា​ទម្រង់ល្បាយ ដូច្នេះ ក្នុង​រចនាសម្ព័ន្ធ​សរសៃ​កាបូន​នេះ​ក៏មាន​ចន្លោះប្រហោងល្អិតៗដែល​កាវ resin មិនអាច​លុប​បំពេញ និង​​មិនអាច​មើលឃើញ​ពី​ខាងក្រៅ ថ្វី​បើ​ OceanGate ថា អត្រា​នៃ​ចន្លោះប្រហោង​នេះ​គឺ​ក្រោម 1% ប៉ុន្តែ​តួលេខ​នេះ​មិនត្រូវ​បានបញ្ជាក់​ច្បាស់លាស់។

    នាវា​ Titan និង​ជន​រង​គ្រោះ​ទាំង​ 5 នាក់

    ​ចំណុច​ប្រេះដ៏​ល្អិត​នៅក្នុង​ស្រទាប់​សរសៃ​កាបូន​របស់ Titan ​ចាប់​ផ្ដើម​ធំ​ឡើង​ក្នុង​​ល្បឿន​យឺតៗ​ ទៅ​តាម​​ស្រទាប់​សរសៃ​កាបូននីមួយៗ ​ហើយ​វា​​ចេះ​តែ​លឿន​ឡើង​ៗ​​ពី​ស្រទាប់​មួយ​ទៅ​ស្រទាប់​មួយទៀត។ ដូច្នេះ​ស្នាម​ប្រេះ​នឹង​ធំ​ឡើង​​រហូតដល់​ធ្វើឱ្យ​រចនាសម្ព័ន្ធ​ខាងក្នុង​បង្អស់ ប្រែជា​ខ្សោយ​រហូតដល់​ទីបំផុត។

    នៅពេល​លក្ខខណ្ឌ​អាក្រក់​ទាំងអស់​បាន​ប្រមូល​ផ្ដុំគ្នាពេញ​លេញ​ នាវា Titan ក៏ត្រូវ​សម្ពាធ​ទឹក​គាប​ឱ្យ​ក្រពឹត រួញ បែកបាក់​ខ្ទេចខ្ទី បន្ទាប់​ពី​បាន​​ប៉ះទង្គិច​​នឹង​អ្វីមួយ​នៅ​បាតសមុទ្រ បណ្ដាលឱ្យ​មនុស្ស​ទាំង 5 នាក់​នៅក្នុង​នាវា ត្រូវ​បាត់បង់​ជីវិត៕

  • អាជ្ញាធរ​ចិន​ប្រហារជីវិត​គ្រូបង្រៀន​ម្នាក់​ដែល​​បាន​បំពុល​សិស្ស 25 នាក់

    អាជ្ញាធរ​ចិន​ប្រហារជីវិត​គ្រូបង្រៀន​ម្នាក់​ដែល​​បាន​បំពុល​សិស្ស 25 នាក់

    អាជ្ញាធរ​ចិន​ប្រហារជីវិត Wang Yun ជា​គ្រូបង្រៀន​ថ្នាក់​មតេ្តយ្យ​ដែល​បានដាក់​ថ្នាំ​បំពុល​សិស្ស​ចំនួន 25 នាក់​កាលពី​ឆ្នាំ 2019 បណ្ដាលឱ្យ​កុមារ​ម្នាក់​បាត់បង់​ជីវិត។

    Wang Yun អាយុ 40 ត្រូវបាន​កាត់ទោស​ពីបទ​បំពុល​សិស្ស​របស់ខ្លួន​ដោយ​ការដាក់​សូ​ដ្យូ​ម​នីត្រាត​ទៅក្នុង​អាហារ​របស់​សិស្ស។ ដំបូង​ឡើយ Wang Yun ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ 9 ខែ ពីបទ​មាន​ចេតនា​បង្ក​ឱ្យ​ខូចសុខភាពរបស់​សិស្ស​។ ក៏ប៉ុន្តែ ក្រោយមក កាលពី​ខែកញ្ញា​ឆ្នាំ 2020 សាលក្រម​តុលាការ​ក៏បាន​កែប្រែ នាំឱ្យ​អ្នកគ្រូ​រូបនេះ​ត្រូវ​​ទទួលទោស​ប្រហារជីវិត​។

    យោងតាម​សេចក្ដីប្រកាស​កាលពី​ថ្ងៃទី 14 កក្កដា 2023 Wang Yun ត្រូវបាន​ប្រហារជីវិត​កាលពី​ថ្ងៃទី 13 កក្កដា 2023 នៅក្នុង​ទីក្រុង Jiaozuo នៃ​​ខេត្ត Henan។ សមត្ថកិច្ច​ចិន​មិនបាន​បង្ហើប​ឱ្យដឹង​អំពី​របៀប​នៃ​ការប្រហារជីវិត​នោះទេ នៅក្នុង​ករណីនេះ។

    Wang Yun បានដាក់​សូ​ដ្យូ​ម​នីត្រាត​ទៅក្នុង​បបរ​សម្រាប់​​សិស្ស​កាលពី​ថ្ងៃទី 27 មីនា 2019 នៅឯ​សាលា​​មត្តេយ្យ​​ដែល​ខ្លួន​កំពុង​បង្រៀន បន្ទាប់ពី​បានប្រកែក​គ្នា​ជាមួយនឹង​មិត្ត​រួមការ​ងារ​អំពី​វិធី​គ្រប់គ្រង​សិស្ស។ យោងតាម​ទំព័រ Poison Control ការហូប​ចាំ​សូ​ដ្យូ​ម​នីត្រាត​អាច​នាំឱ្យមាន​បញ្ហា​ខ្វះ​អុកស៊ីសែន ថប់ដង្ហើម កន្ត្រាក់​ដៃជើង ចង្វាក់បេះដូង​មិន​ប្រក្រតី បាត់បង់​ស្មារតី និង​អាច​បាត់​បង់ជីវិត។

    សារធាតុ សូដ្យូមនីត្រាត (sodium nitrate)

    ទង្វើ​របស់ Wang Yun បាន​នាំឱ្យ​សិស្ស 25 នាក់​ពុល​អាហារ ប៉ុន្តែ​ស្ទើរតែ​ទាំងអស់​បានជា​សះស្បើយ​ក្រោយ​ការ​ព្យាបាល​។ ក៏​ប៉ុន្តែ ក្នុងចំណោម​នោះ​មាន​សិស្ស​​ម្នាក់​បាន​ស្លាប់​ក្នុង​ឆ្នាំ 2020 បន្ទាប់ពី​​ការ​ព្យាបាល​​ជំងឺ​ខ្សោយ​គ្រឿងក្នុងដោយ​សារ​តែ​ថ្នាំ​ពុល​អស់​មួយ​រយៈ​ពេល​។

    សិស្ស 25 នាក់របស់ Wang Yun បានក្អួតចង្អោរ និងសន្លប់ក្នុងថ្នាក់រៀន បន្ទាប់ពីបានហូបអាហារដែលមានថ្នាំពុលកាលពីខែមីនា 2019

    ករណី​បំពុល​សិស្ស​ខាងលើនេះ​មិនមែនជា​លើកដំបូង​ឡើយ​ដែល Wang Yun ប្រើប្រាស់​សូ​ដ្យូ​ម​នីត្រាត។ កន្លងមក ជនដៃដល់​នេះ​ក៏​ធ្លាប់​ដាក់​សារធាតុ​នេះ​ដើម្បី​បំពុល​ប្ដី​ខ្លួនឯង បណ្ដាលឱ្យមាន​អា​ការពុល​កម្រិត​ស្រាល​ផងដែរ៕

    សិស្ស 25 នាក់​របស់​ Wang Yun បាន​ក្អួត​ចង្អោរ និង​សន្លប់ក្នុង​ថ្នាក់​រៀន បន្ទាប់​ពី​បាន​ហូប​អាហារ​ដែល​មាន​ថ្នាំ​ពុល​កាល​ពី​ខែ​មីនា 2019

  • យាន​ចុះចត Chandrayaan-3 របស់​ឥណ្ឌា ឡើងដល់​គន្លង​តារា​វិ​ថិ​ផែនដី​ដោយ​ជោគជ័យ

    យាន​ចុះចត Chandrayaan-3 របស់​ឥណ្ឌា ឡើងដល់​គន្លង​តារា​វិ​ថិ​ផែនដី​ដោយ​ជោគជ័យ

    អង្គការ​អវកាស​របស់​ប្រទេស​ឥណ្ឌា បាន​បាញ់​បង្ហោះ​រ៉ុក្កែត​មួយ​គ្រឿង​កាលពី​ថ្ងៃទី 14 កក្កដា ដើម្បី​នាំ​យានអវកាស​ឡើងទៅ​កាន់​គន្លង​គោចរ​ផែនដី និង​នាំ​យាន​ចុះចត​ឡើងទៅ​កាន់​ឋាន​ព្រះ​ចន្ទ។

    រ៉ុក្កែត LVM3 របស់​អង្គការ​អវកាស​ឥណ្ឌា (ISRO) ត្រូវបាន​បាញ់​បង្ហោះ​ពី​ព្រលាន​អវកាស​ក្នុង​រដ្ឋ Andhra Pradesh នៅ​ភាគខាងត្បូង​ប្រទេស​នេះ កាលពី​ល្ងាច​ថ្ងៃទី 14 កក្កដា ឆ្នាំ 2023។

    ប្រហែល 16 នាទី​បន្ទាប់ពី​បាន​បាញ់​បង្ហោះ ISRO ក៏​ប្រកាសថា រ៉ុក្កែត​បាន​នាំ​យាន​ចុះចត Chandrayaan-3 ឡើងដល់​គន្លង​តារាវិថី​ផែនដី​ដោយ​ជោគជ័យ។ យាន​ចុះចត​នេះ​នឹង​ហោះ​ទៅដល់​ឋាន​ព្រះ​ចន្ទ​នៅ​ខែក្រោយ។

    បើសិនជា​បេសកកម្ម​ខាងលើ​ប្រព្រឹត្តិ​ទៅ​ដោយ​រលូន នោះ​ឥណ្ឌា​នឹង​ក្លាយជា​ប្រទេស​មួយ​​ក្នុងចំណោម​ប្រទេស​​ដែល​បាន​នាំ​យាន​ទៅ​ចុះចត​លើ​ឋាន​ព្រះ​ចន្ទ​ដោយ​ជោគជ័យ។ បច្ចុប្បន្ន​ មាន​ប្រទេស​ចំនួន​បី​​ដែល​បាន​ទទួល​ជោគ​ជ័យ​ក្នុង​បេសក​កម្ម​ដូច​គ្នា​នេះ​​ រួម​មាន អាម៉េរិក អតីត​សូ​វៀត និង​ចិន។

    Chandrayaan (ចន្ទ្រ​យាន) នៅក្នុង​ភាសាសំស្ក្រឹត​មានន័យថា «យាន​ព្រះ​ចន្ទ»។ ចន្ទ្រ​យាន​​​រួមមាន​យាន​ចុះចត​មួយគ្រឿង​ដែលមាន​កម្ពស់​ពីរ​ម៉ែត្រ ត្រូវបាន​ផលិតឡើង​ដើម្បី​ដាក់ពង្រាយ​យាន​បើកបរ​ស្វ័យប្រវត្តិ​មួយគ្រឿង​នៅក្បែរ​ប៉ូល​ខាងត្បូង​របស់​ព្រះ​ចន្ទ។

    អង្គ​ការ​អវកាស​ឥណ្ឌាឱ្យដឹងថា ការ​ចុះចត​លើដីនៅ​ឋាន​​ព្រះ​ចន្ទ​ គ្រោង​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី 23 ខែ​សីហា ឆ្នាំ 2023៕

  • ពលរដ្ឋ​ថៃ​មិន​សុខចិត្ត​នៅពេល​លោក Pita បរាជ័យ​ក្នុងការ​បោះឆ្នោត​ជុំ​ដំបូង

    ពលរដ្ឋ​ថៃ​មិន​សុខចិត្ត​នៅពេល​លោក Pita បរាជ័យ​ក្នុងការ​បោះឆ្នោត​ជុំ​ដំបូង

    ប្រជាជន​ថៃ​ជាច្រើន​បាន​ប្រមូលផ្ដុំ​គ្នា​នៅ​រាជធានី​បាងកក ដើម្បី​សម្ដែង​ការមិន​សុខចិត្ត​នៅពេល​លោក Pita ដែលជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​មកពី​បក្ស Move Forward មិនទាន់​ត្រូវបាន​បោះឆ្នោត​ជ្រើសតាំង​ជា​នាយករដ្ឋមន្ត្រី។

    សភា​ថៃ​កាលពី​ថ្ងៃទី 13 កក្កដា បាន​បោះឆ្នោត​ជ្រើសតាំង​នាយករដ្ឋមន្ត្រី​ដែល​មាន​បេក្ខភាព​តែមួយ​រូប​គត់ គឺ​លោក Pita Limjaroenrat មេដឹកនាំ​បក្ស Move Forward។ ក៏ប៉ុន្តែ លោក Pita មិន​ទទួលបាន​សំឡេងឆ្នោត​គ្រប់គ្រាន់​ដើម្បី​ក្លាយជា​នាយករដ្ឋមន្ត្រី​បន្ទាប់​របស់​ប្រទេស​ថៃ ដោយសារតែ​សមាជិកសភា​ជាន់ខ្ពស់ ដែល​ភាគច្រើន​គឺជា​មនុស្ស​របស់​កងទ័ព មិន​បោះឆ្នោត​ជូន​លោក។

    អ្នកគាំទ្រ​លោក Pita និង​បក្ស Move Forward បាន​ប្រមូល​ផ្ដុំគ្នា​នៅ​ខាងក្រៅ​វិមាន​សភា​ក្នុង​រាជធានី​បាងកក ដើម្បី​រង់ចាំ​តាម​ដាន​​ការបោះឆ្នោត។ ក្រោយពី​លទ្ធផល​ត្រូវបាន​ប្រកាស ពួកគេ​សម្ដែង​ការមិន​សុខចិត្ត។

    ពលរដ្ឋ​ថៃ​បាន​បោះឆ្នោតជាតិ​កាលពី​ខែឧសភា​ដើម្បី​ជ្រើសរើស​តំណាងរាស្ត្រ 500 នាក់​នៅ​សភា​ជាន់​ទាប។ សមាជិកសភា​ជាន់​ទាប រួម​នឹង​សមាជិកសភា​ជាន់ខ្ពស់ 250 រួប​ដែល​ត្រូវបានតែងតាំង គឺជា​អ្នកបោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ដោយផ្ទាល់។

    លោក Pita Limjaroenrat

    ​អ្នកគាំទ្រ​ក្រុម​ប្រជាធិបតេយ្យ​ថៃ បាន​អំពាវនាវ​ឱ្យ​ប្រជាជន​ចេញ​ធ្វើបាតុកម្ម បង្កឱ្យមាន​ការបារម្ភ​ខ្លាំង ពិសេស​នៅពេល​បេក្ខភាព​មកពី​បក្ស Move Forward ទទួល​បរាជ័យ។ បញ្ហា​នេះ បាន​នាំឱ្យ​សមត្ថកិច្ច​បន្ថែ​មការ​រឹតបន្តឹង​សន្តិសុខ។

    ប្រធានសភា​ថៃ Wan Muhamad Noor Matha ឱ្យដឹងថា ការបោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ជុំ​ទី​ពីរ និង​ទី​បី នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី 19 និង 20 កក្កដា​ខាងមុខ។ លោក Pita អាយុ 42 ឆ្នាំ អាច​បន្ត​ឈរឈ្មោះ​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី បើសិន​លោក​នៅតែ​ត្រូវបាន​សម្ព័ន្ធភាព 8 បក្ស ជ្រើសតាំង​ជា​បេក្ខ​ភាព​៕

  • ចិន​បង្ហើប​ពី​ផែន​ការនាំ​មនុស្ស​ឡើងទៅ​ជាន់ដី​ព្រះ​ចន្ទ​នៅ​ឆ្នាំ 2030

    ចិន​បង្ហើប​ពី​ផែន​ការនាំ​មនុស្ស​ឡើងទៅ​ជាន់ដី​ព្រះ​ចន្ទ​នៅ​ឆ្នាំ 2030

    នៅក្នុង​បេសកកម្ម​ថ្មី យានអវកាស​ហោះ​ជុំវិញ​គន្លង​តារាវិថី និង​យាន​ចុះចត ​នឹង​ត្រូវបាន​បាញ់​បង្ហោះ​ឡើងទៅ​កាន់​ទី​អវកាស ហើយ​សហការគ្នា​ដើម្បី​នាំ​មនុស្ស​ទៅ​ចុះចត​លើ​ឋាន​ព្រះ​ចន្ទ។

    លោក Zhang Hailian អនុប្រធាន​ក្រុម​វិស្វករ​របស់​ទីភ្នាក់ងារ​អវកាស​មាន​ក្រុម​ហោះហើរ​ចិន (CMSA) បាន​បង្ហើប​ឱ្យដឹង​អំពី​ព័ត៌មាន​ថ្មី​ស្ដីពី​ផែន​ការនាំ​មនុស្ស​ឡើងទៅ​កាន់​ឋាន​ព្រះ​ចន្ទ ក្នុង​កិច្ចប្រជុំ​កំពូល​នៃ​វិស័យ​អាកាសចរណ៍​អវកាស​នៅ​ប្រទេស​ចិន​កាលពី​ថ្ងៃទី 12 កក្កដា 2023។

    បេសកកម្ម​​នេះ គ្រោង​នឹងធ្វើ​ឡើង​ឱ្យបាន​មុន​ដំណាច់ឆ្នាំ 2030។ វា​គឺជា​ផ្នែក​មួយ​នៃ​មហា​គម្រោង​ដែល​ឆ្ពោះទៅរក​ការស្ថាបនា​ស្ថានីយ​ស្រាវជ្រាវ​លើដី​នៅ​ឋាន​ព្រះ​ចន្ទ។ លោក Zhang ឱ្យដឹងថា បេសកកម្ម​នេះ​នឹង​ស្វែងរក​វិធី​ល្អ​បំផុត​ដើម្បី​សាងសង់​មជ្ឈមណ្ឌល​អវកាស​ ក៏​ដូច​ជា​ធ្វើ​ការ​​ស្រាវជ្រាវ​ ការ​​ពិសោធន៍​ផ្នែក​​វិទ្យាសាស្ត្រ​ជាច្រើន​ផ្សេងទៀត នៅ​​លើ​ឋាន​ព្រះ​ចន្ទ។

    នៅក្នុង​បេសកកម្ម​ខាងលើ ការបាញ់​បង្ហោះ​រ៉ុក្កែត​ចំនួន​ពីរលើក​នឹង​នាំ​យាន​ចុះចត និង​យានអវកាស​ដឹក​មនុស្ស​ឡើងទៅ​កាន់​គន្លង​តារាវិថី​ជុំវិញ​ព្រះ​ចន្ទ។ យាន​ទាំងពីរ​នេះ​នឹង​ត​ភ្ជាប់​គ្នា​ដើម្បីឱ្យ​អ្នក​អវកាស​ចិន​ឆ្លង​ពី​យានអវកាស ចូលទៅក្នុង​យាន​ចុះចត មុននឹង​ទម្លាក់ខ្លួនសន្សឹមៗចុះទៅ​កាន់​​ឋាន​ព្រះ​ចន្ទ។ នៅទីនេះ ពួកគេ​នឹង​រើសយក​ដី​លើ​ឋាន​ព្រះ​ចន្ទ និង​ធ្វើដំណើរ​សិក្សា​ស្រាវជ្រាវ។ បន្ទាប់មក ពួកគេ​នឹង​ជិះ​យាន​ចុះ​ចត​នេះ ហោះ​ឡើងទៅ​កាន់​យានអវកាស​ដែល​កំពុង​ស្ថិតនៅលើ​គន្លង​តារាវិថី រួច​ក៏​វិល​ត្រលប់​មកកាន់​ផែនដី។

    ដើម្បី​ត្រៀម​សម្រាប់ការ​​អនុវត្ត​ផែនការ​ខាងលើ ក្រុម​អ្នកស្រាវជ្រាវ​ចិន កំពុងតែ​ប្រឹងប្រែង​អភិវឌ្ឍ​រាល់​ឧបករណ៍​ដែល​ចាំបាច់ ក្នុងនោះ​មាន​ជាអាទិ៍ ឈុត​សម្លៀកបំពាក់​អវកាស រថយន្ត​សម្រាប់​បើកបរ​លើ​ឋាន​ព្រះ​ចន្ទ យានអវកាស​ដឹក​មនុ​ស្ស និង​យាន​ចុះចត។

    បេសកកម្ម​នាំ​មនុស្ស​ឡើងទៅ​ឋាន​ព្រះ​ចន្ទ​គឺជា​ជំហាន​ថ្មី​បំផុត​នៅក្នុង​មហិច្ឆតា​អភិវឌ្ឍ​កម្មវិធី​អវកាស​របស់​ប្រទេស​ចិន។ បច្ចុប្បន្ន វិស័យ​អវកាស​របស់​ប្រទេស​នេះ កំពុង​តែមាន​ការរីក​ចម្រើន​យ៉ាង​ឆាប់រហ័ស។ ចិន​មាន​ស្ថានីយ​អវកាស​ផ្ទាល់ខ្លួន មាន​រ៉ូ​បូត​នៅលើ​ឋាន​ព្រះ​ចន្ទ និង​ភព​អង្គារ​ផងដែរ៕