ប្រទេស​​ដែល​ប្រជាជន​ប្រើប្រាស់​ផ្ទាំង​សូ​ឡា​ច្រើនជាងគេ​លើ​ពិភពលោក

អត្រា​នៃ​ការដំឡើង​ផ្ទាំង​សូ​ឡា​លើ​ដំបូលផ្ទះ​នៅ​ប្រទេស​អូស្ត្រាលី ​ជិត​ឈានដល់​កម្រិត​កំពូល​បំផុត នៅពេល​គ្រួសារ​នានា​ស្វែងរក​វិធី​ដើម្បី​ដោះស្រាយ​​បញ្ហា​​តម្លៃ​​ថាមពល។

អូស្ត្រាលី​បច្ចុប្បន្ន​មាន​អត្រា​ប្រើប្រាស់​ផ្ទាំង​សូ​ឡា​ខ្ពស់​ជាងគេ​លើ​ពិភពលោក ដោយ​គ្រួសារ​ជិត 1/3 នៅ​ទូទាំងប្រទេស​នេះ ប្រើប្រាស់​ថាមពលព្រះអាទិត្យ។ សូម្បីតែ​នៅក្នុង​រដូវរងា អគ្គិសនី​ជាង 25% ដែល​ប្រើប្រាស់​នៅ​ក្នុង​​បណ្ដា​រដ្ឋ​ភាគ​ខាងកើត ​ក៏បាន​មកពី​ផ្ទាំង​សូ​ឡា។

យោងតាម​ស្ថិតិ​របស់ Green Energy Market (GEM) គ្រួសារ និង​ក្រុមហ៊ុន​នានា​នៅ​អូស្ត្រាលី បាន​បន្ថែម​ផ្ទាំង​សូ​ឡា​ដែល​ផ្ទាល់​ថាមពល​អគ្គិសនី 1.46 ជី​ហ្គា​វ៉ា​ត់​នៅក្នុង​ពាក់កណ្ដាល​ដើមឆ្នាំ​នេះ ខ្ពស់ជាង 20% ធៀប​នឹង​ដំណាក់កាល​ដូចគ្នា​ក្នុង​ឆ្នាំ​កន្លង។ គិតតែ​ក្នុង​ខែមិថុនា 2023 អគ្គិសនី​ជិត 250 ម៉េ​ហ្គា​វ៉ា​ត់ ត្រូវបាន​បន្ថែម​ពី​ផ្ទាំង​សូ​ឡា​នៅលើ​ដំបូលផ្ទះ ខ្ពស់ជាង 13.2% បើ​ធៀប​នឹង​ខែមិថុនា​ឆ្នាំ 2022។

មន្ត្រី​នៅ GEM ឱ្យដឹងថា តម្លៃ​អគ្គិសនី​កើនឡើង​ក្នុង​ឆ្នាំ​កន្លង ​បាន​ជំរុញ​ឱ្យ​ប្រជាជននាំ​គ្នា​សម្រុក​ទៅ​​ទិញ​ផ្ទាំង​សូ​ឡា។ ការកើនឡើង​នេះ​អាចជួយ​ឱ្យ​វិស័យថាមពល​​បំបែក​កំណត់ត្រា​​ស្ដី​ពី​ការ​បន្ថែម​អគ្គិសនី 3.2 ជី​ហ្គា​វ៉ា​ត់ទៅ​ក្នុង​បណ្ដាញ​អគ្គិសនី​របស់​អូស្ត្រាលី កាលពី​ឆ្នាំ 2021៕

Advertisement