ចិន​បង្ហើប​ពី​ផែន​ការនាំ​មនុស្ស​ឡើងទៅ​ជាន់ដី​ព្រះ​ចន្ទ​នៅ​ឆ្នាំ 2030

នៅក្នុង​បេសកកម្ម​ថ្មី យានអវកាស​ហោះ​ជុំវិញ​គន្លង​តារាវិថី និង​យាន​ចុះចត ​នឹង​ត្រូវបាន​បាញ់​បង្ហោះ​ឡើងទៅ​កាន់​ទី​អវកាស ហើយ​សហការគ្នា​ដើម្បី​នាំ​មនុស្ស​ទៅ​ចុះចត​លើ​ឋាន​ព្រះ​ចន្ទ។

លោក Zhang Hailian អនុប្រធាន​ក្រុម​វិស្វករ​របស់​ទីភ្នាក់ងារ​អវកាស​មាន​ក្រុម​ហោះហើរ​ចិន (CMSA) បាន​បង្ហើប​ឱ្យដឹង​អំពី​ព័ត៌មាន​ថ្មី​ស្ដីពី​ផែន​ការនាំ​មនុស្ស​ឡើងទៅ​កាន់​ឋាន​ព្រះ​ចន្ទ ក្នុង​កិច្ចប្រជុំ​កំពូល​នៃ​វិស័យ​អាកាសចរណ៍​អវកាស​នៅ​ប្រទេស​ចិន​កាលពី​ថ្ងៃទី 12 កក្កដា 2023។

បេសកកម្ម​​នេះ គ្រោង​នឹងធ្វើ​ឡើង​ឱ្យបាន​មុន​ដំណាច់ឆ្នាំ 2030។ វា​គឺជា​ផ្នែក​មួយ​នៃ​មហា​គម្រោង​ដែល​ឆ្ពោះទៅរក​ការស្ថាបនា​ស្ថានីយ​ស្រាវជ្រាវ​លើដី​នៅ​ឋាន​ព្រះ​ចន្ទ។ លោក Zhang ឱ្យដឹងថា បេសកកម្ម​នេះ​នឹង​ស្វែងរក​វិធី​ល្អ​បំផុត​ដើម្បី​សាងសង់​មជ្ឈមណ្ឌល​អវកាស​ ក៏​ដូច​ជា​ធ្វើ​ការ​​ស្រាវជ្រាវ​ ការ​​ពិសោធន៍​ផ្នែក​​វិទ្យាសាស្ត្រ​ជាច្រើន​ផ្សេងទៀត នៅ​​លើ​ឋាន​ព្រះ​ចន្ទ។

នៅក្នុង​បេសកកម្ម​ខាងលើ ការបាញ់​បង្ហោះ​រ៉ុក្កែត​ចំនួន​ពីរលើក​នឹង​នាំ​យាន​ចុះចត និង​យានអវកាស​ដឹក​មនុស្ស​ឡើងទៅ​កាន់​គន្លង​តារាវិថី​ជុំវិញ​ព្រះ​ចន្ទ។ យាន​ទាំងពីរ​នេះ​នឹង​ត​ភ្ជាប់​គ្នា​ដើម្បីឱ្យ​អ្នក​អវកាស​ចិន​ឆ្លង​ពី​យានអវកាស ចូលទៅក្នុង​យាន​ចុះចត មុននឹង​ទម្លាក់ខ្លួនសន្សឹមៗចុះទៅ​កាន់​​ឋាន​ព្រះ​ចន្ទ។ នៅទីនេះ ពួកគេ​នឹង​រើសយក​ដី​លើ​ឋាន​ព្រះ​ចន្ទ និង​ធ្វើដំណើរ​សិក្សា​ស្រាវជ្រាវ។ បន្ទាប់មក ពួកគេ​នឹង​ជិះ​យាន​ចុះ​ចត​នេះ ហោះ​ឡើងទៅ​កាន់​យានអវកាស​ដែល​កំពុង​ស្ថិតនៅលើ​គន្លង​តារាវិថី រួច​ក៏​វិល​ត្រលប់​មកកាន់​ផែនដី។

ដើម្បី​ត្រៀម​សម្រាប់ការ​​អនុវត្ត​ផែនការ​ខាងលើ ក្រុម​អ្នកស្រាវជ្រាវ​ចិន កំពុងតែ​ប្រឹងប្រែង​អភិវឌ្ឍ​រាល់​ឧបករណ៍​ដែល​ចាំបាច់ ក្នុងនោះ​មាន​ជាអាទិ៍ ឈុត​សម្លៀកបំពាក់​អវកាស រថយន្ត​សម្រាប់​បើកបរ​លើ​ឋាន​ព្រះ​ចន្ទ យានអវកាស​ដឹក​មនុ​ស្ស និង​យាន​ចុះចត។

បេសកកម្ម​នាំ​មនុស្ស​ឡើងទៅ​ឋាន​ព្រះ​ចន្ទ​គឺជា​ជំហាន​ថ្មី​បំផុត​នៅក្នុង​មហិច្ឆតា​អភិវឌ្ឍ​កម្មវិធី​អវកាស​របស់​ប្រទេស​ចិន។ បច្ចុប្បន្ន វិស័យ​អវកាស​របស់​ប្រទេស​នេះ កំពុង​តែមាន​ការរីក​ចម្រើន​យ៉ាង​ឆាប់រហ័ស។ ចិន​មាន​ស្ថានីយ​អវកាស​ផ្ទាល់ខ្លួន មាន​រ៉ូ​បូត​នៅលើ​ឋាន​ព្រះ​ចន្ទ និង​ភព​អង្គារ​ផងដែរ៕

Advertisement