Category: អន្តរជាតិ

  • បាតុករ​ប្រឆាំង​វ៉ាក់សាំង COVID-19 ប៉ះទង្គិច​គ្នា​នឹង​សមត្ថកិច្ច នៅ​ក្រុង​ឡុង​ដ៍ (វីដេអូ)

    បាតុករ​ប្រឆាំង​វ៉ាក់សាំង COVID-19 ប៉ះទង្គិច​គ្នា​នឹង​សមត្ថកិច្ច នៅ​ក្រុង​ឡុង​ដ៍ (វីដេអូ)

    ហ្វូង​បាតុករ​ប្រឆាំង​វ៉ាក់សាំង បាន​ប៉ះទង្គិច​នឹង​ក្រុម​ប៉ុ​លិ​ស នៅក្នុងពេល​ព្យាយាម​សម្រុកចូល​ស្ថាប័ន​សុខាភិបាល​របស់ អង់គ្លេស ស្រប​ពេលដែល​ប្រទេស​នេះ កំពុង​រៀបចំ​ដើម្បី​ចាក់​វ៉ាក់សាំង​បង្ការ COVID-19 ដល់​កុមារ​ចាប់ពី​វ័យ 12 ដល់ 17 ឆ្នាំ។

    យ៉ាងហោច​មាន​សមត្ថកិច្ច 4 នាក់ ត្រូវ​រងរបួស និង​បាតុករ​ច្រើន​នាក់​ត្រូវបាន​ចាប់ខ្លួន ខណៈ​មនុស្ស​រាប់រយ​នាក់​ប្រមូល​ផ្ដុំគ្នា​តវ៉ា​នៅ​ខាងក្រៅ​ការិយាល័យ​គ្រប់គ្រង​ឱសថ និង​ផលិត​ថែទាំ​សុខភាព របស់ អង់គ្លេស (MHRA) នៅ​តំបន់ Canary Wharf ភាគ​ខាងកើត​ទីក្រុង​ឡុង​ដ៍ កាលពី​ថ្ងៃទី 3 កញ្ញា។

    ក្រុមប៉ូលិស បាន​ប្រើ​ដំបងឆក់ ដើម្បី​គ្រប់គ្រង​ហ្វូង​បាតុករ និង​បាន​សុំ​ជំនួយ​បន្ថែម​ពី​ថ្នាក់លើ នៅពេល​ក្រុមបាតុករ​ព្យាយាម​សម្រុកចូល​ខាងក្នុង​ការិយាល័យ MHRA។ បាតុករ​មួយចំនួន ក្រោយមក​ក៏បាន​ប៉ះទង្គិច​ជាមួយ​សមត្ថកិច្ច​នៅ​ខាងក្រៅ​មជ្ឈមណ្ឌល​ចាក់​វ៉ាក់សាំង នៅឯ​សារមន្ទីរ​វិទ្យាសាស្ត្រ នៅ​ភាគ​ខាងលិច​ទីក្រុង​ឡុង​ដ៍។

    ប៉ូលិស​ក្រុង​ឡុង​ដ៍ បាន​សរសេរ​នៅ Twitter ថា៖ «បាតុករ​មួយចំនួន​បាន​ប្រើ​ហិង្សា​លើ​សមត្ថកិច្ច។ ប៉ូលិស 4 នាក់​របស់​យើង បាន​រងរបួស​ក្នុងការ​ប៉ះទង្គិច​គ្នា។ បញ្ហា​នេះ​មិនអាច​ទទួលយក​បានទេ។ យើង​នៅតែមាន​វត្ត​មាននៅ​កន្លែងកើតហេតុ»។

    មូលហេតុ​នៃ​បាតុកម្ម​នេះ ត្រូវបាន​គេ​ជឿថា ដោយសារ​ក្រុមបាតុករ​មិន​ពេញ​ចិត្តនឹង​ព័ត៌មាន​ដែលថា អាជ្ញាធរ​នឹង​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ដល់​កុមារ។ ក្នុង​សប្ដាហ៍​នេះ មនុស្ស​មួយក្រុម​ដែល​ហៅ​ខ្លួនឯង​ថា Official Voice បាន​អំពាវនាវ​លើ​បណ្ដាញ​សង្គម ដល់​បាតុករ ឱ្យ​ស្លៀក​ឈុតខ្មៅ និង​ប្រមូល​ផ្ដុំគ្នា​នៅឯ​ស្ថានីយ​រថភ្លើង​ក្រោម​ដី Canary Wharf ក្នុង​បំណង​ស្នើឱ្យ MHRA ឆ្លើយ​នឹង​សំនួរ​របស់​ពួកគេ។

    MHRA កាលពី​ខែ​មុន បានអនុម័ត​ឱ្យ​ចាក់​វ៉ាក់សាំង COVID-19 របស់ Moderna សម្រាប់​កុមារ និង​ក្មេង​ជំទង់​អាយុ​ចាប់ពី 12 ដល់ 17 ឆ្នាំ ក្រោយ​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ប៉ុណ្ណោះ​ដែល​វ៉ាក់សាំង Pfizer ត្រូវបាន​អនុញ្ញាតឱ្យ​ចាក់​ដល់​ក្រុម​គោលដៅ​នេះ។ ការសម្រេច​នេះ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​មាន​សេចក្ដី​ប្រកាសថា សិ​ក្ស​ដែលមាន​វ័យ​ចាប់ពី 16 ដល់ 17 ឆ្នាំ នៅ អង់គ្លេស នឹងត្រូវ​បាន​ចាក់​វ៉ាក់សាំង​បង្ការ COVID-19 ដូ​ស​ដំបូង មុនពេល​សាលារៀន​នានា បើក​ដំណើរការ​ឡើងវិញ៕

  • COVID-19 ប្រភេទ​ថ្មី​ឈ្មោះ Mu គ្រោះថ្នាក់​ដល់​កម្រិតណា បានជា WHO ចាត់​វា​ជា​វ៉ា​រ្យ៉​ង់ ដែល​ត្រូវ​យកចិត្តទុកដាក់?

    COVID-19 ប្រភេទ​ថ្មី​ឈ្មោះ Mu គ្រោះថ្នាក់​ដល់​កម្រិតណា បានជា WHO ចាត់​វា​ជា​វ៉ា​រ្យ៉​ង់ ដែល​ត្រូវ​យកចិត្តទុកដាក់?

    ការសិក្សា​ស្រាវជ្រាវ​មួយ​ដែល​ផ្សាយ​នៅលើ​ទំព័រ Medrxiv បាន​ព្រមាន​ថា COVID-19 ប្រភេទ​បំប្លែង​ថ្មី​ដែលមាន​ឈ្មោះថា Mu អាច​កាត់បន្ថយ​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង និង​អាចធ្វើឱ្យ​អ្នកជំងឺ ប្រឈម​នឹង​ហានិភ័យ​ត្រូវ​ចូល​ពេទ្យ​ខ្ពស់។

    ក្រោយ​ការតាមដាន​រយៈពេល 8 ខែ ចុងក្រោយ វ៉ា​រ្យ៉​ង់​មួយ​ប្រភេទ​របស់ COVID-19 ដែល​រកឃើញ​ដំបូង​នៅ កូ​ឡុំ​ប៊ី កាលពី​ខែមករា ត្រូវបាន WHO បញ្ចូល​ឈ្មោះ​ទៅក្នុង​បញ្ជី​នៃ​ក្រុម​វីរុស​បំប្លែង​ខ្លួន​ថ្មី​ដែល​គួរឱ្យ​យកចិត្តទុកដាក់។

    វ៉ា​រ្យ៉​ង់​ថ្មី​នេះ ត្រូវបាន​អង្គការ​សុខភាព​ពិភពលោក ដាក់ឈ្មោះថា Mu និង​ចាត់​វា​ទៅក្នុង​ក្រុម​វីរុស​បំប្លែង​ថ្មី​ដែលមាន​គ្រោះថ្នាក់​ប្រហាក់ប្រហែលគ្នា​នឹង Lambda, Kappa, Iota និង Eta។ នៅ​លំដាប់​ខ្ពស់ជាង​នេះ​មួយ​ថ្នាក់ គឺមាន​បណ្ដា​វ៉ា​រ្យ៉​ង់​ដែល​គួរឱ្យ​ព្រួយបារម្ភ រួមមាន Alpha, Beta, Gamma និង Delta។

    វ៉ា​រ្យ៉​ង់ Mu បានបង្ហាញ​វត្តមាន​នៅក្នុង​ប្រទេស​ជាង 40 រួចមកហើយ។ Mu ត្រូវបាន​រកឃើញ​ច្រើន​នៅក្នុង​បណ្ដា​ប្រទេស​នៅ​ទ្វីបអាមេរិក​ខាងត្បូង រួមមាន ប៉េ​រូ, អ៊ុយ​រ៉ា​ហ្គា​យ, បូ​ឡា​វី និង ប៉ា​រ៉ា​ហ្គា​យ។ ក្រៅពីនេះ វា​ក៏​ត្រូវបាន​រកឃើញ​នៅ អេ​ស្ប៉ា​ញ, បារាំង និង សហរដ្ឋអាមេរិក។ ថ្មីៗនេះ Mu ក៏​បង្ហាញ​វត្ត​មាននៅ ជប៉ុន ផងដែរ។

    ក្រោយការតាមដានរយៈពេល 8 ខែ ចុងក្រោយ វ៉ារ្យ៉ង់មួយប្រភេទរបស់ COVID-19 ដែលរកឃើញដំបូងនៅ កូឡុំប៊ី កាលពីខែមករា ត្រូវបាន WHO បញ្ចូលឈ្មោះទៅក្នុងបញ្ជីនៃក្រុមវីរុសបំប្លែងខ្លួនថ្មីដែលគួរឱ្យយកចិត្តទុកដាក់។

    មូលហេតុ​ដែលនាំឱ្យ WHO ចាត់ Mu ទៅក្នុង​បញ្ជី​នៃ​ក្រុម​វ៉ា​រ្យ៉​ង់ ដែល​គួរឱ្យ​យកចិត្តទុកដាក់​គឺ​ដោយសារ​វា​បាន​ឆ្លង​ផុត​ស្ដង់ដា​កំណត់​របស់ WHO៖

    1-មានការ​ប្រែប្រួល​ហ្សែ​ន​ដែល​ត្រូវបាន​គេ​ព្យាករ ឬ​ដឹងថា នឹង​ប៉ះពាល់​ដល់​ចំនុច​ពិសេស​របស់​វីរុស ដូចជា លទ្ធភាព​នៃ​ការឆ្លង​រាលដាល, កម្រិត​នៃ​ភាព​ធ្ងន់ធ្ងរ​របស់​ជំងឺ និង​អាច​គេច​ពី​ប្រព័ន្ធ​ការពារ​រាងកាយ។ល។

    2-បង្កើតជា​ការឆ្លង​រាលដាល​ខ្លាំង​ក្នុង​សហគមន៍ នៅក្នុង​ប្រទេស​ជាច្រើន ជាមួយនឹង​អត្រា​ឆ្លង​កាន់តែ​ច្រើនឡើង​ទៅតាម​ពេលវេលា។

    3-អាច​ប៉ះពាល់​ដល់​ផ្នែក​រោគ​ឆ្លង​យ៉ាងច្បាស់​ផ្សេងទៀត ដែល​អាច​បញ្ជាក់​អំពី​ហានិភ័យ​ថ្មី​ចំពោះ​សុខភាព​សាធារណៈ​នៅ​ទូទាំង​សកលលោក។

    តើ Mu ទប់​ទល់នឹង​វ៉ាក់សាំង បាន ឬទេ?

    ការពិសោធ​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ​អ៊ីតាលី បាន​បង្ហាញថា «Mu នៅតែ​ត្រូវបាន​គ្រប់គ្រង​ដោយ​វ៉ាក់សាំង Pfizer»។ ប៉ុន្តែ អ្នកវិទ្យាសាស្ត្រ បញ្ជាក់ថា អង្គ​ប​ដិ​ប្រាណ​ដែល​វ៉ាក់សាំង​បង្កើតឡើង​ចំពោះ Mu គឺមាន​កម្រិត​ទាប​ជាង បើ​ធៀប​នឹង​វីរុស COVID-19 ប្រភេទ​ដំបូង។

    តើ Mu ងាយស្រួល​ឆ្លង​ពី​មនុស្ស​ម្នាក់ ទៅ​មនុស្ស​ម្នាក់ ឬទេ?

    មកដល់​បច្ចុប្បន្ន នៅមាន​ការសិក្សា​ស្រាវជ្រាវ​តិចតួច​នៅឡើយ អំពី​វ៉ា​រ្យ៉​ង់ Mu។ ដូច្នេះ អ្នកវិទ្យាសាស្ត្រ​ពិបាក​វាយតម្លៃ​លើ​សមត្ថ​ភាព​នៃ​ការឆ្លង​រាលដាល​របស់​វា។

    បើទោះជា Mu មិនទាន់មាន​លក្ខណៈ​ដូច​ទៅនឹង​វ៉ា​រ្យ៉​ង​ដែល​គួរឱ្យខ្លាច ដូចជា Delta ប៉ុន្តែ អ្នកស្រាវជ្រាវ​ឱ្យដឹងថា WHO គួរតែ​តាមដាន​វា​ឱ្យបាន​ម៉ត់ចត់៕

  • នាយករដ្ឋមន្ត្រី​ជប៉ុន ជិត​លាលែង​ពី​តំណែង ខណៈ​ការ​បោះជ្រើស​រើស​​ប្រធាន​បក្ស និង​នាយក​រដ្ឋមន្ត្រី​ ជិត​ចូល​មក​ដល់

    នាយករដ្ឋមន្ត្រី​ជប៉ុន ជិត​លាលែង​ពី​តំណែង ខណៈ​ការ​បោះជ្រើស​រើស​​ប្រធាន​បក្ស និង​នាយក​រដ្ឋមន្ត្រី​ ជិត​ចូល​មក​ដល់

    នាយករដ្ឋមន្ត្រី​ជប៉ុន លោក Yoshihide Suga ប្រកាសថា លោក​នឹងមិន​ឈរឈ្មោះ​ជា​បេក្ខភាព​ប្រធាន​បក្ស​កាន់អំណាច​ទៀត​ទេ ហើយ​ថា នឹង​បញ្ចប់​អាណត្តិ​នាយករដ្ឋមន្ត្រី​របស់ខ្លួន​នៅក្នុង​ខែ​នេះ។

    សារព័ត៌មាន​ជប៉ុន ថ្ងៃនេះ បាន​រាយការណ៍​ថា នាយករដ្ឋមន្ត្រី Suga ប្រកាសថា លោក​សម្រេចចិត្ត​លាលែង​ពី​តំណែង នៅក្នុង​កិច្ចប្រជុំ​បន្ទាន់​មួយ​ជាមួយនឹង​សមាជិក​ជាន់ខ្ពស់​នានារ​បស់​គណបក្ស​ប្រជាធិបតេយ្យ​សេរី (LDP) ដែល​កំពុង​កាន់អំណាច។ តាម​ផែនការ លោក Suga នឹង​បញ្ចប់​អាណត្តិ​យ៉ាង​ឆាប់​នៅក្នុង​ខែ​នេះ ដើម្បី​ផ្ដល់ឱកាស​ឱ្យ​បេក្ខភាព​ដទៃ​នៃ​បក្ស LDP។

    ការសម្រេចចិត្ត​ខាងលើ ត្រូវបាន​លើកឡើង​ក្រោយ​ការឡើង​កាន់អំណាច​មិន​ដល់​មួយឆ្នាំ​របស់លោក Suga នៅក្នុង​គ្រា​ដែល​បក្ស LDP ត្រៀមខ្លួន​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ប្រធាន​នៅ​ថ្ងៃទី 29 កញ្ញា។ មេដឹកនាំ​បក្ស LDP ទំនងជា​នឹង​ក្លាយជា​នាយករដ្ឋមន្ត្រី ព្រោះថា បក្ស​នេះ​គ្រប់គ្រង​អាសនៈ​ភាគច្រើន​នៅ​សភាជាតិ។

    ការបោះឆ្នោតជាតិ​នៅ ជប៉ុន នឹងត្រូវ​បានធ្វើ​ឡើង​នៅពេល​អាណត្តិ​របស់​សភា​ជាន់​ទាប បញ្ចប់​នៅក្នុង​ខែតុលា​ខាងមុខ។ អតីតរដ្ឋមន្ត្រី​ការបរទេស Fumio Kishida ធ្លាប់បាន​ប្រកាស​អំពី​បំណង​ឈរឈ្មោះ​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​នៅ អាណត្តិ​បន្ទាប់។ ចំណែក​អតីតរដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ Sanae Takaichi ក៏មាន​បំណង​ដូចគ្នានេះដែរ។

    នៅក្នុង​ការស្ទង់មតិថ្មីៗនេះ បង្ហាញថា អត្រា​នៃ​ការគាំទ្រ​ចំពោះ​លោក Suga បាន​ធ្លាក់​មក​នៅក្រោម 30%។ អគ្គលេខាធិការ​បក្ស LDP លោក Toshihiro Nikai បាន​ថ្លែងថា លោក Suga ពិតជា​បានសម្រេច​ចិត្ត​មិន​ឈរឈ្មោះ​ជា​បេក្ខភាព​ប្រធាន​បក្ស​នោះទេ។

    ការដែល​លោក Suga វ័យ 72 ឆ្នាំ ត្រូវបាន​បោះឆ្នោត​ជ្រើសតាំង​ជា​នាយករដ្ឋមន្ត្រី​កាលពី​ឆ្នាំ 2020 គឺជា​លទ្ធផល​នៃ​ការប្រឹងប្រែង​រយៈពេល​វែង​របស់លោក នៅក្នុង​ឆាកនយោបាយ។ លោក Suga បាន​ជាប់ឆ្នោត​ជា​សមាជិក​នៃ​ក្រុមប្រឹក្សាភិបាល​ទីក្រុង Yokohama កាលពី​ឆ្នាំ 1987 ក្រោយមក​ក៏បាន​ក្លាយជា​តំណាងរាស្ត្រ​នៅ​សភា កាលពី​ឆ្នាំ 1996។ មុនពេល​ត្រូវបាន​ជ្រើសតាំង​ជា​នាយករដ្ឋមន្ត្រី​ជំនួស​លោក Abe លោក Suga កាន់កាប់​តំណែង​ប្រធាន​ទីស្ដីការគណរដ្ឋមន្ត្រី នៅក្នុង​រដ្ឋាភិបាល​រប​ស់ អតីត​នាយករដ្ឋមន្ត្រី Abe៕

  • Al-Qaeda ចូល​ដៃ​ជាមួយ តា​លី​បង់ ក្នុងការ​ប្រយុទ្ធ​តទល់​នឹង​​កង​ទ័ព​ចុងក្រោយ​របស់​រដ្ឋាភិបាល​ចាស់​ នៅ​ជ្រលង​ភ្នំ​ Panjshir

    Al-Qaeda ចូល​ដៃ​ជាមួយ តា​លី​បង់ ក្នុងការ​ប្រយុទ្ធ​តទល់​នឹង​​កង​ទ័ព​ចុងក្រោយ​របស់​រដ្ឋាភិបាល​ចាស់​ នៅ​ជ្រលង​ភ្នំ​ Panjshir

    ក្រុម​ភេរ​វករ al-Qaeda ត្រូវបាន​ចោទថា បាន​ចូលរួម​សកម្មភាព​ប្រយុទ្ធ​របស់ តា​លី​បង់ ដើម្បី​កម្ទេច​ក្រុម​យោធា​ដែល​នៅ​សេសសល់​របស់​រដ្ឋាភិបាល​ចាស់ ដែល​បច្ចុប្បន្ន​ត្រូវបាន​ដាក់ឈ្មោះថា រណសិរ្ស​តស៊ូ​ជាតិ អា​ហ្វ​ហ្គា​នី​ស្ថាន (NRFA)។

    កងកម្លាំង​ប្រឆាំង​ តាលីបង់ នៅ​ជ្រលង​ភ្នំ​ Panjshir

    NRFA បាន​អះអាងថា ក្រុម​ប្រដាប់អាវុធ al-Qaeda បង្ហាញខ្លួន​ក្នុងការ​ប្រយុទ្ធ​កាលពី​ថ្ងៃទី 2 កញ្ញា របស់ តា​លី​បង់ ដែល​បាន​វាយប្រហារ​តំបន់​ជ្រលង​ភ្នំ Panjshir ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​រដ្ឋធានី​កា​ប៊ុល ក្នុងការ​ប្រឹងប្រែង​ដើម្បី​ដណ្ដើម​កាន់កាប់​តំបន់​នេះ​ពី​កងកម្លាំង NRFA។

    Ameer Akmal មេបញ្ជាការមួយរូបនៃកងទ័ពរណសិរ្សប្រឆាំង តាលីបង់ នៅ Panjshir

    NRFA គឺជា​កងកម្លាំង​ចម្រុះ ដែលមាន​ការចូលរួម​របស់​កងជីវពល Andarab, កងកម្លាំង​ប្រចាំ​តំបន់ Panjshir និង​ទាហាន​រដ្ឋាភិបាល​ចាស់។ Fahim Dashti អ្នកនាំពាក្យ​របស់ NRFA ឱ្យដឹងថា តា​លី​បង់ បាន​បើក​ការវាយប្រហារ​ច្រើនលើក​នៅ Khawak ដោយ​ឆ្លងកាត់​តាម​ជ្រលង​ភ្នំ Andarab នៃ​ទីក្រុង Baghlan។

    ក្រុម​ «កូនៗ» ទាហាន​ របស់​ NRFA

    Dashti បន្ថែមថា ទាហាន​តា​លី​បង់ យ៉ាងតិច 640 នាក់ ត្រូវបាន​បណ្ដេញ​ពី​សមរភូមិ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នៃ​ការប្រយុទ្ធ​គ្នា និង​បាន​បញ្ជាក់ថា NRFA បាន​កាច់​បំបាក់កម្លាំង តា​លី​បង់ នៅ​តំបន់ Khawak។

    ចំណែក​អ្នកនាំពាក្យ​របស់ តា​លី​បង់ Zabihullah Mujahid កាលពី​ថ្ងៃទី 2 កញ្ញា បានឱ្យដឹងថា ទាហាន​របស់ខ្លួន​បាន​វាយ​សម្រុកចូល​ទីតាំង​ចុងក្រោយ​របស់​កងកម្លាំង​រដ្ឋាភិបាល​ចាស់ បន្ទាប់ពី​កិច្ចចរចា​សន្តិភាព បានទទួល​បរាជ័យ។

    លេណដ្ឋាន​របស់​ NRFA

    តា​លី​បង់ បាន​ចោទថា NRFA បាន​បើក​ការវាយប្រហារ​មុន ធ្វើឱ្យ​ពួកគេ​សម្រេចចិត្ត​តបត។ ក្រុមមន្ត្រី តា​លី​បង់ និយាយថា ក្រោយ​ការប្រយុទ្ធ​ពីរ​ថ្ងៃ ពួកគេ​ដណ្ដើមបាន​តំបន់​មួយចំនួន​ពី NRFA។

    អ្នកស្រុក​បានឱ្យដឹងថា ការប្រយុទ្ធ​គ្នា​បានចាប់ផ្ដើម​ពី​យប់​ថ្ងៃទី 1 កញ្ញា។ ពលរដ្ឋ​សាមញ្ញ ភាគច្រើន​បាន​រត់គេចខ្លួន​ពី​សង្គ្រាម។

    ជ្រលង​ភ្នំ​ Panjshir ជា​ទី​តាំង​ចុង​ក្រោយ​របស់​កង​ទ័ព​ប្រឆាំង​ តាលីបង់

    Ahmad Massoud ដែលជា​កូនប្រុស​ច្បង​របស់ Ahmad Shad Massoud អតីត​មេបញ្ជាការ​កងកម្លាំង​ចម្រុះ​ប្រឆាំង តា​លី​បង់ ទសវត្សរ៍ 1990 កំពុង​ដឹកនាំ​ការប្រយុទ្ធ​តតាំង​នៅ​ជ្រលង​ភ្នំ Panjshir។ មេបញ្ជាការ​នេះ មិនមាន​បទពិសោធន៍​ក្នុងការ​ធ្វើសង្គ្រាម ប៉ុន្តែ ទទួលបាន​ការគាំទ្រ​ពី​ក្រុម​អតីត​មេបញ្ជាការ​កងទ័ព អា​ហ្វ​ហ្គា​នី​ស្ថាន។ បណ្ដា​កំពូលភ្នំ​ដែល​ព័ទ្ធជុំវិញ​ជ្រលង​ភ្នំ Panjshir គឺ​ឧបសគ្គ​ធំ​ដែល​រារាំង​រាល់​កម្លាំង​ទាំងឡាយណា​ដែល​ចង់វាយ​ដណ្ដើម​កាន់កាប់​តំបន់​នេះ។

    ពណ៌លឿង​ គឺជា​ទីតាំង​ឈរ​ជើង​ របស់​កង​ទ័ព​ប្រឆាំង​​ តាលីបង់

    ក្រុម​អ្នកសង្កេតការណ៍​យល់ថា សង្គ្រាម​នេះ​នឹងធ្វើ​ឱ្យ​ខាត​ផលប្រយោជន៍​ទាំងសងខាង ហើយ​ពួកគេ​គួរតែ​ត្រលប់​មករក​តុ​ចរចា​ឱ្យបាន​លឿន។ Ishaq Gailani មេដឹកនាំ​ចលនា​សាមគ្គី​ជាតិ អា​ហ្វ​ហ្គា​នី​ស្ថាន បាន​អំពាវនាវ​ឱ្យ តា​លី​បង់ បន្ធូរដៃ និង​អូសបន្លាយ​ឱកាស​សម្រាប់​ការចរចា ហើយ​ចៀសវាង​ការសម្រេចចិត្ត​លឿន​ពេក ដែល​អាច​នាំឱ្យ​កើតមាន​សង្គ្រាម៕

  • ជាង 40 នាក់ បាន​ស្លាប់​ដោយសារ​ព្យុះ Ida នៅ សហរដ្ឋអាមេរិក

    ជាង 40 នាក់ បាន​ស្លាប់​ដោយសារ​ព្យុះ Ida នៅ សហរដ្ឋអាមេរិក

    សហរដ្ឋអាមេរិក៖ យ៉ាងហោចណាស់​មាន​មនុស្ស​ចំនួន 45 នាក់ បាន​បាត់​បង់ជីវិត នៅពេល​ព្យុះ Ida បោកបក់​ទៅលើ​ឆ្នេរ​ខាងកើត​របស់ អាមេរិក បង្កឱ្យមាន​ភ្លៀង​ធ្លាក់​ខ្លាំង​មិន​ធ្លាប់​ជួបប្រទះ​ពីមុនមក ធ្វើឱ្យ​តំបន់​ជាច្រើន​ត្រូវ​លិចលង់។

    អភិបាលរដ្ឋ New Jersey លោក Phil Murphy កាលពី​ថ្ងៃទី 2 កញ្ញា បានឱ្យដឹងថា រដ្ឋ​នេះ​បាន​រកឃើញ​អ្នកស្លាប់​ដោយសារ​ព្យុះ Ida ចំនួន 23 នាក់។ ចំណែក​ប៉ូលិស​របស់ New York បាន​រាយការណ៍​ថា មនុស្ស​យ៉ាងតិច 12 នាក់ នៅក្នុង​ទីក្រុង​នេះ បាន​ស្លាប់ ក្នុងនោះ​មាន​ម្នាក់​ត្រូវ​ជាប់​ក្នុង​រថយន្ត និង 11 នាក់ ជាប់​ក្នុង​បន្ទប់ក្រោមដី។

    មជ្ឈមណ្ឌល​ជាតិ​ទប់ទល់​ព្យុះ បាន​ព្រមាន​អំពី​លទ្ធភាព​ដែល​ព្យុះ​បោកបក់​ខ្លាំង និង​គំរាមកំហែង​ដល់​អាយុជីវិត ចាប់ពី​ថ្ងៃទី 31 សីហា ប៉ុន្តែ​តំបន់​ជាច្រើន​ត្រូវ​រង​ការវាយប្រហារ​ដោយ​នឹកស្មាន​មិន​ដល់។ ផ្លូវ​ល្បឿន​លឿន​ជាច្រើន​ខ្សែ​ត្រូវ​លិច​ក្នុង​ជំនន់​ទឹកភ្លៀង ខណៈ​តំបន់​ដែលមាន​ផ្លូវ​រថភ្លើង​ក្រោម​ដី​ក៏ត្រូវ​ទឹក​ហូរ​ចូល ធ្វើឱ្យ​រថភ្លើង​យ៉ាងតិច 17 ខ្សែ ត្រូវ​ជាប់គាំង និង​ត្រូវ​ផ្អាក​ដំណើរការ​បណ្ដោះអាសន្ន។

    ព្យុះ Ida ដែល​បាន​បោកបក់​ចូល សហរដ្ឋអាមេរិក ក្នុង​រដ្ឋ Louisiana កាលពី​ថ្ងៃទី 29 សីហា គឺជា​ព្យុះ​ខ្លាំង​លំដាប់​ទី 5 ដែល​ធ្លាប់បាន​បោកបក់​ចូល​ប្រទេស​នេះ បណ្ដាលឱ្យ​មនុស្ស 1 លាន​នាក់ ត្រូវ​ដាច់​ចរន្តអគ្គិសនី ហើយ​ស្ថានភាព​នេះ​អាច​អូសបន្លាយ​ពេល​ច្រើន​សប្ដាហ៍​ទៀត៕

  • តំណាងរាស្ត្រ​ហ្វីលីពីន បដិសេធ​ឈរឈ្មោះ​ជា​បេក្ខភាព​ប្រធានាធិបតី តែ​សុំ​ឈរឈ្មោះ​ជា​អនុ​ប្រធានាធិបតី របស់​កូនស្រី​លោក Duterte

    តំណាងរាស្ត្រ​ហ្វីលីពីន បដិសេធ​ឈរឈ្មោះ​ជា​បេក្ខភាព​ប្រធានាធិបតី តែ​សុំ​ឈរឈ្មោះ​ជា​អនុ​ប្រធានាធិបតី របស់​កូនស្រី​លោក Duterte

    ហ្វីលីពីន៖ កូនស្រី​របស់​ប្រធានាធិបតី Rodrigo Duterte បានឱ្យដឹងថា អ្នកនយោបាយ​មួយចំនួន រួមទាំង​ជំនួយការ​ផ្ទាល់​របស់​ឪពុក​ខ្លួន ក៏​ចង់​ក្លាយជា​បេក្ខភាព​អនុ​ប្រធានាធិបតី​របស់លោក​ស្រី​ផងដែរ។

    នៅលើ​ទំព័រ Facebook របស់ខ្លួន Sara Duterte-Carpio ដែលជា​កូនស្រី​របស់លោក Duterte និង​ជា​អភិបាលក្រុង Davao បានឱ្យដឹងថា តំណាងរាស្ត្រ Sherwin Gatchalian និង Christoper “Bong” Go បាន «ដាក់​សំណើសុំ​ឈរឈ្មោះ​ជា​បេក្ខភាព​អនុ​ប្រធានាធិបតី» រួម​ជាមួយនឹង​លោកស្រី នៅក្នុង​ការបោះឆ្នោត​ឆ្នាំក្រោយ។

    មិនដឹងថា លោក Christoper “Bong” Go បានដាក់​សំណើ​នេះ​នៅពេលណា ប៉ុន្តែ Duterte-Carpio បាន​បង្ហោះ​សារ​ខាងលើ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​លោក Go បាន​បដិសេធ​ឈរឈ្មោះ​ជា​បេក្ខភាព​ប្រធានាធិបតី​សម្រាប់​បក្ស​កាន់អំណាច​បច្ចុប្បន្ន។

    Deterte-Carpio បន្ថែមថា បណ្ដា​បេក្ខភាព​ដែលមាន​សក្ដានុពល​ដទៃ​ទៀត រួមមាន អតីតរដ្ឋមន្ត្រី​ការពារជាតិ Gilbeert Teodoro និង​កូនប្រុស​របស់​អតីត​ប្រធានាធិបតី Ferdinand Marcos ផងដែរ។

    លោក​ស្រី Sara Duterte-Carpio

    Duterte-Carpio វ័យ 43 ឆ្នាំ កំពុង​នាំមុខគេ​នៅក្នុង​ការស្ទង់មតិ​ស្ដីអំពី​បេក្ខភាព​ប្រធានាធិបតី ប៉ុន្តែ​លោកស្រី​មិនទាន់​បង្ហើប​ឱ្យដឹង​អំពី​គម្រោង​នយោបាយ​នាពេល​អនាគត បើទោះជា​កាលកំណត់​នៃ​ការដាក់​ពាក្យ​គឺ​នៅក្នុង​ខែតុលា។

    ប្រធានាធិបតី Duterte វ័យ 76 ឆ្នាំ មិនអាច​បន្ត​ឈរឈ្មោះ​ជា​បេក្ខភាព​ប្រធានាធិបតី​ទៀត​បាន ដោយសារតែ​ច្បាប់រដ្ឋធម្មនុញ្ញ ប៉ុន្តែ គូប្រជែង​របស់លោក ជឿថា លោក Duterte នៅមាន​ឥទ្ធិពល បើសិនជា​សម្ព័ន្ធមិត្តរ​ប​ស់លោក ត្រូវបាន​បោះឆ្នោត​ជា​ប្រធានាធិបតី។ លោក Duterte ធ្លាប់បាន​ប្រកាសថា លោក​នឹង​ឈរឈ្មោះ​ជា​បេក្ខភាព​អនុ​ប្រធានាធិបតី បើសិនជា​កូនស្រី​របស់លោក មិន​ឈរឈ្មោះ​ជា​បេក្ខភាព​ប្រធានាធិបតី នៅ​អាណត្តិ​ក្រោយ។

    លោក Duterte នៅតែ​ទទួលបាន​ការគាំទ្រ​ច្រើន បើទោះជា​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​គ្រឿងញៀន​របស់លោក បានសម្លាប់​មនុស្ស​រាប់​ពាន់​នាក់​ក៏ដោយ។ ប៉ុន្តែ រដ្ឋាភិបាល​របស់លោក បច្ចុប្បន្ន ប្រឈមមុខ​នឹង​ការរិះគន់​ច្រើន ទាក់ទិន​នឹង​វិធានការ​លើ​វិបត្តិ COVID-19 នៅពេល ហ្វីលីពីន ទទួលរង​ការ​រាតត្បាត​យ៉ាងធ្ងន់ធ្ងរ​បំផុត​នៅ​អ៊ី​ស៊ី៕

  • WHO សម្ពោធ​មជ្ឈមណ្ឌល​ស៊ើបការណ៍​ជំងឺ​រាតត្បាត ដើម្បី​ទប់ទល់​នឹង​វីរុស​អនាគត

    WHO សម្ពោធ​មជ្ឈមណ្ឌល​ស៊ើបការណ៍​ជំងឺ​រាតត្បាត ដើម្បី​ទប់ទល់​នឹង​វីរុស​អនាគត

    អង្គការ​សុខភាព​ពិភពលោក (WHO) បាន​បើកសម្ពោធ​មជ្ឈមណ្ឌល​ស៊ើបការណ៍​ស្ដីពី​រោគរាតត្បាត​នៅ​រដ្ឋធានី ប៊ែ​រ​ឡាំង ប្រទេស​អាល្លឺម៉ង់ ក្នុង​បំណង​ជួយ​ព្យាករ​បាន​ឆាប់រហ័ស​អំពី​មហា​រោគរាតត្បាត​នាពេល​អនាគត។

    ប្រធាន​អង្គការ​សុខភាព​ពិភពលោក លោក Tedros Adhanom Ghebreyesus និង​នាយករដ្ឋមន្ត្រី​អាល្លឺម៉ង់ Angela Merkel បាន​ចូលរួម​ពិធី​សម្ពោធ​មជ្ឈមណ្ឌល​ស៊ើបការណ៍​រោគរាតត្បាត នៅ​រដ្ឋធានី ប៊ែ​រ​ឡាំង កាលពី​ថ្ងៃទី 1 កញ្ញា។

    មជ្ឈមណ្ឌល​ខាងលើនេះ​គឺជា​កន្លែង​ប្រមូលផ្ដុំ​អ្នកវិទ្យាសាស្ត្រ និង​ជាទី​សម្រាប់ធ្វើ​ការគូសវាស​គោលនយោបាយ​សកល ត្រូវបាន​បង្កើតឡើង​ដើម្បី​វិភាគ​ទិន្នន័យ​បាន​លឿន ក្នុង​បំណង​ព្យាករ ទប់ស្កាត់ រកឃើញ ត្រៀម និង​ទប់​ទល់នឹង​រាល់​ហានិភ័យ​នៃ​ការផ្ទុះ​ឆ្លង​រាលដាល​វីរុស នៅ​ទូទាំង​ពិភពលោក។

    លោក Chikwe Ihekweazu

    លោក Tedros និយាយថា «វីរុស​ឆ្លង​រាលដាល​លឿន ប៉ុន្តែ ទិន្នន័យ​អាច​បញ្ជូន​បាន​លឿន​ជាង​វីរុស។ ជាមួយនឹង​ព័ត៌មាន​សមស្រប បណ្ដា​ប្រទេស និង​សហគមន៍ នឹង​អាច​ទប់​ទល់នឹង​ហានិភ័យ​ថ្មី​ដែល​ទើបបាន​កើតឡើង និង​សង្គ្រោះ​មនុស្ស​បាន​ទាន់ពេល»។

    មេដឹកនាំ​មជ្ឈមណ្ឌល​នេះ​គឺ​លោក Chikwe Ihekweazu ប្រធាន​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺឆ្លង​របស់​ប្រទេស នី​ហ្សេ​រី​យ៉ា។ ក្នុង​រយៈពេល 3 ឆ្នាំ​ដំបូង មជ្ឈមណ្ឌល​ស៊ើបការណ៍​នេះ​នឹង​ត្រូវបាន​រដ្ឋាភិបាល​អាល្លឺម៉ង់ ឧបត្ថម្ភ​មួយផ្នែក​ដែលមាន​តម្លៃ​ប្រមាណ 100 លាន​ដុល្លារ​អាមេរិក។ ទីស្នាក់ការ​នៃ​មជ្ឈមណ្ឌល​នេះ បច្ចុប្បន្ន​ស្ថិតនៅក្នុង​រដ្ឋធានី​ប៊ែ​រ​ឡាំង។

    នាយករដ្ឋមន្ត្រី Merkel សង្ឃឹមថា មជ្ឈមណ្ឌល​ថ្មី​នេះ​នឹង​ជួយ​ពិភពលោក «ត្រៀមខ្លួន​បានល្អ​ជាង​មុន សម្រាប់​ទប់ទល់​នឹង​ជំងឺ​រាតត្បាត​នាពេល​អនាគត»៕

  • អ្នកបកប្រែ​ដែល​ធ្លាប់ជួយសង្គ្រោះ Biden ស្នើសុំ​ជំនួយ​ពី អាមេរិក​ ខណៈ​កំពុង​លាក់​ខ្លួន​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន

    អ្នកបកប្រែ​ដែល​ធ្លាប់ជួយសង្គ្រោះ Biden ស្នើសុំ​ជំនួយ​ពី អាមេរិក​ ខណៈ​កំពុង​លាក់​ខ្លួន​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន

    កាលពី 13 ឆ្នាំមុន អ្នកបកប្រែ​ជនជាតិ អា​ហ្វ​ហ្គា​នី​ស្ថាន Mohammed បាន​ជួយ​ដល់​ការសង្គ្រោះ​លោក Joe Biden នៅឯ​ជ្រលង​ភ្នំ​ដាច់ស្រយាល​មួយ ពេលនេះ Mohammed បាន​អំពាវនាវ​សុំ​ជំនួយ និង​កំពុង​រង់ចាំ​ជំនួយ​ពី​ប្រធានាធិបតី សហរដ្ឋ​អាមេរិក។

    «សូម​គោរព​លោក​ប្រធានាធិបតី សូមមេត្តា​ជួយ​ដល់​ខ្ញុំ និង​ក្រុមគ្រួសារ​ខ្ញុំ​ផង» Mohammed អ្នកស្នើសុំ​មិន​បញ្ចេញ​ឈ្មោះ​ពេញ ពេល​កំពុង​លាក់ខ្លួន បាន​និយាយប្រាប់ Wall Street Journal ដូច្នេះ ខណៈ​ជនជាតិ​អាមេរិក ចុងក្រោយ​បាន​ចាក​ចេញពី កា​ប៊ុល កាលពី​ថ្ងៃទី 30 សីហា។ លោក​បន្តថា «សូមកុំ​បំភ្លេច​ខ្ញុំ​ចោល​នៅទីនេះ»។

    Mohammed រួម​នឹង​ភរិយា និង​កូន 4 នាក់ កំពុង​លាក់ខ្លួន​ពី តា​លី​បង់ ក្រោយពី​បាន​ប្រឹងប្រែង​ជាច្រើន​ឆ្នាំ​ដើម្បី​ចាក​ចេញពី អា​ហ្វ​ហ្គា​នី​ស្ថាន ប៉ុន្តែ មិនបាន​សម្រេច ដោយសារតែ​បញ្ហា​លិខិតស្នាម។ ពួកគេ​ស្ថិត​ក្នុងចំណោម​សម្ព័ន្ធមិត្ត​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន រាប់មិនអស់ ដែល​ត្រូវបាន​បោះបង់ចោល នៅពេល សហរដ្ឋអាមេរិក បញ្ចប់​យុទ្ធនាការ​ដកទ័ព។

    Jen Psaki ជំនួយការ​ផ្នែក​សារព័ត៌មាន​របស់​សេត​វិមាន កាលពី​ថ្ងៃទី 31 សីហា បាន​សម្ដែង​ការដឹងគុណ​ចំពោះ​អ្នកបកប្រែ​រូបនេះ ក្រោយ​បាន​ស្ដាប់​ការអាន​លិខិត​របស់ Mohammed ដែល​ផ្ញើ​មកកាន់​ប្រធានាធិបតី។ Jen Psaki បាន​ថ្លែងថា សហរដ្ឋអាមេរិក នឹង​នាំយក​សម្ព័ន្ធមិត្ត​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន ទាំងអស់ ចេញពី​ប្រទេស​នេះ។

    កាលពី​ឆ្នាំ 2008 ក្នុង​វ័យ 36 ឆ្នាំ Mohammed គឺជា​អ្នកបកប្រែ ឱ្យ​កងទ័ព អាមេរិក នៅពេល​ឧទ្ធម្ភាគចក្រ Black Hawk ពីរ​គ្រឿង របស់ អាមេរិក ត្រូវ​ចុះចត​ជាបន្ទាន់​នៅឯ​ប្រទេស អា​ហ្វ​ហ្គា​នី​ស្ថាន ដោយសារតែ​ព្យុះ​ព្រឹល។ នៅលើ​ឧទ្ធម្ភាគចក្រ មាន​តំណាងរាស្ត្រ​បីនាក់ រួមមាន លោក Joe Biden, John Kerry និង Chuck Hagel។

    ឧទ្ធម្ភាគចក្រ​ដឹក​លោក​ Joe Biden ដែល​ជាប់​គាំង​ក្នុង​ព្យុះ​ព្រឹល​នៅ​ អាហ្វហ្គានីស្ថាន កាល​ពី​ឆ្នាំ​ 2008

    ក្រុម​ហោះហើរ បាន​ហៅ​ទូរស័ព្ទ​បន្ទាន់​ដើម្បី​សុំ​ជំនួយ។ នៅឯ​មូលដ្ឋានទ័ព Bagram ដែលជា​បន្ទាយ​ធំ​បំផុត​របស់ អាមេរិក នៅ អា​ហ្វ​ហ្គា​នី​ស្ថាន Mohammed បាន​លោត​ឡើង​រថយន្ត Humvee ជាមួយនឹង​កងកម្លាំង​ប្រតិកម្ម​រហ័ស​ពី​កងទ័ព​ជាតិ Arizona ដែល​កំពុងធ្វើការ​ជាមួយ​អង្គភាព​ឆត្រយោង​លេខ 82 ធ្វើដំណើរ​អស់​ជាច្រើន​ម៉ោង​ដើម្បី​ទៅកាន់​កំពូលភ្នំ​ដែល​នៅក្បែរនោះ បំណង​ជួយសង្គ្រោះ​ក្រុម​អ្នក​ជួប​គ្រោះថ្នាក់។ នេះ​បើតាម Brian Genthe ដែល​កាលណោះ​គឺជា​ព្រឹន្ទបាលទោ។ លោក Brian Genthe បាន​នាំ Mohammed ទៅជា​មួយ​ផងដែរ។

    Matthew Springmeyer ដែល​កាលណោះ​ជា​មេបញ្ជាការ​ក្នុង​ប្រតិបត្តិ​ការសង្គ្រោះ​ក្រុមតំណាងរាស្ត្រ​ខាងលើ និយាយថា ក្រុមតំណាងរាស្ត្រ ត្រូវបាន​បញ្ជូនទៅ​មូលដ្ឋានទ័ព អាមេរិក ដោយ​សុវត្ថិភាព។

    Mohammed បាន​ចំណាយ​ពេលវេលា​ភាគច្រើន​របស់លោក នៅក្នុង​ជ្រលង​ភ្នំ​ដែល​មិនគួរ​ឱ្យ​ចង់​រស់នៅ​មួយកន្លែង ជាទី​ដែល​ទាហាន​ទាំងឡាយ​និយាយថា លោក រួម​នឹង​ពួកគេ​បាន​ប្រយុទ្ធ​តតាំង​ជាមួយ​សត្រូវ​ជាង 100 លើក។ ទាហាន អាមេរិក បាន​ជឿជាក់​លើ Mohammed រហូតដល់​ថ្នាក់​ប្រគល់​អាវុធ​ដល់​គាត់​ដើម្បី​ការពារ​ខ្លួន។ Genthe និយាយ​ដូច្នេះ។

    វរ​សេនី​ទោ Andrew R. Till បាន​សរសេរ​កាលពី​ខែមិថុនា ដើម្បី​ជួយ​គាំទ្រ​ដល់​ការស្នើសុំ​ទិដ្ឋាកា​ពិសេស​​ សម្រាប់​ លោក​ Mohammed ថា៖ «ការបម្រើ​អស់ពី​ចិត្ត​របស់គាត់ ចំពោះ​ទាហាន​យើង​គឺជា​ប្រភេទ​នៃ​ការបម្រើ​កងទ័ព​ដែល​ខ្ញុំ​ចង់ឃើញ​នៅលើ​ពលរដ្ឋ​អាមេរិក»។

    សំណើសុំ​ទិ​ដ្ឋ​ការបស់ Mohammed មិនត្រូវ​បានអនុម័ត​នោះទេ ដោយសារតែ​ក្រុមហ៊ុន​ម៉ៅការ​យោធា​បានធ្វើឱ្យ​បាត់​ឯកសារ​សំខាន់​មួយចំនួន។ ក្នុងពេល អាមេរិក ជម្លៀស​មនុស្ស​ចេញពី អា​ហ្វ​ហ្គា​នី​ស្ថាន Mohammed ក៏បាន​ទៅកាន់​ព្រលានយន្តហោះ ប៉ុន្តែ ទាហាន​នៅ​ទីនោះ អនុញ្ញាតឱ្យ​លោក​ចូល​តែម្នាក់ឯង ចំណែក​ប្រពន្ធ​កូន មិនអាច​ចូល​បាន។ Mohammed ក៏​សម្រេចចិត្ត​ត្រលប់​ទៅផ្ទះ​ដើម្បី​លាក់ខ្លួន​បណ្ដោះអាសន្ន បន្ទាប់ពី អាមេរិក បាន​ដកទ័ព​អស់ពី អា​ហ្វ​ហ្គា​នី​ស្ថាន៕

  • យន្តហោះ​រាប់សិប​គ្រឿង ត្រូវបាន​បំផ្លាញ មុនពេល អាមេរិក ដកទ័ព​ចុងក្រោយ​ចេញពី អា​ហ្វ​ហ្គា​នី​ស្ថាន

    យន្តហោះ​រាប់សិប​គ្រឿង ត្រូវបាន​បំផ្លាញ មុនពេល អាមេរិក ដកទ័ព​ចុងក្រោយ​ចេញពី អា​ហ្វ​ហ្គា​នី​ស្ថាន

    យន្តហោះ និង​ឧទ្ធម្ភាគចក្រ​រាប់សិប​គ្រឿង ស្ថិតនៅ​ពាសពេញ​ព្រលានយន្តហោះ​ក្រុង​កា​ប៊ុល បន្ទាប់ពី អាមេរិក ដកទ័ព ខណៈ តា​លី​បង់ ចូលទៅ​គ្រប់គ្រង។

    ឧត្ដម​សេនី Kenneth McKenzie មេបញ្ជាការ​កងទ័ព​អាមេរិក បានឱ្យដឹងថា យន្តហោះ C-17 ដែល​បាន​ហោះ​ចេញពី​ព្រលានយន្តហោះ​អន្តរជាតិ Hamid Karzai ជា​លើកចុងក្រោយ នៅវេលា​ម៉ោង 11 និង 59 នាទី ថ្ងៃទី 30 សីហា ជា​សញ្ញា​នៃ​ការបញ្ចប់​វត្តមាន​យោធា​របស់​អាមេរិក នៅ អា​ហ្វ​ហ្គា​នី​ស្ថាន។

    មុនពេល​ដកទ័ព កងកម្លាំង​របស់ អាមេរិក បាន​បំផ្លាញ ឬ​បិទ​ប្រព័ន្ធ​ដំណើរការ​ទាំងអស់រ​បស់​យន្តហោះ​ចំនួន 73 គ្រឿង​របស់ខ្លួន ដែល​ស្ថិតនៅក្នុង​ព្រលានយន្តហោះ Hamid Karzai។

    ខាងក្រោម​នេះ គឺជា​បណ្ដា​យន្តហោះ​របស់ សហរដ្ឋអាមេរិក នៅឯ​ព្រលានយន្តហោះ​អន្តរជាតិ Hamid Karzai ដែល​ត្រូវបាន​កងទ័ព អាមេរិក បំផ្លាញ ឬ​បិទ​ប្រព័ន្ធ​ដំណើរការ​ទាំងស្រុង៖

    A-29 Super Tucano
    C-130 (ឆ្វេង) និង​ Cessna 208 Caravan
  • តា​លី​បង់ អម​ការពារ​ពលរដ្ឋ​អាមេរិក ទៅកាន់​ព្រលានយន្តហោះ តាម​កិច្ចព្រមព្រៀងសម្ងាត់

    តា​លី​បង់ អម​ការពារ​ពលរដ្ឋ​អាមេរិក ទៅកាន់​ព្រលានយន្តហោះ តាម​កិច្ចព្រមព្រៀងសម្ងាត់

    តា​លី​បង់ បញ្ជូន​ក្រុម​ប្រដាប់អាវុធ​ទៅ​អម​ការពារ​ពលរដ្ឋ​អាមេរិក ឆ្ពោះទៅកាន់​ព្រលានយន្តហោះ​ក្រុង​កា​ប៊ុល ទៅតាម​កិច្ចព្រមព្រៀងសម្ងាត់​រវាង​តា​លី​បង់ និង​កងទ័ព​អាមេរិក។

    មន្ត្រី​ពីររូប​របស់ សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី 31 សីហា បានឱ្យដឹងថា ក្នុង​យុទ្ធនាការ​ជម្លៀស​មនុស្ស​ពី អា​ហ្វ​ហ្គា​នី​ស្ថាន នាពេល​កន្លង ពលរដ្ឋ​អាមេរិក ត្រូវបាន​ប្រកាស​ឱ្យដឹង​អំពី​ទីតាំង​ប្រមូល​ផ្ដុំគ្នា​នៅក្បែរ​ព្រលានយន្តហោះ​អន្តរជាតិ Hamid Karzai នៅ​រដ្ឋធានី​កា​ប៊ុល បន្ទាប់មក ក្រុម​ប្រដាប់អាវុធ​តា​លី​បង់ ធ្វើការ​ត្រួតពិនិត្យ​លិខិតស្នាម និង​ជូន​ដំណើរ​ពួកគេ​ទៅកាន់​ច្រកចូល​ព្រលានយន្តហោះ ជា​កន្លែង​ដែល​កងទ័ព​អាមេរិក​ស្នាក់នៅ។

    ក្រុមមន្ត្រី អាមេរិក បញ្ជាក់ថា ក្នុង​ដំណើរការ​នៃ​ការជម្លៀស ក្រុម​តា​លី​បង់ បាន​សហការ និង​បើកផ្លូវ​សុវត្ថិភាព​ដល់​ពលរដ្ឋ​អាមេរិក។ មន្ត្រី អាមេរិក ម្នាក់ និយាយថា ភារកិច្ច​អម​ការពារ​របស់ តា​លី​បង់ ត្រូវបាន​ធ្វើឡើង​ច្រើនលើក​ក្នុង​មួយថ្ងៃ។ ទីតាំង​ប្រមូល​ផ្ដុំគ្នា​សំខាន់​មួយ​ដែល​ត្រូវបាន តា​លី​បង់ និង អាមេរិក ប្រើប្រាស់ នោះ​គឺ​អគារ​មួយ​ខ្នង​នៃ​ក្រសួងមហាផ្ទៃ អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​ស្ថិតនៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ព្រលានយន្តហោះ។ «កិច្ចព្រមព្រៀង​នេះ មាន​ប្រសិទ្ធភាព​ណាស់» នេះ​បើតាម​មន្ត្រី​របស់ សហរដ្ឋអាមេរិក។

    សហរដ្ឋអាមេរិក ក៏បាន​បើក​ច្រក​សម្ងាត់​មួយ​នៅ​ព្រលានយន្តហោះ Hamid Karzai និង បង្កើត​មជ្ឈមណ្ឌល​ផ្ដល់ជំនួយ​តាម​ទូរស័ព្ទ ដើម្បី​ណែនាំ​ផ្លូវ​សុវត្ថិភាព​ដល់​ពលរដ្ឋ​អាមេរិក ចូលមក​កាន់​ព្រលានយន្តហោះ។

    សូម​រំលឹកថា យុទ្ធនាការ​ជម្លៀស​ពល​រដ្ឋ ក៏ដូចជា​ការដក​ទ័ព​របស់ សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត បានបញ្ចប់​កាលពី​ថ្ងៃទី 31 សីហា។ ទាហាន​ដែល​បោះជំហាន​ចាក​ចេញពី អា​ហ្វ​ហ្គា​នី​ស្ថាន ក្រោយ​គេ គឺ ឧ​ត្ត​ម​សេនីយ៍​ទោ Chris Donahue មេបញ្ជាការ​កងពលតូច​ឆត្រយោង​លេខ 82។