បាតុករ​ប្រឆាំង​វ៉ាក់សាំង COVID-19 ប៉ះទង្គិច​គ្នា​នឹង​សមត្ថកិច្ច នៅ​ក្រុង​ឡុង​ដ៍ (វីដេអូ)

ហ្វូង​បាតុករ​ប្រឆាំង​វ៉ាក់សាំង បាន​ប៉ះទង្គិច​នឹង​ក្រុម​ប៉ុ​លិ​ស នៅក្នុងពេល​ព្យាយាម​សម្រុកចូល​ស្ថាប័ន​សុខាភិបាល​របស់ អង់គ្លេស ស្រប​ពេលដែល​ប្រទេស​នេះ កំពុង​រៀបចំ​ដើម្បី​ចាក់​វ៉ាក់សាំង​បង្ការ COVID-19 ដល់​កុមារ​ចាប់ពី​វ័យ 12 ដល់ 17 ឆ្នាំ។

យ៉ាងហោច​មាន​សមត្ថកិច្ច 4 នាក់ ត្រូវ​រងរបួស និង​បាតុករ​ច្រើន​នាក់​ត្រូវបាន​ចាប់ខ្លួន ខណៈ​មនុស្ស​រាប់រយ​នាក់​ប្រមូល​ផ្ដុំគ្នា​តវ៉ា​នៅ​ខាងក្រៅ​ការិយាល័យ​គ្រប់គ្រង​ឱសថ និង​ផលិត​ថែទាំ​សុខភាព របស់ អង់គ្លេស (MHRA) នៅ​តំបន់ Canary Wharf ភាគ​ខាងកើត​ទីក្រុង​ឡុង​ដ៍ កាលពី​ថ្ងៃទី 3 កញ្ញា។

ក្រុមប៉ូលិស បាន​ប្រើ​ដំបងឆក់ ដើម្បី​គ្រប់គ្រង​ហ្វូង​បាតុករ និង​បាន​សុំ​ជំនួយ​បន្ថែម​ពី​ថ្នាក់លើ នៅពេល​ក្រុមបាតុករ​ព្យាយាម​សម្រុកចូល​ខាងក្នុង​ការិយាល័យ MHRA។ បាតុករ​មួយចំនួន ក្រោយមក​ក៏បាន​ប៉ះទង្គិច​ជាមួយ​សមត្ថកិច្ច​នៅ​ខាងក្រៅ​មជ្ឈមណ្ឌល​ចាក់​វ៉ាក់សាំង នៅឯ​សារមន្ទីរ​វិទ្យាសាស្ត្រ នៅ​ភាគ​ខាងលិច​ទីក្រុង​ឡុង​ដ៍។

ប៉ូលិស​ក្រុង​ឡុង​ដ៍ បាន​សរសេរ​នៅ Twitter ថា៖ «បាតុករ​មួយចំនួន​បាន​ប្រើ​ហិង្សា​លើ​សមត្ថកិច្ច។ ប៉ូលិស 4 នាក់​របស់​យើង បាន​រងរបួស​ក្នុងការ​ប៉ះទង្គិច​គ្នា។ បញ្ហា​នេះ​មិនអាច​ទទួលយក​បានទេ។ យើង​នៅតែមាន​វត្ត​មាននៅ​កន្លែងកើតហេតុ»។

មូលហេតុ​នៃ​បាតុកម្ម​នេះ ត្រូវបាន​គេ​ជឿថា ដោយសារ​ក្រុមបាតុករ​មិន​ពេញ​ចិត្តនឹង​ព័ត៌មាន​ដែលថា អាជ្ញាធរ​នឹង​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ដល់​កុមារ។ ក្នុង​សប្ដាហ៍​នេះ មនុស្ស​មួយក្រុម​ដែល​ហៅ​ខ្លួនឯង​ថា Official Voice បាន​អំពាវនាវ​លើ​បណ្ដាញ​សង្គម ដល់​បាតុករ ឱ្យ​ស្លៀក​ឈុតខ្មៅ និង​ប្រមូល​ផ្ដុំគ្នា​នៅឯ​ស្ថានីយ​រថភ្លើង​ក្រោម​ដី Canary Wharf ក្នុង​បំណង​ស្នើឱ្យ MHRA ឆ្លើយ​នឹង​សំនួរ​របស់​ពួកគេ។

MHRA កាលពី​ខែ​មុន បានអនុម័ត​ឱ្យ​ចាក់​វ៉ាក់សាំង COVID-19 របស់ Moderna សម្រាប់​កុមារ និង​ក្មេង​ជំទង់​អាយុ​ចាប់ពី 12 ដល់ 17 ឆ្នាំ ក្រោយ​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ប៉ុណ្ណោះ​ដែល​វ៉ាក់សាំង Pfizer ត្រូវបាន​អនុញ្ញាតឱ្យ​ចាក់​ដល់​ក្រុម​គោលដៅ​នេះ។ ការសម្រេច​នេះ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​មាន​សេចក្ដី​ប្រកាសថា សិ​ក្ស​ដែលមាន​វ័យ​ចាប់ពី 16 ដល់ 17 ឆ្នាំ នៅ អង់គ្លេស នឹងត្រូវ​បាន​ចាក់​វ៉ាក់សាំង​បង្ការ COVID-19 ដូ​ស​ដំបូង មុនពេល​សាលារៀន​នានា បើក​ដំណើរការ​ឡើងវិញ៕

Advertisement