នាយករដ្ឋមន្ត្រី​ជប៉ុន ជិត​លាលែង​ពី​តំណែង ខណៈ​ការ​បោះជ្រើស​រើស​​ប្រធាន​បក្ស និង​នាយក​រដ្ឋមន្ត្រី​ ជិត​ចូល​មក​ដល់

នាយករដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga

នាយករដ្ឋមន្ត្រី​ជប៉ុន លោក Yoshihide Suga ប្រកាសថា លោក​នឹងមិន​ឈរឈ្មោះ​ជា​បេក្ខភាព​ប្រធាន​បក្ស​កាន់អំណាច​ទៀត​ទេ ហើយ​ថា នឹង​បញ្ចប់​អាណត្តិ​នាយករដ្ឋមន្ត្រី​របស់ខ្លួន​នៅក្នុង​ខែ​នេះ។

សារព័ត៌មាន​ជប៉ុន ថ្ងៃនេះ បាន​រាយការណ៍​ថា នាយករដ្ឋមន្ត្រី Suga ប្រកាសថា លោក​សម្រេចចិត្ត​លាលែង​ពី​តំណែង នៅក្នុង​កិច្ចប្រជុំ​បន្ទាន់​មួយ​ជាមួយនឹង​សមាជិក​ជាន់ខ្ពស់​នានារ​បស់​គណបក្ស​ប្រជាធិបតេយ្យ​សេរី (LDP) ដែល​កំពុង​កាន់អំណាច។ តាម​ផែនការ លោក Suga នឹង​បញ្ចប់​អាណត្តិ​យ៉ាង​ឆាប់​នៅក្នុង​ខែ​នេះ ដើម្បី​ផ្ដល់ឱកាស​ឱ្យ​បេក្ខភាព​ដទៃ​នៃ​បក្ស LDP។

ការសម្រេចចិត្ត​ខាងលើ ត្រូវបាន​លើកឡើង​ក្រោយ​ការឡើង​កាន់អំណាច​មិន​ដល់​មួយឆ្នាំ​របស់លោក Suga នៅក្នុង​គ្រា​ដែល​បក្ស LDP ត្រៀមខ្លួន​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ប្រធាន​នៅ​ថ្ងៃទី 29 កញ្ញា។ មេដឹកនាំ​បក្ស LDP ទំនងជា​នឹង​ក្លាយជា​នាយករដ្ឋមន្ត្រី ព្រោះថា បក្ស​នេះ​គ្រប់គ្រង​អាសនៈ​ភាគច្រើន​នៅ​សភាជាតិ។

ការបោះឆ្នោតជាតិ​នៅ ជប៉ុន នឹងត្រូវ​បានធ្វើ​ឡើង​នៅពេល​អាណត្តិ​របស់​សភា​ជាន់​ទាប បញ្ចប់​នៅក្នុង​ខែតុលា​ខាងមុខ។ អតីតរដ្ឋមន្ត្រី​ការបរទេស Fumio Kishida ធ្លាប់បាន​ប្រកាស​អំពី​បំណង​ឈរឈ្មោះ​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​នៅ អាណត្តិ​បន្ទាប់។ ចំណែក​អតីតរដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ Sanae Takaichi ក៏មាន​បំណង​ដូចគ្នានេះដែរ។

នៅក្នុង​ការស្ទង់មតិថ្មីៗនេះ បង្ហាញថា អត្រា​នៃ​ការគាំទ្រ​ចំពោះ​លោក Suga បាន​ធ្លាក់​មក​នៅក្រោម 30%។ អគ្គលេខាធិការ​បក្ស LDP លោក Toshihiro Nikai បាន​ថ្លែងថា លោក Suga ពិតជា​បានសម្រេច​ចិត្ត​មិន​ឈរឈ្មោះ​ជា​បេក្ខភាព​ប្រធាន​បក្ស​នោះទេ។

ការដែល​លោក Suga វ័យ 72 ឆ្នាំ ត្រូវបាន​បោះឆ្នោត​ជ្រើសតាំង​ជា​នាយករដ្ឋមន្ត្រី​កាលពី​ឆ្នាំ 2020 គឺជា​លទ្ធផល​នៃ​ការប្រឹងប្រែង​រយៈពេល​វែង​របស់លោក នៅក្នុង​ឆាកនយោបាយ។ លោក Suga បាន​ជាប់ឆ្នោត​ជា​សមាជិក​នៃ​ក្រុមប្រឹក្សាភិបាល​ទីក្រុង Yokohama កាលពី​ឆ្នាំ 1987 ក្រោយមក​ក៏បាន​ក្លាយជា​តំណាងរាស្ត្រ​នៅ​សភា កាលពី​ឆ្នាំ 1996។ មុនពេល​ត្រូវបាន​ជ្រើសតាំង​ជា​នាយករដ្ឋមន្ត្រី​ជំនួស​លោក Abe លោក Suga កាន់កាប់​តំណែង​ប្រធាន​ទីស្ដីការគណរដ្ឋមន្ត្រី នៅក្នុង​រដ្ឋាភិបាល​រប​ស់ អតីត​នាយករដ្ឋមន្ត្រី Abe៕

Advertisement