Category: អន្តរជាតិ

  • នាយករដ្ឋមន្ត្រី​ជា​ស្ត្រីភេទ​ដំបូងបង្អស់​នៅ ប្រទេស​អ៊ុយ​អែ​ត លាលែង​ពី​តំណែង ក្រោយពី​​កាន់​អំណាច​បាន​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ

    នាយករដ្ឋមន្ត្រី​ជា​ស្ត្រីភេទ​ដំបូងបង្អស់​នៅ ប្រទេស​អ៊ុយ​អែ​ត លាលែង​ពី​តំណែង ក្រោយពី​​កាន់​អំណាច​បាន​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ

    យោងតាម​​សារព័ត៌​មាននៅ អឺរ៉ុប នាយករដ្ឋមន្ត្រី​ជា​ស្ត្រីភេទ​ដំបូងបង្អស់​របស់ ប្រទេស​ស៊ុយអែត លោកស្រី Magdalena Andersson ដែល​ទើបតែ​ត្រូវបាន​សភា​ជ្រើសតាំង​មុននេះ​ប៉ុន្មាន​ម៉ោង​ក្នុង​ថ្ងៃទី 24 វិច្ឆិកា បានប្រកាសថា សម្រេចចិត្ត​លាលែង​ពី​តំណែង ដោយសារតែ​ការ​មន្ទិល​អំពី​ភាពស្របច្បាប់។

    សារព័ត៌មាន​អាល្លឺម៉ង់ ដកស្រង់​សម្ដី​របស់​លោកស្រី Andersson ឱ្យដឹងថា លោកស្រី​បានប្រកាស​នៅឯ Stockholm កាលពី​ថ្ងៃទី 24 វិច្ឆិកា ថា លោកស្រី​បានស្នើ​ឱ្យ​ប្រធានសភា Andreas Norlen បញ្ចប់​តំណែង​របស់​លោកស្រី ប៉ុន្តែ លោកស្រី​នៅតែមាន​បំណង​ត្រលប់មក​កាន់អំណាច​នៅក្នុង​រដ្ឋាភិបាល​នៃ​ប្រទេស​អឺរ៉ុប​មួយ​នេះ។

    ប្រធានសភា Norlen បាន​យល់ព្រម​តាម​សំណើ​របស់​លោកស្រី Andersson និង​បានឱ្យដឹងថា នឹង​ទាក់ទង​ទៅកាន់​ក្រុម​មេដឹកនាំ​បក្ស​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​នេះ ហើយ​ថា​នឹង​ប្រកាស​អំពី​ជំហាន​បន្ទាប់​ក្នុង​ថ្ងៃទី 25 វិច្ឆិកា។

    លោកស្រី Andersson បាន​មានប្រសាសន៍ថា លោកស្រី​មិន​ចង់​ដឹកនាំ​រដ្ឋាភិបាល​មួយ​ដែល​ត្រូវបាន​គេ​សង្ស័យ​អំពី​ភាពស្រប​ច្បប់។ ទន្ទឹមនឹងនេះ លោកស្រី​ក៏បាន​បញ្ជាក់ថា បក្ស​បៃតង នឹង​នៅតែ​គាំទ្រ​លោកស្រី​ឱ្យធ្វើជា​នាយករដ្ឋមន្ត្រី។

    មុននេះ បក្ស​បៃតង បានសម្រេច​ដកខ្លួន​ពី​រដ្ឋាភិបាលចម្រុះ បន្ទាប់ពី​សភា​បានអនុម័ត​សំណើ​ថវិកា​របស់​ក្រុមប្រឆាំង។ សហប្រធាន​បក្ស​បៃតង Per Bolund ឱ្យដឹងថា នេះ​គឺជា​លើកដំបូង​ដែល​សភា​បានអនុម័ត​លើ​សំណើ​ថវិកា​ដែល​ត្រូវបាន​ចរចា​ជាមួយ​បក្សនិយម​ជ្រុល ដែល​នេះ​ចង់​សំដៅលើ​បក្ស​ប្រជាធិបតេយ្យ​ស៊ុយអែត។

    ថ្ងៃទី 24 ដទៃ សភា​បាន​ជ្រើសតាំង​លោកស្រី Andersson ជា​នាយ​រដ្ឋមន្ត្រី ជំនួស​លោក Stefan Lofven ដែល​បាន​លាលែង​ពី​តំណែង​ជា​ផ្លូវការ​កាលពី​ដើមខែ​នេះ ក្រោយ​កាន់អំណាច​បាន 7 ឆ្នាំ។ នៅ ប្រទេស​ស៊ុយអែត ជាធម្មតា មេដឹកនាំ​រដ្ឋាភិបាលចម្រុះ​នឹង​លាលែង​ពី​តំណែង បន្ទាប់ពី​បក្ស​មួយ​បាន​ដកខ្លួន​ពី​សម្ព័ន្ធភាព៕

  • ស៊ុយអែត មាន​នាយករដ្ឋមន្ត្រី​ជា​ស្ត្រី​ដំបូងបង្អស់​របស់ខ្លួន

    ស៊ុយអែត មាន​នាយករដ្ឋមន្ត្រី​ជា​ស្ត្រី​ដំបូងបង្អស់​របស់ខ្លួន

    សភា​ប្រទេស​ស៊ុយអែត ទើបតែ​បានអនុម័ត​ជ្រើសតាំង​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ លោកស្រី Magdalena Andersson ឱ្យធ្វើជា​នាយករដ្ឋមន្ត្រី​របស់​ប្រទេស​នេះ។

    ក្នុងការ​បោះឆ្នោត​នៅ​សភា​របស់ ប្រទេស​ស៊ុយអែត ដែលមាន 349 អាសនៈ កាលពី​ម្សិលមិញ (24 វិច្ឆិកា) មាន 117 សំឡេងគាំទ្រ​លោកស្រី Andersson, 174 សំឡេង​ប្រឆាំង ខណៈ 57 សំឡេង​អនុបវាទ និង អវត្តមាន 1 សំឡេង។

    យោងតាម​ច្បាប់រដ្ឋធម្មនុញ្ញ​របស់ ស៊ុយអែត បេក្ខភាព​នាយករដ្ឋមន្ត្រី​នៅតែ​អាច​ត្រូវបាន​ជ្រើសតាំង និង​ដឹកនាំ​ប្រទេស ឱ្យតែ​សំឡេង​ភាគច្រើន​នៅ​សភា (តិច​បំផុត 175 សំឡេង) មិន​ជំទាស់។

    ការជ្រើសតាំង​លោកស្រី Andersson វ័យ 54 ឆ្នាំ ឱ្យធ្វើជា​នាយករដ្ឋមន្ត្រី​នេះ​គឺជា​របត់​ថ្មី​ដ៏​សំខាន់​សម្រាប់ ស៊ុយអែត ដែលជា​ប្រទេសមួយ​ត្រូវបាន​គេ​វាយតម្លៃ​ខ្ពស់​ផ្នែក​សមភាព​យេនឌ័រ ប៉ុន្តែ មិនទាន់មាន​ស្ត្រី​ណា​ម្នាក់ កាន់តំណែង​នាយករដ្ឋមន្ត្រី។

  • (វីដេអូ)-ទស្សនា​​ប្រព័ន្ធ​ខាងក្នុង​នៃ​ស្ថានីយ​​​វា​រី​អគ្គិសនី​លេខ​ 4 របស់​គម្រោង​ Baihetan

    (វីដេអូ)-ទស្សនា​​ប្រព័ន្ធ​ខាងក្នុង​នៃ​ស្ថានីយ​​​វា​រី​អគ្គិសនី​លេខ​ 4 របស់​គម្រោង​ Baihetan

    ប្រទេស​ចិន កាលពី​ថ្ងៃទី 19 វិច្ឆិកា 2021 បានដាក់​ឱ្យប្រើ​ប្រាស់​ស្ថានីយ​​លេខ 4 ដែលមាន​កម្លាំង​ឡើងដល់ 1 លាន​គីឡូវ៉ាត់ នៅក្នុង​រោងចក្រ​វា​រី​អគ្គិសនី Baihetan ដែល​ស្ថិតនៅ​ភាគ​និរតី​ប្រទេស។

    ស្ថានីយ​​លេខ 4 របស់​រោងចក្រ​វា​រី​អគ្គិសនី Baihetan ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​កាលពី​ថ្ងៃទី 19 វិច្ឆិកា 2021 ជា​​ស្ថានីយ​​ដែលមាន​ស្លាបចក្រ​ប្រើ​កម្លាំង​ទឹក​ទី 100 នៅលើ​កំណាត់​នៃ​ខ្សែទឹក​គោល​របស់​ទន្លេ Yangtze ។

    គម្រោង Baihetan ត្រូវបាន​រចនា​ឡើង​ជាមួយនឹង​ស្ថានីយ​​វា​រី​អគ្គិសនី​ចំនួន 16 ក្រុម ដែល​ត្រូវបាន​អភិវឌ្ឍ​ដោយ​ប្រទេស​ចិន។ ដោយ​ស្ថានីយ​នីមួយ​ៗអាច​ផលិត​អគ្គិសនី​បាន​ដល់ 1 លាន​គីឡូវ៉ាត់ នេះ​គឺជា​ប្រភេទ​​ស្ថានីយ​​វា​រី​អគ្គិសនី​ធំជាងគេ​បង្អស់​ក្នុង​ពិភពលោក។

    រាប់​ចាប់តាំងពី​ស្ថានីយ​​ដំបូង​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​កាលពី​ថ្ងៃទី 28 មិថុនា 2021 គេ​ឃើញថា ស្ថានីយ​​នានា​បាន​ដំណើរការ​យ៉ាង​រលូន បង្កើតបាន​បរិមាណ​អគ្គិសនី​លើសពី 10 ពាន់​លាន​គីឡូវ៉ាត់/ម៉ោង។

    គម្រោង Baihetan ស្ថិតក្នុង​ក្រុម​ដែលមាន​រោងចក្រ​វា​រី​អគ្គិសនី​ចំនួន 6 នៅលើ​កំណាត់​គោល​នៃ​ទ​ន្លៃ Yangtze ដែលមាន​គម្រោង​វា​រី​អគ្គិសនី Three Gorges Dam។

    កម្លាំង​របស់​រោងចក្រ​ចំនួន 6 នេះ ផលិត​បាន​ថាមពល​អគ្គិសនី 71,695 គីឡូវ៉ាត់/ម៉ោង ស្មើនឹង 19.4% ធៀប​នឹង​កម្លាំង​ផលិត​នៃ​វា​រី​អគ្គិសនី​សរុប​ទូទាំងប្រទេស។

    នៅពេល​បញ្ចប់​ការស្ថាបនា Baihetan នឹង​ក្លាយជា​រោងចក្រ​វា​រី​អគ្គិសនី​ធំជាងគេ​លំដាប់​ទី​ពីរ​ក្នុង​ពិភពលោក បន្ទាប់ពី​វា​រី​អគ្គិសនី Three Gorges ក្នុង​ខេត្ត Hubei ប្រទេស​ចិន៕

  • ប្រទេស​ម៉ាឡេស៊ី​ កាត់បន្ថយ​រយៈពេល​ធ្វើ​ច​ត្តា​ឡី​ស័ក ​សម្រាប់​អ្នកធ្វើដំណើរ​ផ្នែក​ថែទាំ​សុខភាព

    ប្រទេស​ម៉ាឡេស៊ី​ កាត់បន្ថយ​រយៈពេល​ធ្វើ​ច​ត្តា​ឡី​ស័ក ​សម្រាប់​អ្នកធ្វើដំណើរ​ផ្នែក​ថែទាំ​សុខភាព

    យោងតាម​អនុសាសន៍​របស់​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ម៉ាឡេស៊ី នា​ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២១ ស្តីពី​ការកែសម្រួល​លក្ខខណ្ឌ​ធ្វើដំណើរ ការអនុវត្ត​វិធានការ​សុខាភិបាល និង​ការធ្វើ​ច​ត្តា​ឡី​ស័ក​សម្រាប់ អ្នកដំណើរ​ចូល​ប្រទេស​ម៉ាឡេស៊ី។ សម្រាប់​អ្នកដំណើរ ដែល​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ-១៩ គ្រប់​ចំនួន​ដូ​ស ហើយ​ធ្វើដំណើរ​មក​ប្រទេស​ម៉ាឡេស៊ី​ក្នុង​​គោល​បំណង​ព្យាបាល និង​ថែទាំ​សុខភាព ការធ្វើ​ច​ត្តា​ឡី​ស័ក​ត្រូវ​កាត់បន្ថយ​រយៈពេល​ម​ក​ត្រឹម ៧ ថ្ងៃ​ប៉ុណ្ណោះ ដែល​ច្បាប់​នេះ​មាន​ប្រសិទ្ធភាព​និង​អនុវត្ត​ចាប់ពី​ថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២១ តទៅ។

    អ្នកដំណើរ​ដែល​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ-១៩ គ្រប់​ចំនួន​ដូ​ស តម្រូវឱ្យ​ធ្វើតេស្ត​ដោយ​ម៉ាស៊ីន PCR នៅ​ថ្ងៃទី១ និង​ថ្ងៃទី ៥ នៃ​រយៈពេល​ធ្វើ​ច​ត្តា​ឡី​ស័ក។ ចំពោះ​អ្នកដំណើរ​ដែល​មិនទាន់បាន​ចាក់​វ៉ាក់សាំង ឬ​ចាក់​វ៉ាក់សាំង​មិនទាន់​គ្រប់​ចំនួន​ដូ​ស នឹងត្រូវ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល  ១០ ថ្ងៃ និង​តម្រូវឱ្យ​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ- ១៩ ដោយ​ម៉ាស៊ីន PCR នៅ​ថ្ងៃទី១ និង​ថ្ងៃទី៨ នៃ​រយៈពេល​ធ្វើ​ច​ត្តា​ឡី​ស័ក។ សម្រាប់​អ្នកដំណើរ​ដែល​ស្វែងរក​សេវាកម្មផ្សេងៗដូចជា​ការបង្ក​កំណើត​ក្រៅ​ស្បូន (IVF) ព្យាបាល​សុខភាព​មាត់​ធ្មេញ និង​ភ្នែក ជាដើម អាចធ្វើ​ច​ត្តា​ឡី​ស័ក​នៅក្នុង​សណ្ឋាគារ និង​តម្រូវឱ្យមាន​ការអនុញ្ញាត​ពី​សំណាក់​ក្រុមគ្រូពេទ្យ​ដែល​កំពុង​ព្យាបាល។ ទាំងអស់នេះ​គឺ​ដើម្បី​ធានាបាន​នូវ​សុវត្ថិភាព​របស់​អ្នកដំណើរ​ក៏ដូចជា​អ្នកជំងឺ និង​ប្រជាជាតិ​ទាំងមូល​ក្នុង​បរិបទ​នេះ​ផងដែរ។

    លោក​វេជ្ជបណ្ឌិត Mohd Daud Mohd Arif ដែលជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមប្រឹក្សា​ទេសចរណ៍​ថែទាំ​សុខភាព​ម៉ាឡេស៊ី (MHTC) បាន​មានប្រសាសន៍ថា “ប្រទេស​ម៉ាឡេស៊ី​បាន​ត្រៀម​រួចជាស្រេច ក្នុង​ការផ្ដល់​សេវាកម្ម​ផ្នែក​ថែទាំ​សុខភាព ដែល​ធានា​នូវ​សុវត្ថិភាព និង​ជាទី​ទុកចិត្ត​បំផុត”។

    លោក​បាន​បន្តទៀតថា “ទេសចរណ៍​សុខភាព​ម៉ាឡេស៊ី (MHTC) ពួកយើង​ផ្ដោត​សំខាន់​ទៅលើ​សុវត្ថិភាព​របស់​អ្នកជំងឺ និង​សុខុមាលភាព​ក្នុង​សហគមន៍​ជា​ចំបង តាមរយៈ​ការពង្រឹង​នូវ​កិច្ចសហការ​ណ៍​ដ៏​រឹងមាំ​រវាង​បណ្តា​ស្ថាប័នរដ្ឋ និង​ក្រុមហ៊ុន​ឯកជនផ្សេងៗគឺ​ចាំបាច់​បំផុត។

    ចំពោះ​វិធានការ​សុខាភិបាល​ថ្មី ដែល​អ្នកដំណើរ​ចូល​ប្រទេស​ម៉ាឡេស៊ី ត្រូវអនុវត្ត​តាំងពី​មុន​ការធ្វើដំណើរ កំឡុងពេល​ព្យាបាល ថែទាំ​សុខភាព និង​បញ្ចប់​ការព្យាបាល​មានដូចជា៖

    ១-កំណត់​ថ្ងៃ​ណាត់​ពិគ្រោះ​និង​ព្យាបាល ជាមួយ​មន្ទីរពេទ្យ​ឯកជន​ដែលជា​ដៃគូ​របស់ MHTC ហើយ​សុំ​លិខិតបញ្ជាក់​ពី​ពេទ្យ

    ២-ផ្ញើ​ឯកសារ​ទៅកាន់​មន្ទីរពេទ្យ​ដែល​អ្នក​បានជ្រើសរើស និង​ដាក់ពាក្យ​ស្នើសុំ​ចូល​ប្រទេស​ម៉ាឡេស៊ី ដើម្បី​ព្យាបាល​ជំងឺ

    ៣- MHTCនឹងដាក់​ពាក្យស្នើសុំ​ទៅកាន់​មន្ទីរពេទ្យ​ដែល​អ្នក​បានជ្រើសរើស

    ៤-នៅពេល​ពាក្យស្នើសុំ​បាន​ជោគជ័យ ខាង​មន្ទីរពេទ្យ​នឹង​ផ្ញើជូន​អ្នក​នូវ​លិខិតអនុញ្ញាត ដែល​ចេញ​ដោយ MHTC

    ៥- ដាក់​ស្នើសុំ​ទិដ្ឋាកា Visa (បើ​ចាំបាច់) អ្នក​គួរតែរៀបចំ​ឯកសារ​ចាំបាច់​នានា​ទុកជាមុន ដើម្បី​ត្រៀម​សម្រាប់​ការធ្វើដំណើរ​តាម​យន្តហោះ។

    ៦-បី​ថ្ងៃ មុន​កាលបរិច្ឆេទ​មកដល់​ប្រទេស​ម៉ាឡេស៊ី អ្នកធ្វើដំណើរ​ទាំងអស់ តម្រូវឱ្យ​ធ្វើតេស្តរ​កមេ​រោគ​កូ​វីដ-១៩ លើក​ទី១ ដោយ​ម៉ាស៊ីន PCR នៅតាម​មជ្ឈមណ្ឌល​ដែល​ទទួលស្គាល់​ដោយ MHTC ។

    អ្នកធ្វើដំណើរ​ផ្នែក​ថែទាំ​សុខភាព​អាច​ស្វែងរក​មន្ទីរពេទ្យ​ដែលជា​ដៃគូ ទេសចរណ៍​សុខភាព​ម៉ាឡេស៊ី (MHTC) មានដូចជា មន្ទីរពេទ្យ Pantai Kuala Lumpur មជ្ឈមណ្ឌល​សុខភាព Ara Damansara មជ្ឈមណ្ឌល​សុខភាព Subang Jaya មជ្ឈមណ្ឌល​សុខភាព Sunway និង​មន្ទីរពេទ្យ Island ជាដើម។

    ប្រទេស​ម៉ាឡេស៊ី​ជា​ទិសដៅ​ជាទី​ពេញចិត្ត​សម្រាប់​អ្នកធ្វើដំណើរ​ផ្នែក​ថែទាំ​សុខភាព​នៅ​ជុំវិញ​ពិភពលោក ដោយបាន​ប្រមូលផ្តុំ​អ្នកធ្វើដំណើរ​ផ្នែក​ថែទាំ​សុខភាព​សរុប​ចំនួន ១,២២០,០០០ នាក់ ក្នុង​ឆ្នាំ ២០១៩ និង​តិច​បំផុត ៦៤៣, ០០០នាក់​ក្នុង​ឆ្នាំ២០១។

    ប្រទេស​ម៉ាឡេស៊ី​បាន​ក្លាយជា​ទិសដៅ​ដ៏​ពេញនិយម​កាន់តែខ្លាំង​ឡើង សម្រាប់​អ្នកធ្វើដំណើរ​ពី​ប្រទេស​កម្ពុជា​ដើម្បី​ស្វែងរក​ការព្យាបាល និង​ថែទាំ​សុខភាព ដោយសារ​វប្បធម៌​ស្រដៀង​គ្នា បូករួម​ទាំង​គុណភាព សេវាកម្ម​ដ៏​ល្អ ព្រមទាំង​តម្លៃ​សមរម្យ។

    ប័ណ្ណសរសើរ​និង​ពានរង្វាន់​ដែល​ទទួលបាន :

    • International Medical Travel Journal – Medical Travel Awards (2015-2020)
    • Asia Pacific Healthcare & Medical Tourism Awards (2017 – 2020)
    • World’s Best Hospitals for Medical Tourists by the Medical Travel Quality Alliance (2013, 2014, 2017-2019)

    សម្រាប់​ពត៌មាន​លម្អិត សូម​ចូលទៅ​កាន់ www.malaysiahealthcare.org/

  • កម្លាំង​ការពារ​ដែនអាកាស​រប​ស់ ស៊ី​រី វាយស្ទាក់​ហ្វូង​​​​គ្រាប់​រ៉ុក្កែត​ ដែល​បាញ់ប្រហារ​ពី​យន្តហោះ​របស់ អ៊ីស្រាអែល

    កម្លាំង​ការពារ​ដែនអាកាស​រប​ស់ ស៊ី​រី វាយស្ទាក់​ហ្វូង​​​​គ្រាប់​រ៉ុក្កែត​ ដែល​បាញ់ប្រហារ​ពី​យន្តហោះ​របស់ អ៊ីស្រាអែល

    កងកម្លាំង​ការពារ​ដែនអាកាស​រប​ស់ ប្រទេស​ស៊ី​រី ស្កាត់​ចាប់បាន​រ៉ុក្កែត ជាច្រើន​គ្រាប់​ដែល​បាន​បាញ់​ចេញពី​យន្តហោះ​ចម្បាំង​របស់​កងទ័ព អ៊ីស្រាអែល ប៉ុន្តែ គ្រាប់​រ៉ុក្កែត​មួយចំនួន​បាន​ទម្លុះ​ប្រព័ន្ធ​ការពារ និង​ចំ​គោលដៅ​នៅ ហម (Homs)។

    ទូរទស្សន៍​ជាតិ​ស៊ី​រី SANA បានប្រកាសថា ព្រឹក​ថ្ងៃទី 24 វិច្ឆិកា នេះ កងកម្លាំង​ការពារ​ដែនអាកាស​រប​ស់​ប្រទេស​ស៊ី​រី បាន​វាយ​ស្កាត់​ការវាយប្រហារ​ដោយ​រ៉ុក្កែត របស់​ក្រុម​យន្តហោះ​ចម្បាំង​នៃ ប្រទេស​អ៊ីស្រាអែល ដែល​បាញ់​សំដៅលើ​តំបន់​នានា​នៅក្នុង​ទីក្រុង ហម ភាគ​កណ្ដាល​របស់ ស៊ី​រី។

    ការវាយប្រហារ​លើក​នេះ​របស់ អ៊ីស្រាអែល បានសម្លាប់​ពលរដ្ឋ​ស៊ីវិល​របស់ ស៊ី​រី ចំនួន 2 នាក់ និង​ម្នាក់​រងរបួស ខណៈ​ទាហាន​របស់ ស៊ី​រី ចំនួន 4 នាក់​ក៏ត្រូវ​រងរបួស។ ក្រុម​អ្នកយកព័ត៌មាន​បានឱ្យ​ដឹងថា សំឡេង​គ្រាប់កាំភ្លើង​លាន់​ឡើង​នៅក្នុង​តំបន់ Al-Mahatta នៅ​ទីក្រុង ហម។ នេះ​បើតាម​ការ​ឱ្យដឹងពី​ប្រភពព័ត៌មាន​ក្នុង​ជួរ​កងទ័ព​របស់ ស៊ី​រី។

    (ខាងលើ​គឺ​ជា​ទិដ្ឋភាព​រ៉ុក្កែត​របស់​ ស៊ីរី​ ឆ្លើយតប​នឹង​ការ​វាយ​ប្រហារ​ពី​រ៉ុក្កែត​របស់​ អ៊ីស្រាអែល កាលពី​ខែ​កក្កដា 2020)

    មកដល់​បច្ចុប្បន្ន ក្រសួងការពារជាតិ​នៃ ប្រទេស​អ៊ីស្រាអែល មិនទាន់មាន​ការអធិប្បាយ​អ្វី​ទាក់ទង​នឹង​ព័ត៌មាន​ខាង​លើ​​នៅ​ឡើយ។

    អ៊ីស្រាអែល តែងតែ​វាយប្រហារ​លើ​តំបន់​នានា​របស់ ស៊ី​រី ក្នុងនោះ​រួមមាន​ទាំង​រដ្ឋធានី​ដា​ម៉ាស (Damascus) ផងដែរ។ គោលដៅ​នៃ​ការវាយប្រហារ​របស់ អ៊ីស្រាអែល គឺ​កងជីវពល​ដែល​ស្និទ្ធ​នឹង អ៊ីរ៉ង់ និង​ក្រុម ហេស​បូ​ឡា របស់ ប្រទេស​លី​បង់ ក៏ប៉ុន្តែ ពេលខ្លះ កងទ័ព​របស់ ស៊ី​រី ក៏ត្រូវ​រង​ការវាយប្រហារ។ សកម្មភាព​យោធា​របស់ អ៊ីស្រាអែល នេះ គឺ​ដើម្បី​ទប់ស្កាត់​កងជីវពល​ដែល​ស្និទ្ធ​នឹង អ៊ីរ៉ង់ លាក់ខ្លួន​នៅក្នុង​ប្រទេសជិតខាង​មួយ​នេះ។

    ហេស​បូ​ឡា និង​កងជីវពល​ស្និទ្ធ​នឹង អ៊ីរ៉ង់ គឺជា​សម្ព័ន្ធមិត្ត​របស់​កងទ័ព​រដ្ឋាភិបាល​ស៊ី​រី នៅក្នុង​ការប្រយុទ្ធប្រឆាំង​ក្រុម​ឧទ្ទាម​អ៊ីស្លាម។ ប៉ុន្តែ អ៊ីស្រាអែល បាន​ចោទ ហេស​បូ​ឡា ថា កំពុង​ប្រើប្រាស់​មូលដ្ឋាន​នៅ ស៊ី​រី ជា​ឈ្នាន់​ដើម្បី​វាយប្រហារ​លើ​តំបន់​ខ្ពង់រាប Golan ដែល​កំពុង​គ្រប់គ្រង​ដោយ​ទីក្រុង ហ្ស៊េ​រុយ​សា​ឡិ​ម៕

  • ផ្ទុះ​​យ៉ាង​ធំ​មួយ​​ក្នុង​​រោងចក្រ​ផលិត និង​​ឃ្លាំង​​ផ្ទុក​រ៉ុក្កែត​​ចំនួន 500 គ្រាប់​ នៅ​ ប្រទេស​ស៊ែ​ប៊ី

    ផ្ទុះ​​យ៉ាង​ធំ​មួយ​​ក្នុង​​រោងចក្រ​ផលិត និង​​ឃ្លាំង​​ផ្ទុក​រ៉ុក្កែត​​ចំនួន 500 គ្រាប់​ នៅ​ ប្រទេស​ស៊ែ​ប៊ី

    កាលពី​ថ្ងៃទី 23 វិច្ឆិកា ក្រសួងមហាផ្ទៃ​របស់ ប្រទេស​ស៊ែ​ប៊ី បាន​បញ្ជាក់ថា មាន​ករណី​ផ្ទុះ​ជាច្រើន​នៅក្នុង​រោងចក្រ​ផលិត​រ៉ុក្កែត ឯកជន​មួយ នៅ​ជាយ​ភាគខាងត្បូង​នៃ​រដ្ឋធានី Belgrade បណ្ដាលឱ្យ​មនុស្ស​យ៉ាងតិច 2 នាក់​បាត់​បង់ជីវិត និង 16 នាក់​រងរបួស។

    ក្រសួង​ខាងលើ​បានឱ្យដឹងថា ហេតុការណ៍​ផ្ទុះ​នេះ​កើតឡើង​នៅវេលា​ម៉ោង​ប្រហែល 14 (ម៉ោង 20 នៅ កម្ពុជា) ក្នុង​ទីតាំង​ឃ្លាំង​ដែលមាន​ផ្ទុក​រ៉ុក្កែត 500 គ្រាប់ ហើយ​ក្នុង 1 គ្រាប់​ទម្ងន់ 30 គីឡូក្រាម។ យោងតាម​ទូរទស្សន៍ ស៊ែ​ប៊ី (RTS) ក្នុង​រោងចក្រ​នេះ​មាន​បុគ្គលិក​ប្រហែល 40 នាក់ កំពុងធ្វើការ ក្នុង​គ្រា​ដែល​ហេតុការណ៍​កើតឡើង។

    មនុស្ស​ចំនួន 5 នាក់ ត្រូវបាន​រកឃើញ និង​សង្គ្រោះ​ពី​តំបន់​គ្រោះថ្នាក់។ ក្រុម​អ្នក​ជួយសង្គ្រោះ​កំពុង​ញាប់ដៃ ញាប់ជើង ស្វែងរក​ជនរងគ្រោះ​ជា​បន្តទៀត។ នេះ​បើតាម Milos Majstorovic មេបញ្ជាការ​ក្រុម​ពន្លត់​អគ្គិភ័យ​នៅ Belgrade។

    បច្ចុប្បន្ន សមត្ថកិច្ច​កំពុងបើក​ការស្រាវជ្រាវ​ដើម្បី​ស្វែងរក​មូលហេតុ​ដែលនាំឱ្យ​មាន​ហេតុការណ៍​ផ្ទុះ​រោងចក្រ​ផលិត​រ៉ុក្កែត​នេះ៕

  • អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង Chun Doo-hwan ទទួលមរណភាព

    អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង Chun Doo-hwan ទទួលមរណភាព

    អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក Chun Doo-hwan ដែល​បាន​ដឹកនាំ​ប្រទេស​មួយរូប បន្ទាប់ពី​រដ្ឋប្រហារ​យោធា​កាលពី​ឆ្នាំ 1979 បានទទួល​មរណភាព​ក្នុង​វ័យ 90 ឆ្នាំ។

    លោក Chun Doo-hwan បានទទួល​មរណភាព​ដោយ​ជំងឺ​ឆ្អឹង នៅវេលា​ម៉ោង 8 និង 40 នាទី (ម៉ោង 6 និង 40 នាទី នៅ ភ្នំពេញ) ព្រឹក​នេះ នៅឯ​គេហដ្ឋាន​ផ្ទាល់ខ្លួន ក្នុង​តំបន់ Seodaemun-gu នៃ រដ្ឋធានី​សេ​អ៊ូ​ល។

    លោក Chun Doo-hwan គឺជា​ប្រធានាធិបតី​ទី 5 របស់ កូរ៉េខាងត្បូង ដែល​កាន់អំណាច​ចន្លោះ​ឆ្នាំ 1980-1988 បន្ទាប់ពី​បាន​ដឹកនាំ​រដ្ឋប្រហារ​យោធា​កាលពី​ឆ្នាំ 1979 បណ្ដាលឱ្យ​ប្រធានាធិបតី Park Chung-hee ត្រូវបាន​គេ​ធ្វើឃាត។

    អតីត​ប្រធានាធិបតី​រូបនេះ កើត​នៅក្នុង​ទីរួមស្រុក​ដ៏​ក្រីក្រ Yulgok-myeonm ក្នុងសម័យ​អាណានិគមនិយម​ជប៉ុន។ លោក​បាន​ចូល​បម្រើការ​ក្នុង​ជួរ​កងទ័ព​តាំងពី​នៅ​រៀន​វិទ្យាល័យ រហូតដល់​បាន​ឡើងជា​មេបញ្ជាការ​កាលពី​ឆ្នាំ 1979។

    លោក​ធ្លាប់​បានចេញ​បញ្ជា​ឱ្យ​កងទ័ព​បង្ក្រាប​លើ​ហ្វូង​បាតុករ​គាំទ្រ​ប្រជាធិបតេយ្យ​កាលពី​ឆ្នាំ 1980 នៅ Gwangju។

    ឆ្នាំ 1995 លោក​ត្រូវបាន​ចោទប្រកាន់​ពីបទ​បះបោរ ក្បត់ជាតិ និង​ត្រូវបាន​ចាប់ខ្លួន ក្រោយពី​មិន​ព្រម​ចូល​សវនាការ និង​គេចខ្លួន​ទៅ​ស្រុកកំណើត។ ក្នុង​សវនាការ​ក្រោយមក អតីត​ប្រធានាធិបតី Chun បានប្រកាសថា រដ្ឋប្រហារ​យោធា​ដែល​លោក​បាន​ធ្វើឡើង​គឺជា​រឿង​ចាំបាច់​ដើម្បី​ការពារ​ទឹកដី​ពី​វិបត្តិ​នយោបាយ។

    ឆ្នាំ 1996 លោក Chun ត្រូវបាន​កាត់ទោស​ប្រហារជីវិត ក្នុង​គ្រា​ដែល​សម្ព័ន្ធមិត្ត​របស់លោក គឺ អតីត​ប្រធានាធិបតី Roh Tae-woo ក៏​ត្រូវបាន​កាត់ទោស​ដា​ក់​ពន្ធនាគារ​រាប់សិប​ឆ្នាំ។ ប៉ុន្តែ តុលាការ​កំពូល បាន​សម្រាលទោស ដោយសារតែ​លោក​ធ្លាប់បាន​ជួយ​ឱ្យ​សេដ្ឋកិច្ច​រីកចម្រើន និង​ប្រគល់​អំណាច​ដោយ​សន្តិវិធី​ដល់​អ្នកដឹកនាំ​ជំនាន់​ក្រោយ នា​ឆ្នាំ 1988។

    លោក Chun Doo-hwan និង​លោក Roh Tae-woo សុទ្ធតែ​ទទួលបាន​ការលើកលែង​ទោស​ពី​អតីត​ប្រធានាធិបតី Kim Young-sam កាលពី​ឆ្នាំ 1997។ ឆ្នាំ 2020 លោក Chun ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ (ក្រៅ​ឃុំ) ​8 ​ខែ​ ដោយ​សារ​តែ​​បាន​បរិហារកេរ្តិ៍​លើ​សកម្មជន​ប្រជាធិបតេយ្យ​មួយរូប​ដែល​បាន​ស្លាប់​ទៅហើយ៕

  • អាជ្ញាធរ​ចិន​ គូស «បន្ទាត់​ក្រហម» សម្រាប់​​​ក្រុមហ៊ុន​របស់ ចិនតៃវ៉ាន់ ដែល​ចង់​រក​ស៊ី​នៅ​ ចិន​ដីគោក

    អាជ្ញាធរ​ចិន​ គូស «បន្ទាត់​ក្រហម» សម្រាប់​​​ក្រុមហ៊ុន​របស់ ចិនតៃវ៉ាន់ ដែល​ចង់​រក​ស៊ី​នៅ​ ចិន​ដីគោក

    អាជ្ញាធរ​ចិនដីគោក តម្រូវឱ្យ​ក្រុមហ៊ុន​តៃវ៉ាន់ ដែល​រកស៊ី​នៅលើ​ទឹកដី​របស់ ចិនដីគោក ត្រូវ​គូស «បន្ទាត់​ខណ្ឌ​ចែក» ជាមួយនឹង​ក្រុម​អ្នកគាំទ្រ​ឯករាជ្យ​របស់ កោះ​តៃវ៉ាន់ បើសិនជា​ចង់រក​ប្រា​ក់នៅ ប្រទេស​ចិន។

    ទីភ្នាក់ងារសារព័ត៌មាន​ចិន Xinhua កាលពី​ថ្ងៃទី 22 វិច្ឆិកា កន្លង​ទៅ​ បានចេញ​ផ្សាយ​ថា អាជ្ញាធរ​អនុវត្ត​ច្បាប់​របស់ ប្រទេស​ចិន បានដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​តៃវ៉ាន់ Far Eastern Group ដែល​រកស៊ី​ក្នុង​វិស័យ​ជាច្រើន​ដូចជា សណ្ឋាគារ និង គីមី​ប្រេង ជាដើម ក្រោម​បទ​ចោទ​ទាក់ទិន​នឹង​បញ្ហា​ពន្ធដារ សុវត្ថិភាព​លើ​បញ្ហា​ផ្ទុះ​ឆេះ។ ការស៊ើបអង្កេត​កំពុង​ត្រូវបានធ្វើ​បន្ត។

    ក្នុងការ​ប្រកាស​ចុងក្រោយ​នៃ​ថ្ងៃ​ដដែល​ដើម្បី​ឆ្លើយតប​នឹង​សំនួរ​ដែល​សួរថា តើ​ចំណាត់ការ​នេះ​អាច​ជាប់ទាក់ទង​នឹង​សកម្មភាព​របស់​រដ្ឋាភិបាល សំដៅលើ​កងកម្លាំង​ដែល «ព្យាយាម​គាំទ្រ​ឯករាជ្យ​របស់​តៃវ៉ាន់» ដែរ ឬទេ ការិយាល័យ​ទទួលបន្ទុក​បញ្ហា​កោះ​តៃវ៉ាន់ របស់ ប្រទេស​ចិន មិនបាន​អធិប្បាយ​ផ្ទាល់ ដោយ​គ្រាន់តែ​លើកឡើង​ជាថ្មី​នូវ​ព័ត៌មាន​ដែល​បាន​ចុះផ្សាយ​នៅលើ​ទំព័រ Xinhua។

    ប៉ុន្តែ ការិយាល័យ​ខាងលើ​បាន​បង្ក​ត់​ធ្ងន់​ថា ក្រុម​អ្នកគាំទ្រ​ឯករាជ្យ​របស់ កោះ​តៃវ៉ាន់ «គំរាមកំហែង​ដល់​សន្តិភាព ស្ថិរភាព និង​បង្ក​ការខូចខាត​ផលប្រយោជន៍​របស់​ប្រជា​ជាតិចិន»។ ចិន ទទួល​ស្វគម​ន៍​បណ្ដា​ក្រុមហ៊ុន​តៃវ៉ាន់ ប៉ុន្តែ មិន​អនុញ្ញាតឱ្យ​អ្នកគាំទ្រ​ឯករាជ្យ​របស់ តៃវ៉ាន់ មករក​ប្រា​ក់នៅ ប្រទេស​ចិន។

    ចិនដីគោក តែងតែ​ចាត់ទុក កោះ​តៃវ៉ាន់ ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់ខ្លួន ដែល​រង់ចាំតែ​កា​រប​ម្រួ​ប​បង្រួម​ប៉ុណ្ណោះ ហើយ​ថា​នឹង​ប្រើ​កម្លាំងបាយ បើសិនជា​ចាំបាច់៕

  • Pfizer និយាយថា វ៉ាក់សាំង​របស់ខ្លួន​មាន​ប្រសិទ្ធភាព 100% ចំពោះ​ក្មេង​ជំទង់ ក្រោយ​ការចាក់​ដូ​ស​ទី​ពីរបាន 4 ខែ

    Pfizer និយាយថា វ៉ាក់សាំង​របស់ខ្លួន​មាន​ប្រសិទ្ធភាព 100% ចំពោះ​ក្មេង​ជំទង់ ក្រោយ​ការចាក់​ដូ​ស​ទី​ពីរបាន 4 ខែ

    ក្រុមហ៊ុន Pfizer បានប្រកាស​ឱ្យដឹងថា វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 របស់​ពួកគេ ធានា​ប្រសិទ្ធភាព 100% នៅលើ​ក្មេង​អាយុ​ចាប់ពី 12 ឆ្នាំ ដល់ 15 ឆ្នាំ បន្ទាប់ពី​ការចាក់​ដូ​ស​ទី​ពីរបាន 4 ខែ ដែល​នេះ​គឺជា​លទ្ធផល​នៃ​ការពិសោធ​លើ​មនុស្ស​ជាង 2,000 នាក់។

    កាលពី​ម្សិលមិញ (22 វិច្ឆិកា 2021) Pfizer បាន​បញ្ចេញ​ទិន្នន័យ​ស្ដីពី​ការពិសោធ​ដែល​ប្រមូលបាន​ពី​អ្នកស្ម័គ្រចិត្ត​ចំនួន 2,228 នាក់ បង្ហាញថា វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ពុំបាន​បង្ក​ផលប៉ះពាល់​គួរឱ្យ​ព្រួយបារម្ភ​ណាមួយ​ទេ នៅលើ​ក្រុម​អ្នកស្ម័គ្រចិត្ត​ដែល​ត្រូវបាន​តាមដាន​យ៉ាងតិច 6 ខែ បន្ទាប់ពី​បាន​ចាក់​ដូ​ស​ទី​ពីរ។

    ក្នុងចំណោម​ក្មេង​ជំទង់​អាយុ​ពី 12 ឆ្នាំ ដល់ 15 ឆ្នាំ រាប់ពាន់នាក់​ដែល​បាន​ចូលរួម​ការពិសោធ មាន 30 ករណី​ឆ្លង COVID-19 ដែលមាន​រោគសញ្ញា ប៉ុន្តែ ពួកគេ​សុទ្ធតែជា​អ្នកប្រើប្រាស់​ថ្នាំ​បញ្ឆោត (placebo)។ Pfizer យល់ថា ប្រការ​នេះ​​មាន​ន័យ​ថា វ៉ាក់សាំង​មាន​ប្រសិទ្ធភាព 100% នៅលើ​មនុស្ស​គ្រប់​ភេទ គ្រប់​ជាតិ​សាសន៍ គ្រប់​កម្រិត​នៃ​ភាពធាត់​និង​មាន​ជំងឺ​ប្រចាំកាយ។

    ការព្រួយបារម្ភ​តែមួយគត់​ចំពោះ​ក្មេង​ដែលមាន​វ័យ​ចាប់ពី 12 ដល់ 15 ឆ្នាំ នោះ​គឺ​ហានិភ័យ​នៃ​បញ្ហា​រលាក​សាច់ដុំ​បេះដូង​នៅ​ក្មេងប្រុស​បន្ទាប់ពី​បាន​ចាក់​វ៉ាក់សាំង។ ក៏ប៉ុន្តែ ទិន្នន័យ​បានបង្ហាញ​ថា នេះ​គឺជា​បញ្ហា​កម្រ​បំផុត ហើយ​អត្ថប្រយោជន៍​នៃ​ការចាក់​វ៉ាក់សាំង​ធំធេង​ជាង​ហានិភ័យ។ វីរុស COVID-19 ក៏បង្ក​ឱ្យមាន​បញ្ហា​រលា​ក​សាច់ដុំ​បេះដូង​ក្នុង​អត្រា​ខ្ពស់ជាង និង​ធ្ងន់ធ្ងរ​ជាង។

    នាយក​ប្រតិបត្តិ​របស់ Pfizer លោក Albert Bourla បាន​អះអាងថា លទ្ធផល​នៃ​ការពិសោធ​ខាងលើ​នឹង​ជួយ​ឱ្យ​វ៉ាក់សាំង Pfizer ទទួលបាន​ការអនុញ្ញាត​ឱ្យប្រើ​ប្រាស់​ពេញលេញ​នៅ សហរដ្ឋ​អាម៉េរិក និង​នៅ​ទូទាំង​សកលលោក។ បច្ចុប្បន្ន វ៉ាក់សាំង Pfizer ទើបតែ​ទទួលបាន​ការអនុញ្ញាត​ឱ្យប្រើ​ប្រាស់​ពេញលេញ​សម្រាប់​មនុស្ស​អាយុ​ចាប់ពី 16 ឆ្នាំ​ឡើង​ប៉ុណ្ណោះ៕

  • លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-ចិន៖ ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង ដាក់សំណើ 5 ចំណុច ដើម្បី​ពង្រឹង​ទំនាក់ទំនង​អាស៊ាន-ចិន

    លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-ចិន៖ ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង ដាក់សំណើ 5 ចំណុច ដើម្បី​ពង្រឹង​ទំនាក់ទំនង​អាស៊ាន-ចិន

    កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-ចិន ដើម្បី​រំលឹក​ខួប​អនុស្សាវរីយ៍ លើក​ទី 30 នៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន-ចិន ត្រូវបាន​ធ្វើឡើង​នៅ​ថ្ងៃទី 22 វិច្ឆិកា 2021 តាមរយៈ​ប្រព័ន្ធ​វីដេអូ។

    នៅក្នុង​កិច្ចប្រជុំ​នេះ ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង បានដាក់​សំណើ 5 ចំណុច ដើម្បី​ពង្រឹង​ទំនាក់ទំនង​អាស៊ាន-ចិន ក្នុងនោះ​មានដូចជា ការកសាង​ផ្ទះ​ដែល​ប្រកបដោយ​សន្តិភាព​ជាមួយ​គ្នា ឬ ការកសាង​ផ្ទះ​ដ៏​ស្រស់ស្អាត​ជាមួយគ្នា។ល។

    នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ​ សម្ដេច​តេជោ ហ៊ុន​ សែន​ ក៏​បាន​ថ្លែង​អំណរ​គុណ​ដល់​ប្រទេស​ចិន​ ដែល​បាន​ចូល​រួម​ចំណែក​ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​ COVID-19 និង​ជំរុញ​កំណើន​សេដ្ឋ​កិច្ច​-សង្គម​នៅ​ កម្ពុជា​ ផងដែរ​។

    ព័ត៌មាន​លម្អិត សូម​អាន​សេចក្ដីប្រកាស​ព័ត៌មាន​ខាងក្រោម៖