នាយករដ្ឋមន្ត្រី​ជា​ស្ត្រីភេទ​ដំបូងបង្អស់​នៅ ប្រទេស​អ៊ុយ​អែ​ត លាលែង​ពី​តំណែង ក្រោយពី​​កាន់​អំណាច​បាន​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ

យោងតាម​​សារព័ត៌​មាននៅ អឺរ៉ុប នាយករដ្ឋមន្ត្រី​ជា​ស្ត្រីភេទ​ដំបូងបង្អស់​របស់ ប្រទេស​ស៊ុយអែត លោកស្រី Magdalena Andersson ដែល​ទើបតែ​ត្រូវបាន​សភា​ជ្រើសតាំង​មុននេះ​ប៉ុន្មាន​ម៉ោង​ក្នុង​ថ្ងៃទី 24 វិច្ឆិកា បានប្រកាសថា សម្រេចចិត្ត​លាលែង​ពី​តំណែង ដោយសារតែ​ការ​មន្ទិល​អំពី​ភាពស្របច្បាប់។

សារព័ត៌មាន​អាល្លឺម៉ង់ ដកស្រង់​សម្ដី​របស់​លោកស្រី Andersson ឱ្យដឹងថា លោកស្រី​បានប្រកាស​នៅឯ Stockholm កាលពី​ថ្ងៃទី 24 វិច្ឆិកា ថា លោកស្រី​បានស្នើ​ឱ្យ​ប្រធានសភា Andreas Norlen បញ្ចប់​តំណែង​របស់​លោកស្រី ប៉ុន្តែ លោកស្រី​នៅតែមាន​បំណង​ត្រលប់មក​កាន់អំណាច​នៅក្នុង​រដ្ឋាភិបាល​នៃ​ប្រទេស​អឺរ៉ុប​មួយ​នេះ។

ប្រធានសភា Norlen បាន​យល់ព្រម​តាម​សំណើ​របស់​លោកស្រី Andersson និង​បានឱ្យដឹងថា នឹង​ទាក់ទង​ទៅកាន់​ក្រុម​មេដឹកនាំ​បក្ស​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​នេះ ហើយ​ថា​នឹង​ប្រកាស​អំពី​ជំហាន​បន្ទាប់​ក្នុង​ថ្ងៃទី 25 វិច្ឆិកា។

លោកស្រី Andersson បាន​មានប្រសាសន៍ថា លោកស្រី​មិន​ចង់​ដឹកនាំ​រដ្ឋាភិបាល​មួយ​ដែល​ត្រូវបាន​គេ​សង្ស័យ​អំពី​ភាពស្រប​ច្បប់។ ទន្ទឹមនឹងនេះ លោកស្រី​ក៏បាន​បញ្ជាក់ថា បក្ស​បៃតង នឹង​នៅតែ​គាំទ្រ​លោកស្រី​ឱ្យធ្វើជា​នាយករដ្ឋមន្ត្រី។

មុននេះ បក្ស​បៃតង បានសម្រេច​ដកខ្លួន​ពី​រដ្ឋាភិបាលចម្រុះ បន្ទាប់ពី​សភា​បានអនុម័ត​សំណើ​ថវិកា​របស់​ក្រុមប្រឆាំង។ សហប្រធាន​បក្ស​បៃតង Per Bolund ឱ្យដឹងថា នេះ​គឺជា​លើកដំបូង​ដែល​សភា​បានអនុម័ត​លើ​សំណើ​ថវិកា​ដែល​ត្រូវបាន​ចរចា​ជាមួយ​បក្សនិយម​ជ្រុល ដែល​នេះ​ចង់​សំដៅលើ​បក្ស​ប្រជាធិបតេយ្យ​ស៊ុយអែត។

ថ្ងៃទី 24 ដទៃ សភា​បាន​ជ្រើសតាំង​លោកស្រី Andersson ជា​នាយ​រដ្ឋមន្ត្រី ជំនួស​លោក Stefan Lofven ដែល​បាន​លាលែង​ពី​តំណែង​ជា​ផ្លូវការ​កាលពី​ដើមខែ​នេះ ក្រោយ​កាន់អំណាច​បាន 7 ឆ្នាំ។ នៅ ប្រទេស​ស៊ុយអែត ជាធម្មតា មេដឹកនាំ​រដ្ឋាភិបាលចម្រុះ​នឹង​លាលែង​ពី​តំណែង បន្ទាប់ពី​បក្ស​មួយ​បាន​ដកខ្លួន​ពី​សម្ព័ន្ធភាព៕

Advertisement