អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង Chun Doo-hwan ទទួលមរណភាព

អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក Chun Doo-hwan ដែល​បាន​ដឹកនាំ​ប្រទេស​មួយរូប បន្ទាប់ពី​រដ្ឋប្រហារ​យោធា​កាលពី​ឆ្នាំ 1979 បានទទួល​មរណភាព​ក្នុង​វ័យ 90 ឆ្នាំ។

លោក Chun Doo-hwan បានទទួល​មរណភាព​ដោយ​ជំងឺ​ឆ្អឹង នៅវេលា​ម៉ោង 8 និង 40 នាទី (ម៉ោង 6 និង 40 នាទី នៅ ភ្នំពេញ) ព្រឹក​នេះ នៅឯ​គេហដ្ឋាន​ផ្ទាល់ខ្លួន ក្នុង​តំបន់ Seodaemun-gu នៃ រដ្ឋធានី​សេ​អ៊ូ​ល។

លោក Chun Doo-hwan គឺជា​ប្រធានាធិបតី​ទី 5 របស់ កូរ៉េខាងត្បូង ដែល​កាន់អំណាច​ចន្លោះ​ឆ្នាំ 1980-1988 បន្ទាប់ពី​បាន​ដឹកនាំ​រដ្ឋប្រហារ​យោធា​កាលពី​ឆ្នាំ 1979 បណ្ដាលឱ្យ​ប្រធានាធិបតី Park Chung-hee ត្រូវបាន​គេ​ធ្វើឃាត។

អតីត​ប្រធានាធិបតី​រូបនេះ កើត​នៅក្នុង​ទីរួមស្រុក​ដ៏​ក្រីក្រ Yulgok-myeonm ក្នុងសម័យ​អាណានិគមនិយម​ជប៉ុន។ លោក​បាន​ចូល​បម្រើការ​ក្នុង​ជួរ​កងទ័ព​តាំងពី​នៅ​រៀន​វិទ្យាល័យ រហូតដល់​បាន​ឡើងជា​មេបញ្ជាការ​កាលពី​ឆ្នាំ 1979។

លោក​ធ្លាប់​បានចេញ​បញ្ជា​ឱ្យ​កងទ័ព​បង្ក្រាប​លើ​ហ្វូង​បាតុករ​គាំទ្រ​ប្រជាធិបតេយ្យ​កាលពី​ឆ្នាំ 1980 នៅ Gwangju។

ឆ្នាំ 1995 លោក​ត្រូវបាន​ចោទប្រកាន់​ពីបទ​បះបោរ ក្បត់ជាតិ និង​ត្រូវបាន​ចាប់ខ្លួន ក្រោយពី​មិន​ព្រម​ចូល​សវនាការ និង​គេចខ្លួន​ទៅ​ស្រុកកំណើត។ ក្នុង​សវនាការ​ក្រោយមក អតីត​ប្រធានាធិបតី Chun បានប្រកាសថា រដ្ឋប្រហារ​យោធា​ដែល​លោក​បាន​ធ្វើឡើង​គឺជា​រឿង​ចាំបាច់​ដើម្បី​ការពារ​ទឹកដី​ពី​វិបត្តិ​នយោបាយ។

ឆ្នាំ 1996 លោក Chun ត្រូវបាន​កាត់ទោស​ប្រហារជីវិត ក្នុង​គ្រា​ដែល​សម្ព័ន្ធមិត្ត​របស់លោក គឺ អតីត​ប្រធានាធិបតី Roh Tae-woo ក៏​ត្រូវបាន​កាត់ទោស​ដា​ក់​ពន្ធនាគារ​រាប់សិប​ឆ្នាំ។ ប៉ុន្តែ តុលាការ​កំពូល បាន​សម្រាលទោស ដោយសារតែ​លោក​ធ្លាប់បាន​ជួយ​ឱ្យ​សេដ្ឋកិច្ច​រីកចម្រើន និង​ប្រគល់​អំណាច​ដោយ​សន្តិវិធី​ដល់​អ្នកដឹកនាំ​ជំនាន់​ក្រោយ នា​ឆ្នាំ 1988។

លោក Chun Doo-hwan និង​លោក Roh Tae-woo សុទ្ធតែ​ទទួលបាន​ការលើកលែង​ទោស​ពី​អតីត​ប្រធានាធិបតី Kim Young-sam កាលពី​ឆ្នាំ 1997។ ឆ្នាំ 2020 លោក Chun ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ (ក្រៅ​ឃុំ) ​8 ​ខែ​ ដោយ​សារ​តែ​​បាន​បរិហារកេរ្តិ៍​លើ​សកម្មជន​ប្រជាធិបតេយ្យ​មួយរូប​ដែល​បាន​ស្លាប់​ទៅហើយ៕

Advertisement