កម្លាំង​ការពារ​ដែនអាកាស​រប​ស់ ស៊ី​រី វាយស្ទាក់​ហ្វូង​​​​គ្រាប់​រ៉ុក្កែត​ ដែល​បាញ់ប្រហារ​ពី​យន្តហោះ​របស់ អ៊ីស្រាអែល

កងកម្លាំង​ការពារ​ដែនអាកាស​រប​ស់ ប្រទេស​ស៊ី​រី ស្កាត់​ចាប់បាន​រ៉ុក្កែត ជាច្រើន​គ្រាប់​ដែល​បាន​បាញ់​ចេញពី​យន្តហោះ​ចម្បាំង​របស់​កងទ័ព អ៊ីស្រាអែល ប៉ុន្តែ គ្រាប់​រ៉ុក្កែត​មួយចំនួន​បាន​ទម្លុះ​ប្រព័ន្ធ​ការពារ និង​ចំ​គោលដៅ​នៅ ហម (Homs)។

ទូរទស្សន៍​ជាតិ​ស៊ី​រី SANA បានប្រកាសថា ព្រឹក​ថ្ងៃទី 24 វិច្ឆិកា នេះ កងកម្លាំង​ការពារ​ដែនអាកាស​រប​ស់​ប្រទេស​ស៊ី​រី បាន​វាយ​ស្កាត់​ការវាយប្រហារ​ដោយ​រ៉ុក្កែត របស់​ក្រុម​យន្តហោះ​ចម្បាំង​នៃ ប្រទេស​អ៊ីស្រាអែល ដែល​បាញ់​សំដៅលើ​តំបន់​នានា​នៅក្នុង​ទីក្រុង ហម ភាគ​កណ្ដាល​របស់ ស៊ី​រី។

ការវាយប្រហារ​លើក​នេះ​របស់ អ៊ីស្រាអែល បានសម្លាប់​ពលរដ្ឋ​ស៊ីវិល​របស់ ស៊ី​រី ចំនួន 2 នាក់ និង​ម្នាក់​រងរបួស ខណៈ​ទាហាន​របស់ ស៊ី​រី ចំនួន 4 នាក់​ក៏ត្រូវ​រងរបួស។ ក្រុម​អ្នកយកព័ត៌មាន​បានឱ្យ​ដឹងថា សំឡេង​គ្រាប់កាំភ្លើង​លាន់​ឡើង​នៅក្នុង​តំបន់ Al-Mahatta នៅ​ទីក្រុង ហម។ នេះ​បើតាម​ការ​ឱ្យដឹងពី​ប្រភពព័ត៌មាន​ក្នុង​ជួរ​កងទ័ព​របស់ ស៊ី​រី។

(ខាងលើ​គឺ​ជា​ទិដ្ឋភាព​រ៉ុក្កែត​របស់​ ស៊ីរី​ ឆ្លើយតប​នឹង​ការ​វាយ​ប្រហារ​ពី​រ៉ុក្កែត​របស់​ អ៊ីស្រាអែល កាលពី​ខែ​កក្កដា 2020)

មកដល់​បច្ចុប្បន្ន ក្រសួងការពារជាតិ​នៃ ប្រទេស​អ៊ីស្រាអែល មិនទាន់មាន​ការអធិប្បាយ​អ្វី​ទាក់ទង​នឹង​ព័ត៌មាន​ខាង​លើ​​នៅ​ឡើយ។

អ៊ីស្រាអែល តែងតែ​វាយប្រហារ​លើ​តំបន់​នានា​របស់ ស៊ី​រី ក្នុងនោះ​រួមមាន​ទាំង​រដ្ឋធានី​ដា​ម៉ាស (Damascus) ផងដែរ។ គោលដៅ​នៃ​ការវាយប្រហារ​របស់ អ៊ីស្រាអែល គឺ​កងជីវពល​ដែល​ស្និទ្ធ​នឹង អ៊ីរ៉ង់ និង​ក្រុម ហេស​បូ​ឡា របស់ ប្រទេស​លី​បង់ ក៏ប៉ុន្តែ ពេលខ្លះ កងទ័ព​របស់ ស៊ី​រី ក៏ត្រូវ​រង​ការវាយប្រហារ។ សកម្មភាព​យោធា​របស់ អ៊ីស្រាអែល នេះ គឺ​ដើម្បី​ទប់ស្កាត់​កងជីវពល​ដែល​ស្និទ្ធ​នឹង អ៊ីរ៉ង់ លាក់ខ្លួន​នៅក្នុង​ប្រទេសជិតខាង​មួយ​នេះ។

ហេស​បូ​ឡា និង​កងជីវពល​ស្និទ្ធ​នឹង អ៊ីរ៉ង់ គឺជា​សម្ព័ន្ធមិត្ត​របស់​កងទ័ព​រដ្ឋាភិបាល​ស៊ី​រី នៅក្នុង​ការប្រយុទ្ធប្រឆាំង​ក្រុម​ឧទ្ទាម​អ៊ីស្លាម។ ប៉ុន្តែ អ៊ីស្រាអែល បាន​ចោទ ហេស​បូ​ឡា ថា កំពុង​ប្រើប្រាស់​មូលដ្ឋាន​នៅ ស៊ី​រី ជា​ឈ្នាន់​ដើម្បី​វាយប្រហារ​លើ​តំបន់​ខ្ពង់រាប Golan ដែល​កំពុង​គ្រប់គ្រង​ដោយ​ទីក្រុង ហ្ស៊េ​រុយ​សា​ឡិ​ម៕

Advertisement