Category: អន្តរជាតិ

  • សហភាព​អឺរ៉ុប៖ ចាក់​វ៉ាក់សាំង​បង្ការ កូ​វីដ-១៩ ដូ​ស​ជំរុញ​ច្រើនដង អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​ភាពស៊ាំ

    សហភាព​អឺរ៉ុប៖ ចាក់​វ៉ាក់សាំង​បង្ការ កូ​វីដ-១៩ ដូ​ស​ជំរុញ​ច្រើនដង អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​ភាពស៊ាំ

    អាជ្ញាធរ​គ្រប់គ្រង​ឱសថ​របស់ សហភាព​អឺរ៉ុប បាន​ព្រមាន​ថា ការចាក់​វ៉ាក់សាំង​បង្ការ ជំងឺ​កូ​វីដ-១៩ រំលឹក​ឡើងវិញ ៤ ខែ/ម្ដង អាច​ជះឥទ្ធិពល​អាក្រក់​ដល់​ប្រព័ន្ធ​ការពារ​រាងកាយ។

    បណ្ដា​ប្រទេស​គួរតែ​បង្កើន​រយៈពេល​នៃ​គ​ន្លាត​រវាង​យុទ្ធនា​ការចាក់​ដូ​ស​ជំរុញ ហើយ​ភ្ជាប់​វា​ទៅនឹង​រដូវរងា ដូច​ទៅនឹង​ផែនការ​យុទ្ធសាស្ត្រ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ផ្ដាសាយ។ ការចាក់​វ៉ាក់សាំង​បង្ការ ជំងឺ​កូ​វីដ-១៩ រំលឹក​ឡើងវិញ ៤ ខែ/ម្ដង អាចធ្វើឱ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​ចុះខ្សោយ បណ្ដាលឱ្យ​អ្នក​ដែល​បានទទួល​ការចាក់​អស់កម្លាំង។ នេះ​បើតាម​អាជ្ញាធរ​គ្រប់គ្រង​ឱសថ​អឺរ៉ុប (EMA) នៃ សហភាព​អឺរ៉ុប (EU) ដែល​បានឱ្យដឹង​កាលពី​ថ្ងៃទី ១១ មករា។

    Marco Cavaleri មេដឹកនាំ​ស្ថាប័ន​គ្រប់គ្រង​ហានិភ័យ​គំរាម​ដល់​សុខភាព និង​យុទ្ធសាស្ត្រ​វ៉ាក់សាំង​របស់ EMA បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន ថា៖ «អាច​ចាក់​ដូ​ស​ជំរុញ ១ ឬ ២ ដង ប៉ុន្តែ នោះ​មិនមែនជា​ប្រការ​ដែល​យើង​យល់ថា គួរតែ​ធ្វើជា​ញឹកញាប់​ឡើយ»។

    អនុសាសន៍​របស់ EMA ត្រូវបាន​លើកឡើង​នៅក្នុង​គ្រា​ដែល​ប្រទេសមួយ​ចំនួន​បាន និង​កំពុង​ចាក់ ឬ​កំពុង​ពិចារណា​អំពី​ការចាក់​ដូ​ស​ជំរុញ​ទី ២ ដើម្បី​ទប់ទល់​នឹង អូ​មី​ក្រុង។

    អ៊ីស្រាអែល កាលពីដើម​ខែមករា បានចាប់ផ្ដើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​ទី ២ សម្រាប់​ពលរដ្ឋ​វ័យ​ចាប់ពី ៦០ ឆ្នាំ​ឡើងទៅ។ កម្ពុជា ក៏បាន​ចាប់ផ្ដើម​យុទ្ធនា​ការចាក់​ដូ​ស​វ៉ាក់សាំង​ដូ​ស​ទី ៤ កាលពីពេលថ្មីៗនេះ។ ចំណែក អង់គ្លេស វិញ ឱ្យដឹងថា ដូ​ស​ជំរុញ​ទី ១ មាន​ប្រសិទ្ធភាព​ខ្ពស់ និង​មិនទាន់​ត្រូវ​ការដូ​ស​ជំរុញ​ទី ២ ប៉ុន្តែ នឹងធ្វើ​ការពិនិត្យ​នៅពេល​មាន​ទិន្នន័យ​បន្ថែម។

    EMA ឱ្យដឹងថា ថ្នាំ​ប្រឆាំង វីរុស ប្រភេទ​គ្រាប់​សម្រាប់​លេប និង​ថ្នាំ​សម្រាប់​ចាក់ ដូចជា Paxlovid និង Remdesivir ជាដើម រក្សា​ប្រសិទ្ធភាព​ក្នុងការ​ប្រឆាំងនឹង អូ​មី​ក្រុង។

    អាជ្ញាធរ​គ្រប់គ្រង​ឱសថ​អឺរ៉ុប ក៏បាន​បង្ហើប​ឱ្យដឹងថា ខែមេសា គឺជា​ពេលវេលា​ឆាប់​បំផុត​ដែល​ពួកគេ​អាច​ផ្ដល់​ការ​អនុ​ញាត់​ឱ្យប្រើ​ប្រាស់​វ៉ាក់សាំង​ថ្មី​មួយ​ដែល​សំដៅលើ​ការទប់ស្កាត់ វ៉ា​រ្យ៉​ង់ ជាក់លាក់​របស់ កូ​វីដ-១៩៕

  • យន្តហោះ​ចម្បាំង ហោះ​ទៅបុក​ភ្នំ ធ្វើឱ្យ​អ្នកបើកបរ​បាត់បង់​ជីវិត

    យន្តហោះ​ចម្បាំង ហោះ​ទៅបុក​ភ្នំ ធ្វើឱ្យ​អ្នកបើកបរ​បាត់បង់​ជីវិត

    (កូរ៉េខាងត្បូង)-យន្តហោះ​ចម្បាំង F-5E របស់​កងទ័ពអាកាស​កូរ៉េខាងត្បូង ដែល​ហោះ​ចេញពី​ខេត្ត Gyeonggi ក៏បាន​ជ្រុល​ទៅបុក​ភ្នំ បណ្ដាលឱ្យ​អ្នកបើកបរ​ត្រូវស្លាប់​នៅនឹងកន្លែង ព្រោះតែ​បរាជ័យ​ក្នុងការ​ដំណើរការ​ឆត្រយោង។

    ក្រសួងការពារជាតិរ​បស់ កូរ៉េខាងត្បូង ថ្ងៃនេះ បានឱ្យដឹងថា នៅពេល​យន្តហោះ​ចម្បាំង F-5E បាន​ហោះ​ឡើង​ពី​មូលដ្ឋាន Suwon ភ្លើង​សញ្ញា​ដែល​ប្រាប់​អំពី​បញ្ហា​ម៉ាស៊ីន​ទាំងពីរ​របស់​យន្តហោះ​ក៏បាន​ឆេះ​ឡើង ហើយ​យន្តហោះ​ក៏​ចាប់ផ្ដើម​ដាំ​ក្បាល​ចុះ។

    យន្តហោះ​ចម្បាំង​នេះ​បាន​បុក​ចំ​កំពូលភ្នំ​ដែល​ស្ថិតក្នុង​ទីក្រុង Hwaseong នៃ​ខេត្ត Gyeonggi ចម្ងាយ​ប្រហែល ៤០ គីឡូម៉ែត្រ ទៅ​ទិសខាងកើត​នៃ រដ្ឋធានី Seoul ពោលគឺ​ប្រមាណ​ជា ២ នាទី​ប៉ុណ្ណោះ បន្ទាប់ពី​បាន​ហោះ​ឡើង។ អ្នកបើកបរ​យន្តហោះ​នេះ​បាន​ព្យាយាម​ចុច​គន្លឹះ​ឆត្រយោង​ដើម្បី​រំដោះខ្លួន ប៉ុន្តែ​មិនបាន​សម្រេច ហើយក៏​បាន​បាត់បង់​ជីវិត។

    បច្ចុប្បន្ន កងទ័ពអាកាស​របស់ កូរ៉េខាងត្បូង កំពុងបើក​ការស្រាវជ្រាវ​លើ​ករណី​គ្រោះថ្នាក់​នេះ។

    យន្ត​ហោះ​ចម្បាំង​ F-5E
  • ប្រធានាធិបតី​របស់ ម៉ិ​ក​ស៊ិ​ក ឆ្លង កូ​វីដ-១៩ ជា​លើក​ទី​ពីរ

    ប្រធានាធិបតី​របស់ ម៉ិ​ក​ស៊ិ​ក ឆ្លង កូ​វីដ-១៩ ជា​លើក​ទី​ពីរ

    ប្រធានាធិបតី​ប្រទេស​ម៉ិ​ក​ស៊ិ​ក លោក Andres Manuel Lopez Obrador កាលពី​ថ្ងៃទី ១០ មករា បាន​បញ្ជាក់ថា លោក​បាន​ឆ្លង វីរុស​កូ​វីដ-១៩ ជា​លើក​ទី​ពីរ។

    «បើទោះជា​មាន​រោគសញ្ញា​ស្រាល ប៉ុន្តែ ខ្ញុំ​នៅតែ​ធ្វើ​ច​ត្តា​ឡី​ស័ក និង​ធ្វើការ ហើយ​ពិភាក្សាគ្នា​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត រហូតដល់​បានជា​សះស្បើយ» ប្រធានាធិបតី Lopez Obrador ឱ្យដឹង​ដូច្នេះ។ នេះ​បើតាម​ការចេញផ្សាយ​រប​ស់​សារព័ត៌មាន​អង់គ្លេស Reuters។

    ប្រធានាធិបតី Lopez Obrador ធ្លាប់បាន​ឆ្លង វីរុស​កូ​វីដ-១៩ ម្ដង​រួចហើយ​កាលពី​ខែមករា ឆ្នាំ ២០២។ មុនពេល​ប្រកាស​ដំណឹង​ថា បាន​ឆ្លង​ជា​លើក​ទី​ពីរ លោក ត្រូវបាន​គេ​កត់សម្គាល់​ឃើញថា មាន​សំឡេង​ស្អក​ខ្លាំង​នៅពេល​លោក​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ព្រឹក​ម្សិលមិញ។

  • អាម៉េរិក វះកាត់​ដាក់​បេះដូង​ជ្រូក​ទៅក្នុង​រាងកាយ​អ្នកជំងឺ​ដើម្បី​សង្គ្រោះ​ជីវិត

    អាម៉េរិក វះកាត់​ដាក់​បេះដូង​ជ្រូក​ទៅក្នុង​រាងកាយ​អ្នកជំងឺ​ដើម្បី​សង្គ្រោះ​ជីវិត

    ក្រុម​វេជ្ជបណ្ឌិត​នៅ Maryland (សហរដ្ឋ​អាម៉េរិក) បានធ្វើការ​វះកាត់​ភ្ជាប់​បេះដូង​ជ្រូក​ដែល​ត្រូវបាន​កែប្រែ ហ្សែ​ន ទៅក្នុង​រាងកាយ​របស់​អ្នកជំងឺ​ម្នាក់​ដែល​កំពុង​ប្រឈម​នឹង​ការបាត់​បង់ជីវិត។

    សារព័ត៌មាន​អង់គ្លេស Guardian ដកស្រង់​សម្ដី​របស់​ក្រុម​វេជ្ជបណ្ឌិត​ប្រចាំ​មជ្ឈមណ្ឌល​សុខាភិបាល​នៃ​សាកលវិទ្យាល័យ Maryland កាលពី​ថ្ងៃទី ១០ មករា បានឱ្យដឹងថា ក្រោយ​ការវះកាត់​បាន ៣ ថ្ងៃ អ្នកជំងឺ​ក៏បាន​ប្រសើរឡើង ប៉ុន្តែ ត្រូវការ​ពេល​បន្ថែមទៀត​ដើម្បី​អាច​អះអាងថា ករណី​វះកាត់​នេះ​ជោគជ័យ ឬ​យ៉ាងណា។

    ករណី​វះកាត់​នេះ​ត្រូវបាន​គេ​ចាត់ទុកថា​ជាការ​បោះជំហាន​ទៅមុខ ឆ្លើយតប​ទៅនឹង​ការព្រួយបារម្ភ​ដែល​បានអូសបន្លាយ​ពេល​អស់​ច្រើន​ទសវត្សរ៍ ទាក់ទិន​នឹង​ការប្រើប្រាស់​គ្រឿងក្នុង​របស់​សត្វ នៅក្នុង​ការវះកាត់​សង្គ្រោះ​ជីវិត​មនុស្ស។

    អ្នកជំងឺ​ដែល​ទទួលបាន​ការវះកាត់​ដាក់​បេះដូង​ជ្រូក​ដែល​បាន​កែប្រែ ហ្សែ​ន នេះ គឺ​លោក David Bennett អាយុ ៥៧ ឆ្នាំ។ កូនប្រុស​របស់លោក David Bennett បាន​និយាយថា បើទោះជា​មិនមាន​ការធានា​ថា ការវះកាត់​នឹង​ជោគជ័យ ប៉ុន្តែ ឪពុក​របស់គាត់​កំពុងមាន​ជំងឺ​ធ្ងន់ធ្ងរ ដូច្នេះ គឺមាន​លក្ខខណ្ឌ​គ្រប់គ្រាន់​ដើម្បី​ទទួលយក​ការវះកាត់ ហើយ​បច្ចុប្បន្ន​ក៏​មិនមាន​វិធី​ព្យាបាល​ផ្សេងទៀត​ដែរ។

    មកដល់​ថ្ងៃទី ១០ មករា លោក David Bennett អាច​ដកដង្ហើម​បាន​ដោយ​ខ្លួនឯង ប៉ុន្តែ នៅតែ​ត្រូវ​ភ្ជាប់​ជាមួយ​ម៉ាស៊ីន​ជំនួយ​បេះដូង និង​សួត។

    សហរដ្ឋ​អាម៉េរិក កំពុង​ប្រឈម​នឹង​បញ្ហា​ខ្វះ​អ្នក​បរិច្ចាគ​អវយវៈ​ក្នុង​រាងកាយ​សម្រាប់​ការវះកាត់​ប្ដូរ​អវយវៈ​ដល់​អ្នកជំងឺ។ ប្រការនេះ​នាំឱ្យ​ក្រុម​អ្នកវិទ្យាសាស្ត្រ​ត្រូវ​ប្រើប្រាស់​គ្រឿងក្នុង​របស់​សត្វ​ដើម្បី​ជំនួស។ ឆ្នាំ ២០២១ មានការ​វះកាត់​បែបនេះ​តែ​ជាង ៣,៨០០ ករណី​ប៉ុណ្ណោះ ដែល​ត្រូវបាន​ធ្វើឡើង​នៅ សហរដ្ឋ​អាម៉េរិក៕

  • យានអវកាស​របស់ ចិន រកឃើញ​ទឹក​នៅលើ​ឋាន​ព្រះ​ចន្ទ

    យានអវកាស​របស់ ចិន រកឃើញ​ទឹក​នៅលើ​ឋាន​ព្រះ​ចន្ទ

    យាន​ចុះចត Chang’e ៥ របស់ ប្រទេស​ចិន បាន​រកឃើញ​សញ្ញា​របស់​ទឹក​នៅក្នុង​សំណាក​ដី និង​ថ្ម ដែល បាន​យក​ពី​ទីតាំង​ចុះចត​លើ​ឋាន​ព្រះ​ចន្ទ។

    ក្រុម​អ្នកវិទ្យាសាស្ត្រ​​របស់​ ប្រទេស​ចិន បានប្រកាស​លទ្ធផល​នៃ​ការស្រាវជ្រាវ​របស់​ពួកគេ បង្ហាញថា យាន​ចុះចត​លើ​ឋាន​ព្រះ​ចន្ទ Change’e ៥ បាន​រកឃើញ​សញ្ញា​របស់​ទឹក​នៅត្រង់​កន្លែង​ចុះចត។ យាន​នេះ​បាន​ចុះចត​លើ​ឋាន​ព្រះ​ចន្ទ​កាលពី​ថ្ងៃទី ១ ធ្នូ ២០២០ ដើម្បី​យក​សំណាក​ថ្ម និង​ដី​មក​ពិសោធ។ សំណាក​នេះ ក្រោយមក​ក៏ត្រូវ​បាន​បញ្ជូន​ឡើងទៅ​ឱ្យ​យាន​មួយគ្រឿង​ដែល​កំពុង​គោចរ​ជុំវិញ​ឋាន​ព្រះ​ចន្ទ ហើយក៏​ត្រូវបាន​បញ្ជូន​បន្ត​មកកាន់​ផែនដី​កាលពី​ថ្ងៃទី ១៧ ធ្នូ ២០២០។ យានអវកាស​ចិន បាន​នាំយក​សំណាក​ដី និង​ថ្ម​ពី​ឋាន​ព្រះ​ចន្ទ ទម្ងន់​សរុប ១,៧៣១ ក្រាម មកកាន់​ផែនដី។

    យោងតាម​លទ្ធផល​នៃ​ការស្រាវជ្រាវ​ថ្មី​បំផុត​ដែល​ត្រូវបាន​ចុះផ្សាយ​លើ​ទស្សនាវដ្ដី Science Advances កាលពី​ថ្ងៃទី ៨ មករា ២០២២ ដី​របស់​ព្រះ​ចន្ទ​ត្រង់​តំបន់​ចុះចត​របស់​យានអវកាស​ចិន មាន​ផ្ទុក​ទឹក​មិន​ដល់ ១២០ ppm (ឬ​ស្មើនឹង ១២០ ក្រាម/ដី ១ តោន) ចំណែក​ដុំថ្ម​ស្រាល ១ ដុំ នៅ​ទីនោះ មាន​ផ្ទុក​ទឹក ១៨០ ppm ដែល​នេះ​ស្ងួត​ជាង​ឆ្ងាយ​ធៀប​នឹង​ផែនដី។

    Lin Honglei ដែលជា​អ្នកវិទ្យាសាស្ត្រ​នៅ​វិទ្យាស្ថាន​ភូគព្ភសាស្ត្រ​នៃ​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​ចិន បានឱ្យដឹងថា ការរកឃើញ​ថ្មី​នេះ​គឺជា​ការផ្ដល់​ទិន្នន័យ​បន្ថែម​សម្រាប់​បេសកកម្ម Chang’e ៦ និង Chang’e ៧ របស់ ចិន នាពេល​អនគ​ត៕

  • សម្ព័ន្ធភាព​យោធា CSTO បាន​ជួយ​ប្រែ​ក្រឡាស់​ស្ថានការណ៍​វឹកវរ​នៅ កា​ហ្សា​ស្ថាន

    សម្ព័ន្ធភាព​យោធា CSTO បាន​ជួយ​ប្រែ​ក្រឡាស់​ស្ថានការណ៍​វឹកវរ​នៅ កា​ហ្សា​ស្ថាន

    អង្គការ CSTO (Collective Security Treaty Organization) ដែលជា​សម្ព័ន្ធភាព​យោធា​មាន​សមាជិក ៦ ប្រទេស ដោយ​នាំមុខ​ដោយ ប្រទេស​រុស្ស៊ី គឺជា​យន្តការ​ស្របច្បាប់​ដែល​អនុញ្ញាតឱ្យ រុស្ស៊ី ដាក់ពង្រាយ​កងទ័ព និង​គ្រប់គ្រង​ស្ថានការណ៍​នៅ កា​ហ្សា​ក់​ស្ថាន បាន​យ៉ាង​ឆាប់រហ័ស។

    អង្គការ​សន្ធិសញ្ញា​សន្តិ​សុខ​សមូហភាព (CSTO) កាលពី​ថ្ងៃទី ៥ មករា បាន​យល់ព្រម​បញ្ជូន​កម្លាំង​រក្សា​សន្តិសុខ​ទៅ​ជួយ​រដ្ឋាភិបាល​នៃ ប្រទេស​កា​ហ្សា​ក់​ស្ថាន ទៅតាម​សំណើ​របស់​ប្រធានាធិបតី​ប្រទេស​នេះ ដើម្បី​កែប្រែ​ស្ថានការណ៍ បន្ទាប់ពី​បាតុកម្ម​ប្រឆាំង​ប្រេង​ឡើងថ្លៃ បាន​ក្លាយជា​អំពើហិង្សា។

    ក្រោយពី រុស្ស៊ី បាន​បញ្ជូន​ទ័ព​ទៅកាន់ កា​ហ្សា​ក់​ស្ថាន ក្នុងនាម CSTO ភាពវឹកវរ​នៅ​ប្រទេស​នេះ​ក៏មាន​សញ្ញា​ល្អប្រសើរ​ឡើងវិញ ជួយ​ឱ្យ​កងកម្លាំង​របស់​រដ្ឋាភិបាល​កា​ហ្សា​ក់​ស្ថាន ក្រឡាស់​ស្ថានការណ៍ បើក​យុទ្ធនា​ការបង្ក្រាប​ទូទាំងប្រទេស កម្ចាត់​ក្រុម​ប្រដាប់អាវុធ​រាប់សិប​នាក់ និង​រៀបចំ​សណ្ដាប់ធ្នាប់​ឡើងវិញ។

    ក្រសួងការបរទេស​រុស្ស៊ី កាលពី​ថ្ងៃទី ៧ មករា និយាយថា កងកម្លាំង CSTO បំពេញបេសកកម្ម​ការ​ពារ​ព្រលានយន្តហោះ និង​ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផ្សេងទៀត​នៅ កា​ហ្សា​ក់​ស្ថាន។

    បច្ចុប្បន្ន អង្គការ CSTO មាន​សមាជិក​ចំនួន ៦ ប្រទេស រួ​មាន រុស្ស៊ី, អា​មេ​នី, បេឡា​រូស, កា​ហ្សា​ក់​ស្ថាន, កៀ​ហ្ស៊ី​ស៊ី​ស្ថាន និង តា​ហ្ស៊ី​គី​ស្ថាន។ អង្គការ​យោធា​នេះ​ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ ១៩៩២ បន្ត​ពី​ព្រឹត្តិការណ៍​បង្កើត​សហគមន៍​ប្រទេស​ឯករាជ្យ (SNG) ក្រោយពី សហភាពសូវៀត បាន​ដួលរលំ។

    CSTO មាន​ការិយាល័យ​កណ្ដាល​នៅក្នុង​ទីក្រុង​មូ​ស្គូ ប្រទេស​រុស្ស៊ី ប៉ុន្តែ កៅអី​ប្រធាន​ត្រូវបាន​បណ្ដា​ប្រទេស​ជា​សមាជិក​ប្ដូរ​វេន​គ្នា​គ្រប់គ្រង ហើយ​រាល់​ការសម្រេច​ត្រូវបាន​ដាក់ចេញ​ទៅតាម​កា​រ​យល់ស្រប​ពី​សមាជិក។ CSTO ធ្វើ​សមយុទ្ធ​យោធា​ជា​រៀងរាល់ឆ្នាំ និង​មិន​អនុញ្ញាតឱ្យ​សមាជិក​ណាមួយ​ចូលរួម​ក្នុង​អង្គការ​សម្ព័ន្ធភាព​យោធា​ដទៃ ដូចជា NATO ជាដើម។

    CSTO អនុញ្ញាតឱ្យ​បណ្ដា​ប្រទេស​ជា​សមាជិក ដាក់ពង្រាយ​កងទ័ព​ទៅកាន់​ប្រទេស​ជា​សមាជិក​របស់​ពួកគេ និង​អាច​ទិញ​អាវុធ​ទៅតាម​តម្លៃ​ក្នុងស្រុក​របស់ រុស្ស៊ី ព្រមទាំង​បង្កើត​ប្រព័ន្ធ​ការពារ​ដែនអាកាស​រួម៕

  • កូ​វីដ-១៩ ប្រភេទ​កូនកាត់​រវាង ដេ​លតា និង អូ​មី​ក្រុង កំពុង​បង្ក​​​ភាព​ចម្រូង​ចម្រាស​នៅ​​​ក្នុង​​សហគមន៍​​អ្នក​វិទ្យាសាស្ត្រ

    កូ​វីដ-១៩ ប្រភេទ​កូនកាត់​រវាង ដេ​លតា និង អូ​មី​ក្រុង កំពុង​បង្ក​​​ភាព​ចម្រូង​ចម្រាស​នៅ​​​ក្នុង​​សហគមន៍​​អ្នក​វិទ្យាសាស្ត្រ

    អ្នកវិទ្យាសាស្ត្រ​ជាច្រើន​យល់ថា ការរកឃើញ វីរុស​កូ​វីដ-១៩ ប្រភេទ​កូនកាត់​រវាង ដេ​លតា (Delta) និង អូ​មី​ក្រុង (Omicron) អាចជា «កំហុស​បច្ចេកទេស» ក្នុង​បន្ទប់ពិសោធន៍ ចំណែក​សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ Cyprus បាន​ច្រានចោល​ការយល់ឃើញ​នេះ។

    Leondios Kostrikis សាស្ត្រាចារ្យ​ផ្នែក​ជីវសាស្ត្រ​ប្រចាំ​សាកលវិទ្យាល័យ Cyprus កាលពី​ថ្ងៃទី ៧ មករា បានឱ្យដឹងថា លោក និង​សហការី បាន​រកឃើញ វ៉ា​រ្យ៉​ង់ ថ្មី​មួយ​របស់ កូ​វីដ-១៩ ដែល​ក្រុម​របស់លោក​បានដាក់​ឈ្មោះ​ឱ្យ​ថា ដេ​លតា​ក្រុង (Deltacron) ព្រោះ​វា​មាន ហ្សេ​ន ដូច ដេ​លតា ប៉ុន្តែ​មាន​លក្ខណៈ​នៃ​ការប្រែប្រួល​ដូច​ទៅនឹង អូ​មី​ក្រុង។ សាស្ត្រាចារ្យ Leondios Kostrikis ប្រកាសថា បាន​រកឃើញ​ករណី​វិជ្ជមាន​នឹង ដេ​លតា​ក្រុង ចំនួន ២៥ នាក់​រួចហើយ។

    ការប្រកាស​របស់ Leondios Kostrikis ក៏បាន​ធ្វើឱ្យមាន​មន្ទិលសង្ស័យ​នៅក្នុង​សហគមន៍​អ្នកវិទ្យាសាស្ត្រ។ «ការរកឃើញ​របស់​សាកលវិទ្យាល័យ Cyprus ទំនងជា​កើតឡើង​ដោយសារ​កំហុស​បច្ចេកទេស​នៅក្នុង​ការបែងចែក ហ្សែ​ន របស់ វីរុស» សាស្ត្រាចារ្យ Nick Loman នៃ​សាកលវិទ្យាល័យ Birmingham របស់ អង់គ្លេស បាន​ថ្លែង​ដូច្នេះ​កាលពី​ថ្ងៃទី ៩ មករា។

    វេជ្ជបណ្ឌិត Tom Peacok នៃ​សាកលវិទ្យាល័យ​ក្រុង​ឡុង​ដ៍ (Imperial College London) អះអាងថា បញ្ហា​ច្រឡំ​រវាង​សំណាក កើតឡើង​ញឹកញាប់​នៅក្នុង​ដំណើរការ​នៃ​ការបែងចែក ហ្សែ​ន នៅក្នុង​បន្ទប់ពិសោធន៍។ Peacok ក៏បាន​ដាក់​ការសង្ស័យ​ទៅលើ​ពេលវេលា​នៃ​ការកើតមាន ដេ​លតា​ក្រុង ផងដែរ «ដោយសារតែ​បាតុភូត​រួមបញ្ចូល​គ្នា​របស់​វីរុស តែងតែ​មិនកើត​ឡើង​នៅក្នុង​រង្វង់​ច្រើន​សប្ដាហ៍ ដល់​ច្រើន​ខែ បន្ទាប់ពី វ៉ា​រ្យ៉​ង់ ទាំង ២ ប្រភេទ បាន​នៅ​ជាមួយគ្នា»។

    ប្រតិកម្ម​នឹង​ការ​មន្ទិល​ខាងលើ នៅក្នុង​សារ​អេឡិចត្រូនិក​មួយ កាលពី​ថ្ងៃទី ៩ មករា សាស្ត្រាចារ្យ Kostrikis ឱ្យដឹងថា ករណី​វិជ្ជមាន​នឹង ដេ​លតា​ក្រុង ដែល​ក្រុម​របស់លោក​បាន​រកឃើញ «មិនមែនជា​លទ្ធផល​នៃ​បាតុភូត​រួមបញ្ចូល​គ្នា» ប៉ុន្តែ​វា​ជា​សញ្ញា​របស់ «សម្ពាធ​នៃ​វិវត្តន៍​ចំពោះ វ៉ា​រ្យ៉​ង មុនៗ នាំឱ្យ​បង្កើតបានជា​ប្រភេទ​នេះ»។

    លោក Kostrikis អះអាងថា សំណាក​ទាំងឡាយ​របស់​អ្នកជំងឺ​ត្រូវបាន​ពិនិត្យ​ទៅតាម​ដំណាក់កាល​នៃ​ការបែងចែក ហ្សេ​ន នៅក្នុង​ប្រទេស​ជាច្រើន ក្នុងនោះ​ក៏មាន​បន្ទប់ពិសោធន៍​នៅ ប្រទេស​អ៊ីស្រាអែល ផងដែរ។

    សាធារណរដ្ឋ​ស៊ី​ប ឬ​សាយ​ប្រឹស (Cyprus) គឺជា​ប្រទេស​កោះ​មួយ​ដែល​ស្ថិតនៅក្នុង​ភាគ​ខាងកើត​នៃ​ឈូង​សមុទ្រ មេ​ឌី​ទែ​រ៉ា​ណេ និង​មាន​ប្រជាជន​ជាង ១.២ លាន​នាក់។ ប្រទេស​នេះ បាន​ចាក់​វ៉ាក់សាំង​ពេញលេញ​ដល់​ប្រជាជន​ជាង ៥០% រួចហើយ៕

  • ក្រោយពី​បានទទួល​ការចាក់​វ៉ាក់សាំង​កូ​វីដ-១៩ រហូតដល់ ១២ ដូ​ស លោក​តា​​ម្នាក់​​អះអាងថា ជំងឺ​នានា​របស់គាត់​បានជា​សះស្បើយ

    ក្រោយពី​បានទទួល​ការចាក់​វ៉ាក់សាំង​កូ​វីដ-១៩ រហូតដល់ ១២ ដូ​ស លោក​តា​​ម្នាក់​​អះអាងថា ជំងឺ​នានា​របស់គាត់​បានជា​សះស្បើយ

    (ឥណ្ឌា)-លោកតា Brahmdeo Mandal វ័យ ៨៥ ឆ្នាំ នៅក្នុង​រដ្ឋ Bihar យល់ថា វ៉ាក់សាំង​បង្ការ​កូ​វីដ-១៩ បាន​ជួយ​ឱ្យ​គាត់​មាន​សុខភាព​ល្អ​ជាង​មុន ទើបបាន​គាត់​សម្រេចចិត្ត​ទៅ​ទទួល​ការចាក់​វ៉ាក់សាំង​រហូតដល់ ១២ ដូ​ស និង​នៅតែ​មានបំណង​ទទួល​ការចាក់​ថែមទៀត។

    លោកតា Mandal ដែលជា​អតីត​បុគ្គលិក​ប្រៃសណីយ៍​ម្នាក់ បានឱ្យដឹងថា លោកតា​បានទទួល​ការចាក់​ដូ​ស​ដំបូង​នៅ​ថ្ងៃទី ១៣ កុម្ភៈ ២០២១ នៅ​មន្ទីរពេទ្យ​ក្នុង​តំបន់ ហើយ​ទទួល​ការចាក់​បន្តទៀត​ចាប់ពីពេលនោះ។ លោកតា​រូបនេះ​បាន​កត់ត្រា​ពេលវេលា និង​ទីតាំងនីមួយៗបន្ទាប់ពី​បានទទួល​ការចាក់។ លោកតា Mandal អះអាងថា ដូ​ស​ទី ៩ ត្រូវបាន​ចាក់​កាលពី​ថ្ងៃទី ២៤ កញ្ញា ២០២១ នៅឯ​មន្ទីរពេទ្យ​មួយ​ក្នុង​តំបន់ Kalashan ស្រុក Madhepura។

    «ខ្ញុំ​យល់ថា វ៉ាក់សាំង​កំពុង​ជួយ​ដល់​សុខភាព​ទូទៅ​របស់ខ្ញុំ» លោកតា​និយាយ​ដូច្នេះ​កាលពី​ថ្ងៃទី ៧ មករា នៅក្នុង​កិច្ច​សម្ភាស​តាម​ទូរស័ព្ទ។ លោកតា​បន្តថា «អាការ​ឈឺចង្កេះ ភាព​អស់កម្លាំង​បាន​ធូរស្រាល ហើយ​ខ្ញុំ​ក៏​ហូប​បាន​ឆ្ងាញ់​មាត់​ជាង​មុន។ ខ្ញុំ​តែងតែ​ស្វែងរក និង​ទៅកាន់​ទីតាំង​ចាក់​វ៉ាក់សាំង​ថ្មី។ គ្មាន​នរណា​ស្គាល់​ខ្ញុំ​ឡើយ»។

    វេជ្ជបណ្ឌិត Amarendra Narayan Shahi ប្រធាន​មន្ទីរពេទ្យ​នៅ Madhepura ថ្លែងថា បាន​និយាយ​គ្នា​ជាមួយ​លោកតា Mandal ហើយ​ត្រូវ​លោកតា​ប្រាប់ថា ចង់​ចាក់​វ៉ាក់សាំង​ថែមទៀត ព្រោះ​ជឿថា វា​អាច​ព្យាបាល​ជាសះស្បើយ​នូវ​ជំងឺ​ទូទៅ​របស់​មនុស្ស​ចាស់។ «គាត់​អះអាងថា បាន​ចាក់​វ៉ាក់សាំង ១២ ដូ​ស រួចហើយ។ ខ្ញុំ​បាន​បង្កើត​ក្រុម​ស្រាវជ្រាវ​មួយ​ដែលមាន​សមាជិក ៣ រូប ដើម្បី​ស្វែងរក​ការពិត» វេជ្ជបណ្ឌិត Shahi បន្ថែម​ដូច្នេះ។

    លោកតា Brahmdeo Mandal វ័យ ៨៥ ឆ្នាំ

    ប្រភពព័ត៌មាន​ឱ្យដឹងថា ៩ ដូ​ស ក្នុងចំណោម ១២ ត្រូវបាន​លោកតា​ប្រើប្រាស់​អត្តសញ្ញាណប័ណ្ណ និង​លេខ​ទូរស័ព្ទ​ដើម្បី​ចុះឈ្មោះ។ ចំណែក ៣ ដូ​ស ទៀត លោកតា​ចុះឈ្មោះ​ដោយ​ប្រើប្រាស់​ប័ណ្ណបោះឆ្នោត លេខ​ទូរស័ព្ទ​របស់​ភរិយា និង​លេខ​ទូរស័ព្ទ​មិត្តភក្ដិ។

    ពុំទាន់​ដឹង​ច្បាស់​ថា ព័ត៌មាន​ស្ដីពី​ការចាក់​វ៉ាក់សាំង ១២ ដូ​ស របស់​លោកតា Mandal បាន​បែកធ្លាយ​ដោយសារ​មូលហេតុ​ណា​នោះទេ ប៉ុន្តែ ដំណឹង​នេះ​ទំនងជា​ត្រូវបាន​លោកតា Mandal និយាយប្រាប់​អ្នកណាម្នាក់ ហើយ​ម្នាក់​នោះ​ក៏បាន​ប្រាប់​អ្នកយកព័ត៌មាន។ បច្ចុប្បន្ន ក្រុមមន្ត្រី​ស្រុក Madlepura កំពុងធ្វើការ​ស្រាវជ្រាវ​លើ​ករណីនេះ។

    មិនទាន់មាន​ការសិក្សា​ស្រាវជ្រាវ​ណាមួយ​ដែល​បញ្ជាក់ថា ការចាក់​វ៉ាក់សាំង ១២ ដូ​ស នឹង​នាំមក​នូវ​ផលប្រយោជន៍​ជាក់លាក់​ដល់​សុខភាព ឬ​វ៉ាក់សាំង​មាន​ប្រសិទ្ធភាព​ផ្សេងទៀត​ក្រៅពី​ការប្រឆាំង​កូ​វីដ-១៩ នៅឡើយ។ ក៏ប៉ុន្តែ ជាក់ស្ដែង ការជជែក​វែកញែក​អំ​ពី​ហានិភ័យ​នៃ​ការចាក់​វ៉ាក់សាំង​ជា​បន្តបន្ទាប់ កំពុង​ត្រូវបាន​ធ្វើឡើង ដោយ​ក្រុម​អ្នកវិទ្យាសាស្ត្រ​មួយចំនួន​យល់ថា វា​អាច​នាំឱ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​ត្រូវអស់​កម្លាំង ឬ​ទប់​មិនឱ្យ​វា​ប្រតិកម្ម​ជាមួយនឹង​កំណែ​វ៉ាក់សាំង​នាពេល​អនាគត។

    លទ្ធផល​នៃ​ការស្រាវជ្រាវ​នឹង​កំណត់​ច្បាស់​ថា លោកតា Mandal បានទទួល​ការចាក់​វ៉ាក់សាំង​ប៉ុន្មាន​ដូ​ស​រួចហើយ។ រដ្ឋ Bihar គឺជា​តំបន់​ដែល​កើតមាន​ករណី​ខុស​ប្រក្រតី​ច្រើនជាងគេ​នៅក្នុង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ នៅ ឥណ្ឌា ដែលជា​ប្រទេស​បាន​ចាក់​វ៉ាក់សាំង ១.៥ ពាន់​លាន​ដូ​ស​រួចហើយ៕

  • តៃវ៉ាន់ បង្កើត​មូលនិធិ​ ២០០ លាន​ដុល្លារ​អាម៉េរិក សម្រាប់ ប្រទេស​​លី​ទុយ​អា​នី

    តៃវ៉ាន់ បង្កើត​មូលនិធិ​ ២០០ លាន​ដុល្លារ​អាម៉េរិក សម្រាប់ ប្រទេស​​លី​ទុយ​អា​នី

    អាជ្ញាធរ​កោះ​តៃវ៉ាន់ ប្រកាស​បង្កើត​មូលនិធិ​វិនិយោគ តម្លៃ ២០០ លាន​ដុល្លារ​អាម៉េរិក សម្រាប់ ប្រទេស​លី​ទុយ​អា​នី ក្នុង​គ្រា​ដែល​ក្រុមហ៊ុន សហគ្រាស​មួយចំនួន​ត្អូញត្អែរ​អំពី​ការខាតបង់​ដោយសារតែ​ភាព​តានតឹង​រវាង លី​ទុយ​អា​នី និង ចិនដីគោក។

    «តៃវ៉ាន់ កំពុង​បង្កើត​មូលនិធិ​មួយ​ដោយមាន​ទុន​ដំបូង​ស្មើនឹង ២០០ លាន​ដុល្លារ​អាម៉េរិក ដើម្បី​វិនិយោគ​ទៅក្នុង​វិស័យ​ឧស្សាហកម្ម​របស់ លី​ទុយ​អា​នី ដែលជា​យុទ្ធសាស្ត្រ​របស់ លី​ទុយ​អា​នី និង តៃវ៉ាន់» ប្រធានការិយាល័យ​តំណាង​កោះ​តៃវ៉ាន់ ប្រចាំ លី​ទុយ​អា​នី លោក Eric Huang បានឱ្យដឹង​ដូច្នេះ​កាលពី​ថ្ងៃទី ៥ មករា។

    លោក Eric Huang បន្ថែមថា ខ្ទង់​វិនិយោគ ២០០ លាន​ដុល្លារ​នេះ​គឺជា​ផ្នែក​មួយ​ក្នុង​គម្រោង​របស់ តៃវ៉ាន់ ដើម្បី​ពង្រឹង​ទំនាក់ទំនង​ជាមួយ លី​ទុយ​អា​នី ក្រោយ​មាន​ភាព​តានតឹង​ជាមួយ ចិនដីគោក។ ខ្ទង់​វិនិយោគ​ដំបូង​នេះ នឹង​ត្រូវបាន​ប្រើប្រាស់​នៅក្នុង​ឆ្នាំនេះ។

    ប្រទេស​លី​ទុយ​អា​នី កំពុង​រង​ការរិះគន់​ពី ចិនដីគោក ដោយសារតែ​បានអនុញ្ញាត​ឱ្យ អាជ្ញាធរ​កោះ​តៃវ៉ាន់ បើក​ការិយាល័យ​តំណាង​នៅ Vilnius កាលពី​ខែវិច្ឆិកា ឆ្នាំ ២០២១ ដោយ​ដាក់ឈ្មោះថា «ការិយាល័យ​តំណាង​តៃវ៉ាន់»។ ប្រទេស​ចិន ប្រឆាំង​ការប្រើប្រាស់​ពាក្យ «តៃវ៉ាន់» សម្រាប់​ដាក់ឈ្មោះ ព្រោះ​ខ្លាច​បង្កឱ្យមាន​អារម្មណ៍​ស្របច្បាប់​ជា​អន្តរជាតិ​សម្រាប់​កោះ​នេះ។ ការិយាល័យ​តំណាង​នានា​នៅក្រៅ​ស្រុក​របស់ កោះ​តៃវ៉ាន់ តែង​ត្រូវបាន​ដាក់ឈ្មោះថា «ការិយាល័យ​សេដ្ឋកិច្ច និង​វប្ប​ធ​ម៍​តៃប៉ិ»។

    ប្រធានាធិបតី របស់ លី​ទុយ​អា​នី លោក Gitanas Nauseda សប្ដាហ៍​នេះ​បានទទួល​ស្គាល់ «កំហុសឆ្គង» នៅ​ពេល​​អនុញ្ញាតឱ្យ តៃវ៉ាន់ ប្រើប្រាស់​ឈ្មោះ​កោះ​នេះ​ដាក់ឱ្យ​ការិយាល័យ​តំណាង។

    ថ្នាក់ដឹកនាំ និង​ក្រុមហ៊ុន​នានា​របស់ លី​ទុយ​អា​នី បាន​ត្អូញត្អែរថា ភាព​តានតឹង​ជាមួយ ចិនដីគោក បានធ្វើឱ្យ​ប្រទេស​នេះ និង​ក្រុមហ៊ុន​នានា រង​ការខាតបង់​ផ្នែក​សេដ្ឋកិច្ច។

    តំណាង​ពាណិជ្ជកម្ម​អាម៉េរិក លោកស្រី Katherine Tai នៅក្នុង​ការពិភាក្សា​តាម​ទូរស័ព្ទ​ជាមួយ​រដ្ឋមន្ត្រីការបរទេស លី​ទុយ​អា​នី Gabrielius Landsbergis កាលពីពេលថ្មីៗនេះ បាន​សន្យា​សហការ​ជួយ លី​ទុយ​អា​នី ទប់ទល់​នឹង «សកម្មភាព​កៀបសង្កត់​ផ្នែក​ការទូត និង​សេដ្ឋកិច្ច»។

    ចិនដីគោក តែង​ចាត់ទុក កោះ​តៃវ៉ាន់ ជា​ខេត្ត​មួយ​របស់ខ្លួន​ដែល​រង់ចាំតែ​ការបង្រួបបង្រួម​ប៉ុណ្ណោះ ហើយ​បានប្រកាស​ជា​ញឹកញាប់​ថា នឹង​ប្រើ​កម្លាំងបាយ​ដើម្បី​យក​កោះ​នេះ​មកវិញ បើសិនជា​ចាំបាច់។ ភាព​តានតឹង​រវាង ចិនដីគោក និង កោះ​តៃវ៉ាន់ បាន​ឈានដល់​ចំណុច​គួរឱ្យ​ព្រួយបារម្ភ​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ បន្ទាប់ពី​លោកស្រី Tsai Ing-wen ដែលជា​អ្នកប្រឆាំង «គោលការណ៍​ចិន​តែមួយ» បាន​ក្លាយជា​មេដឹកនាំ​ចាប់តាំងពី​ឆ្នាំ ២០១៦៕

  • យន្តហោះមួយគ្រឿង ហោះពី ជប៉ុន មកកាន់ វៀតណាម ត្រូវគេគំរាមបាញ់ទម្លាក់

    យន្តហោះមួយគ្រឿង ហោះពី ជប៉ុន មកកាន់ វៀតណាម ត្រូវគេគំរាមបាញ់ទម្លាក់

    កាលពី​ថ្ងៃទី ៥ មករា ជើងហោះហើរ VN5311 របស់​ក្រុមហ៊ុន Vietnam Airlines ដែល​ហោះ​ពី​ព្រលាន ណារីតា (Narita) នៅ តូ​ក្យូ មកកាន់​ទីក្រុង​ហាណូយ (Hanoi) ប្រទេស​វៀតណាម ត្រូវបាន​បុរស​ម្នាក់​គំរាម «បាញ់​ទម្លាក់ នៅពេល​ហោះ​ឆ្លងកាត់​ឈូង​សមុទ្រ​តូ​ក្យូ»។

    នាយកដ្ឋាន​អាកាសចរណ៍​វៀតណាម បានឱ្យដឹងថា កាលពី​ព្រលប់​ថ្ងៃទី ៥ មករា ជើងហោះហើរ VN5311 ពី ណារីតា​ មកកាន់ ហាណូយ ដែល​ចេញដំណើរ​នៅវេលា​ម៉ោង ១០ កន្លះ (ម៉ោង​នៅ ជប៉ុន) មាន​ដឹក​មនុស្ស​ចំនួន ៦២ នាក់ ក្នុងនោះ​មាន​ក្រុម​ហោះហើរ ១៥ នាក់ និង​អ្នកដំណើរ ៤៧ នាក់។

    ម៉ោង ១១:១០ នាទី ក្រុមហ៊ុន Vietnam Airlines ប្រចាំ ប្រទេស​ជប៉ុន បានទទួល​ទូរស័ព្ទ​ពី​មនុស្ស​ម្នាក់​ដែល​អះអាងថា ជា​ជនជាតិ​អាម៉េរិក ហើយ​និយាយ​ភាសា​ជប៉ុន ថា៖ «ជើងហោះហើរ VN5311 ល្អ​បំផុត​គឺ​ត្រលប់មក ណារីតា មិន​ដូច្នេះ​ទេ​នឹង​ត្រូវបាន​បាញ់​ទម្លាក់​នៅពេល​ឆ្លងកាត់​ឈូង​សមុទ្រ​តូ​ក្យូ»។

    ពេល​ត្រូវបាន​សួរ​ជាថ្មី បុរស​នោះ​បញ្ជាក់ថា៖ «ខ្ញុំ​កំពុង​ត្រៀម​បាញ់​ទម្លាក់ VN5311 ពេល​ហោះ​ឆ្លង​ឈូង​សមុទ្រ​តូ​ក្យូ ល្អ​បំផុត​គួរតែ​ត្រលប់​ក្រោយ»។

    ពេលនោះ យន្តហោះ​ចេញដំណើរ​បាន​ប្រហែល ៤០ នាទី​ទៅហើយ និង​កំពុង​ត្រៀម​ឆ្លងកាត់​ឈូង​សមុទ្រ​តូ​ក្យូ។ សាខា Vietnam Airlines ប្រចាំ ប្រទេស​ជប៉ុន ក៏បាន​រាយការណ៍​ដល់​សមត្ថកិច្ច និង​ភាគី​ពាក់ព័ន្ធ​នៅ ជប៉ុន និង​នៅ វៀតណាម។

    ម៉ោង​ប្រហែល ១៣:០២ នាទី ជើងហោះហើរ VN5311 ក៏បាន​ចុះចត​ដោយ​សុវត្ថិភាព និង​ស្ថិតនៅ​រយៈពេល ២ ម៉ោង នៅ​ព្រលានយន្តហោះ ហ្វ៊ូគូអូកា (Fukuoka) បន្ទាប់ពី​ទទួលបាន​ការអនុញ្ញាត។

    ក្រោយពី​បានកំណត់​ច្បាស់​ថា យន្តហោះ​នេះ​ពុំមាន​សញ្ញា​ខុស​ប្រក្រតី អាជ្ញាធរ​ព្រលានយន្តហោះ ហ្វ៊ូគូអូកា ក៏បាន​ប្រកាស​អនុញ្ញាតឱ្យ​ជើងហោះហើរ VN5311 ចេញដំណើរ​មកកាន់ ហាណូយ។ VN5311 បានចេញ​ដំណើរ​នៅវេលា​ម៉ោង ១៥:៤៨ នាទី ពី Fukuoka និង​មកដល់ ហាណូយ នៅវេលា​ម៉ោង ១៨:១២ នាទី (ម៉ោង​នៅ វៀតណាម) នៃ​ថ្ងៃទី ៥ មករា ដោយ​ចុះចត​លើ​ព្រលានយន្តហោះ ណូយបាយ (Noi Bai)។

    បច្ចុប្បន្ន ភាគី​ពាក់ព័ន្ធ​នៅ​ប្រទេស​វៀតណាម និង​នៅ​ប្រទេស​ជប៉ុន កំពុង​សហការគ្នា​ដើម្បី​ស៊ើបអង្កេត​លើ​ករណីនេះ។

    VN5311 គឺជា​ជើងហោះហើរ​ពាណិជ្ជកម្ម​ដំបូង​ពី វៀតណាម ទៅកាន់ ជប៉ុន នៃ​ក្រុមហ៊ុន Vietnam Airlines រាប់​ចាប់តាំងពី​ប្រទេស​ទាំងពីរ​បាន​បើក​ឱ្យមាន​ការហោះហើរ​ដូច​ធម្មតា​ឡើងវិញ៕