កូ​វីដ-១៩ ប្រភេទ​កូនកាត់​រវាង ដេ​លតា និង អូ​មី​ក្រុង កំពុង​បង្ក​​​ភាព​ចម្រូង​ចម្រាស​នៅ​​​ក្នុង​​សហគមន៍​​អ្នក​វិទ្យាសាស្ត្រ

អ្នកវិទ្យាសាស្ត្រ​ជាច្រើន​យល់ថា ការរកឃើញ វីរុស​កូ​វីដ-១៩ ប្រភេទ​កូនកាត់​រវាង ដេ​លតា (Delta) និង អូ​មី​ក្រុង (Omicron) អាចជា «កំហុស​បច្ចេកទេស» ក្នុង​បន្ទប់ពិសោធន៍ ចំណែក​សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ Cyprus បាន​ច្រានចោល​ការយល់ឃើញ​នេះ។

Leondios Kostrikis សាស្ត្រាចារ្យ​ផ្នែក​ជីវសាស្ត្រ​ប្រចាំ​សាកលវិទ្យាល័យ Cyprus កាលពី​ថ្ងៃទី ៧ មករា បានឱ្យដឹងថា លោក និង​សហការី បាន​រកឃើញ វ៉ា​រ្យ៉​ង់ ថ្មី​មួយ​របស់ កូ​វីដ-១៩ ដែល​ក្រុម​របស់លោក​បានដាក់​ឈ្មោះ​ឱ្យ​ថា ដេ​លតា​ក្រុង (Deltacron) ព្រោះ​វា​មាន ហ្សេ​ន ដូច ដេ​លតា ប៉ុន្តែ​មាន​លក្ខណៈ​នៃ​ការប្រែប្រួល​ដូច​ទៅនឹង អូ​មី​ក្រុង។ សាស្ត្រាចារ្យ Leondios Kostrikis ប្រកាសថា បាន​រកឃើញ​ករណី​វិជ្ជមាន​នឹង ដេ​លតា​ក្រុង ចំនួន ២៥ នាក់​រួចហើយ។

ការប្រកាស​របស់ Leondios Kostrikis ក៏បាន​ធ្វើឱ្យមាន​មន្ទិលសង្ស័យ​នៅក្នុង​សហគមន៍​អ្នកវិទ្យាសាស្ត្រ។ «ការរកឃើញ​របស់​សាកលវិទ្យាល័យ Cyprus ទំនងជា​កើតឡើង​ដោយសារ​កំហុស​បច្ចេកទេស​នៅក្នុង​ការបែងចែក ហ្សែ​ន របស់ វីរុស» សាស្ត្រាចារ្យ Nick Loman នៃ​សាកលវិទ្យាល័យ Birmingham របស់ អង់គ្លេស បាន​ថ្លែង​ដូច្នេះ​កាលពី​ថ្ងៃទី ៩ មករា។

វេជ្ជបណ្ឌិត Tom Peacok នៃ​សាកលវិទ្យាល័យ​ក្រុង​ឡុង​ដ៍ (Imperial College London) អះអាងថា បញ្ហា​ច្រឡំ​រវាង​សំណាក កើតឡើង​ញឹកញាប់​នៅក្នុង​ដំណើរការ​នៃ​ការបែងចែក ហ្សែ​ន នៅក្នុង​បន្ទប់ពិសោធន៍។ Peacok ក៏បាន​ដាក់​ការសង្ស័យ​ទៅលើ​ពេលវេលា​នៃ​ការកើតមាន ដេ​លតា​ក្រុង ផងដែរ «ដោយសារតែ​បាតុភូត​រួមបញ្ចូល​គ្នា​របស់​វីរុស តែងតែ​មិនកើត​ឡើង​នៅក្នុង​រង្វង់​ច្រើន​សប្ដាហ៍ ដល់​ច្រើន​ខែ បន្ទាប់ពី វ៉ា​រ្យ៉​ង់ ទាំង ២ ប្រភេទ បាន​នៅ​ជាមួយគ្នា»។

ប្រតិកម្ម​នឹង​ការ​មន្ទិល​ខាងលើ នៅក្នុង​សារ​អេឡិចត្រូនិក​មួយ កាលពី​ថ្ងៃទី ៩ មករា សាស្ត្រាចារ្យ Kostrikis ឱ្យដឹងថា ករណី​វិជ្ជមាន​នឹង ដេ​លតា​ក្រុង ដែល​ក្រុម​របស់លោក​បាន​រកឃើញ «មិនមែនជា​លទ្ធផល​នៃ​បាតុភូត​រួមបញ្ចូល​គ្នា» ប៉ុន្តែ​វា​ជា​សញ្ញា​របស់ «សម្ពាធ​នៃ​វិវត្តន៍​ចំពោះ វ៉ា​រ្យ៉​ង មុនៗ នាំឱ្យ​បង្កើតបានជា​ប្រភេទ​នេះ»។

លោក Kostrikis អះអាងថា សំណាក​ទាំងឡាយ​របស់​អ្នកជំងឺ​ត្រូវបាន​ពិនិត្យ​ទៅតាម​ដំណាក់កាល​នៃ​ការបែងចែក ហ្សេ​ន នៅក្នុង​ប្រទេស​ជាច្រើន ក្នុងនោះ​ក៏មាន​បន្ទប់ពិសោធន៍​នៅ ប្រទេស​អ៊ីស្រាអែល ផងដែរ។

សាធារណរដ្ឋ​ស៊ី​ប ឬ​សាយ​ប្រឹស (Cyprus) គឺជា​ប្រទេស​កោះ​មួយ​ដែល​ស្ថិតនៅក្នុង​ភាគ​ខាងកើត​នៃ​ឈូង​សមុទ្រ មេ​ឌី​ទែ​រ៉ា​ណេ និង​មាន​ប្រជាជន​ជាង ១.២ លាន​នាក់។ ប្រទេស​នេះ បាន​ចាក់​វ៉ាក់សាំង​ពេញលេញ​ដល់​ប្រជាជន​ជាង ៥០% រួចហើយ៕

Advertisement