យន្តហោះមួយគ្រឿង ហោះពី ជប៉ុន មកកាន់ វៀតណាម ត្រូវគេគំរាមបាញ់ទម្លាក់

កាលពី​ថ្ងៃទី ៥ មករា ជើងហោះហើរ VN5311 របស់​ក្រុមហ៊ុន Vietnam Airlines ដែល​ហោះ​ពី​ព្រលាន ណារីតា (Narita) នៅ តូ​ក្យូ មកកាន់​ទីក្រុង​ហាណូយ (Hanoi) ប្រទេស​វៀតណាម ត្រូវបាន​បុរស​ម្នាក់​គំរាម «បាញ់​ទម្លាក់ នៅពេល​ហោះ​ឆ្លងកាត់​ឈូង​សមុទ្រ​តូ​ក្យូ»។

នាយកដ្ឋាន​អាកាសចរណ៍​វៀតណាម បានឱ្យដឹងថា កាលពី​ព្រលប់​ថ្ងៃទី ៥ មករា ជើងហោះហើរ VN5311 ពី ណារីតា​ មកកាន់ ហាណូយ ដែល​ចេញដំណើរ​នៅវេលា​ម៉ោង ១០ កន្លះ (ម៉ោង​នៅ ជប៉ុន) មាន​ដឹក​មនុស្ស​ចំនួន ៦២ នាក់ ក្នុងនោះ​មាន​ក្រុម​ហោះហើរ ១៥ នាក់ និង​អ្នកដំណើរ ៤៧ នាក់។

ម៉ោង ១១:១០ នាទី ក្រុមហ៊ុន Vietnam Airlines ប្រចាំ ប្រទេស​ជប៉ុន បានទទួល​ទូរស័ព្ទ​ពី​មនុស្ស​ម្នាក់​ដែល​អះអាងថា ជា​ជនជាតិ​អាម៉េរិក ហើយ​និយាយ​ភាសា​ជប៉ុន ថា៖ «ជើងហោះហើរ VN5311 ល្អ​បំផុត​គឺ​ត្រលប់មក ណារីតា មិន​ដូច្នេះ​ទេ​នឹង​ត្រូវបាន​បាញ់​ទម្លាក់​នៅពេល​ឆ្លងកាត់​ឈូង​សមុទ្រ​តូ​ក្យូ»។

ពេល​ត្រូវបាន​សួរ​ជាថ្មី បុរស​នោះ​បញ្ជាក់ថា៖ «ខ្ញុំ​កំពុង​ត្រៀម​បាញ់​ទម្លាក់ VN5311 ពេល​ហោះ​ឆ្លង​ឈូង​សមុទ្រ​តូ​ក្យូ ល្អ​បំផុត​គួរតែ​ត្រលប់​ក្រោយ»។

ពេលនោះ យន្តហោះ​ចេញដំណើរ​បាន​ប្រហែល ៤០ នាទី​ទៅហើយ និង​កំពុង​ត្រៀម​ឆ្លងកាត់​ឈូង​សមុទ្រ​តូ​ក្យូ។ សាខា Vietnam Airlines ប្រចាំ ប្រទេស​ជប៉ុន ក៏បាន​រាយការណ៍​ដល់​សមត្ថកិច្ច និង​ភាគី​ពាក់ព័ន្ធ​នៅ ជប៉ុន និង​នៅ វៀតណាម។

ម៉ោង​ប្រហែល ១៣:០២ នាទី ជើងហោះហើរ VN5311 ក៏បាន​ចុះចត​ដោយ​សុវត្ថិភាព និង​ស្ថិតនៅ​រយៈពេល ២ ម៉ោង នៅ​ព្រលានយន្តហោះ ហ្វ៊ូគូអូកា (Fukuoka) បន្ទាប់ពី​ទទួលបាន​ការអនុញ្ញាត។

ក្រោយពី​បានកំណត់​ច្បាស់​ថា យន្តហោះ​នេះ​ពុំមាន​សញ្ញា​ខុស​ប្រក្រតី អាជ្ញាធរ​ព្រលានយន្តហោះ ហ្វ៊ូគូអូកា ក៏បាន​ប្រកាស​អនុញ្ញាតឱ្យ​ជើងហោះហើរ VN5311 ចេញដំណើរ​មកកាន់ ហាណូយ។ VN5311 បានចេញ​ដំណើរ​នៅវេលា​ម៉ោង ១៥:៤៨ នាទី ពី Fukuoka និង​មកដល់ ហាណូយ នៅវេលា​ម៉ោង ១៨:១២ នាទី (ម៉ោង​នៅ វៀតណាម) នៃ​ថ្ងៃទី ៥ មករា ដោយ​ចុះចត​លើ​ព្រលានយន្តហោះ ណូយបាយ (Noi Bai)។

បច្ចុប្បន្ន ភាគី​ពាក់ព័ន្ធ​នៅ​ប្រទេស​វៀតណាម និង​នៅ​ប្រទេស​ជប៉ុន កំពុង​សហការគ្នា​ដើម្បី​ស៊ើបអង្កេត​លើ​ករណីនេះ។

VN5311 គឺជា​ជើងហោះហើរ​ពាណិជ្ជកម្ម​ដំបូង​ពី វៀតណាម ទៅកាន់ ជប៉ុន នៃ​ក្រុមហ៊ុន Vietnam Airlines រាប់​ចាប់តាំងពី​ប្រទេស​ទាំងពីរ​បាន​បើក​ឱ្យមាន​ការហោះហើរ​ដូច​ធម្មតា​ឡើងវិញ៕

Advertisement